YouVersion Logo
Search Icon

អេសាយ 66

66
ការជំនុំជម្រះ និងសេចក្ដីសង្ឃឹម
1ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖
“ផ្ទៃមេឃ​ជា​បល្ល័ង្ក​របស់យើង
ផែនដី​ជា​កំណល់ជើង​របស់យើង​។
តើ​អ្នករាល់គ្នា​នឹង​សាងសង់​ដំណាក់​នៅ​ឯណា​សម្រាប់​យើង​?
តើ​កន្លែង​នៃ​ការសម្រាក​របស់យើង​នៅ​ឯណា​?
2ដ្បិត​ដៃ​របស់យើង​បាន​បង្កើត​របស់សព្វសារពើ​ទាំងនេះ
នោះ​របស់សព្វសារពើ​ទាំងនេះ​ក៏​កើតមាន”។
នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។
“ប៉ុន្តែ​មនុស្ស​បែបនេះ​វិញ ដែល​យើង​យកចិត្តទុកដាក់
គឺ​អ្នកដែល​រាបទាប ហើយ​មានវិប្បដិសារី​ខាងឯ​វិញ្ញាណ
ព្រមទាំង​ញាប់ញ័រ​ចំពោះ​ពាក្យ​របស់យើង​។
3រីឯ​អ្នកដែល​សម្លាប់​គោបា ប្រៀបដូចជា​អ្នកដែល​វាយសម្លាប់​មនុស្ស​;
អ្នកដែល​ថ្វាយ​កូនចៀម​ជាយញ្ញបូជា ប្រៀបដូចជា​អ្នកដែល​បំបាក់ក​ឆ្កែ​;
អ្នកដែល​ថ្វាយ​តង្វាយធញ្ញជាតិ ប្រៀបដូចជា​អ្នកដែល​ថ្វាយ​ឈាម​ជ្រូក​;
អ្នកដែល​ដុត​កំញាន​ធ្វើជាតង្វាយរំលឹក ប្រៀបដូចជា​អ្នកដែល​ឲ្យពរ​រូបបដិមាករ​;
អ្នកទាំងនោះ​បាន​ជ្រើសរើស​ផ្លូវ​របស់ខ្លួន
ហើយ​ព្រលឹង​របស់ពួកគេ​ពេញចិត្ត​នឹង​សេចក្ដីគួរឲ្យស្អប់ខ្ពើម​របស់ខ្លួន​។
4ដូច្នេះ យើង​នឹង​ជ្រើសរើស​ការធ្វើទុក្ខ​សម្រាប់​ពួកគេ
ហើយ​នាំ​អ្វីដែល​ពួកគេ​ភ័យខ្លាច​មកលើ​ពួកគេ​។
ដ្បិត​យើង​បាន​ហៅ ប៉ុន្តែ​គ្មានអ្នកណា​ឆ្លើយ
យើង​បាន​និយាយ ប៉ុន្តែ​ពួកគេ​មិន​បាន​ស្ដាប់តាម
ផ្ទុយទៅវិញ ពួកគេ​បាន​ធ្វើ​អំពើ​អាក្រក់​ក្នុង​ភ្នែក​របស់យើង
ក៏​បាន​ជ្រើសរើស​អ្វីដែល​យើង​មិន​ពេញចិត្ត”។
5ពួកអ្នកដែល​ញាប់ញ័រ​ចំពោះ​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ
ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ចុះ​!
ព្រះអង្គមានបន្ទូលថា​៖ “បងប្អូន​របស់អ្នករាល់គ្នា​ដែល​ស្អប់​អ្នករាល់គ្នា
ជា​អ្នកដែល​កាត់​អ្នករាល់គ្នា​ចេញ​ដោយព្រោះ​នាម​របស់យើង
ពួកគេ​បាន​និយាយថា​:
‘សូមឲ្យ​ព្រះយេហូវ៉ា​ទទួល​ការ​លើកតម្កើងសិរីរុងរឿង
ដើម្បីឲ្យ​ពួកយើង​បាន​ឃើញ​អំណរ​របស់ពួកឯង​ផង​!’
ប៉ុន្តែ​ពួកគេ​នឹង​អាម៉ាស់មុខ​វិញ”។
6មាន​សូរសន្ធឹក​ចេញពី​ទីក្រុង
មាន​សំឡេង​ចេញពី​ព្រះវិហារ
ជា​សំឡេង​ដែល​ព្រះយេហូវ៉ា​តបសង​សំណង​ដល់​សត្រូវ​របស់ព្រះអង្គ​។
7ស៊ីយ៉ូន​បាន​សម្រាលកូន មុនពេល​ឈឺពោះឆ្លងទន្លេ
នាង​បាន​បង្កើត​កូនប្រុស​ម្នាក់ មុនពេល​ការឈឺពោះឆ្លងទន្លេ​មកដល់​នាង​។
8តើ​នរណា​ធ្លាប់​ឮ​ការបែបនេះ​?
តើ​នរណា​ធ្លាប់​ឃើញ​ការដូច្នេះ​?
តើ​នគរ​មួយ​អាច​កើតមាន​ក្នុង​មួយ​ថ្ងៃ​ឬ​?
តើ​ប្រជាជាតិ​មួយ​អាច​កើតមក​ក្នុងមួយរំពេច​ឬ​?
យ៉ាងណាមិញ កាលណា​ស៊ីយ៉ូន​បាន​ឈឺពោះឆ្លងទន្លេ
នាង​បាន​សម្រាល​កូន​ៗ​របស់នាង​ភ្លាម​។
9ព្រះយេហូវ៉ា​មានបន្ទូលថា​៖
“តើ​យើង​នាំទៅដល់កំណត់ដែលត្រូវសម្រាល
ហើយ​មិន​ឲ្យ​កើតមក​ឬ​?”។
ព្រះ​របស់អ្នក​មានបន្ទូលថា​៖
“តើ​យើង​ធ្វើឲ្យ​កើតមក ហើយ​បង្ខាំង​ផ្ទៃ​ឬ​?”។
10អស់អ្នក​ដែល​ស្រឡាញ់​យេរូសាឡិម​អើយ
ចូរ​អរសប្បាយ​ជាមួយ​នាង
ចូរ​ត្រេកអរ​នឹង​នាង​ចុះ​។
អស់អ្នក​ដែល​កាន់ទុក្ខ​ចំពោះ​នាង​អើយ
ចូរ​រីករាយ​នឹង​នាង​ដោយ​សេចក្ដីរីករាយ​ចុះ
11ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​បៅ
ហើយ​ឆ្អែត​ដោយ​ដោះ​នៃ​ការលួងលោម​របស់នាង
ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជញ្ជក់
ហើយ​រីករាយ​ដោយ​ដោះ​ដ៏ឧត្ដម​របស់នាង​។
12ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖
“មើល៍! យើង​នឹង​បន្លាយ​សេចក្ដីសុខសាន្ត​ដូចជា​ទន្លេ​ដល់​នាង
យើង​នឹង​បន្លាយ​សិរីរុងរឿង​នៃ​ប្រជាជាតិ​នានា​ដូចជា​ទឹកជ្រោះ​ជន់លិច​ដល់​នាង​។
អ្នករាល់គ្នា​នឹង​បៅ អ្នករាល់គ្នា​នឹង​ត្រូវបាន​ព​នៅ​ចំហៀងខ្លួន
ព្រមទាំង​ត្រូវបាន​ថ្នាក់ថ្នម​នៅលើ​ភ្លៅ​ផង​។
13ដូចដែល​កូន​ត្រូវ​ម្ដាយ​លួងលោម​យ៉ាងណា
យើង​នឹង​លួងលោម​អ្នករាល់គ្នា​យ៉ាងនោះដែរ
គឺ​អ្នករាល់គ្នា​នឹង​ត្រូវបាន​លួងលោម​នៅ​យេរូសាឡិម”។
14នៅពេល​អ្នករាល់គ្នា​បាន​ឃើញ ចិត្ត​របស់អ្នករាល់គ្នា​នឹង​រីករាយ
ឆ្អឹង​អ្នករាល់គ្នា​នឹង​លូតលាស់​ដូច​ស្មៅខ្ចី​;
ព្រះហស្ត​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​សម្ដែង​ដល់​បាវបម្រើ​របស់ព្រះអង្គ
ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​សត្រូវ​របស់ព្រះអង្គ​។
15ដូច្នេះ​មើល៍! ព្រះយេហូវ៉ា​នឹង​យាង​មក​ក្នុង​ភ្លើង
រទេះចម្បាំង​របស់ព្រះអង្គ​នឹង​មក​ដូចជា​ខ្យល់កួច
ដើម្បី​សង​ព្រះពិរោធ​របស់ព្រះអង្គ​ក្នុង​ភាពក្ដៅក្រហាយ
ព្រមទាំង​សង​ការស្ដីបន្ទោស​របស់ព្រះអង្គ​ដោយ​ភ្លើងសន្ធោសន្ធៅ​។
16ដ្បិត​ព្រះយេហូវ៉ា​នឹង​ជំនុំជម្រះ​គ្រប់ទាំង​សាច់​ដោយ​ភ្លើង និង​ដោយ​ដាវ​របស់ព្រះអង្គ
នោះ​អ្នក​ដែលត្រូវ​ព្រះយេហូវ៉ា​សម្លាប់​នឹង​មានច្រើន​។
17“ពួកអ្នកដែល​ញែក​ខ្លួន​ជាវិសុទ្ធ ហើយ​ជម្រះ​ខ្លួន ដើម្បី​ចូលទៅ​សួនច្បារ ដោយ​តាម​មួយ​នោះ​ដែល​នៅកណ្ដាលចំណោម​ពួកគេ ជា​ពួកអ្នក​ស៊ី​សាច់​ជ្រូក របស់គួរឲ្យស្អប់ខ្ពើម និង​កណ្ដុរ ពួកគេ​នឹង​វិនាស​ទៅ​ជាមួយគ្នា”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។
18ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដ្បិត​យើង​ស្គាល់​ទង្វើ និង​គំនិត​របស់ពួកគេ​។ នឹង​មានពេល​មកដល់​ដើម្បី​ប្រមូល​អស់ទាំង​ប្រជាជាតិ និង​ភាសា នោះ​ពួកគេ​នឹង​មក ហើយ​ឃើញ​សិរីរុងរឿង​របស់យើង​។ 19យើង​នឹង​ដាក់​សញ្ញាសម្គាល់​មួយ​នៅក្នុងចំណោម​ពួកគេ ព្រមទាំង​ចាត់​អ្នករត់រួច​ក្នុងចំណោម​ពួកគេ​ឲ្យទៅ​រក​ប្រជាជាតិ​នានា គឺ​តើស៊ីស ពូល និង​លូឌ​ដែល​យឹត​ធ្នូ ទូបាល និង​យ៉ាវ៉ាន បណ្ដា​កោះ​នៅឆ្ងាយ ដែល​មិនទាន់​ឮ​ដំណឹង​របស់យើង និង​មិនទាន់​ឃើញ​សិរីរុងរឿង​របស់យើង​។ អ្នកទាំងនោះ​នឹង​ប្រកាស​សិរីរុងរឿង​របស់យើង​ក្នុងចំណោម​ប្រជាជាតិ​នានា​។ 20ពួកគេ​នឹង​នាំ​បងប្អូន​ទាំងអស់​របស់អ្នករាល់គ្នា​ចេញមក​ពី​អស់ទាំង​ប្រជាជាតិ ទុកជា​តង្វាយ​ដល់​ព្រះយេហូវ៉ា ដោយឲ្យ​ជិះ​សេះ រទេះចម្បាំង គ្រែស្នែង លាកាត់ និង​អូដ្ឋ​មក​យេរូសាឡិម​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ដូចដែល​កូនចៅ​អ៊ីស្រាអែល​នាំ​តង្វាយ​មក​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​ភាជនៈ​បរិសុទ្ធ​។ 21យើង​នឹង​យក​អ្នកខ្លះ​ពី​ពួកគេ សម្រាប់​ជា​បូជាចារ្យ និង​ជា​ពួកលេវី​ដែរ”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​។
22នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖
“ដូចដែល​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី​ដែល​យើង​នឹង​បង្កើត​នោះ ស្ថិតស្ថេរ​នៅចំពោះ​យើង​យ៉ាងណា
ពូជពង្ស និង​ឈ្មោះ​របស់អ្នករាល់គ្នា​ក៏​នឹង​ស្ថិតស្ថេរ​យ៉ាងនោះដែរ”។
23ព្រះយេហូវ៉ា​មានបន្ទូលថា​៖
“ពេលនោះ​នឹង​មានកើតឡើងដូច្នេះ​:
រាល់​ថ្ងៃចូលខែ និង​រាល់​ថ្ងៃសប្ប័ទ
គ្រប់ទាំង​សាច់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​យើង​។
24“ពួកគេ​នឹង​ចេញទៅ​មើល​សាកសព​របស់​ពួក​មនុស្ស​ដែល​បះបោរ​នឹង​យើង​។ ជាការពិត ដង្កូវ​របស់សាកសពទាំងនោះ​មិនចេះ​ងាប់ ហើយ​ភ្លើង​លើ​វា​មិនចេះ​រលត់ គឺ​វា​នឹង​ក្លាយជា​ទីខ្ពើមរអើម​ដល់​មនុស្ស​ទាំងអស់”៕​៚

Currently Selected:

អេសាយ 66: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in