យ៉ូហាន 4
4
ព្រះយេស៊ូវ និងស្ដ្រីសាសន៍សាម៉ារី
1កាលព្រះយេស៊ូវជ្រាបថាពួកផារិស៊ីបានឮគេនិយាយថា ព្រះយេស៊ូវមានសិស្ស ហើយបានធ្វើពិធីជ្រមុជទឹកច្រើនជាងលោកយ៉ូហាន 2(តាមពិតព្រះយេស៊ូវមិនបានធ្វើពិធីជ្រមុជទឹក ដោយព្រះអង្គទ្រង់ផ្ទាល់ទេ គឺពួកសិស្សរបស់ព្រះអង្គដែលបានធ្វើ) 3ព្រះអង្គបានយាងចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ 4ប៉ុន្តែ ព្រះអង្គត្រូវយាងកាត់ស្រុកសាម៉ារី។ 5ដូច្នេះ ព្រះអង្គបានយាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះ ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានចែកឲ្យយ៉ូសែប ជាកូន។ 6នៅទីនោះ មានអណ្តូងរបស់លោកយ៉ាកុប ហើយដោយព្រះយេស៊ូវធ្វើដំណើរអស់កម្លាំង ទ្រង់ក៏គង់នៅមាត់អណ្តូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។
7មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង»។ 8(ដ្បិតពួកសិស្សរបស់ព្រះអង្គបានចូលទៅក្នុងក្រុងដើម្បីទិញអាហារ)។ 9ស្ត្រីសាសន៍សាម៉ារីនោះទូលព្រះអង្គថា៖ «ម្តេចលោកជាសាសន៍យូដាមកសុំទឹកនាងខ្ញុំ ដែលជាស្រីសាសន៍សាម៉ារីដូច្នេះ?» (សាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)។ 10ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅនាងថា៖ «ប្រសិនបើនាងស្គាល់អំណោយទានរបស់ព្រះ និងអ្នកដែលនិយាយនឹងនាងថា "ខ្ញុំសុំទឹកទទួលទានផង" នោះនាងនឹងសុំពីអ្នកនោះវិញ ហើយអ្នកនោះនឹងឲ្យទឹករស់ដល់នាង»។ 11ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! លោកគ្មានអ្វីដងទេ ហើយអណ្តូងក៏ជ្រៅផង តើលោកបានទឹករស់នោះពីណាមក? 12តើលោកធំជាងលោកយ៉ាកុប ជាបុព្វបុរសរបស់យើងដែលបានឲ្យអណ្តូងនេះមកយើងឬ? លោកយ៉ាកុប កូនចៅរបស់លោក និងហ្វូងសត្វរបស់លោកក៏ផឹកទឹកនេះដែរ»។ 13ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត 14តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងក្លាយជាប្រភពទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងឲ្យបានជីវិតអស់កល្បជានិច្ច»។ 15ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមឲ្យទឹកនោះមកនាងខ្ញុំផង កុំឲ្យនាងខ្ញុំស្រេក ហើយរវល់តែមកដងនៅទីនេះទៀត»។
16ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ចូរទៅហៅប្តីនាងមកទីនេះ»។ 17ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ដែលនាងថា "នាងខ្ញុំគ្មានប្តីទេ" នោះត្រូវហើយ 18ដ្បិតនាងធ្លាប់មានប្តីប្រាំមកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃ មិនមែនជាប្តីនាងទេ នាងនិយាយនេះត្រូវហើយ!» 19ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាហោរាហើយ។ 20បុព្វបុរសរបស់យើងថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា កន្លែងដែលមនុស្សត្រូវថ្វាយបង្គំ គឺនៅក្រុងយេរូសាឡិម»។ 21ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ពេលវេលានោះមកដល់ហើយ ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតានៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ។ 22អ្នករាល់គ្នាមិនដឹងថាអ្នករាល់គ្នាថ្វាយបង្គំអ្វីទេ តែយើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះកើតមកពីសាសន៍យូដា។ 23ប៉ុន្តែ ពេលវេលានោះ នឹងមកដល់ គឺឥឡូវនេះហើយ អ្នកថ្វាយបង្គំពិតប្រាកដ នឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ព្រោះព្រះវរបិតាស្វែងរកអ្នកថ្វាយបង្គំព្រះអង្គយ៉ាងនោះឯង។ 24ព្រះជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។ 25ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងថា ព្រះមែស្ស៊ី (ដែលហៅថាព្រះគ្រីស្ទ)នឹងយាងមក ពេលព្រះអង្គយាងមក ព្រះអង្គនឹងប្រាប់ឲ្យយើងដឹងគ្រប់ទាំងអស់»។ 26ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «គឺខ្ញុំនេះហើយ ជាអ្នកដែលកំពុងនិយាយជាមួយនាង»។
27ពេលនោះ ពួកសិស្សព្រះអង្គក៏មកដល់ គេនឹកប្លែកដោយឃើញព្រះអង្គមានព្រះបន្ទូលជាមួយស្ត្រីដូច្នេះ តែគ្មានអ្នកណាហ៊ានទូលសួរថា ព្រះអង្គសួររកអ្វី ឬហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលជាមួយនាងឡើយ។ 28ស្ត្រីនោះទុកក្អមចោល ចូលទៅក្នុងក្រុង ហើយប្រាប់គេថា៖ 29«ចូរមកមើល៍! មានបុរសម្នាក់ប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬ?» 30គេក៏ចេញពីទីក្រុង ហើយនាំគ្នាមករកព្រះអង្គ។
31ខណៈនោះ ពួកសិស្សទូលព្រះអង្គថា៖ «រ៉ាប៊ី សូមអញ្ជើញពិសា!» 32ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារទទួលទានហើយ ជាអាហារដែលអ្នករាល់គ្នាមិនស្គាល់»។ 33ពួកសិស្សសួរគ្នាទៅវិញទៅមកថា៖ «មានអ្នកណាយកអ្វីមកជូនលោកពិសាទេដឹង?» 34ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក និងបង្ហើយកិច្ចការរបស់ព្រះអង្គ។ 35តើអ្នករាល់គ្នាមិនថា "នៅបួនខែទៀតដល់រដូវចម្រូត" ទេឬ? តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែជុំវិញអ្នកចុះ ស្រូវទុំល្មមច្រូតហើយ។ 36អ្នកច្រូតបានទទួលប្រាក់ឈ្នួល ហើយកំពុងប្រមូលផលសម្រាប់ជីវិតអស់កល្បជានិច្ច ដើម្បីឲ្យអ្នកព្រោះ និងអ្នកច្រូតបានអរសប្បាយជាមួយគ្នា។ 37ដ្បិតពាក្យនេះត្រូវណាស់ ដូចពាក្យចាស់ពោលថា៖ "ម្នាក់ព្រោះ ម្នាក់ទៀតច្រូត"។ 38ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូតចម្រូត ដែលអ្នករាល់គ្នាមិនបាននឿយហត់ គឺអ្នកផ្សេងទៀតបាននឿយហត់ ហើយអ្នករាល់គ្នាបានទទួលផលពីការនឿយហត់របស់គេ»។
39មានសាសន៍សាម៉ារីជាច្រើន នៅក្រុងនោះបានជឿដល់ព្រះអង្គ ដោយព្រោះស្ត្រីនោះបានធ្វើបន្ទាល់ថា៖ «លោកប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត»។ 40ដូច្នេះ ពេលពួកសាសន៍សាម៉ារីបានមកជួបព្រះអង្គ គេសូមឲ្យព្រះអង្គស្នាក់នៅជាមួយគេ ហើយព្រះអង្គគង់នៅទីនោះពីរថ្ងៃ។ 41មានមនុស្សជាច្រើនទៀតបានជឿ ដោយព្រោះព្រះបន្ទូលព្រះអង្គ។ 42ពួកគេនិយាយទៅស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនដោយព្រោះពាក្យសម្ដីរបស់នាងប៉ុណ្ណោះទេ យើងជឿដោយព្រោះបានឮព្រះអង្គផ្ទាល់ ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះមនុស្សលោកមែន»។
ព្រះយេស៊ូវយាងត្រឡប់ទៅស្រុកកាលីឡេ
43ពីរថ្ងៃក្រោយមកទៀត ព្រះយេស៊ូវយាងចេញពីទីនោះទៅស្រុកកាលីឡេ។ 44ព្រះអង្គធ្វើបន្ទាល់ដោយព្រះអង្គទ្រង់ថា៖ «គេមិនគោរពហោរានៅក្នុងស្រុករបស់ខ្លួនឡើយ»។ 45ពេលព្រះអង្គយាងមកដល់ស្រុកកាលីឡេ ពួកអ្នកនៅស្រុកក៏ទទួលព្រះអង្គ ព្រោះគេបានឃើញអស់ទាំងការដែលព្រះអង្គបានធ្វើ នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យ ដ្បិតគេក៏បានទៅបុណ្យនោះដែរ។
ព្រះយេស៊ូវប្រោសកូននាម៉ឺនម្នាក់ឲ្យជា
46បន្ទាប់មក ព្រះអង្គយាងមកដល់ភូមិកាណា ស្រុកកាលីឡេម្តងទៀត ជាកន្លែងដែលព្រះអង្គបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មាននាម៉ឺនម្នាក់ មានកូនឈឺនៅក្រុងកាពើណិម។ 47កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដាមកដល់ស្រុកកាលីឡេ លោកក៏ទៅសូមព្រះអង្គ ឲ្យយាងទៅប្រោសកូនឲ្យជា ព្រោះកូននោះជិតស្លាប់ហើយ។ 48ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «បើអ្នកមិនឃើញទីសម្គាល់ និងការអស្ចារ្យ អ្នកមិនជឿទេ»។ 49នាម៉ឺននោះទូលព្រះអង្គថា៖ «លោកម្ចាស់ សូមអញ្ជើញមក ក្រែងកូនខ្ញុំប្របាទស្លាប់»។ 50ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «អញ្ជើញទៅចុះ កូនរបស់លោករស់ហើយ!» បុរសនោះក៏ជឿព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយចេញដំណើរទៅ។ 51ពេលលោកកំពុងធ្វើដំណើរនៅតាមផ្លូវ ពួកបាវបម្រើរបស់លោកមកជម្រាបថា កូនរបស់លោកជាហើយ។ 52ដូច្នេះ លោកក៏សួរគេពីកូនរបស់លោកបានធូរស្បើយនៅពេលណា រួចគេជម្រាបថា «កូនរបស់លោកបាត់គ្រុន កាលពីម៉ោងមួយរសៀលម្សិលមិញ»។ 53ឪពុកដឹងថា ពេលនោះឯងដែលព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កូនរបស់លោករស់ហើយ» ហើយលោកក៏ជឿ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងអស់គ្នាផង។ 54នេះជាទីសម្គាល់ទីពីរ ដែលព្រះយេស៊ូវបានធ្វើ ក្រោយពីព្រះអង្គយាងត្រឡប់ពីស្រុកយូដា មកស្រុកកាលីឡេវិញ។
Trenutno odabrano:
យ៉ូហាន 4: គកស១៦
Istaknuto
Podijeli
Kopiraj
Želiš li svoje istaknute stihove spremiti na sve svoje uređaje? Prijavi se ili registriraj
© 2016 United Bible Societies