យ៉ះយ៉ា 3
3
ណាពីអ៊ីសាសន្ទនាជាមួយលោកនីកូដេម
1មាននាម៉ឺនជាតិយូដាម្នាក់ ឈ្មោះនីកូដេម លោកនៅខាងគណៈផារីស៊ី។ 2គាត់បានមកជួបអ៊ីសាទាំងយប់ ហើយនិយាយថា៖ «តួនយើងខ្ញុំដឹងថាអុលឡោះបានចាត់តួនឲ្យមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសំគាល់ដូចតួនបានឡើយ វៀរលែងតែអុលឡោះនៅជាមួយអ្នកនោះ»។ 3អ៊ីសាប្រាប់ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មីទេ គេមិនអាចឃើញនគររបស់អុលឡោះបានឡើយ»។ 4លោកនីកូដេមសួរអ៊ីសាថា៖ «ចុះបើមនុស្សមានវ័យចាស់ទៅហើយ ធ្វើដូចម្ដេចអាចកើតម្ដងទៀតបាន? តើគេអាចចូលទៅក្នុងផ្ទៃម្ដាយ ហើយកើតម្ដងទៀតបានឬ?»។ 5អ៊ីសាឆ្លើយថា៖ «ខ្ញុំប្រាប់អ្នកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីរសអុលឡោះទេ គេពុំអាចចូលក្នុងនគរអុលឡោះបានឡើយ។ 6អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីរសអុលឡោះវិញ មានរសអុលឡោះក្នុងខ្លួន។ 7ពេលខ្ញុំប្រាប់អ្នកថា “អ្នករាល់គ្នាត្រូវកើតជាថ្មី” សូមកុំឆ្ងល់ឲ្យសោះ។ 8ខ្យល់ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវា តែលោកពុំដឹងថាខ្យល់បក់មកពីទីណា ទៅទីណាឡើយ រីឯអ្នកដែលកើតមកពីរសអុលឡោះ ក៏ដូច្នោះដែរ»។ 9លោកនីកូដេមសួរអ៊ីសាថា៖ «តើការទាំងនេះអាចនឹងកើតឡើងដូចម្ដេចបាន?»។ 10អ៊ីសាមានប្រសាសន៍ថា៖ «អ្នកជាតួនរបស់ជនជាតិអ៊ីស្រអែល ម្ដេចក៏អ្នកមិនជ្រាបសេចក្ដីទាំងនេះ? 11ខ្ញុំប្រាប់អ្នកឲ្យដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងដឹង ហើយយើងធ្វើជាបន្ទាល់បញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។ 12ពេលខ្ញុំនិយាយអំពីហេតុការណ៍នៅលើផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះទំរាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅសូរ៉កាវិញ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន!។ 13ពុំដែលមាននរណាបានឡើងទៅសូរ៉កាឡើយ គឺមានតែបុត្រាមនុស្សប៉ុណ្ណោះ ដែលបានចុះពីសូរ៉កាមក។
14កាលនៅវាលរហោស្ថាន ម៉ូសាបានលើកសត្វពស់ឡើងយ៉ាងណា បុត្រាមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ 15ដើម្បីឲ្យអស់អ្នកដែលជឿលើគាត់ មានជីវិតអស់កល្បជានិច្ច។ 16អុលឡោះស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាអុលឡោះប្រទានបុត្រាតែមួយរបស់ទ្រង់មក ដើម្បីឲ្យអស់អ្នកដែលជឿលើបុត្រានោះ មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។ 17អុលឡោះបានចាត់បុត្រារបស់ទ្រង់ ឲ្យមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារបុត្រាវិញ។ 18អ្នកជឿលើបុត្រា មិនត្រូវទទួលទោសទេរីឯអ្នកមិនជឿ បានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើនាមនៃបុត្រាតែមួយរបស់អុលឡោះ។ 19ហេតុដែលបណ្ដាលឲ្យមានទោសនោះ គឺពន្លឺបានមកក្នុងពិភពលោក ប៉ុន្ដែ មនុស្សលោកចូលចិត្ដភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។ 20អស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនប្រព្រឹត្ដ។ 21ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីពិត តែងតែចូលមករកពន្លឺ ដើម្បីឲ្យគេឃើញថា អំពើដែលខ្លួនប្រព្រឹត្ដនោះ ស្របតាមអុលឡោះមែន»។
សក្ខីភាពរបស់ណាពីយ៉ះយ៉ា
22បន្ទាប់មក អ៊ីសាទៅស្រុកយូដាជាមួយពួកសិស្ស។ អ៊ីសាស្នាក់នៅទីនោះជាមួយគេព្រមទាំងជ្រមុជទឹកឲ្យបណ្ដាជនផង។ 23រីឯយ៉ះយ៉ាវិញ គាត់ក៏ជ្រមុជទឹកឲ្យគេ នៅអេណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកយ៉ះយ៉ា ហើយគាត់ជ្រមុជទឹកឲ្យ។ 24កាលណោះយ៉ះយ៉ាមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។
25ពេលនោះ ពួកសិស្សរបស់យ៉ះយ៉ា និងជនជាតិយូដាម្នាក់ ជជែកគ្នាអំពីពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ 26គេនាំគ្នាទៅជួបយ៉ះយ៉ាជម្រាបថា៖ «តួន! បុរសដែលនៅជាមួយតួន ខាងនាយទន្លេយ័រដាន់ពីថ្ងៃមុន ហើយដែលតួនផ្ដល់សក្ខីភាពឲ្យនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹកឲ្យគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ 27យ៉ះយ៉ាមានប្រសាសន៍តបទៅគេថា៖ «បើអុលឡោះមិនប្រទានឲ្យទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។ 28អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយ ខ្ញុំបាននិយាយថា ខ្ញុំមិនមែនជាអាល់ម៉ាហ្សៀសទេ គឺអុលឡោះបានចាត់ខ្ញុំឲ្យមកមុនគាត់។ 29នៅក្នុងពិធីមង្គលការ កូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្ដសម្លាញ់របស់ស្វាមី គេឈរស្ដាប់នៅក្បែរគាត់ និងមានចិត្ដត្រេកអរក្រៃលែងដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។ 30អាល់ម៉ាហ្សៀសត្រូវតែចំរើនឡើង រីឯខ្ញុំវិញ ខ្ញុំត្រូវតែអន់ថយ។ 31គាត់ដែលចុះពីសូរ៉កាមក គាត់មានឋានៈធំលើសគេទាំងអស់។ អ្នកដែលកើតពីលោកីយ៍នៅតែជាលោកីយ៍ដដែល ហើយនិយាយតែពីរឿងលោកីយ៍។ គាត់ដែលចុះពីសូរ៉កាមកគាត់មានឋានៈធំលើសគេទាំងអស់។ 32គាត់ធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីៗទាំងអស់ ដែលគាត់បានឃើញ និងបានឮ ប៉ុន្ដែ គ្មាននរណាទទួលសក្ខីភាពរបស់គាត់ទេ។ 33អ្នកណាដែលទទួលសក្ខីភាពរបស់គាត់បានបញ្ជាក់ថា អុលឡោះបានសំដែងសេចក្ដីពិតមែន។ 34គាត់ដែលអុលឡោះចាត់ឲ្យមក ថ្លែងបន្ទូលរបស់អុលឡោះ ព្រោះអុលឡោះប្រទានរសអុលឡោះមកគាត់យ៉ាងបរិបូណ៌។ 35អុលឡោះជាបិតាស្រឡាញ់បុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ ឲ្យនៅក្រោមអំណាចរបស់បុត្រា។ 36អ្នកណាជឿលើបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីអុលឡោះ»។
Pilihan Saat Ini:
យ៉ះយ៉ា 3: អគត
Sorotan
Berbagi
Salin
Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk
© 2014 United Bible Societies, UK.