លោកុប្បត្តិ 18
18
ព្រះជាម្ចាស់យាងមកឲ្យលោកអប្រាហាំឃើញសាជាថ្មី នៅដើមជ្រៃលោកតាម៉ាមរ៉េ
1 ព្រះអម្ចាស់បានយាងមកឲ្យលោកអប្រាហាំឃើញ នៅដើមជ្រៃលោកតាម៉ាមរ៉េ។ ពេលនោះ ថ្ងៃពេញកម្ដៅហើយ លោកអប្រាហាំអង្គុយនៅមាត់ទ្វារជំរំរបស់លោក 2 លោកងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតលោក។ ពេលឃើញបុរសបីនាក់នោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ក្រាបដល់ដី 3ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើលោកពេញចិត្តនឹងខ្ញុំប្របាទមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។ 4សូមឲ្យគេយកទឹកបន្តិចមកលាងជើងជូន! សូមលោកសម្រាកក្រោមដើមឈើនេះសិនហើយ 5ខ្ញុំប្របាទនឹងទៅយកនំប៉័ងមួយដុំមកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរទៅមុខទៀត។ ដូច្នេះ លោកនឹងមិនឆៀងកាត់តាមផ្ទះអ្នកបម្រើរបស់លោក ដោយឥតបានការឡើយ»។ បុរសទាំងបីតបថា៖ «សុំធ្វើតាមពាក្យលោកចុះ»។
6លោកអប្រាហាំប្រញាប់ប្រញាល់ចូលទៅរកនាងសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅបីកំប៉ុងមក ហើយរៀបចំធ្វើនំឲ្យបានរួសរាន់ទៅ»។ 7បន្ទាប់មក លោករត់ទៅរកហ្វូងសត្វ យកកូនគោស្ទាវយ៉ាងធាត់ល្អមួយ ប្រគល់ឲ្យក្មេងបម្រើម្នាក់យកទៅសម្លាប់ ធ្វើម្ហូបជាបន្ទាន់។ 8លោកយកខ្លាញ់ និងទឹកដោះគោ ព្រមទាំងសាច់កូនគោដែលគេបានរៀបចំនោះ មកដាក់នៅមុខបុរសទាំងបី។ ខ្លួនលោកផ្ទាល់ឈរកំដរបុរសទាំងបីក្រោមដើមឈើនោះ បុរសទាំងបីនាក់ក៏នាំគ្នាបរិភោគ។
9បន្ទាប់មក បុរសទាំងបីពោលមកលោកថា៖ «នាងសារ៉ាភរិយារបស់លោកនៅឯណា?»។ លោកតបវិញថា៖ «នាងនៅក្នុងជំរំឯណោះ»។ 10 ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ឆ្នាំក្រោយ នៅខែដដែលនេះ យើងនឹងវិលមករកអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។ លោកស្រីសារ៉ាឈរស្ដាប់ក្រោយខ្នងលោក នៅមាត់ទ្វារជំរំ។ 11លោកអប្រាហាំ និងលោកស្រីសារ៉ាមានវ័យចាស់ណាស់ទៅហើយ ហើយលោកស្រីសារ៉ាក៏ហួសអាយុនឹងមានកូនដែរ។ 12 គាត់អស់សំណើចនឹកក្នុងចិត្តថា៖ «ឥឡូវនេះ ខ្ញុំចាស់ប៉ុណ្ណឹងហើយ តើខ្ញុំនៅមានតម្រេកទៀតឬ? រីឯលោកម្ចាស់របស់ខ្ញុំសោត ក៏ចាស់ជរាណាស់ដែរ»។ 13ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំថា៖ «ហេតុដូចម្ដេចបានជាសារ៉ាសើច ទាំងពោលថា “តើខ្ញុំដែលចាស់ណាស់ហើយ អាចនឹងមានកូនទៅកើតឬ?” 14 តើមានការអ្វីអស្ចារ្យពេកដែលព្រះអម្ចាស់ធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។ 15លោកស្រីសារ៉ាបដិសេធថា៖ «ខ្ញុំម្ចាស់ពុំបានសើចទេ»។ គាត់ថាដូច្នេះ មកពីគាត់ភ័យខ្លាចខ្លាំងពេក។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នាងពិតជាបានសើចមែន!»។
លោកអប្រាហាំទូលអង្វរឲ្យក្រុងសូដុម
16បុរសទាំងបីនាក់ក្រោកឡើង ចាកចេញទៅ ដោយសម្លឹងឆ្ពោះទៅកាន់ក្រុងសូដុម។ លោកអប្រាហាំជូនដំណើរ ដើម្បីលាគ្នា។ 17ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើគួរឲ្យយើងលាក់កិច្ចការដែលយើងបម្រុងនឹងធ្វើនោះ មិនឲ្យអប្រាហាំដឹងឬ? 18អប្រាហាំនឹងបានទៅជាឪពុករបស់ប្រជាជាតិមួយដ៏ធំ ហើយមានអំណាចយ៉ាងខ្លាំងទៀតផង ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីក៏នឹងទទួលពរតាមរយៈគាត់ដែរ 19ដ្បិតយើងបានជ្រើសរើសគាត់ ដើម្បីណែនាំកូនប្រុសរបស់គាត់ និងកូនចៅដែលកើតមកតាមក្រោយ ឲ្យប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌។ ដូច្នេះ ព្រះអម្ចាស់នឹងប្រោសប្រទានឲ្យអប្រាហាំ ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុកអំពីគាត់»។
20 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពាក្យដែលគេចោទប្រកាន់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ធ្ងន់ធ្ងរណាស់ ហើយអ្នកក្រុងនោះក៏បានប្រព្រឹត្តអំពើបាបជាច្រើនដែរ។ 21យើងត្រូវតែចុះទៅមើល ដើម្បីឲ្យដឹងថា អំពើដែលគេប្រព្រឹត្តនោះ ពិតដូចពាក្យដែលលាន់ឮមកដល់យើងឬយ៉ាងណា។ បើពិត ឬមិនពិត យើងមុខជាដឹងមិនខាន»។
22បុរសទាំងនោះចេញដំណើរឆ្ពោះទៅកាន់ក្រុងសូដុម។ រីឯលោកអប្រាហាំវិញ លោកឈរនៅជាមួយព្រះអម្ចាស់ដដែល។ 23លោកអប្រាហាំចូលទៅជិតព្រះអង្គ ហើយទូលថា៖ «តើព្រះអង្គនឹងធ្វើឲ្យមនុស្សសុចរិតបាត់បង់ជីវិត រួមជាមួយមនុស្សទុច្ចរិតមែនឬ? 24ក្នុងក្រុងនោះប្រហែលជាមានមនុស្សសុចរិតហាសិបនាក់ដែរមើលទៅ។ តើព្រះអង្គពិតជារំលាយក្រុងនោះមែនឬ? តើព្រះអង្គមិនលើកលែងទោសឲ្យគេ ដោយយោគយល់ដល់មនុស្សសុចរិតដែលរស់នៅក្នុងក្រុងនោះទេឬ? 25ព្រះអង្គធ្វើដូច្នេះមិនកើតទេ សូមកុំប្រហារជីវិតមនុស្សសុចរិតរួមជាមួយមនុស្សទុច្ចរិតឡើយ! បើមិនដូច្នោះទេ មនុស្សសុចរិតនឹងត្រូវបាត់បង់ជីវិតជាមួយមនុស្សទុច្ចរិតមិនខាន។ ព្រះអង្គធ្វើដូច្នេះមិនកើតទេ! ចៅក្រមនៃផែនដីទាំងមូល តោងតែវិនិច្ឆ័យទោសដោយយុត្តិធម៌!»។ 26ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតហាសិបនាក់រស់នៅក្នុងក្រុងសូដុម យើងនឹងលើកលែងទោសឲ្យអ្នកក្រុងទាំងមូល ដោយយោគយល់ដល់មនុស្សសុចរិតទាំងនោះ»។ 27លោកអប្រាហាំទូលសាជាថ្មីថា៖ «ទូលបង្គំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្តាអភ័យទោសដល់ទូលបង្គំ ដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់បែបនេះ។ 28មនុស្សសុចរិតប្រហែលជាមិនទាន់បានគ្រប់ចំនួនហាសិបទេ គឺនៅខ្វះប្រាំនាក់ តើព្រះអង្គនឹងរំលាយទីក្រុងទាំងមូលចោល ព្រោះតែប្រាំនាក់នោះឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតតែសែសិបប្រាំនាក់ យើងនឹងមិនរំលាយទីក្រុងនោះឡើយ»។ 29លោកអប្រាហាំនៅតែទូលព្រះអង្គថា៖ «ប្រហែលមានតែសែសិបនាក់ទេ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងសែសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។ 30លោកអប្រាហាំទូលថា៖ «សូមព្រះអម្ចាស់មេត្តាកុំខ្ញាល់នឹងទូលបង្គំធ្វើអ្វី ទូលបង្គំសូមអង្វរម្ដងទៀត។ ប្រហែលជាមានតែសាមសិបនាក់»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងសាមសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។ 31លោកអប្រាហាំទូលថា៖ «សូមមេត្តាអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់ ប្រហែលជាមានតែម្ភៃនាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងម្ភៃនោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។ 32លោកអប្រាហាំទូលថា៖ «សូមព្រះអម្ចាស់មេត្តាកុំខ្ញាល់នឹងទូលបង្គំ ទូលបង្គំសូមអង្វរតែម្ដងទៀតទេ។ ប្រហែលជាមានតែដប់នាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងដប់នោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។
33កាលព្រះអម្ចាស់មានព្រះបន្ទូលជាមួយលោកអប្រាហាំរួចរាល់ហើយ ព្រះអង្គក៏យាងចាកចេញទៅ រីឯលោកអប្រាហាំក៏វិលទៅជំរំលោកវិញដែរ។
Արդեն Ընտրված.
លោកុប្បត្តិ 18: គខប
Ընդգծել
Կիսվել
Պատճենել
Ցանկանու՞մ եք պահպանել ձեր նշումները ձեր բոլոր սարքերում: Գրանցվեք կամ մուտք գործեք
Khmer Standard Version © 2005 United Bible Societies.