Mark 7
7
1 មានពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យមួយចំនួនមកពីក្រុងយេរូសាឡិម បាននាំគ្នាមករកព្រះអង្គ
2 និងបានឃើញសិស្សព្រះអង្គមួយចំនួនកំពុងបរិភោគអាហារទាំងដៃមិនស្អាត គឺមិនបានលាងដៃ
3 ដ្បិតពួកអ្នកខាងគណៈផារិស៊ី និងជនជាតិយូដាកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺគេមិនបរិភោគទេ លុះត្រាតែបានលាងសំអាតដៃឲ្យស្អាតជាមុនសិន
4 ហើយពេលមកពីផ្សារវិញ គេមិនបរិភោគឡើយ លុះត្រាតែបានសំអាតខ្លួនសិន ហើយគេកាន់តាមទំនៀមទម្លាប់ជាច្រើនទៀត ដូចជា លាងពែង លាងប៉ាន់ លាងឆ្នាំង និងលាងតុអាហារជាដើម។
5 ពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យទូលសួរព្រះអង្គថា៖ «ហេតុអ្វីក៏ពួកសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ពីបុរាណដូច្នេះ គឺបរិភោគអាហារទាំងដៃមិនស្អាត?»
6 ព្រះអង្គមានបន្ទូលទៅគេថា៖ «លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នាថាជាមនុស្សមានពុតនោះ គឺត្រឹមត្រូវណាស់ ដូចមានចែងទុកមកថា៖ ប្រជាជននេះគោរពយើងតែបបូរមាត់ទេ ប៉ុន្ដែចិត្ដរបស់ពួកគេនៅឆ្ងាយពីយើងណាស់
7 ពួកគេថ្វាយបង្គំយើងជាឥតប្រយោជន៍ ទាំងបង្រៀនសេចក្ដីដែលជាច្បាប់របស់មនុស្សទៀតផង។
8 អ្នករាល់គ្នាបោះបង់បញ្ញត្ដិរបស់ព្រះជាម្ចាស់ចោល រួចប្រកាន់យកទំនៀមទម្លាប់មនុស្សវិញ»។
9 ព្រះអង្គមានបន្ទូលទៀតថា៖ «អ្នករាល់គ្នាពិតជាបោះបង់បញ្ញត្ដិរបស់ព្រះជាម្ចាស់ចោលមែន ដើម្បីឲ្យទំនៀមទម្លាប់អ្នករាល់គ្នាអាចនៅគង់វង្ស
10 ដ្បិតលោកម៉ូសេបានបង្គាប់ថា ចូរគោរពឪពុកម្ដាយរបស់អ្នក អ្នកណាជេរប្រមាថឪពុក ឬម្ដាយ អ្នកនោះត្រូវស្លាប់
11 ប៉ុន្ដែអ្នករាល់គ្នានិយាយថា ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ គឺជាគ័របាន់ (មានន័យថាតង្វាយថ្វាយព្រះជាម្ចាស់)
12 ហើយអ្នករាល់គ្នាមិនឲ្យអ្នកនោះធ្វើអ្វីសម្រាប់ឪពុកម្ដាយឡើយ។
13 អ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលព្រះជាម្ចាស់ដោយសារតែទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានទទួល និងការស្រដៀងគ្នាជាច្រើនដែលអ្នករាល់គ្នាធ្វើ»
14 ព្រះអង្គហៅបណ្ដាជនមកម្ដងទៀត ហើយមានបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាស្ដាប់ខ្ញុំឲ្យយល់ចុះ
15 គ្មានអ្វីនៅខាងក្រៅដែលចូលក្នុងមនុស្ស អាចធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះទេ ប៉ុន្ដែអ្វីដែលចេញមកពីខាងក្នុងមនុស្សវិញទេតើ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ
16 អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ»។
17 បន្ទាប់មក ពេលព្រះអង្គចេញពីបណ្ដាជន ក៏ចូលទៅក្នុងផ្ទះមួយ ពួកសិស្សព្រះអង្គទូលសួរព្រះអង្គអំពីរឿងប្រៀបប្រដូចនោះ
18 ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនយល់ដែរឬ? តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីនៅខាងក្រៅ ដែលចូលក្នុងមនុស្សមិនអាចធ្វើឲ្យមនុស្សមិនបរិសុទ្ធបានទេនោះ?
19 ព្រោះវាមិនមែនចូលទៅក្នុងចិត្ដគេទេ តែចូលទៅក្នុងពោះគេវិញ ហើយចេញទៅក្នុងបង្គន់» ដូច្នេះអាហារទាំងអស់សុទ្ធតែស្អាតទេ
20 ព្រះអង្គក៏មានបន្ទូលទៀតថា៖ «គឺអ្វីដែលចេញមកពីខាងក្នុងមនុស្សនោះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ
21 ដ្បិតពីខាងក្នុងចិត្ដរបស់មនុស្សមានគំនិតអាក្រក់ចេញមក មានអំពើអសីលធម៌ខាងផ្លូវភេទ លួចប្លន់ សម្លាប់មនុស្ស
22 ផិតក្បត់ លោភលន់ ចិត្ដអាក្រក់ បោកប្រាស់ ល្មោភកាម ច្រណែនឈ្នានីស ជេរប្រមាថ អំនួត ឆ្កួតលេលា
23 គឺសេចក្ដីអាក្រក់ដែលចេញមកពីខាងក្នុងទាំងអស់នេះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។
24 រួចព្រះអង្គក៏ក្រោកឡើងធ្វើដំណើរចេញពីទីនោះ ឆ្ពោះទៅកាន់ក្រុងទីរ៉ុស និងបានចូលទៅក្នុងផ្ទះមួយ ព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ដឹងសោះ ប៉ុន្ដែព្រះអង្គមិនអាចគេចរួចបានទេ
25 ដ្បិតភ្លាមនោះ មានស្ដ្រីម្នាក់ ដែលមានកូនស្រីត្រូវវិញ្ញាណអាក្រក់ចូល បានឮអំពីព្រះអង្គ ក៏មកក្រាបនៅទៀបព្រះអង្គ
26 រីឯស្ដ្រីនោះជាជនជាតិក្រេកកាត់ស៊ីរ៉ូភេនីស នាងបានទូលអង្វរព្រះអង្គឲ្យបណ្ដេញវិញ្ញាណអាក្រក់ចេញពីកូនស្រីនាង
27 តែព្រះអង្គមានបន្ទូលទៅនាងថា៖ «ត្រូវឲ្យកូនបរិភោគអាហារឆ្អែតសិន ដ្បិតមិនគួរយកអាហាររបស់កូនបោះឲ្យឆ្កែទេ»
28 តែនាងទូលតបទៅព្រះអង្គថា៖ «លោកម្ចាស់ សូម្បីតែឆ្កែនៅក្រោមតុ ក៏ស៊ីកម្ទេចអាហារដែលជ្រុះពីកូននោះដែរ»
29 ព្រះអង្គមានបន្ទូលទៅនាងថា៖ «ដោយសារពាក្យនេះ វិញ្ញាណអាក្រក់បានចេញពីកូនស្រីនាងហើយ»
30 ពេលទៅដល់ផ្ទះ នាងបានឃើញកូនដេកនៅលើគ្រែ រីឯអារក្សបានចេញបាត់ហើយ។
31 ព្រះអង្គបានយាងចេញពីក្រុងទីរ៉ុសម្ដងទៀត ឆ្លងកាត់ក្រុងស៊ីដូន ឆ្ពោះទៅបឹងកាលីឡេដែលនៅកណ្ដាលស្រុកដេកាប៉ូល
32 គេនាំមនុស្សម្នាក់ថ្លង់ និងពិបាកក្នុងការនិយាយមកឯព្រះអង្គ ហើយគេសុំព្រះអង្គឲ្យដាក់ដៃលើគាត់
33 ព្រះអង្គនាំគាត់ទៅដាច់ឡែកពីបណ្ដាជន រួចដាក់ម្រាមដៃក្នុងត្រចៀកគាត់ ស្ដោះទឹកមាត់ ហើយពាល់អណ្ដាតគាត់
34 ព្រះអង្គសម្លឹងទៅលើមេឃ ទាំងដកដង្ហើមធំ និងមានបន្ទូលទៅគាត់ថា៖ «អិបផាថា» មានន័យថា «ចូរបើកឡើង»
35 ស្រាប់តែត្រចៀកគាត់បើកឡើង រីឯអណ្ដាតគាត់គ្រលាស់បាន ហើយគាត់ក៏និយាយច្បាស់វិញ
36 ព្រះអង្គបានបង្គាប់គេមិនឲ្យប្រាប់អ្នកណាទេ តែព្រះអង្គបង្គាប់គេយ៉ាងណា គេប្រកាសកាន់តែច្រើនយ៉ាងនោះដែរ។
37 ពួកគេនឹកអស្ចារ្យក្នុងចិត្ដយ៉ាងក្រៃលែង ទាំងនិយាយថា៖ «ការទាំងអស់ដែលលោកបានធ្វើល្អប្រសើរណាស់ លោកធ្វើឲ្យមនុស្សថ្លង់ស្ដាប់ឮ មនុស្សគនិយាយបាន»។
Արդեն Ընտրված.
Mark 7: KCB
Ընդգծել
Կիսվել
Պատճենել

Ցանկանու՞մ եք պահպանել ձեր նշումները ձեր բոլոր սարքերում: Գրանցվեք կամ մուտք գործեք
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.