អេសាយ 65
65
ចម្លើយរបស់ព្រះយេហូវ៉ា
1ព្រះយេហូវ៉ាមានបន្ទូលថា៖
“យើងត្រូវបានស្វែងរកដោយពួកអ្នកដែលមិនបានសួររកយើង;
យើងត្រូវបានរកឃើញដោយពួកអ្នកដែលមិនបានប្រឹងរកយើង។
ចំពោះប្រជាជាតិមួយដែលមិនត្រូវបានហៅតាមនាមរបស់យើង
យើងបាននិយាយថា: ‘មើល៍! យើងនៅទីនេះ! មើល៍! យើងនៅទីនេះ!’។
2យើងបានលាតដៃរបស់យើងវាល់ព្រឹកវាល់ល្ងាច
ទៅរកប្រជាជនដែលបះបោរ
ដែលដើរតាមផ្លូវមិនល្អ
គឺតាមគំនិតរបស់ខ្លួន
3ជាប្រជាជនដែលបង្ករឿងដាក់មុខយើងជានិច្ច
ដោយថ្វាយយញ្ញបូជានៅក្នុងសួនច្បារ
ហើយដុតគ្រឿងក្រអូបនៅលើឥដ្ឋ
4ជាពួកអ្នកអង្គុយនៅតាមផ្នូរ ហើយស្នាក់នៅពេលយប់នៅទីលាក់កំបាំង
ជាពួកអ្នកស៊ីសាច់ជ្រូក ហើយមានសម្លសាច់អសោចនៅក្នុងភាជនៈរបស់ពួកគេ
5ជាពួកអ្នកដែលពោលថា:
‘ចូរឈរនៅដោយឡែកទៅ កុំចូលមកជិតអញឡើយ ពីព្រោះអញវិសុទ្ធជាងឯង’។
អ្នកទាំងនោះជាផ្សែងនៅរន្ធច្រមុះរបស់យើង
ជាភ្លើងដែលឆេះវាល់ព្រឹកវាល់ល្ងាច។
6មើល៍! មានសរសេរទុកនៅចំពោះយើងថា
យើងនឹងមិននៅស្ងៀមឡើយ
យើងនឹងតបសងជាប្រាកដ
គឺយើងនឹងតបសងទៅលើទ្រូងរបស់ពួកគេ
7នូវអំពើទុច្ចរិតរបស់អ្នករាល់គ្នា
និងអំពើទុច្ចរិតរបស់ដូនតាអ្នករាល់គ្នាផង
ដោយព្រោះអ្នករាល់គ្នាបានដុតគ្រឿងក្រអូបនៅលើភ្នំនានា
ហើយត្មះតិះដៀលយើងនៅលើទីទួលទាំងឡាយ
ដូច្នេះយើងនឹងវាល់សំណងនៃទង្វើពីមុនរបស់ពួកគេ ដាក់លើទ្រូងរបស់ពួកគេ”។
8ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖
“ដូចដែលគេរកបានស្រាទំពាំងបាយជូរថ្មីក្នុងចង្កោមទំពាំងបាយជូរមួយ
ហើយពោលថា: ‘កុំបំផ្លាញវាឡើយ ពីព្រោះមានពរនៅក្នុងវា’ យ៉ាងណា
យើងក៏ធ្វើយ៉ាងនោះដែរ ដោយយល់ដល់អ្នកបម្រើរបស់យើង
ដើម្បីកុំឲ្យបំផ្លាញទាំងអស់ឡើយ។
9យើងនឹងឲ្យមានពូជពង្សមួយចេញពីយ៉ាកុប
ក៏នឹងឲ្យមានអ្នកដែលទទួលភ្នំរបស់យើងជាមរតកចេញពីយូដា;
ពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើងនឹងទទួលស្រុកនោះជាមរតក
ហើយពួកអ្នកបម្រើរបស់យើងនឹងរស់នៅទីនោះ។
10សារ៉ូននឹងបានជាវាលស្មៅរបស់ហ្វូងចៀម
ហើយជ្រលងភ្នំអាកោរនឹងបានជាកន្លែងដែលហ្វូងគោដេក
សម្រាប់ប្រជារាស្ត្ររបស់យើងដែលស្វែងរកយើង។
11រីឯអ្នករាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា
ដែលភ្លេចភ្នំដ៏វិសុទ្ធរបស់យើង
ដែលរៀបតុអាហារថ្វាយ ‘ព្រះមានលាភ’
ដែលចាក់ស្រាលាយឲ្យពេញថ្វាយ ‘ព្រះវាសនា’
12យើងនឹងតម្រូវអ្នករាល់គ្នាសម្រាប់ដាវ
នោះអ្នកទាំងអស់គ្នានឹងលុតចុះឲ្យកាប់សម្លាប់
ដ្បិតយើងបានហៅ ប៉ុន្តែអ្នករាល់គ្នាមិនឆ្លើយទេ
យើងបាននិយាយ ប៉ុន្តែអ្នករាល់គ្នាមិនស្ដាប់តាមឡើយ
ហើយអ្នករាល់គ្នាបានប្រព្រឹត្តអ្វីដែលអាក្រក់ក្នុងភ្នែករបស់យើង
ក៏បានជ្រើសរើសអ្វីដែលយើងមិនពេញចិត្តផង”។
13ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា មានបន្ទូលដូច្នេះថា៖
“មើល៍! ពួកអ្នកបម្រើរបស់យើងនឹងហូប
ប៉ុន្តែអ្នករាល់គ្នានឹងឃ្លាន!
មើល៍! ពួកអ្នកបម្រើរបស់យើងនឹងផឹក
ប៉ុន្តែអ្នករាល់គ្នានឹងស្រេក!
មើល៍! ពួកអ្នកបម្រើរបស់យើងនឹងអរសប្បាយ
ប៉ុន្តែអ្នករាល់គ្នានឹងអាម៉ាស់មុខ!
14មើល៍! ពួកអ្នកបម្រើរបស់យើងនឹងស្រែកហ៊ោសប្បាយដោយមានអំណរនៃចិត្ត
ប៉ុន្តែអ្នករាល់គ្នានឹងស្រែកឡើងដោយមានការឈឺចាប់នៃចិត្ត
ក៏នឹងទ្រហោយំដោយមានការឈឺផ្សាខាងវិញ្ញាណ!
15អ្នករាល់គ្នានឹងទុកឈ្មោះរបស់ខ្លួនឲ្យពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើង សម្រាប់ជាបណ្ដាសា
ហើយព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងសម្លាប់អ្នក
ប៉ុន្តែព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀតឲ្យពួកបាវបម្រើរបស់ព្រះអង្គ។
16អ្នកដែលឲ្យពរខ្លួនឯងនៅលើផែនដី នឹងឲ្យពរខ្លួនឯងដោយនូវព្រះដ៏ពិតត្រង់
អ្នកដែលស្បថនៅលើផែនដី នឹងស្បថដោយអាងព្រះដ៏ពិតត្រង់
ដ្បិតទុក្ខវេទនាពីមុនត្រូវបានភ្លេច
ហើយត្រូវបានបំបាំងពីភ្នែករបស់យើងហើយ”។
ផ្ទៃមេឃថ្មី និងផែនដីថ្មី
17“ដ្បិតមើល៍! យើងនឹងនិម្មិតបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី
រីឯអ្វីៗពីមុននឹងមិនត្រូវបាននឹកចាំឡើយ
ក៏នឹងមិនចូលមកក្នុងគំនិតទៀតដែរ;
18ផ្ទុយទៅវិញ ចូររីករាយ ហើយត្រេកអរជារៀងរហូតចំពោះអ្វីដែលយើងបាននិម្មិតបង្កើតនោះ
ដ្បិតមើល៍! យើងនឹងនិម្មិតបង្កើតយេរូសាឡិមសម្រាប់ជាអំណរ
ក៏នឹងនិម្មិតបង្កើតប្រជាជនរបស់នាងសម្រាប់ជាសេចក្ដីរីករាយ។
19យើងនឹងត្រេកអរនឹងយេរូសាឡិម
យើងនឹងរីករាយនឹងប្រជារាស្ត្ររបស់យើង;
សំឡេងយំសោក និងសំឡេងកាន់ទុក្ខ នឹងមិនឮនៅក្នុងទីក្រុងនោះទៀតឡើយ។
20នៅទីនោះនឹងលែងមានទារកដែលរស់បានតែប៉ុន្មានថ្ងៃ
ឬមនុស្សចំណាស់ដែលរស់មិនបានពេញអាយុរបស់ខ្លួននោះទៀតឡើយ
ដ្បិតអ្នកណាដែលស្លាប់ក្នុងអាយុមួយរយឆ្នាំ គឺរាប់ជាក្មេង
ហើយអ្នកណាដែលអាយុមិនដល់មួយរយឆ្នាំ គឺរាប់ជាអ្នកដែលត្រូវបណ្ដាសា។
21គេនឹងសាងសង់ផ្ទះ ហើយរស់នៅក្នុងនោះ
គេនឹងធ្វើចម្ការទំពាំងបាយជូរ ហើយហូបផលរបស់វា។
22គ្មានការដែលគេសាងសង់ តែអ្នកផ្សេងរស់នៅទីនោះវិញនោះទេ
គ្មានការដែលគេដាំ តែអ្នកផ្សេងហូបវិញនោះឡើយ
ដ្បិតអាយុរបស់ប្រជារាស្ត្រយើងនឹងបានដូចជាអាយុរបស់ដើមឈើ
ហើយពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើងនឹងរីករាយនឹងកិច្ចការនៃដៃរបស់ពួកគេបានយូរ។
23ពួកគេនឹងមិនធ្វើការនឿយហត់ជាឥតប្រយោជន៍ឡើយ
ក៏មិនបង្កើតកូនសម្រាប់សេចក្ដីអន្តរាយដែរ
ដ្បិតពួកគេជាពូជពង្សដ៏មានព្រះពររបស់ព្រះយេហូវ៉ា
ហើយកូនចៅរបស់ពួកគេក៏ដូច្នោះជាមួយពួកគេដែរ។
24ពេលនោះ មុនពេលពួកគេស្រែកហៅ យើងនឹងឆ្លើយ
ខណៈដែលពួកគេកំពុងតែនិយាយនៅឡើយ យើងនឹងស្ដាប់។
25ចចក និងកូនចៀមនឹងស៊ីស្មៅជាមួយគ្នា
តោនឹងស៊ីចំបើងដូចគោ
រីឯពស់នឹងមានធូលីជាអាហាររបស់វា
វានឹងមិនធ្វើអាក្រក់
ក៏មិនបំផ្លាញនៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ”។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕
Currently Selected:
អេសាយ 65: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative