យ៉ះយ៉ា 5
5
ណាពីអ៊ីសាប្រោសមនុស្សពិការម្នាក់ឲ្យជា
1ក្រោយមកទៀត មានពិធីបុណ្យមួយរបស់ជនជាតិយូដា អ៊ីសាឡើងទៅក្រុងយេរូសាឡឹម។ 2នៅក្រុងយេរូសាឡឹម ជិតខ្លោងទ្វារឈ្មោះ «ទ្វារចៀម» មានស្រះមួយដែលគេហៅជាភាសាហេប្រឺថា «ស្រះបេថែសដា» ក្បែរស្រះនោះ មានបរិវេណប្រាំ។ 3មានអ្នកជំងឺ មនុស្សខ្វាក់ មនុស្សខ្វិន មនុស្សខូចជើង និងមនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមបរិវេណទាំងនោះ [រង់ចាំទឹកកំរើក 4ដ្បិតយូរៗម្ដង មានម៉ាឡាអ៊ីកាត់មួយរូប ចុះមកធ្វើឲ្យទឹកស្រះកំរើក អ្នកណាចុះទៅក្នុងទឹកកំរើកបានមុនគេអ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។ 5នៅទីនោះ មានបុរសម្នាក់ពិការតាំងពីសាមសិបប្រាំបីឆ្នាំមកហើយ។ 6អ៊ីសាឃើញគាត់ដេកដូច្នេះ អ៊ីសាជ្រាបថា គាត់នៅទីនោះជាយូរមកហើយ អ៊ីសាសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?»។ 7អ្នកនោះជម្រាបអ៊ីសាថា៖ «លោកអើយ ពេលទឹកកំរើក គ្មាននរណាយកខ្ញុំទៅដាក់ក្នុងស្រះសោះ ហើយពេលណាខ្ញុំទៅដល់ មានម្នាក់ចុះទៅមុនខ្ញុំស្រេចទៅហើយ»។ 8អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ»។ 9ពេលនោះស្រាប់តែបុរសនោះបានជាភ្លាម គាត់ក៏យកគ្រែស្នែងរបស់គាត់ដើរទៅ។ 10រីឯថ្ងៃនោះ ជាថ្ងៃជំអាត់ ជនជាតិយូដាស្ដីឲ្យបុរសដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃជំអាត់ អ្នកគ្មានសិទ្ធិលីគ្រែស្នែងរបស់អ្នកដូច្នេះឡើយ»។ 11គាត់ឆ្លើយទៅគេថា៖ «លោកដែលបានធ្វើឲ្យខ្ញុំជា ប្រាប់ខ្ញុំថា “ចូរយកគ្រែស្នែងរបស់អ្នកដើរទៅចុះ!”»។ 12គេសួរគាត់ថា៖ «តើលោកណាប្រាប់អ្នកឲ្យយកគ្រែស្នែងដើរទៅដូច្នេះ?»។ 13ប៉ុន្ដែ បុរសដែលបានជាមិនដឹងថានរណា បានប្រោសគាត់ឲ្យជាឡើយ ដ្បិតអ៊ីសាបានចេញពីបណ្ដាជនដែលនៅកន្លែងនោះផុតទៅហើយ។
14ក្រោយមក អ៊ីសាជួបគាត់ក្នុងម៉ាស្ជិទ ក៏មានប្រសាសន៍ទៅគាត់ថា៖ «ឥឡូវនេះ អ្នកបានជាហើយ កុំប្រព្រឹត្ដអំពើបាបទៀតឲ្យសោះ ក្រែងលោកើតការអាក្រក់ដល់អ្នក លើសមុនទៅទៀត»។ 15បុរសនោះចេញទៅប្រាប់ជនជាតិយូដាឲ្យដឹងថា គឺអ៊ីសាដែលបានប្រោសគាត់ឲ្យជា។ 16ហេតុនេះហើយបានជាជនជាតិយូដានាំគ្នាបៀតបៀនអ៊ីសា ព្រោះអ៊ីសាធ្វើការនោះនៅថ្ងៃជំអាត់។ 17អ៊ីសាមានប្រសាសន៍ទៅគេថា៖ «អុលឡោះជាបិតារបស់ខ្ញុំធ្វើការរហូតមកទល់សព្វថ្ងៃ ខ្ញុំក៏ធ្វើការដូចទ្រង់ដែរ»។ 18កាលឮប្រសាសន៍នេះ ជនជាតិយូដារឹតតែចង់សម្លាប់អ៊ីសាខ្លាំងឡើងៗ មិនមែនមកពីអ៊ីសាមិនបានគោរពតាមហ៊ូកុំ សម្រាប់ថ្ងៃជំអាត់ប៉ុណ្ណោះទេ គឺមកពីអ៊ីសាមានប្រសាសន៍ថា អុលឡោះជាបិតារបស់គាត់ផ្ទាល់ថែមទៀត អ៊ីសាលើកខ្លួនឡើងស្មើនឹងអុលឡោះ។
អំណាចរបស់ណាពីអ៊ីសា
19អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បុត្រាពុំអាចធ្វើអី្វដោយផ្ទាល់ខ្លួនបានឡើយ គឺបុត្រាធ្វើតែកិច្ចការណា ដែលបុត្រាបានឃើញអុលឡោះជាបិតាធ្វើប៉ុណ្ណោះ។ កិច្ចការអ្វីដែលអុលឡោះជាបិតាធ្វើ បុត្រាក៏ធ្វើកិច្ចការនោះដែរ។ 20អុលឡោះជាបិតាស្រឡាញ់បុត្រា និងបង្ហាញឲ្យបុត្រាឃើញគ្រប់កិច្ចការដែលទ្រង់ធ្វើ បិតានឹងបង្ហាញឲ្យបុត្រាឃើញកិច្ចការធំជាងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាងឿងឆ្ងល់។ 21ដូចអុលឡោះជាបិតាប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ បុត្រាប្រទានជីវិតឲ្យនរណាក៏បាន ស្រេចតែនឹងចិត្តរបស់បុត្រា។ 22អុលឡោះជាបិតាមិនដាក់ទោសនរណាឡើយ គឺទ្រង់បានប្រគល់អំណាចដាក់ទោសទាំងអស់ឲ្យបុត្រាវិញ 23ដើម្បីឲ្យមនុស្សគ្រប់ៗគ្នាគោរពបុត្រា ដូចគេគោរពអុលឡោះជាបិតា។ អ្នកណាមិនគោរពបុត្រាទេអ្នកនោះក៏មិនគោរពអុលឡោះជាបិតា ដែលបានចាត់បុត្រាឲ្យមកនោះដែរ។ 24ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយហើយជឿលើអុលឡោះដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។ 25ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដល់ពេលកំណត់គឺឥឡូវនេះហើយ មនុស្សស្លាប់នឹងឮសំឡេងបុត្រារបស់អុលឡោះ ហើយអស់អ្នកដែលឮសំឡេងនោះនឹងមានជីវិតរស់នៅ 26ដ្បិតអុលឡោះជាបិតាជាប្រភពនៃជីវិតយ៉ាងណា ទ្រង់ក៏ប្រទានឲ្យបុត្រាធ្វើជាប្រភពនៃជីវិតយ៉ាងនោះដែរ 27ហើយអុលឡោះជាបិតាក៏ប្រទានឲ្យបុត្រាមានអំណាចដាក់ទោសថែមទៀតផង ព្រោះគាត់ជាបុត្រាមនុស្ស។ 28សុំកុំងឿងឆ្ងល់ឡើយ ដ្បិតដល់ពេលកំណត់ មនុស្សស្លាប់ទាំងប៉ុន្មាននឹងឮសំឡេងរបស់បុត្រា 29ហើយចេញពីផ្នូរមក។ អ្នកដែលបានប្រព្រឹត្ដអំពើល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់នឹងរស់ឡើងវិញ ដើម្បីទទួលទោស»។
សក្ខីភាពអំពីអំណាចរបស់ណាពីអ៊ីសា
30«ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់បានឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់ តាមសេចក្ដីដែលអុលឡោះមានបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្ដខ្ញុំឡើយ គឺធ្វើតាមបំណងរបស់អុលឡោះដែលបានចាត់ឲ្យខ្ញុំមកនោះវិញ។ 31ប្រសិនបើខ្ញុំធ្វើជាបន្ទាល់ឲ្យខ្លួនខ្ញុំផ្ទាល់ សក្ខីភាពរបស់ខ្ញុំមិនពិតទេ។ 32ប៉ុន្ដែ មានម្នាក់ទៀតធ្វើជាបន្ទាល់ឲ្យខ្ញុំ ហើយខ្ញុំដឹងថាសក្ខីភាពដែលអ្នកនោះថ្លែងអំពីខ្ញុំ ស្របតាមសេចក្ដីពិត។ 33អ្នករាល់គ្នាបានចាត់គេឲ្យទៅសួរយ៉ះយ៉ា ហើយគាត់ក៏ផ្ដល់សក្ខីភាពអំពីសេចក្ដីពិត។ 34ចំពោះខ្ញុំ ខ្ញុំមិនត្រូវការសក្ខីភាពពីមនុស្សណាឡើយ តែខ្ញុំពោលដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាទទួលការសង្គ្រោះ។ 35យ៉ះយ៉ានេះប្រៀបបាននឹងចង្កៀងដែលកំពុងឆេះបំភ្លឺ ហើយអ្នករាល់គ្នាក៏ចង់រីករាយនឹងពន្លឺនោះ មួយស្របក់ដែរ។ 36រីឯខ្ញុំវិញ ខ្ញុំមានសក្ខីភាពមួយប្រសើរជាងសក្ខីភាពរបស់យ៉ះយ៉ាទៅទៀត។ អុលឡោះជាបិតាប្រទានឲ្យខ្ញុំបង្ហើយកិច្ចការទាំងអំបាលម៉ាន គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ជាសក្ខីភាពបញ្ជាក់ថា អុលឡោះបានចាត់ខ្ញុំឲ្យមកមែន។ 37អុលឡោះដែលបានចាត់ខ្ញុំឲ្យមក ក៏បានធ្វើជាបន្ទាល់ឲ្យខ្ញុំដែរ តែអ្នករាល់គ្នាមិនដែលបានឮសំឡេងរបស់អុលឡោះ ហើយក៏មិនដែលបានឃើញអុលឡោះផង។ 38អ្នករាល់គ្នាគ្មានបន្ទូលរបស់អុលឡោះនៅក្នុងចិត្ដទេ ព្រោះអ្នករាល់គ្នា ពុំជឿអ្នកដែលអុលឡោះជាបិតាបានចាត់ឲ្យមក។ 39អ្នករាល់គ្នាខំពិនិត្យពិច័យមើលគីតាប ព្រោះនឹកស្មានថា នឹងបានជីវិតអស់កល្បជានិច្ច ដោយសារគីតាបទាំងនេះ គឺគីតាបនេះហើយធ្វើជាបន្ទាល់ឲ្យខ្ញុំ 40ប៉ុន្ដែ អ្នករាល់គ្នាមិនចង់មករកខ្ញុំដើម្បីឲ្យបានជីវិតឡើយ។ 41ខ្ញុំមិនចង់ទទួលសិរីរុងរឿងពីមនុស្សទេ។ 42ម្យ៉ាងទៀត ខ្ញុំស្គាល់ចិត្ដអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្មានចិត្ដស្រឡាញ់អុលឡោះសោះ។ 43ខ្ញុំមក ក្នុងនាមអុលឡោះជាបិតាខ្ញុំតែអ្នករាល់គ្នាមិនទទួលខ្ញុំឡើយ។ ប្រសិនបើមានម្នាក់ទៀតមកក្នុងនាមខ្លួនគេផ្ទាល់ អ្នករាល់គ្នាមុខជាទទួលគេមិនខាន! 44តើឲ្យអ្នករាល់គ្នាអាចជឿដូចម្ដេចបានបើអ្នករាល់គ្នាចូលចិត្ដទទួលការសរសើរតែពីគ្នាទៅវិញទៅមកដូច្នេះ ហើយពុំស្វែងរកការសរសើរពីអុលឡោះជាម្ចាស់តែមួយគត់សោះនោះ? 45កុំនឹកស្មានថា ខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នា នៅចំពោះអុលឡោះជាបិតាឡើយ គឺណាពីម៉ូសាជាទីសង្ឃឹមរបស់អ្នករាល់គ្នាវិញទេ ដែលនឹងចោទប្រកាន់។ 46ប្រសិនបើអ្នករាល់គ្នាជឿពាក្យម៉ូសា អ្នករាល់គ្នាមុខជាជឿខ្ញុំមិនខាន ព្រោះម៉ូសាបានសរសេរទុកក្នុងគីតាបស្ដីអំពីខ្ញុំ 47ប៉ុន្ដែ បើអ្នករាល់គ្នាមិនជឿសេចក្ដីដែលម៉ូសាបានសរសេរទុកទៅហើយនោះ ធ្វើម្ដេចនឹងឲ្យអ្នករាល់គ្នាជឿពាក្យរបស់ខ្ញុំបាន!»។
Pilihan Saat Ini:
យ៉ះយ៉ា 5: អគត
Sorotan
Berbagi
Salin
Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk
© 2014 United Bible Societies, UK.