លោកុប្បត្តិ 17

17
សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី
1នៅ​ពេល​លោក​អាប់រ៉ាម​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ ព្រះ‌អម្ចាស់​យាង​មក​ឲ្យ​លោក​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ចុះ។ 2យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ជា​អនេក»។ 3លោក​អាប់រ៉ាម​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី ហើយ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ 4«ចំណែក​យើង យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​ដូច​ត​ទៅ: អ្នក​នឹង​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន 5 គេ​លែង​ហៅ​អ្នក​ថា​“អាប់រ៉ាម”​ទៀត​ហើយ តែ​អ្នក​នឹង​មាន​ឈ្មោះ​ថា​“អប្រាហាំ”​វិញ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន។ 6យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​ជា​អនេក យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​នឹង​មាន​ស្ដេច​ជា​ច្រើន​កើត​ចេញ​ពី​អ្នក​ដែរ។ 7 យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក ដែល​កើត​មក​តាម​ក្រោយ​គ្រប់​តំណ​ត​ទៅ។ សម្ពន្ធ‌មេត្រី​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប គឺ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក ហើយ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក​ដែល​កើត​មក​តាម​ក្រោយ​ដែរ។ 8 យើង​នឹង​ប្រគល់​ស្រុក​ដែល​អ្នក​មក​ស្នាក់​នៅ​នេះ គឺ​ស្រុក​កាណាន​ទាំង​មូល​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌មត៌ក​រហូត​ត​ទៅ ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក»។
9ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​អប្រាហាំ​ថា៖ «ចំណែក​ឯ​អ្នក​វិញ អ្នក​ត្រូវ​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង គឺ​ទាំង​អ្នក ទាំង​ពូជ‌ពង្ស​របស់​អ្នក​ដែល​នឹង​កើត​មក​តាម​ក្រោយ ត្រូវ​គោរព​តាម​គ្រប់​តំណ​ត​ទៅ។ 10 អ្នក​រាល់​គ្នា​ត្រូវ​គោរព​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក​ដែល​នឹង​កើត​មក​តាម​ក្រោយ ដូច​ត​ទៅ​នេះ គឺ​ត្រូវ​កាត់​ស្បែក*​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ 11អ្នក​រាល់​គ្នា​កាត់​ស្បែក​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា។ 12នៅ​ពេល​កើត​បាន​ប្រាំ​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់ គ្រប់​តំណ​ត​ទៅ ទោះ​បី​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​ក្ដី ឬ​ក៏​ទិញ​មក​ពី​អ្នក​ដទៃ​ដែល​មិន​មែន​ជា​ពូជ‌ពង្ស​របស់​អ្នក​ក្ដី ត្រូវ​តែ​ទទួល​ពិធី​កាត់​ស្បែក​គ្រប់ៗ​គ្នា។ 13គេ​ត្រូវ​កាត់​ស្បែក​ឲ្យ​ប្រុសៗ ដែល​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក និង​ប្រុសៗ​ដែល​អ្នក​ទិញ​មក​ដោយ​ប្រាក់ ទុក​ជា​សញ្ញា​សម្គាល់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​អំពី​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប។ 14រីឯ​បុរស​ណា​ដែល​គ្មាន​សញ្ញា​សម្គាល់​កាត់​ស្បែក​នៅ​លើ​រូប​កាយ​ទេ ត្រូវ​កាត់‌កាល់​បុរស​នោះ​ឲ្យ​ដាច់​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ព្រោះ​អ្នក​នោះ​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ហើយ»។
15ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ទៀត​ថា៖ «រីឯ​សារ៉ាយ​ជា​ភរិយា​របស់​អ្នក​វិញ មិន​ត្រូវ​ហៅ​នាង​ថា​“សារ៉ាយ”​ទៀត​ទេ គឺ​នាង​នឹង​មាន​ឈ្មោះ​ថា​“សារ៉ា”​វិញ ។ 16យើង​នឹង​ឲ្យ​ពរ​នាង ហើយ​យើង​នឹង​ឲ្យ​អ្នក​មាន​កូន​មួយ​តាម​រយៈ​នាង។ យើង​នឹង​ឲ្យ​ពរ​នាង នាង​នឹង​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​ក៏​នឹង​មាន​ស្ដេច​របស់​សាសន៍​នានា កើត​ចេញ​ពី​នាង​ដែរ»។ 17លោក​អប្រាហាំ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី លោក​អស់​សំណើច ហើយ​នឹក​ក្នុង​ចិត្ត​ថា «តើ​មនុស្ស​អាយុ​មួយ​រយ​ឆ្នាំ​ដូច​ខ្ញុំ​នេះ​អាច​មាន​កូន​ទៅ​កើត​ឬ? រីឯ​សារ៉ា​ដែល​មាន​អាយុ​កៅ‌សិប​ឆ្នាំ​ហើយ តើ​នៅ​តែ​អាច​សម្រាល​កូន​បាន​ឬ?»។ 18លោក​អប្រាហាំ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «បើ​ព្រះអង្គ​ទុក​ឲ្យ​អ៊ីស្មា‌អែល​មាន​ជីវិត​រស់​នោះ ក៏​គ្រប់​គ្រាន់​ហើយ!»។ 19ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទេ គឺ​សារ៉ា​ជា​ភរិយា​របស់​អ្នក​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន! អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “អ៊ីសាក” ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​នោះ និង​ពូជ‌ពង្ស​ដែល​កើត​មក​តាម​ក្រោយ ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​ត​ទៅ។ 20ចំពោះ​អ៊ីស្មា‌អែល​វិញ យើង​បាន​ឮ​ពាក្យ​របស់​អ្នក​ហើយ យើង​នឹង​ឲ្យ​ពរ​វា យើង​នឹង​ធ្វើ​ឲ្យ​វា​មាន​កូន​ចៅ​ជា​ច្រើន ហើយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​វា​កើន​ចំនួន​យ៉ាង​ច្រើន​អនេក។ ស្ដេច​ដប់‌ពីរ​អង្គ​នឹង​កើត​ចេញ​ពី​វា ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​មាន​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​កើត​ចេញ​ពី​វា​ដែរ។ 21ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីសាក គឺ​កូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នៅ​ឆ្នាំ​ក្រោយ​ក្នុង​ខែ​នេះ»។ 22បន្ទាប់​ពី​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចេញ​ពី​លោក​អប្រាហាំ​ឡើង​ទៅ។
23នៅ​ថ្ងៃ​ដដែល​នោះ លោក​អប្រាហាំ​បាន​នាំ​អ៊ីស្មា‌អែល​ជា​កូន និង​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​លោក ព្រម​ទាំង​អស់​អ្នក​ដែល​លោក​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ គឺ​ប្រុសៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​របស់​លោក មក​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ដល់​លោក។ 24ពេល​លោក​អប្រាហាំ​ទទួល​ពិធី​កាត់​ស្បែក​នោះ លោក​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ​ហើយ 25រីឯ​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក មាន​អាយុ​ដប់​បី​ឆ្នាំ នៅ​ពេល​ទទួល​ពិធី​កាត់​ស្បែក។ 26លោក​អប្រាហាំ និង​អ៊ីស្មា‌អែល​ជា​កូន​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​ជា​មួយ​គ្នា 27ហើយ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក គឺ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​របស់​លោក ឬ​អ្នក​ក្រៅ​ដែល​លោក​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ ក៏​បាន​ទទួល​ពិធី​កាត់​ស្បែក​ជា​មួយ​លោក​ដែរ។

Ընդգծել

Կիսվել

Պատճենել

None

Ցանկանու՞մ եք պահպանել ձեր նշումները ձեր բոլոր սարքերում: Գրանցվեք կամ մուտք գործեք