Logo YouVersion
Eicon Chwilio

យ៉ូហាន 9

9
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ពី​កំណើត​ម្នាក់​ឲ្យ​ជា
1កាល​ព្រះ‌អង្គ​កំពុង​យាង​ទៅ ទ្រង់​ទត​ឃើញ​មនុស្ស​ម្នាក់​ដែល​ខ្វាក់​ពី​កំណើត។ 2ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ តើ​អ្នក​ណា​បាន​ប្រព្រឹត្ត​អំពើ​បាប មនុស្ស​នេះ ឬ​ឪពុក‌ម្តាយ​របស់​គាត់ បាន​ជា​គាត់​កើត​មក​ខ្វាក់​ដូច្នេះ?» 3ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មិន​មែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក‌ម្តាយ​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប​ទេ គាត់​កើត​មក​ខ្វាក់​ដូច្នេះ គឺ​ដើម្បី​ឲ្យ​ព្រះ​បាន​បង្ហាញ​កិច្ច‌ការ​របស់​ព្រះ​នៅ​ក្នុង​គាត់​វិញ។ 4យើង​ត្រូវ​តែ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទាន់​នៅ​ថ្ងៃ​នៅ​ឡើយ ដ្បិត​ដល់​ពេល​យប់ គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​បាន​ទេ។ 5កាល​ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​ពិភព​លោក​នេះ ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក»។ 6ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​រួច​ហើយ ទ្រង់​ក៏​ស្តោះ​ទៅ​លើ​ដី ហើយ​យក​ទឹក​ព្រះ‌ឱស្ឋ​ធ្វើ​ជា​ភក់ ទៅ​លាប​ភ្នែក​មនុស្ស​ខ្វាក់​នោះ 7ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោម​ទៅ» (ស៊ីឡោម មាន​ន័យ​ថា ចាត់​ឲ្យ​ទៅ)។ ដូច្នេះ គាត់​ក៏​ទៅ​លាង ហើយ​ត្រឡប់​មក​វិញ​ទាំង​ភ្នែក​មើល​ឃើញ។ 8អ្នក​ជិត​ខាង និង​អស់​អ្នក​ដែល​ធ្លាប់​ឃើញ​គាត់​ពី​មុន​ជា​អ្នក​សុំ​ទាន នាំ​គ្នា​សួរ​ថា៖ «តើ​អ្នក​នេះ​មែន​ទេ ដែល​ធ្លាប់​តែ​អង្គុយ​សុំ​ទាន​គេ?» 9ខ្លះ​ថា៖ «គឺ​អ្នក​ហ្នឹង​ហើយ» ខ្លះ​ទៀត​ថា៖ «ទេ អ្នក​នេះ​គ្រាន់​តែ​មាន​មុខ​មាត់​ដូច​គាត់»។ តែ​គាត់​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ 10គេ​សួរ​គាត់​ទៀត​ថា៖ «ធ្វើ​ដូច​ម្តេច​បាន​ជា​ភ្នែក​អ្នក​ភ្លឺ​ដូច្នេះ?» 11គាត់​ឆ្លើយ​ថា៖ «មាន​បុរស​ម្នាក់​ឈ្មោះ យេស៊ូវ បាន​ធ្វើ​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ប្រាប់​ថា "ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោម​ទៅ" ខ្ញុំ​ក៏​ទៅ​លាង ហើយ​ស្រាប់​តែ​បាន​មើល​ឃើញ​ភ្លាម»។ 12គេ​សួរ​គាត់​ថា៖ «អ្នក​នោះ​នៅ​ឯ​ណា?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ»។
ពួក​ផារិ‌ស៊ី​សួរ​ចម្លើយ​អ្នក​ដែល​ខ្វាក់​ពី​មុន
13គេ​ក៏​នាំ​មនុស្ស​ដែល​ខ្វាក់​ពី​មុន​នោះ ទៅ​ជួប​នឹង​ពួក​ផារិ‌ស៊ី។ 14ថ្ងៃ​ដែល​ព្រះ‌យេស៊ូវ​ធ្វើ​ភក់​ប្រោស​ឲ្យ​គាត់​ភ្លឺ​ភ្នែក​នោះ គឺ​ជា​ថ្ងៃ​សប្ប័ទ។ 15ពួក​ផារិ‌ស៊ី​ក៏​សួរ​គាត់ ពី​ការ​ដែល​បាន​ភ្លឺ​ភ្នែក​ដោយ​របៀប​ណា គាត់​ជម្រាប​ថា៖ «លោក​យក​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ខ្ញុំ​ទៅ​លាង ហើយ​ក៏​មើល​ឃើញ»។ 16ពួក​ផារិ‌ស៊ី​ខ្លះ​និយាយ​ថា៖ «មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​តាម​ថ្ងៃ​សប្ប័ទ»។ ខ្លះ​ទៀត​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប អាច​ធ្វើ​ទី​សម្គាល់​យ៉ាង​នេះ​បាន?» ពួក​គេ​ក៏​បាក់​បែក​គ្នា។ 17គេ​ក៏​សួរ​មនុស្ស​ខ្វាក់​ម្តង​ទៀត​ថា៖ «តើ​អ្នក​ថា មនុស្ស​ដែល​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នកបាន​ភ្លឺ​នោះ ជា​នរណា?» គាត់​ឆ្លើយ​ថា៖ «លោក​ជា​ហោរា»។
18ពួក​សាសន៍​យូដា​មិន​ជឿ​ថា គាត់​ខ្វាក់​ភ្នែក ហើយ​បាន​ភ្លឺ​ឡើង​វិញ​ទេ ទាល់​តែ​ហៅ​ឪពុក‌ម្តាយ​របស់​អ្នក​ដែល​បាន​ភ្លឺ​ភ្នែក​នោះ​មក 19ហើយ​សួរ​ថា៖ «តើ​អ្នក​នេះ​ជា​កូន​របស់​អ្នក ដែល​អ្នក​ថា បាន​កើត​មក​ខ្វាក់​នោះ​មែន​ឬ? ចុះ​ឥឡូវ​នេះ ធ្វើ​ដូច​ម្តេច​បាន​ជា​គាត់​ភ្លឺ​ឡើង​វិញ?» 20ឪពុក‌ម្តាយ​គាត់​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ដឹង​ថា នេះ​ជា​កូន​យើង​ពិត ហើយ​ពេល​វា​កើត​មក ខ្វាក់​មែន 21តែ​យើង​ខ្ញុំ​មិន​ដឹង​ថា វា​បាន​ភ្លឺ​ដោយ​របៀប​ណា​នោះ​ទេ ក៏​មិន​ដឹង​ថា​អ្នក​ណា​បាន​ធ្វើ​ឲ្យ​ភ្លឺ​ដែរ វា​គ្រប់​អាយុ​ហើយ សូម​សួរ​វា​ចុះ វា​នឹង​ប្រាប់​ដោយ​ខ្លួន​ឯង»។ 22ឪពុក‌ម្តាយ​គាត់​និយាយ​ដូច្នេះ ព្រោះ​ខ្លាច​សាសន៍​យូដា ដ្បិត​ពួក​សាសន៍​យូដា​បាន​ព្រម​ព្រៀង​គ្នា​ហើយ​ថា បើ​អ្នក​ណា​ប្រកាស​ថា​ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ពី​សាលា​ប្រជុំ​របស់​គេ។ 23ហេតុ​នោះ​បាន​ជា​ឪពុក‌ម្តាយ​គាត់​និយាយ​ថា៖ «វា​គ្រប់​អាយុ​ហើយ សូម​សួរ​វា​ចុះ»។
24ដូច្នេះ គេ​ក៏​ហៅ​មនុស្ស​ដែល​ខ្វាក់​ពី​មុន​នោះ មក​ជា​លើក​ទី​ពីរ ហើយ​ពោល​ទៅ​គាត់​ថា៖ «ចូរ​ថ្វាយ​សិរីល្អ​ដល់​ព្រះ យើង​ដឹង​ថា​អ្នក​នោះ​ជា​មនុស្ស​បាប​ទេ»។ 25គាត់​ឆ្លើយ​ថា៖ «លោក​នោះ​ជា​មនុស្ស​មាន​បាប ឬ​យ៉ាង​ណានោះ ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ម្យ៉ាង​គឺ​ថា ពី​ដើម​ខ្ញុំ​ខ្វាក់ តែ​ឥឡូវ​នេះ ខ្ញុំ​មើល​ឃើញ!» 26គេ​សួរ​គាត់​ថា៖ «តើ​អ្នក​នោះ​បាន​ធ្វើ​អ្វី​ដល់​អ្នក? តើ​គាត់​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​ដោយ​វិធី​ណា?» 27គាត់​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ជម្រាប​ហើយ តែ​លោក​មិន​ស្តាប់ ហេតុ​អ្វី​បាន​ជា​លោក​ចង់​ស្តាប់​ម្តង​ទៀត? តើ​លោក​ចង់​ធ្វើ​ជា​សិស្ស​របស់​លោក​នោះ​ដែរ​ឬ?» 28ពេល​នោះ គេ​ដៀល​ប្រមាថ​គាត់​ថា៖ «ឯង​ទេ​តើ​ជា​សិស្ស​របស់​អ្នក​នោះ យើង​ជា​សិស្ស​របស់​លោក​ម៉ូសេ។ 29យើង​ដឹង​ថា ព្រះ​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​មែន តែ​អ្នក​នោះ យើង​មិន​ដឹង​ថា​មក​ពី​ណា​ទេ!» 30បុរស​នោះ​ឆ្លើយ​ថា៖ «រឿង​នេះ​ចម្លែក​មែន អស់​លោក​មិន​ដឹង​ថា​លោក​នោះ​មក​ពី​ណា តែ​លោក​នោះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ។ 31យើង​ដឹង​ថា ព្រះ​មិន​ស្តាប់​មនុស្ស​បាប​ទេ ប៉ុន្តែ ព្រះ‌អង្គ​នឹង​ស្តាប់​អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។ 32តាំង​ពី​ដើម​រៀង​មក មិន​ដែល​ឮ​ថា មាន​អ្នក​ណា​អាច​ធ្វើ​ឲ្យ​ភ្នែក​ខ្វាក់​ពី​កំណើត​បាន​ជា​នោះ​ឡើយ។ 33បើ​លោក​នោះ​មិន​មក​ពី​ព្រះ លោក​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ឡើយ»។ 34គេ​ឆ្លើយ​តប​ទៅ​គាត់​ថា៖ «ឯង​ជា​មនុស្ស​កើត​មក​ក្នុង​អំពើ​បាប​សុទ្ធ ហើយ​តើ​ឯង​ចង់​បង្រៀន​យើង​ឬ?» រួច​គេ​បណ្តេញ​គាត់​ចេញ​ទៅ។
ភាព​ខ្វាក់​ខាង​វិញ្ញាណ
35ព្រះ‌យេស៊ូវ​ឮ​ថា គេ​បាន​បណ្តេញ​គាត់ ហើយ​ពេល​ព្រះ‌អង្គ​បាន​ជួប​គាត់ ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​ជឿ​ដល់កូន​មនុស្ស​ឬ​ទេ?»។ 36គាត់​ទូល​ឆ្លើយ​ថា៖ «លោក​ម្ចាស់​អើយ តើ​លោកនោះ​ជា​នរណា? សូម​ប្រាប់​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ជឿ​ដល់​ព្រះ‌អង្គ»។ 37ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​បាន​ឃើញ​ព្រះ‌អង្គ​ហើយ គឺ​ជា​អ្នក​ដែល​កំពុង​និយាយ​នឹង​អ្នក​នេះ​ឯង»។ 38គាត់​ទូល​ថា៖ «ខ្ញុំ​ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ»។ រួច​គាត់​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ។ 39ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​ជំនុំ‌ជម្រះ ឲ្យ​អស់​អ្នក​ដែល​ខ្វាក់​បាន​មើល​ឃើញ ហើយ​ឲ្យ​អស់​អ្នក​ដែល​មើល​ឃើញ ត្រឡប់​ជា​ខ្វាក់​វិញ»។ 40ពួក​ផារិ‌ស៊ី​ខ្លះ ដែល​ឈរ​ក្បែរ​ព្រះ‌អង្គ បាន​ឮ​ពាក្យ​នោះ ក៏​ទូល​សួរ​ថា៖ «តើ​យើង​ខ្ញុំ​ខ្វាក់​ដែរ​ឬ?» 41ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​ខ្វាក់​មែន អ្នក​រាល់​គ្នា​គ្មាន​បាប​ទេ តែ​ឥឡូវ​នេះ ដោយ​អ្នក​រាល់​គ្នា​អាង​ថា​ខ្លួន​មើល​ឃើញ នោះ​អ្នក​រាល់​គ្នា​នៅ​ជាប់​មាន​បាប​នៅ​ឡើយ»។

Uwcholeuo

Rhanna

Copi

None

Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda