លោកុប្បត្តិ 1
1
ការនិម្មិតបង្កើត
1នៅដើមដំបូង ព្រះបាននិម្មិតបង្កើតបណ្ដាមេឃ និងផែនដី។
2ពេលនោះ ផែនដីគ្មានរូបរាង ហើយនៅទទេ ក៏មានភាពងងឹតនៅលើផ្ទៃនៃទីជម្រៅ ហើយព្រះវិញ្ញាណរបស់ព្រះក៏រេរានៅលើផ្ទៃទឹក។
3ព្រះមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺ” នោះក៏មានពន្លឺ។ 4ព្រះទ្រង់ឃើញថា ពន្លឺល្អហើយ។ ព្រះក៏ញែកពន្លឺចេញពីភាពងងឹត។ 5ព្រះទ្រង់ហៅពន្លឺថា “ថ្ងៃ” ហើយហៅភាពងងឹតថា “យប់”។ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីមួយ។
6ព្រះមានបន្ទូលថា៖ “ចូរឲ្យមានលំហនៅចន្លោះទឹក ហើយឲ្យលំហនោះញែកទឹកនិងទឹក ចេញពីគ្នា”។ 7ព្រះក៏បង្កើតលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ នោះក៏កើតមានដូច្នោះ។ 8ព្រះទ្រង់ហៅលំហនោះថា “មេឃ”។ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីពីរ។
9ព្រះមានបន្ទូលថា៖ “ចូរឲ្យទឹកនៅក្រោមមេឃផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យទីគោកលេចឡើង” នោះក៏កើតមានដូច្នោះ។ 10ព្រះទ្រង់ហៅទីគោកថា “ដី” ហើយព្រះអង្គហៅទឹកដែលផ្ដុំគ្នាថា “សមុទ្រ”។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។ 11ព្រះមានបន្ទូលថា៖ “ចូរឲ្យដីធ្វើឲ្យមានរុក្ខជាតិដុះឡើងនៅលើដី គឺតិណជាតិដែលមានគ្រាប់ និងដើមឈើហូបផ្លែដែលមានផ្លែតាមពូជរបស់វា ហើយមានគ្រាប់នៅក្នុងផ្លែនោះ” នោះក៏កើតមានដូច្នោះ។ 12ដីក៏ធ្វើឲ្យមានរុក្ខជាតិដុះឡើង គឺតិណជាតិដែលមានគ្រាប់តាមពូជរបស់វា និងដើមឈើមានផ្លែដែលមានគ្រាប់នៅក្នុងវា តាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។ 13នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីបី។
14ព្រះមានបន្ទូលថា៖ “ចូរឲ្យមានដួងពន្លឺនៅក្នុងលំហមេឃ ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្រាប់រដូវ ថ្ងៃ និងឆ្នាំ; 15ចូរឲ្យវាទៅជាដួងពន្លឺនៅក្នុងលំហមេឃ ដើម្បីបំភ្លឺមកលើផែនដី” នោះក៏កើតមានដូច្នោះ។ 16ព្រះទ្រង់បង្កើតដួងពន្លឺដ៏ធំពីរ គឺដួងពន្លឺធំសម្រាប់គ្រប់គ្រងពេលថ្ងៃ និងដួងពន្លឺតូចជាងសម្រាប់គ្រប់គ្រងពេលយប់ ព្រមទាំងបង្កើតផ្កាយទាំងឡាយដែរ។ 17ព្រះទ្រង់ដាក់ដួងពន្លឺទាំងនោះនៅក្នុងលំហមេឃ ដើម្បីបំភ្លឺមកលើផែនដី 18និងដើម្បីគ្រប់គ្រងលើពេលថ្ងៃ និងពេលយប់ ព្រមទាំងដើម្បីញែកពន្លឺចេញពីភាពងងឹតផង។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។ 19នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីបួន។
20ព្រះមានបន្ទូលថា៖ “ចូរឲ្យទឹកមានពពាក់ពពូនដោយហ្វូងសត្វមានជីវិត ហើយឲ្យមានបក្សាបក្សីហើរពីលើផែនដីឆ្លងកាត់លំហមេឃ”។ 21ព្រះទ្រង់និម្មិតបង្កើតសត្វសមុទ្រធំសម្បើម និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើក ដែលពពាក់ពពូនក្នុងទឹកតាមពូជរបស់វា ព្រមទាំងសត្វស្លាបគ្រប់ប្រភេទតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។ 22ព្រះប្រទានពរពួកវា ដោយមានបន្ទូលថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីកើនចំនួនឡើងនៅលើផែនដីដែរ”។ 23នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំ។
24ព្រះមានបន្ទូលថា៖ “ចូរឲ្យផែនដីធ្វើឲ្យសត្វមានជីវិតកើតចេញមកតាមពូជរបស់វា គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅលើផែនដី តាមពូជរបស់វា”។ នោះក៏កើតមានដូច្នោះ។ 25ព្រះបង្កើតសត្វព្រៃនៅលើផែនដីតាមពូជរបស់វា សត្វស្រុកតាមពូជរបស់វា និងអស់ទាំងសត្វលូនវារនៅលើដីតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
26ព្រះមានបន្ទូលថា៖ “ចូរពួកយើងបង្កើតមនុស្សតាមរូបរាងរបស់ពួកយើង ឲ្យមានលក្ខណៈដូចពួកយើង។ ចូរឲ្យគេគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស សត្វស្រុក ព្រមទាំងផែនដីទាំងមូល និងសត្វលូនវារគ្រប់ប្រភេទដែលលូនវារនៅលើផែនដី”។
27ព្រះទ្រង់និម្មិតបង្កើតមនុស្សតាមរូបរាងរបស់អង្គទ្រង់
គឺព្រះអង្គទ្រង់និម្មិតបង្កើតគេតាមរូបរាងរបស់ព្រះ;
ព្រះអង្គបាននិម្មិតបង្កើតពួកគេជាប្រុស ជាស្រី។
28ព្រះប្រទានពរពួកគេ ហើយព្រះមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី ហើយបង្ក្រាបវា ព្រមទាំងគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើកនៅលើផែនដី”។ 29ព្រះមានបន្ទូលទៀតថា៖ “មើល៍! យើងបានប្រគល់ដល់អ្នករាល់គ្នានូវគ្រប់ទាំងតិណជាតិដែលមានគ្រាប់នៅលើផ្ទៃផែនដីទាំងមូល និងគ្រប់ទាំងដើមឈើដែលមានគ្រាប់នៅក្នុងផ្លែវា។ វានឹងទៅជាអាហារសម្រាប់អ្នករាល់គ្នា។ 30រីឯចំពោះអស់ទាំងសត្វព្រៃនៅលើផែនដី អស់ទាំងបក្សាបក្សីនៅលើអាកាស និងអ្វីៗទាំងអស់ដែលរវើកនៅលើផែនដី ដែលមានខ្យល់ដង្ហើមជីវិត យើងបានប្រគល់រុក្ខជាតិខៀវខ្ចីគ្រប់ប្រភេទទុកជាអាហារ”។ នោះក៏កើតមានដូច្នោះ។ 31ព្រះទតឃើញរបស់សព្វសារពើដែលព្រះអង្គបានបង្កើត នោះមើល៍! វាល្អណាស់។ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំមួយ៕
Nke Ahọpụtara Ugbu A:
លោកុប្បត្តិ 1: GKHB
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative