លោកុប្បត្តិ 33
33
យ៉ាកុបជួបអេសាវ
1យ៉ាកុបងើបភ្នែកឡើងមើលទៅ នោះមើល៍! អេសាវកំពុងមក ហើយមានមនុស្សបួនរយនាក់នៅជាមួយគាត់! យ៉ាកុបក៏ចែកកូនៗឲ្យលេអា រ៉ាជែល និងបាវបម្រើស្រីទាំងពីរនាក់។ 2គាត់ដាក់ពួកបាវបម្រើស្រី និងកូនៗរបស់ពួកនាងនៅខាងមុខ ក៏ដាក់លេអា និងកូនៗរបស់នាងនៅបន្ទាប់ ហើយដាក់រ៉ាជែល និងយ៉ូសែបនៅខាងក្រោយបង្អស់ 3រីឯខ្លួនគាត់ដើរទៅខាងមុខពួកគេ ហើយក្រាបមុខដល់ដីប្រាំពីរដង រហូតដល់គាត់បានចូលទៅជិតបងប្រុសរបស់ខ្លួន។
4អេសាវរត់មកជួបគាត់ ឱបគាត់ ហើយកៀកកគាត់ ព្រមទាំងថើបគាត់ផង រួចពួកគេទាំងពីរក៏យំ។ 5អេសាវងើបភ្នែកឡើង ឃើញពួកស្ត្រីៗ និងក្មេងៗ គាត់ក៏សួរថា៖ “តើអ្នកទាំងនេះដែលនៅជាមួយឯងជានរណា?”។
យ៉ាកុបឆ្លើយថា៖ “ពួកគេជាកូនៗដែលព្រះបានប្រោសប្រទានដល់បាវបម្រើរបស់បង”។ 6បន្ទាប់មក ពួកបាវបម្រើស្រី និងកូនៗរបស់ពួកនាងចូលមកជិត ហើយក្រាបចុះ 7រួចលេអា និងកូនៗរបស់នាងក៏ចូលមកជិត ហើយក្រាបចុះ លុះចុងក្រោយ យ៉ូសែប និងរ៉ាជែលក៏ចូលមកជិត ហើយក្រាបចុះដែរ។
8អេសាវសួរទៀតថា៖ “តើក្បួនដង្ហែទាំងអស់នេះដែលខ្ញុំបានជួប មានន័យដូចម្ដេច?”។
យ៉ាកុបតបថា៖ “គឺដើម្បីរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃខ្ញុំ”។
9អេសាវនិយាយថា៖ “ប្អូនប្រុសរបស់ខ្ញុំអើយ ខ្ញុំមានច្រើនហើយ។ ចូរទុកអ្វីដែលជារបស់ឯងសម្រាប់ខ្លួនឯងចុះ!”។
10យ៉ាកុបនិយាយថា៖ “ទេ ប្រសិនបើខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់បង សូមទទួលយកជំនូនរបស់ខ្ញុំពីដៃខ្ញុំទៅ ដ្បិតខ្ញុំបានឃើញមុខបង គឺដូចជាឃើញព្រះភក្ត្ររបស់ព្រះ ហើយបងក៏ទទួលខ្ញុំដែរ។ 11សូមទទួលយកជំនូនរបស់ខ្ញុំដែលបាននាំមកជូនបងចុះ ដោយព្រោះព្រះបានមេត្តាដល់ខ្ញុំ និងដោយព្រោះខ្ញុំមានគ្រប់គ្រាន់”។ យ៉ាកុបបានទទូចដល់គាត់ ទើបគាត់ទទួលយក។
12ពេលនោះ អេសាវនិយាយថា៖ “ចូរយើងចេញដំណើរទៅ ហើយខ្ញុំនឹងទៅខាងមុខឯង”។
13យ៉ាកុបនិយាយនឹងគាត់ថា៖ “លោកម្ចាស់នៃខ្ញុំដឹងហើយថា ពួកកូនក្មេងខ្សោយ ហើយហ្វូងចៀម និងហ្វូងគោដែលបំបៅកូនក៏នៅជាមួយខ្ញុំដែរ ប្រសិនបើបង្ខំពួកវាខ្លាំងពេកតែមួយថ្ងៃ ហ្វូងសត្វទាំងអស់នឹងងាប់។ 14សូមលោកម្ចាស់នៃខ្ញុំអញ្ជើញទៅខាងមុខបាវបម្រើរបស់លោកចុះ រីឯខ្ញុំវិញ ខ្ញុំនឹងនាំពួកវាទៅយឺតៗតាមដំណើររបស់ហ្វូងសត្វដែលនៅមុខខ្ញុំ និងតាមដំណើររបស់កូនក្មេង រហូតដល់ខ្ញុំទៅដល់លោកម្ចាស់នៃខ្ញុំនៅសៀរ”។
15អេសាវក៏និយាយថា៖ “ចូរឲ្យខ្ញុំទុកមនុស្សខ្លះដែលនៅជាមួយខ្ញុំ ឲ្យនៅជាមួយឯងដែរ”។
ប៉ុន្តែយ៉ាកុបតបថា៖ “ហេតុអ្វីត្រូវធ្វើដូច្នេះ? សូមឲ្យខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃខ្ញុំផង”។
16ដូច្នេះនៅថ្ងៃនោះ អេសាវក៏ត្រឡប់ទៅវិញតាមផ្លូវរបស់គាត់ទៅសៀរ។ 17រីឯយ៉ាកុបបានធ្វើដំណើរទៅស៊ូកូថ ហើយសង់ផ្ទះមួយសម្រាប់ខ្លួន ព្រមទាំងធ្វើក្រោលសម្រាប់ហ្វូងសត្វរបស់គាត់ផង ដោយហេតុនេះ គាត់ដាក់ឈ្មោះកន្លែងនោះថាស៊ូកូថ។ 18យ៉ាកុបមកដល់ក្រុងស៊ីគែមដែលនៅក្នុងដែនដីកាណានដោយសុវត្ថិភាព តាមដំណើរមកពីប៉ាដាន់-អើរ៉ាមវិញ ហើយបោះជំរំទល់មុខទីក្រុងនោះ។ 19គាត់ទិញដីមួយកន្លែងដែលគាត់បានដំឡើងរោងនោះ ពីដៃរបស់កូនចៅហេម័រជាឪពុករបស់ស៊ីគែម ក្នុងតម្លៃមួយរយកាក់ប្រាក់។ 20គាត់ក៏សង់អាសនាមួយនៅទីនោះ ហើយដាក់ឈ្មោះថា “អែល អែឡូហេ អ៊ីស្រាអែល#33:20 អែល អែឡូហេ អ៊ីស្រាអែល―មានន័យថា “ព្រះជាព្រះនៃអ៊ីស្រាអែល”។”៕
Actualmente seleccionado:
លោកុប្បត្តិ 33: GKHB
Destacar
Compartir
Copiar

¿Quieres guardar tus resaltados en todos tus dispositivos? Regístrate o Inicia sesión
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative