Logo YouVersion
Eicon Chwilio

យ៉ូហាន 8

8
1ប៉ុន្ដែ ព្រះ‌យេស៊ូវ​យាង​ទៅ​ភ្នំ​ដើម​អូលីវ​វិញ។ 2លុះ​ព្រលឹម​ឡើង ព្រះ‌អង្គ​យាង​ទៅ​ព្រះ‌វិហារ​ម្តង​ទៀត ហើយ​ប្រជា‌ជន​នាំ​គ្នា​មក​ជួប​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​គង់​ចុះ​បង្រៀន​គេ។ 3ពួក​អាចារ្យ និង​ពួក​ផារិ‌ស៊ី នាំ​ស្ត្រី​ម្នាក់ ដែល​បាន​ទាន់​នៅ​ពេល​រួម​សហាយ​ស្មន់​មក ហើយ​ដាក់​នាង​ឲ្យ​ឈរ​នៅ​កណ្តាល​ជំនុំ 4ពួក​គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន ក្នុង​ពេល​កំពុង​សហាយ‌ស្មន់។ 5ក្នុង​ក្រឹត្យ‌វិន័យ លោក​ម៉ូសេ​បាន​បង្គាប់​ឲ្យ​យើង​គប់​ដុំ​ថ្ម​សម្លាប់​ស្ត្រី​បែប​នេះ ដូច្នេះ តើ​លោក​គិត​ដូច​ម្ដេច?» 6គេ​ទូល​ដូច្នោះ ដើម្បី​ល្បង​ល​ព្រះ‌អង្គ​ទេ ប្រយោជន៍​ឲ្យ​បាន​រក​រឿង​ចោទ​ប្រកាន់​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ព្រះ‌យេស៊ូវ​ឱន​ចុះ ហើយ​សរសេរ​លើ​ដី ដោយ​ព្រះ‌អង្គុលី​របស់​ព្រះ‌អង្គ។ 7ដោយ​ព្រោះ​គេ​ចេះ​តែ​សួរ ព្រះ‌អង្គ​ក៏​ងើប​ឡើង មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ដែល​គ្មាន​បាប​សោះ សុំ​ឲ្យ​អ្នក​នោះ​យក​ដុំថ្ម​គប់​នាង​មុន​គេ​ចុះ»។ 8បន្ទាប់​មក ព្រះ‌អង្គ​ឱន​ចុះ ហើយ​សរសេរ​លើ​ដី​ម្តង​ទៀត។ 9ពេល​គេ​បាន​ឮ​ពាក្យ​ទាំង​នោះ ហើយ​មនសិការ​របស់​គេ បាន​ចោទ​ប្រកាន់​ទោស​ខ្លួន គេ​ក៏​ថយ​ចេញ​ទៅ​ម្នាក់​ម្តងៗ ចាប់​តាំង​ពី​មនុស្ស​ចាស់​ជាង​គេ រហូត​ដល់​អ្នក​ក្រោយ​បង្អស់ នៅ​សល់​តែ​ព្រះ‌យេស៊ូវ និង​ស្ត្រី​នោះ ដែល​នៅ​ចំពោះ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ 10ព្រះ‌យេស៊ូវ​ងើប​ឡើង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​អើយ តើ​ពួក​គេ​ទៅ​ណា​អស់​ហើយ? គ្មាន​អ្នក​ណា​ដាក់​ទោស​នាង​ទេ​ឬ?» 11នាង​ទូល​ឆ្លើយ​ថា៖ «គ្មាន​ទេ លោក​ម្ចាស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​ចាប់​ពី​ពេល​នេះ​ទៅ កុំ​ធ្វើ​បាប​ទៀត»។
ព្រះ‌យេស៊ូវ​ជា​ពន្លឺ​ពិភព​លោក
12ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​ដែល​មក​តាម​ខ្ញុំ អ្នក​នោះ​មិន​ដើរ​ក្នុង​ទី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។ 13ពួក​ផារិ‌ស៊ី​ទូល​ថា៖ «អ្នក​ធ្វើ​បន្ទាល់​ពី​ខ្លួន​អ្នក ដូច្នេះ សេចក្តី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ»។ 14ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ គង់​តែ​បន្ទាល់​នោះ​ពិត​ដែរ ព្រោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ឬ​ទៅ​ណា​ទេ។ 15អ្នក​រាល់​គ្នា​ជំនុំ‌ជម្រះ​តាម​សាច់​ឈាម ខ្ញុំ​មិន​ជំនុំ‌ជម្រះ​អ្នក​ណា​ទេ។ 16តែ​បើ​ខ្ញុំ​ជំនុំ‌ជម្រះ នោះ​ការ​ជំនុំ‌ជម្រះ​របស់​ខ្ញុំ​គឺ​ពិត​ត្រង់ ព្រោះ​ខ្ញុំ​មិន​ធ្វើ​តែ​ឯង​ទេ គឺ​មាន​ព្រះ‌វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​គង់​ជា​មួយ​ខ្ញុំ។ 17ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា មាន​ពាក្យ​ចែង​ទុក​មក​ថា បើ​បន្ទាល់​របស់​មនុស្ស​ពីរ​នាក់ នោះ​ពិត​ហើយ។ 18ដូច្នេះ ខ្ញុំ​នេះ​ហើយ​ដែល​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ ហើយ​មាន​ព្រះ‌វរបិតា​មួយ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ»។ 19ដូច្នេះ គេ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​ព្រះ‌វរបិតា​អ្នក​នៅ​ឯ​ណា?» ព្រះ‌យេស៊ូវ​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​ព្រះ‌វរបិតា​ខ្ញុំ​ដែរ ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​នឹង​ស្គាល់​ព្រះ‌វរបិតា​ខ្ញុំ​មិន​ខាន»។ 20ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ នៅ​ត្រង់​កន្លែង​ហិប​ប្រាក់​តង្វាយ កាល​ព្រះ‌អង្គ​កំពុង​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ តែ​គ្មាន​អ្នក​ណា​ចាប់​ព្រះ‌អង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះ‌អង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។
ព្រះយេស៊ូវ​ប្រកាស​អំពី​ការ​សុគត​របស់​ព្រះ‌អង្គ
21ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​បាន​ទេ»។ 22ពេល​នោះ ពួក​សាសន៍​យូដា​និយាយ​គ្នា​ថា៖ «តើ​អ្នក​នេះ​នឹង​សម្លាប់​ខ្លួន​ឯង​ឬ បាន​ជា​ពោល​ថា "កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​បាន​ដូច្នេះ"?» 23ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​ជា​របស់​លោកីយ៍​នេះ ឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​មែន​ជា​របស់​លោកីយ៍​នេះ​ទេ។ 24ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំ​នេះ​ជា​ព្រះ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន»។ 25ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​នរណា?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​ដំបូង​មក​ហើយ។ 26ខ្ញុំ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​និយាយ ហើយ​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា ប៉ុន្តែ ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​ជា​សេចក្តី​ពិត ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌អង្គ ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​លោក​ដែរ»។ 27ពួក​គេ​មិន​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​អំពី​ព្រះ‌វរបិតា​ទេ។ 28ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើង នោះ​ទើប​នឹង​ដឹង​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​ព្រះ ហើយ​ថា ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ តាម​តែ​ព្រះ‌វរបិតា​បាន​បង្រៀន​ខ្ញុំ​វិញ។ 29ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​គង់​ជា​មួយ​ខ្ញុំ ព្រះ‌អង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ព្រោះ​ខ្ញុំ​តែង​តែ​ធ្វើ​ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ជា‌និច្ច»។ 30ពេល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ទាំង​នេះ មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អង្គ។
សិស្ស​ពិត​ប្រាកដ
31ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាសន៍​យូដា ដែល​ជឿ​ដល់​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន 32អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច»។ 33គេ​ទូល​ឆ្លើយ​ថា៖ «យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ មិន​ដែល​ធ្វើ​ជា​បាវ​បម្រើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា "អ្នក​រាល់​គ្នា​នឹង​បាន​រួច" ដូច្នេះ?»
34ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប គេ​ជា​បាវ​បម្រើ​របស់​អំពើ​បាប​ហើយ។ 35បាវ​បម្រើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​រហូត​ទេ តែ​កូន​វិញ នៅ​ជាប់​រហូត។ 36ដូច្នេះ បើ​ព្រះ‌រាជ‌បុត្រា​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រួច​មែន។ 37ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ តែ​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ព្រោះ​ពាក្យ​ខ្ញុំ មិន​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ឡើយ។ 38ខ្ញុំ​និយាយ​តែ​សេចក្តី​ណា​ដែល​ខ្ញុំ​បាន​ឃើញ​ជាមួយ​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា»។
ព្រះ‌យេស៊ូវ និង​លោក​អ័ប្រា‌ហាំ
39គេ​ទូល​ព្រះ‌អង្គ​ថា៖ «ឪពុក​របស់​យើង គឺ​លោក​អ័ប្រា‌ហាំ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «បើ​អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ​របស់​លោក​អ័ប្រា‌ហាំ​មែន អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​តាម​លោក​មិន​ខាន 40តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ជា​មនុស្ស​ដែល​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្តី​ពិត ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ។ លោក​អ័ប្រា‌ហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ 41អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​ឪពុក​របស់​ខ្លួន​មែន»។ ដូច្នេះ គេ​ទូល​ថា៖ «យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះ‌វរបិតា​តែ​មួយ គឺ​ជា​ព្រះ»។ 42ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «បើ​ព្រះ​ជា​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក​ទី​នេះ។ ខ្ញុំ​មិន​បាន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ 43ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ដែល​ខ្ញុំ​និយាយ​ដូច្នេះ? គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្តាប់​ពាក្យ​របស់​ខ្ញុំ​មិន​បាន។ 44អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សម្លាប់​គេ​តាំង​ពី​ដើម​មក វា​មិន​ឈរ​លើ​សេចក្តី​ពិត​ទេ ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ឡើយ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​ពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កុហក ហើយ​ជា​ឪពុក​នៃ​សេចក្តី​កុហក។ 45ប៉ុន្តែ ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្តី​ពិត អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ។ 46ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ម្នាក់ អាច​ចោទ​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ? តែ​បើ​ខ្ញុំ​និយាយ​សេចក្តី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ? 47អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ តែង​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ តែ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ»។
48ពួក​សាសន៍​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «តើ​យើង​និយាយ​ត្រូវ​ទេ ថា​អ្នក​ជា​សាសន៍​សា‌ម៉ារី ហើយ​មាន​អារក្ស​ចូល?» 49ព្រះ‌យេស៊ូវ​ឆ្លើយ​ថា៖ «ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ ខ្ញុំ​គោរព​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ត្មះ‌តិះ‌ដៀល​ខ្ញុំ​វិញ។ 50ខ្ញុំ​មិន​មែន​រក​សិរី‌ល្អ​សម្រាប់​ខ្លួន​ខ្ញុំ​ទេ មាន​ព្រះ​មួយ​អង្គ​ដែល​រក​ឲ្យ​ខ្ញុំ​ហើយ ព្រះ‌អង្គ​ក៏​ជំនុំ‌ជម្រះ​ផង។ 51ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ»។ 52ពួក​សាសន៍​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រា‌ហាំ និង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​របស់​អ្នក អ្នក​នោះ​មិន​ដែល​ភ្លក់​សេចក្តី​ស្លាប់​ទៅ​វិញ។ 53តើ​អ្នក​ធំ​ជាង​លោក​អ័ប្រា‌ហាំ ជា​បុព្វបុរស​របស់​យើង និង​ពួក​ហោរា ដែល​ស្លាប់​ទៅ​នោះ​ឬ? តើ​អ្នក​តាំង​ខ្លួន​ជា​អ្វី?» 54ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ប្រសិន‌បើ​ខ្ញុំ​តម្កើង​ខ្លួន​ខ្ញុំ នោះ​សិរីល្អ​របស់​ខ្ញុំ​ឥត​ប្រយោជន៍ គឺ​ព្រះ‌វរបិតា​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ព្រះ‌អង្គ​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា "ព្រះ‌អង្គ​ជា​ព្រះ​របស់​យើង"។ 55អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ទេ តែ​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ។ ប្រសិន‌បើ​ខ្ញុំ​និយាយថា ខ្ញុំ​មិន​ស្គាល់​ព្រះ‌អង្គ​ទេ នោះ​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​កុហក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ ខ្ញុំ​ស្គាល់​ព្រះ‌អង្គ ហើយ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទៀត​ផង។ 56លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ត្រេក​អរ ដោយ​ឃើញ​ខ្ញុំ​មក​ដល់ លោក​បាន​ឃើញ​មែន ហើយ​មាន​សេចក្តី​រីក‌រាយ​ជា​ខ្លាំង»។ 57ពួក​សាសន៍​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «អាយុ​អ្នក​មិន​ទាន់​ដល់​ហាសិប​ឆ្នាំ​ផង តើ​អ្នក​បាន​ឃើញ​លោក​អ័ប្រា‌ហាំ​ដែរ​ឬ?» 58ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មុន​លោក​អ័ប្រា‌ហាំ​កើត​មក មាន​ខ្ញុំ​រួច​ស្រេច​ទៅ​ហើយ»។ 59ដូច្នេះ គេ​រើស​ដុំថ្ម​បម្រុង​នឹង​គប់​ព្រះ‌អង្គ តែ​ព្រះ‌យេស៊ូវ​បំបាំង​អង្គ​ទ្រង់ ហើយ​យាង​កាត់​កណ្តាល​ពួក​គេ ចេញ​ពី​ព្រះ‌វិហារ​ផុត​ទៅ។

Uwcholeuo

Rhanna

Copi

None

Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda