លោកុប្បត្តិ 35

35
យ៉ាកុបត្រឡប់ទៅបេតអែលវិញ
1ព្រះ​មានបន្ទូល​នឹង​យ៉ាកុប​ថា​៖ “ចូរ​ក្រោកឡើង​ទៅ​បេត-អែល ហើយ​រស់នៅ​ទីនោះ​។ នៅ​ទីនោះ ចូរ​សង់​អាសនា​មួយ​ដល់​ព្រះ​ដែល​លេចមក​ដល់​អ្នក កាល​អ្នក​បាន​រត់គេច​ពីមុខ​អេសាវ​បងប្រុស​របស់អ្នក”។
2ដូច្នេះ យ៉ាកុប​និយាយ​នឹង​អ្នកផ្ទះ​របស់គាត់ និង​អស់អ្នក​ដែល​នៅជាមួយ​គាត់​ថា​៖ “ចូរ​យក​រូបព្រះ​របស់​ជនបរទេស​ដែល​មាន​នៅក្នុងចំណោម​អ្នករាល់គ្នា​ចេញ រួច​ជម្រះ​ខ្លួន ហើយ​ប្ដូរ​សម្លៀកបំពាក់​របស់អ្នករាល់គ្នា​ចុះ​។ 3យើង​នាំគ្នា​ក្រោកឡើង​ទៅ​បេត-អែល ហើយ​នៅ​ទីនោះ​។ ខ្ញុំ​នឹង​សង់​អាសនា​មួយ​ដល់​ព្រះ​ដែល​តប​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​របស់ខ្ញុំ ហើយ​បាន​គង់នៅ​ជាមួយ​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​បាន​ធ្វើដំណើរ”។
4ពួកគេ​ក៏​ប្រគល់​អស់ទាំង​រូបព្រះ​របស់​ជនបរទេស​ដែល​នៅក្នុង​ដៃ​របស់ខ្លួន និង​ក្រវិល​ដែល​នៅ​ត្រចៀក​របស់ខ្លួន ឲ្យ​យ៉ាកុប ហើយ​យ៉ាកុប​ក៏​កប់​វា​នៅក្រោម​ដើមអូក​ដែល​នៅជិត​ស៊ីគែម​។ 5នៅពេល​ពួកគេ​ចេញដំណើរទៅ មាន​សេចក្ដីភ័យខ្លាច​ពី​ព្រះ​នៅលើ​ទីក្រុង​ដែល​នៅ​ជុំវិញ​ពួកគេ ដោយហេតុនេះ គេ​មិន​បាន​ដេញតាម​ពួក​កូនប្រុស​របស់​យ៉ាកុប​ឡើយ​។ 6គឺយ៉ាងនេះឯង​ដែល​យ៉ាកុប និង​មនុស្ស​ទាំងអស់​ដែល​នៅជាមួយ​គាត់ បាន​មកដល់​លូស (​លូស​គឺ​បេត-អែល​) ដែល​នៅក្នុង​ដែនដី​កាណាន​។ 7នៅ​ទីនោះ យ៉ាកុប​សង់​អាសនា​មួយ ហើយ​ដាក់ឈ្មោះ​កន្លែង​នោះ​ថា “អែល បេត-អែល” ដ្បិត​នៅ​ទីនោះ ព្រះ​បាន​លេចមក​ដល់​គាត់ កាល​គាត់​បាន​រត់គេច​ពីមុខ​បងប្រុស​របស់គាត់​។
8បន្ទាប់មក ដេបូរ៉ា​ដែលជា​មេដោះ​របស់​រេបិកា​បាន​ស្លាប់ ហើយ​ត្រូវគេ​បញ្ចុះ​ក្រោម​ដើមអូក​ដែល​នៅ​ខាងត្បូង​បេត-អែល ដូច្នេះ​គេ​ដាក់ឈ្មោះ​ដើមឈើនោះ​ថា អាឡុន-បាគូថ#35:8 អាឡុន-បាគូថ―មានន័យថា “ដើមអូកនៃការយំសោក”។​។
9ក្រោយពី​យ៉ាកុប​បាន​មក​ពី​ប៉ាដាន់-អើរ៉ាម​វិញ ព្រះ​បាន​លេចមក​ដល់​គាត់​ម្ដងទៀត ហើយ​ប្រទានពរ​គាត់​។ 10ព្រះ​មានបន្ទូល​នឹង​គាត់​ថា​៖
“ឈ្មោះ​របស់អ្នក​គឺ​យ៉ាកុប
ប៉ុន្តែ​មិន​ត្រូវ​ហៅ​ឈ្មោះ​របស់អ្នក​ថា​យ៉ាកុប​ទៀត​ឡើយ
គឺ​អ៊ីស្រាអែល​ជា​ឈ្មោះ​របស់អ្នក​វិញ”។
គឺយ៉ាងនេះឯង​ដែល​ព្រះអង្គ​ដាក់ឈ្មោះ​គាត់​ថា អ៊ីស្រាអែល​។ 11ព្រះ​មានបន្ទូល​នឹង​គាត់​ទៀត​ថា​៖
“យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​;
ចូរ​បង្កើតកូន និង​កើនចំនួនឡើង​;
ប្រជាជាតិ​មួយ និង​សហគមន៍​នៃ​ប្រជាជាតិ​នានា នឹង​កើត​ចេញពី​អ្នក
ស្ដេច​នានា​ក៏​នឹង​កើត​ចេញពី​រូបកាយ​របស់អ្នក​ដែរ​។
12រីឯ​ទឹកដី​ដែល​យើង​បាន​ឲ្យ​ដល់​អ័ប្រាហាំ និង​អ៊ីសាក យើង​នឹង​ឲ្យ​ដល់​អ្នក
ហើយ​យើង​នឹង​ឲ្យ​ទឹកដី​នោះ​ដល់​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​ដែរ”។
13បន្ទាប់មក ព្រះ​យាង​ឡើង​ចេញពី​គាត់ ត្រង់​កន្លែង​ដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​គាត់​។
14យ៉ាកុប​ក៏​បញ្ឈរ​បង្គោល​មួយ​នៅ​កន្លែង​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​គាត់ គឺ​បង្គោល​ថ្ម​មួយ ហើយ​គាត់​ក៏​ច្រូច​តង្វាយច្រូច​លើ​វា ព្រមទាំង​ចាក់​ប្រេង​លើ​វា​ផង​។ 15យ៉ាកុប​ដាក់ឈ្មោះ​កន្លែង​ដែល​ព្រះ​បាន​មានបន្ទូល​នឹង​គាត់​នោះ​ថា បេត-អែល​។
មរណភាពរបស់រ៉ាជែល
16បន្ទាប់មក ពួកគេ​ធ្វើដំណើរ​ចេញពី​បេត-អែល​។ ពេល​ពួកគេ​នៅតែ​នៅ​ឆ្ងាយបន្តិច​ពី​អេប្រាតា រ៉ាជែល​បង្កើត​កូន ហើយ​នាង​សម្រាលកូន​យ៉ាងពិបាក​ណាស់​។ 17ខណៈដែល​នាង​កំពុងតែ​សម្រាលកូន​យ៉ាងពិបាក​នោះ ឆ្មប​ក៏​និយាយ​នឹង​នាង​ថា​៖ “កុំ​ខ្លាច​ឡើយ ដ្បិត​លើកនេះ លោកស្រី​បាន​កូនប្រុស​ទៀត​!”។ 18លុះ​កាល​ព្រលឹង​របស់នាង​រៀបនឹង​ចាកចេញទៅ ដ្បិត​នាង​ជិត​ស្លាប់​ហើយ នាង​ក៏​ដាក់ឈ្មោះ​កូននោះ​ថា​បេន-អូនី#35:18 បេន-អូនី―មានន័យថា “កូននៃទុក្ខវេទនារបស់ខ្ញុំ”។ ប៉ុន្តែ​ឪពុក​របស់កូននោះ​ដាក់ឈ្មោះ​វា​ថា​បេនយ៉ាមីន#35:18 បេនយ៉ាមីន―មានន័យថា “កូននៃដៃស្ដាំ”។​វិញ​។ 19រ៉ាជែល​ក៏​ស្លាប់​ទៅ ហើយ​ត្រូវគេ​បញ្ចុះ​នៅក្បែរ​ផ្លូវ​ទៅ​អេប្រាតា (​អេប្រាតា​គឺ​បេថ្លេហិម​)​។ 20យ៉ាកុប​បញ្ឈរ​បង្គោល​មួយ​នៅលើ​ផ្នូរ​របស់នាង បង្គោល​ផ្នូរ​របស់​រ៉ាជែល​នេះ នៅ​រហូតដល់​សព្វថ្ងៃ​។
កូនទាំងដប់ពីររបស់អ៊ីស្រាអែល
21អ៊ីស្រាអែល​ក៏​បន្តដំណើរ ហើយ​ដំឡើង​រោង​របស់គាត់​នៅ​ខាងនាយ​ប៉មអេឌើរ​។ 22កាល​អ៊ីស្រាអែល​រស់នៅ​ក្នុង​ទឹកដី​នោះ រូបេន​ក៏​ទៅ​រួមដំណេក​ជាមួយ​ប៊ីលហា​ប្រពន្ធចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រាអែល​ក៏​ឮ​អំពីការនោះ​ដែរ​។
យ៉ាកុប​មាន​កូនប្រុស​ដប់ពីរ​នាក់​:
23កូនប្រុស​របស់​លេអា មាន​រូបេន​ជា​កូនច្បង​របស់​យ៉ាកុប
ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សាប់យូឡូន​។
24កូនប្រុស​របស់​រ៉ាជែល មាន​យ៉ូសែប និង​បេនយ៉ាមីន​។
25កូនប្រុស​របស់​ប៊ីលហា​បាវបម្រើស្រី​របស់​រ៉ាជែល មាន​ដាន់ និង​ណែបថាលី​។
26កូនប្រុស​របស់​ស៊ីលផា​បាវបម្រើស្រី​របស់​លេអា មាន​កាដ និង​អេស៊ើរ​។
អ្នកទាំងនេះ​ហើយ ជា​កូនប្រុស​របស់​យ៉ាកុប​ដែល​កើតមក​ដល់​គាត់​នៅ​ប៉ាដាន់-អើរ៉ាម​។
មរណភាពរបស់អ៊ីសាក
27យ៉ាកុប​មកដល់​អ៊ីសាក​ឪពុក​របស់គាត់​នៅ​ម៉ាមរេ​ក្នុង​គារយ៉ាត់-អើបា (​គារយ៉ាត់-អើបា​គឺ​ហេប្រុន​) ជា​កន្លែងដែល​អ័ប្រាហាំ និង​អ៊ីសាក​បាន​រស់នៅបណ្ដោះអាសន្ន​។ 28រីឯ​ថ្ងៃ​នៃ​អាយុ​របស់​អ៊ីសាក​គឺ​មួយរយប៉ែតសិប​ឆ្នាំ​។ 29អ៊ីសាក​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ​ពេល​មាន​អាយុច្រើន និង​ស្កប់ចិត្ត​នឹង​អាយុ​របស់ខ្លួន ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់ នោះ​អេសាវ និង​យ៉ាកុប​កូនប្រុស​របស់គាត់​ក៏​បញ្ចុះសព​គាត់​៕

Sorotan

Berbagi

Salin

None

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk