លូកា 15

15
ប្រស្នា​អំពី​ចៀម​ដែល​បាត់ ហើយ​រក​ឃើញ​វិញ
(ម៉ាថាយ ១៨.១២-១៤)
1 មាន​អ្នក​ទារ​ពន្ធ* និង​មនុស្ស​បាប​ទាំង​អស់ នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌យេស៊ូ ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ 2ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​អាចារ្យ*​រអ៊ូ‌រទាំ​ថា៖ «មើល៍! អ្នក​នេះ​រាក់‌ទាក់​នឹង​មនុស្ស​បាប ព្រម​ទាំង​បរិភោគ​ជា​មួយ​គេ​ផង!»។ 3ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​ប្រស្នា​នេះ​ថា៖ 4«ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា មាន​ម្នាក់​មាន​ចៀម​មួយ​រយ​ក្បាល បើ​គាត់​បាត់​ចៀម​មួយ គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ រហូត​ទាល់​តែ​បាន​ឃើញ​វិញ។ 5កាល​រក​ឃើញ​ហើយ គាត់​ត្រេក​អរ​ណាស់ គាត់​ក៏​លើក​ចៀម​ដាក់​លើ-ក 6ត្រឡប់​មក​ផ្ទះ​វិញ ហៅ​មិត្ត‌ភក្ដិ និង​អ្នក​ជិត​ខាង​ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ចៀម​របស់​ខ្ញុំ​ដែល​បាត់​ទៅ​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ 7ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ​មាន​អំណរ​សប្បាយ ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ​ប្រែ​ចិត្ត​គំនិត ខ្លាំង​ជាង​ព្រះអង្គ​សប្បាយ​នឹង​មនុស្ស​សុចរិត​កៅ‌សិប​ប្រាំ​បួន​នាក់ ដែល​មិន​ត្រូវ​ការ​កែ​ប្រែ​ចិត្ត​គំនិត»។
ប្រស្នា​អំពី​ប្រាក់​ដួង​ដែល​បាត់ ហើយ​រក​ឃើញ​វិញ
8«ម្យ៉ាង​ទៀត ឧបមា​ថា ស្ត្រី​ម្នាក់​មាន​ប្រាក់​ដប់​ដួង* ហើយ​បាត់​មួយ​ដួង គាត់​មុខ​ជា​អុជ​ចង្កៀង បោស​ផ្ទះ​រក​ប្រាក់​នោះ គ្រប់​កៀន​កោះ​រហូត​ទាល់​តែ​បាន​ឃើញ​វិញ។ 9លុះ​រក​ឃើញ​ហើយ គាត់​ក៏​ហៅ​មិត្ត‌ភក្ដិ និង​អ្នក​ជិត​ខាង ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ប្រាក់​ដួង*​ដែល​ខ្ញុំ​បាត់​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ 10ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា*​របស់​ព្រះ‌ជាម្ចាស់​នឹង​មាន​អំណរ​សប្បាយ​ជា​ខ្លាំង ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ​ប្រែ​ចិត្ត​គំនិត»។
ប្រស្នា​អំពី​កូន​ពៅ​ដែល​វង្វេង ហើយ​រក​ឃើញ​វិញ
11ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មាន​បុរស​មួយ​រូប​មាន​កូន​ប្រុស​ពីរ​នាក់។ 12កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា “លោក​ឪពុក! សូម​ចែក​កេរ‌មត៌ក​ឲ្យ​កូន​មក”។ ឪពុក​ក៏​ចែក​មត៌ក​ឲ្យ​កូន។ 13ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក កូន​ពៅ​ប្រមូល​ទ្រព្យ‌សម្បត្តិ រួច​ចាក​ចេញ​ទៅ​ស្រុក​ឆ្ងាយ។ នៅ​ស្រុក​នោះ កូន​ពៅ​បាន​ខ្ជះ‌ខ្ជាយ​បង្ហិន​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន​អស់​ទៅ។ 14ពេល​ចាយ​វាយ​ទ្រព្យ‌សម្បត្តិ​អស់​ហើយ ជួន​ជា​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក កូន​ពៅ​នោះ​ចាប់​ផ្ដើម​ខ្វះ​ខាត។ 15គាត់​ក៏​ទៅ​ស៊ី​ឈ្នួល​អ្នក​ស្រុក​ម្នាក់ គេ​ប្រើ​គាត់​ឲ្យ​មើល​ជ្រូក​តាម​ស្រែ​ចម្ការ។ 16គាត់​ចង់​ចម្អែត​ក្រពះ​នឹង​ចំណី​ដែល​គេ​ដាក់​ឲ្យ​ជ្រូក​ស៊ី​នោះ​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​បរិភោគ​ឡើយ។ 17ពេល​នោះ កូន​ពៅ​ភ្ញាក់​ខ្លួន ហើយ​រិះគិត​ក្នុង​ចិត្ត​ថា “អ្នក​បម្រើ​របស់​ឪពុក​អញ​សុទ្ធ​តែ​មាន​ម្ហូប​អាហារ​បរិភោគ​ហូរ‌ហៀរ​ទាំង​អស់​គ្នា រីឯ​នៅ​ទី​នេះ​វិញ អញ​សឹង​តែ​ដាច់​ពោះ​ស្លាប់។ 18អញ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​រក​ឪពុក​អញ​វិញ ហើយ​ជម្រាប​គាត់​ថា លោក​ឪពុក កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​លោក​ឪពុក​ដែរ។ 19មិន​គួរ​ឲ្យ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ សូម​លោក​ឪពុក​ចាត់​ទុក​កូន​ជា​អ្នក​បម្រើ​ចុះ”។ 20លុះ​គិត​ដូច្នោះ​ហើយ កូន​ពៅ​ក៏​វិល​ត្រឡប់​ទៅ​រក​ឪពុក​វិញ។ កាល​ឪពុក​ឃើញ​កូន​ពី​ចម្ងាយ គាត់​មាន​ចិត្ត​អាណិត​អាសូរ​ក្រៃ‌លែង ក៏​រត់​ទៅ​ទទួល​កូន ហើយ​ឱប​ថើប​ទៀត​ផង។ 21កូន​ពៅ​ជម្រាប​ឪពុក​ថា “លោក​ឪពុក កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​លោក​ឪពុក​ដែរ មិន​គួរ​ឲ្យ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ”។ 22ឪពុក​ប្រាប់​ពួក​អ្នក​បម្រើ​ថា “ចូរ​ទៅ​យក​សម្លៀក‌បំពាក់​ល្អៗ​បំផុត មក​ពាក់​ឲ្យ​កូន​ខ្ញុំ​ជា​ប្រញាប់ ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង មក​ពាក់​ឲ្យ​ផង។ 23ចូរ​យក​កូន​គោ​ដែល​យើង​បាន​បំប៉ន​ទុក មក​កាប់​ជប់‌លៀង​ឲ្យ​សប្បាយ​ចុះ 24ដ្បិត​កូន​ខ្ញុំ​នេះ​បាន​ស្លាប់​ទៅ​ហើយ តែ​ឥឡូវ​រស់​ឡើង​វិញ វា​វង្វេង​បាត់ តែ​ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ គេ​នាំ​គ្នា​ជប់‌លៀង​យ៉ាង​សប្បាយ។
25ពេល​នោះ កូន​ច្បង​នៅ​ឯ​ចម្ការ។ កាល​គាត់​ត្រឡប់​មក​ជិត​ដល់​ផ្ទះ​វិញ ឮ​ស្នូរ​តូរ្យ​តន្ត្រី និង​ចម្រៀង​របាំ 26គាត់​ហៅ​អ្នក​បម្រើ​ម្នាក់​មក​សួរ​ថា មាន​ការ​អ្វី​កើត​ឡើង។ 27អ្នក​បម្រើ​ឆ្លើយ​ថា “ប្អូន​លោក​ត្រឡប់​មក​វិញ​ហើយ។ ឪពុក​របស់​លោក​ឲ្យ​គេ​កាប់​កូន​គោ​ដែល​យើង​បំប៉ន​នោះ ព្រោះ​កូន​ពៅ​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត”។ 28កូន​ច្បង​ខឹង​ណាស់​មិន​ព្រម​ចូល​ផ្ទះ​ទេ ឪពុក​ចេញ​មក​អង្វរ​ឲ្យ​ចូល។ 29កូន​ច្បង​និយាយ​ទៅ​ឪពុក​ថា “ខ្ញុំ​បាន​នៅ​បម្រើ​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​មិន​ដែល​ធ្វើ​ខុស​នឹង​បទ‌បញ្ជា​របស់​លោក​ត្រង់​ណា​ឡើយ តែ​លោក​មិន​ដែល​ឲ្យ​កូន​ពពែ ដើម្បី​ឲ្យ​ខ្ញុំ​កាប់​ជប់‌លៀង​ជា​មួយ​មិត្ត‌ភក្ដិ​ទាល់​តែ​សោះ សូម្បី​តែ​មួយ​ក៏​មិន​ដែល​ផង។ 30ពេល​កូន​លោក​ត្រឡប់​មក​វិញ លោក​បាន​កាប់​កូន​គោ​បំប៉ន​ទទួល​វា មើល៍ វា​នេះ​បាន​បំផ្លាញ​ទ្រព្យ‌សម្បត្តិ​លោក​ទាំង​អស់​ជា​មួយ​ស្រី​ញី”។ 31ឪពុក​និយាយ​ទៅ​កូន​ថា “កូន​អើយ ឯង​នៅ​ជា​មួយ​ឪពុក​ជានិច្ច​រហូត​ណា​កូន អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ឪពុក ក៏​ជា​របស់​កូន​ដែរ។ 32យើង​ត្រូវ​តែ​សប្បាយ​រីក‌រាយ ដ្បិត​ប្អូន​របស់​ឯង​ដែល​បាន​ស្លាប់​ទៅ​នោះ ឥឡូវ​នេះ រស់​ឡើង​វិញ​ហើយ។ វា​បាន​វង្វេង​បាត់ តែ​ឥឡូវ​នេះ យើង​រក​ឃើញ​វិញ​ហើយ”»។

Sorotan

Berbagi

Salin

None

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk