យ៉ះយ៉ា 5

5
ណាពី​អ៊ីសា​ប្រោស​មនុស្ស​ពិការ​ម្នាក់​ឲ្យ​ជា
1ក្រោយ​មក​ទៀត មាន​ពិធី​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា អ៊ីសា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ 2នៅ​ក្រុង​យេរូ‌សាឡឹម ជិត​ខ្លោង​ទ្វារ​ឈ្មោះ «ទ្វារ​ចៀម» មាន​ស្រះ​មួយ​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា «ស្រះ​បេថែស‌ដា» ក្បែរ​ស្រះ​នោះ មាន​បរិវេណ​ប្រាំ។ 3មាន​អ្នក​ជំងឺ មនុស្ស​ខ្វាក់ មនុស្ស​ខ្វិន មនុស្ស​ខូច​ជើង និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ជា​ច្រើន ដេក​នៅ​តាម​បរិវេណ​ទាំង​នោះ [រង់‌ចាំ​ទឹក​កំរើក 4ដ្បិត​យូរៗ​ម្ដង មាន​ម៉ាឡា‌អ៊ីកាត់​មួយ​រូប ចុះ​មក​ធ្វើ​ឲ្យ​ទឹក​ស្រះ​កំរើក អ្នក​ណា​ចុះ​ទៅ​ក្នុង​ទឹក​កំរើក​បាន​មុន​គេ​អ្នក​នោះ​នឹង​បាន​ជា ទោះ​បី​មាន​ជំងឺ​អ្វី​ក៏​ដោយ]។ 5នៅ​ទី​នោះ មាន​បុរស​ម្នាក់​ពិការ​តាំង​ពី​សាម‌សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ។ 6អ៊ីសា​ឃើញ​គាត់​ដេក​ដូច្នេះ អ៊ីសា​ជ្រាប​ថា គាត់​នៅ​ទី​នោះ​ជា​យូរ​មក​ហើយ អ៊ីសា​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ជា​ឬ​ទេ?»។ 7អ្នក​នោះ​ជម្រាប​អ៊ីសា​ថា៖ «លោក​អើយ ពេល​ទឹក​កំរើក គ្មាន​នរណា​យក​ខ្ញុំ​ទៅ​ដាក់​ក្នុង​ស្រះ​សោះ ហើយ​ពេល​ណា​ខ្ញុំ​ទៅ​ដល់ មាន​ម្នាក់​ចុះ​ទៅ​មុន​ខ្ញុំ​ស្រេច​ទៅ​ហើយ»។ 8អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ»។ 9ពេល​នោះ​ស្រាប់​តែ​បុរស​នោះ​បាន​ជា​ភ្លាម គាត់​ក៏​យក​គ្រែ​ស្នែង​របស់​គាត់​ដើរ​ទៅ។ 10រីឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​ជំអាត់ ជន‌ជាតិ​យូដា​ស្ដី​ឲ្យ​បុរស​ដែល​បាន​ជា​នោះ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ជំអាត់ អ្នក​គ្មាន​សិទ្ធិ​លី​គ្រែ​ស្នែង​របស់​អ្នក​ដូច្នេះ​ឡើយ»។ 11គាត់​ឆ្លើយ​ទៅ​គេ​ថា៖ «លោក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជា ប្រាប់​ខ្ញុំ​ថា “ចូរ​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ!”»។ 12គេ​សួរ​គាត់​ថា៖ «តើ​លោក​ណា​ប្រាប់​អ្នក​ឲ្យ​យក​គ្រែ​ស្នែង​ដើរ​ទៅ​ដូច្នេះ?»។ 13ប៉ុន្ដែ បុរស​ដែល​បាន​ជា​មិន​ដឹង​ថា​នរណា បាន​ប្រោស​គាត់​ឲ្យ​ជា​ឡើយ ដ្បិត​អ៊ីសា​បាន​ចេញ​ពី​បណ្ដា‌ជន​ដែល​នៅ​កន្លែង​នោះ​ផុត​ទៅ​ហើយ។
14ក្រោយ​មក អ៊ីសា​ជួប​គាត់​ក្នុង​ម៉ាស្ជិទ ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ឥឡូវ​នេះ អ្នក​បាន​ជា​ហើយ កុំ​ប្រព្រឹត្ដ​អំពើ​បាប​ទៀត​ឲ្យ​សោះ ក្រែង​លោ​កើត​ការ​អាក្រក់​ដល់​អ្នក លើស​មុន​ទៅ​ទៀត»។ 15បុរស​នោះ​ចេញ​ទៅ​ប្រាប់​ជន‌ជាតិ​យូដា​ឲ្យ​ដឹង​ថា គឺ​អ៊ីសា​ដែល​បាន​ប្រោស​គាត់​ឲ្យ​ជា។ 16ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​យូដា​នាំ​គ្នា​បៀត‌បៀន​អ៊ីសា ព្រោះ​អ៊ីសា​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​ជំអាត់។ 17អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ធ្វើ​ការ​រហូត​មក​ទល់​សព្វ​ថ្ងៃ ខ្ញុំ​ក៏​ធ្វើ​ការ​ដូច​ទ្រង់​ដែរ»។ 18កាល​ឮ​ប្រសាសន៍​នេះ ជន‌ជាតិ​យូដា​រឹត​តែ​ចង់​សម្លាប់​អ៊ីសា​ខ្លាំង​ឡើងៗ មិន​មែន​មក​ពី​អ៊ីសា​មិន​បាន​គោរព​តាម​ហ៊ូកុំ សម្រាប់​ថ្ងៃ​ជំអាត់​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​អ៊ីសា​មាន​ប្រសាសន៍​ថា អុលឡោះ​ជា​បិតា​របស់​គាត់​ផ្ទាល់​ថែម​ទៀត អ៊ីសា​លើក​ខ្លួន​ឡើង​ស្មើ​នឹង​អុលឡោះ។
អំណាច​របស់​ណាពី​អ៊ីសា
19អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បុត្រា​ពុំ​អាច​ធ្វើ​អី្វ​ដោយ​ផ្ទាល់​ខ្លួន​បាន​ឡើយ គឺ​បុត្រា​ធ្វើ​តែ​កិច្ចការ​ណា ដែល​បុត្រា​បាន​ឃើញ​អុលឡោះ​ជា​បិតា​ធ្វើ​ប៉ុណ្ណោះ។ កិច្ចការ​អ្វី​ដែល​អុលឡោះ​ជា​បិតា​ធ្វើ បុត្រា​ក៏​ធ្វើ​កិច្ចការ​នោះ​ដែរ។ 20អុលឡោះ​ជា​បិតា​ស្រឡាញ់​បុត្រា និង​បង្ហាញ​ឲ្យ​បុត្រា​ឃើញ​គ្រប់​កិច្ចការ​ដែល​ទ្រង់​ធ្វើ បិតា​នឹង​បង្ហាញ​ឲ្យ​បុត្រា​ឃើញ​កិច្ចការ​ធំ​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ងឿង‌ឆ្ងល់។ 21ដូច​អុលឡោះ​ជា​បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ បុត្រា​ប្រទាន​ជីវិត​ឲ្យ​នរណា​ក៏​បាន ស្រេច​តែ​នឹង​ចិត្ត​របស់​បុត្រា។ 22អុលឡោះ​ជា​បិតា​មិន​ដាក់​ទោស​នរណា​ឡើយ គឺ​ទ្រង់​បាន​ប្រគល់​អំណាច​ដាក់​ទោស​ទាំង​អស់​ឲ្យ​បុត្រា​វិញ 23ដើម្បី​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​គោរព​បុត្រា ដូច​គេ​គោរព​អុលឡោះ​ជា​បិតា។ អ្នក​ណា​មិន​គោរព​បុត្រា​ទេ​អ្នក​នោះ​ក៏​មិន​គោរព​អុលឡោះ​ជា​បិតា ដែល​បាន​ចាត់​បុត្រា​ឲ្យ​មក​នោះ​ដែរ។ 24ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ហើយ​ជឿ​លើ​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​ទទួល​ទោស​ឡើយ គឺ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​រក​ជីវិត។ 25ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដល់​ពេល​កំណត់​គឺ​ឥឡូវ​នេះ​ហើយ មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​បុត្រា​របស់​អុលឡោះ ហើយ​អស់​អ្នក​ដែល​ឮ​សំឡេង​នោះ​នឹង​មាន​ជីវិត​រស់​នៅ 26ដ្បិត​អុលឡោះ​ជា​បិតា​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​ណា ទ្រង់​ក៏​ប្រទាន​ឲ្យ​បុត្រា​ធ្វើ​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​នោះ​ដែរ 27ហើយ​អុលឡោះ​ជា​បិតា​ក៏​ប្រទាន​ឲ្យ​បុត្រា​មាន​អំណាច​ដាក់​ទោស​ថែម​ទៀត​ផង ព្រោះ​គាត់​ជា​បុត្រា​មនុស្ស។ 28សុំ​កុំ​ងឿង‌ឆ្ងល់​ឡើយ ដ្បិត​ដល់​ពេល​កំណត់ មនុស្ស​ស្លាប់​ទាំង​ប៉ុន្មាន​នឹង​ឮ​សំឡេង​របស់​បុត្រា 29ហើយ​ចេញ​ពី​ផ្នូរ​មក។ អ្នក​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ល្អ​នឹង​រស់​ឡើង​វិញ ដើម្បី​ទទួល​ជីវិត រីឯ​អ្នក​ដែល​បាន​ប្រព្រឹត្ដ​អំពើ​អាក្រក់​នឹង​រស់​ឡើង​វិញ ដើម្បី​ទទួល​ទោស»។
សក្ខី‌ភាព​អំពី​អំណាច​របស់​ណាពី​អ៊ីសា
30«ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​អំណាច​ខ្ញុំ​ផ្ទាល់​បាន​ឡើយ ខ្ញុំ​វិនិច្ឆ័យ​គ្រប់​ការ​ទាំង​អស់ តាម​សេចក្ដី​ដែល​អុលឡោះ​មាន​បន្ទូល​មក​ខ្ញុំ ហើយ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ត្រឹម​ត្រូវ ព្រោះ​ខ្ញុំ​មិន​ប្រាថ្នា​ធ្វើ​តាម​បំណង​ចិត្ដ​ខ្ញុំ​ឡើយ គឺ​ធ្វើ​តាម​បំណង​របស់​អុលឡោះ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ។ 31ប្រសិន​បើ​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់ សក្ខី‌ភាព​របស់​ខ្ញុំ​មិន​ពិត​ទេ។ 32ប៉ុន្ដែ មាន​ម្នាក់​ទៀត​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​សក្ខី‌ភាព​ដែល​អ្នក​នោះ​ថ្លែង​អំពី​ខ្ញុំ ស្រប​តាម​សេចក្ដី​ពិត។ 33អ្នក​រាល់​គ្នា​បាន​ចាត់​គេ​ឲ្យ​ទៅ​សួរ​យ៉ះយ៉ា ហើយ​គាត់​ក៏​ផ្ដល់​សក្ខី‌ភាព​អំពី​សេចក្ដី​ពិត។ 34ចំពោះ​ខ្ញុំ ខ្ញុំ​មិន​ត្រូវ​ការ​សក្ខី‌ភាព​ពី​មនុស្ស​ណា​ឡើយ តែ​ខ្ញុំ​ពោល​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​សង្គ្រោះ។ 35យ៉ះយ៉ា​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​កំពុង​ឆេះ​បំភ្លឺ ហើយ​អ្នក​រាល់​គ្នា​ក៏​ចង់​រីក‌រាយ​នឹង​ពន្លឺ​នោះ មួយ​ស្របក់​ដែរ។ 36រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សក្ខី‌ភាព​មួយ​ប្រសើរ​ជាង​សក្ខី‌ភាព​របស់​យ៉ះយ៉ា​ទៅ​ទៀត។ អុលឡោះ​ជា​បិតា​ប្រទាន​ឲ្យ​ខ្ញុំ​បង្ហើយ​កិច្ចការ​ទាំង​អំបាល​ម៉ាន គឺ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ហើយ ជា​សក្ខី‌ភាព​បញ្ជាក់​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។ 37អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ តែ​អ្នក​រាល់​គ្នា​មិន​ដែល​បាន​ឮ​សំឡេង​របស់​អុលឡោះ ហើយ​ក៏​មិន​ដែល​បាន​ឃើញ​អុលឡោះ​ផង។ 38អ្នក​រាល់​គ្នា​គ្មាន​បន្ទូល​របស់​អុលឡោះ​នៅ​ក្នុង​ចិត្ដ​ទេ ព្រោះ​អ្នក​រាល់​គ្នា ពុំ​ជឿ​អ្នក​ដែល​អុលឡោះ​ជា​បិតា​បាន​ចាត់​ឲ្យ​មក។ 39អ្នក​រាល់​គ្នា​ខំ​ពិនិត្យ​ពិច័យ​មើល​គីតាប ព្រោះ​នឹក​ស្មាន​ថា នឹង​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​គីតាប​ទាំង​នេះ គឺ​គីតាប​នេះ​ហើយ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ 40ប៉ុន្ដែ អ្នក​រាល់​គ្នា​មិន​ចង់​មក​រក​ខ្ញុំ​ដើម្បី​ឲ្យ​បាន​ជីវិត​ឡើយ។ 41ខ្ញុំ​មិន​ចង់​ទទួល​សិរី‌រុង‌រឿង​ពី​មនុស្ស​ទេ។ 42ម្យ៉ាង​ទៀត ខ្ញុំ​ស្គាល់​ចិត្ដ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គ្មាន​ចិត្ដ​ស្រឡាញ់​អុលឡោះ​សោះ។ 43ខ្ញុំ​មក ក្នុង​នាម​អុលឡោះ​ជា​បិតា​ខ្ញុំ​តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ឡើយ។ ប្រសិន​បើ​មាន​ម្នាក់​ទៀត​មក​ក្នុង​នាម​ខ្លួន​គេ​ផ្ទាល់ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​គេ​មិន​ខាន! 44តើ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ជឿ​ដូច​ម្ដេច​បាន​បើ​អ្នក​រាល់​គ្នា​ចូល​ចិត្ដ​ទទួល​ការ​សរសើរ​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ហើយ​ពុំ​ស្វែង​រក​ការ​សរសើរ​ពី​អុលឡោះ​ជា​ម្ចាស់​តែ​មួយ​គត់​សោះ​នោះ? 45កុំ​នឹក​ស្មាន​ថា ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា នៅ​ចំពោះ​អុលឡោះ​ជា​បិតា​ឡើយ គឺ​ណាពី​ម៉ូសា​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​វិញ​ទេ ដែល​នឹង​ចោទ​ប្រកាន់។ 46ប្រសិន​បើ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​ម៉ូសា អ្នក​រាល់​គ្នា​មុខ​ជា​ជឿ​ខ្ញុំ​មិន​ខាន ព្រោះ​ម៉ូសា​បាន​សរសេរ​ទុក​ក្នុង​គីតាប​ស្ដី​អំពី​ខ្ញុំ 47ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្ដី​ដែល​ម៉ូសា​បាន​សរសេរ​ទុក​ទៅ​ហើយ​នោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​របស់​ខ្ញុំ​បាន!»។

Sorotan

Berbagi

Salin

None

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk