Logo YouVersion
Eicon Chwilio

យ៉ូហាន 10

10
ព្រះ‌យេស៊ូវ​ជា​គង្វាល​ល្អ
1«ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ចូល​ទៅ​ក្នុង​ក្រោល​ចៀម​តាម​ទ្វារ តែ​ឡើង​ចូល​តាម​កន្លែង​ណា​ផ្សេង​វិញ អ្នក​នោះ​ឈ្មោះ​ថា​ជា​ចោរ​លួច ចោរ​ប្លន់​ហើយ។ 2អ្នក​ដែល​ចូល​តាម​ទ្វារ អ្នក​នោះ​ជា​គង្វាល​របស់​ចៀម។ 3ឆ្មាំ​ទ្វារ​បើក​ទ្វារ​ឲ្យ​អ្នក​នោះ ហើយ​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ គាត់​ហៅ​ចៀម​តាម​ឈ្មោះ​វា​នីមួយៗ នាំ​ចេញ​ទៅ​ក្រៅ។ 4ពេល​គាត់​បញ្ចេញ​ចៀម​ខ្លួន​ទៅ​ក្រៅ​អស់​ហើយ គាត់​ដើរ​មុន​វា ហើយ​ចៀម​ក៏​ដើរ​តាម​ក្រោយ​គាត់ ព្រោះ​វា​ស្គាល់​សំឡេង​គាត់។ 5វា​មិន​ព្រម​តាម​អ្នក​ណា​ផ្សេង​ទេ វា​នឹង​រត់​ចេញ​ពី​គេ ព្រោះ​មិន​ស្គាល់​សំឡេង​របស់​អ្នក​ដទៃ​ណា​ឡើយ»។ 6ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​រឿង​ប្រៀប​ធៀប​នេះ​ទៅ​គេ តែ​គេ​មិន​ដឹង​ថា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​អ្វី​ឡើយ។
7ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​ជា​ទ្វារ​ចៀម 8អស់​អ្នក​ដែល​មក​មុន​ខ្ញុំ សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទេ តែ​ចៀម​មិន​បាន​ស្តាប់​តាម​អ្នក​ទាំង​នោះ​ឡើយ។ 9ខ្ញុំ​ជា​ទ្វារ បើ​អ្នក​ណា​ចូល​តាម​ខ្ញុំ អ្នក​នោះ​នឹង​បាន​សង្គ្រោះ ហើយ​ចេញ​ចូល និង​រក​បាន​វាល​ស្មៅ​ថែម​ទៀត​ផង។ 10ចោរ​វា​មក​ប្រយោជន៍​តែ​នឹង​លួច សម្លាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ខ្ញុំ​វិញ ខ្ញុំ​មក ដើម្បី​ឲ្យ​គេ​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​ពេញ​បរិបូរ។
11ខ្ញុំ​ជា​គង្វាល​ល្អ គង្វាល​ល្អ​ហ៊ាន​ប្តូរ​ជីវិត​ជំនួស​ចៀម​ខ្លួន។ 12អ្នក​ស៊ី​ឈ្នួល​មិន​មែន​ជា​គង្វាល​ពិត​ទេ ហើយ​ចៀម​ក៏​មិន​មែន​ជា​របស់​អ្នក​នោះ​ដែរ លុះ​វា​ឃើញ​ឆ្កែ​ព្រៃ​មក ក៏​រត់​ចោល​ចៀម ទុក​ឲ្យ​ឆ្កែ​ព្រៃ​ឆក់​យក​ទៅ ទាំង​ដេញ​កម្ចាត់​កម្ចាយ​ហ្វូង​ចៀម​ផង។ 13អ្នក​ស៊ី​ឈ្នួល​នោះ​រត់ ព្រោះ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម​ឡើយ 14ខ្ញុំ​ជា​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ​ដែរ 15គឺ​ដូច​ជា​ព្រះ‌វរបិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ដែរ ខ្ញុំ​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​ដើម្បី​ចៀម។ 16ខ្ញុំ​នៅ​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ។ ដូច្នេះ នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។ 17ហេតុ​នេះ​បាន​ជា​ព្រះ‌វរបិតា​ស្រឡាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​លះ​បង់​ជីវិត​ខ្ញុំ ដើម្បី​ឲ្យ​បាន​ជីវិត​មក​វិញ។ 18គ្មាន​នរណា​ដក​យក​ជីវិត​ពី​ខ្ញុំ​បាន​ឡើយ គឺ​ខ្ញុំ​ដាក់​ជីវិត​ចុះ​ដោយ​ខ្លួន​ខ្ញុំ ខ្ញុំ​អាច​នឹង​ដាក់​ជីវិត​នេះ​ចុះ ហើយ​ក៏​អាច​នឹង​យក​មក​វិញ​បាន​ដែរ ខ្ញុំ​បាន​ទទួល​អំណាច​នេះ​ពី​ព្រះ‌វរបិតា​របស់​ខ្ញុំ»។
19ពួក​សាសន៍​យូដា​ក៏​ទាស់​គ្នា​ម្តង​ទៀត ដោយ​ព្រោះ​ពាក្យ​នេះ។ 20មាន​គ្នា​គេ​ជា​ច្រើន​និយាយ​ថា៖ «អ្នក​នោះ​មាន​អារក្ស​ចូល ហើយ​ឆ្កួត​ផង ហេតុ​អ្វី​បាន​ជា​ស្តាប់​គាត់?» 21តែ​ខ្លះ​ទៀត​ថា៖ «នេះ​មិន​មែន​ជា​ពាក្យ​សម្ដី​របស់​មនុស្ស​មាន​អារក្ស​ចូល​ទេ តើ​អារក្ស​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ភ្នែក​បាន​ភ្លឺ​ដែរ​ឬ?»។
សាសន៍​យូដា​មិន​ទទួល​ស្គាល់​ព្រះ‌យេស៊ូវ
22ពេល​នោះ ជា​រដូវ​រងា ហើយ​គេ​នាំ​គ្នា​ធ្វើ​បុណ្យ​ឆ្លងនៅ​ក្រុង​យេរូ‌សាឡិម 23ព្រះ‌យេស៊ូវ​យាង​ចុះ​ឡើង​ក្នុង​ព្រះ‌វិហារ ត្រង់​ថែវ​ព្រះ​បាទ​សាឡូ‌ម៉ូន។ 24ដូច្នេះ​ពួក​សាសន៍​យូដា​ចោម​រោម​ព្រះ‌អង្គ ហើយ​ទូល​សួរ​ថា៖ «តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត? បើ​លោក​ជា​ព្រះ‌គ្រីស្ទ​ពិត​មែន សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ច្បាស់​មក»។ 25ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​ជឿ កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ ក្នុង​នាម​ព្រះ‌វរបិតា​ខ្ញុំ កិច្ច‌ការ​នោះ​ឯង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ 26ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ជឿ ព្រោះ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ​ទេ។ 27ចៀម​របស់​ខ្ញុំ​តែង​ស្តាប់​សំឡេង​ខ្ញុំ ខ្ញុំ​ស្គាល់​ចៀម​ទាំង​នោះ​ដែរ ហើយ​ចៀម​ទាំង​នោះ​មក​តាម​ខ្ញុំ។ 28ខ្ញុំ​ឲ្យ​គេ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​វិនាស​ឡើយ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​គេ​ពី​ដៃ​ខ្ញុំ​បាន​ដែរ។ 29ព្រះ‌វរបិតា​ខ្ញុំ ដែល​ប្រទាន​ចៀម​ទាំង​នោះ​មក​ខ្ញុំ ទ្រង់​ធំ​លើស​ជាង​អ្វី​ទាំង​អស់ គ្មាន​អ្នក​ណា​អាច​ឆក់​គេ​ចេញ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​ឡើយ 30ព្រះ‌វរបិតា និង​ខ្ញុំ គឺ​តែ​មួយ»។
31ពួក​សាសន៍​យូដា​ក៏​រើស​ដុំថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​ព្រះ‌អង្គ។ 32ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន ដែល​មក​ពី​ព្រះ‌វរបិតា​ខ្ញុំ តើ​មាន​អ្វី​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ចង់​គប់​ខ្ញុំ?» 33ពួក​សាសន៍​យូដា​ទូល​ឆ្លើយ​ថា៖ «មិន​មែន​ដោយ​ព្រោះ​ការ​ល្អ​ណា​ទេ យើង​ចង់​គប់​អ្នក​នឹង​ដុំថ្ម គឺ​ដោយ​ព្រោះ​ពាក្យ​ប្រមាថ​ដល់​ព្រះ អ្នក​ជា​មនុស្ស ហើយ​តាំង​ខ្លួន​ជា​ព្រះ»។ 34ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា តើ​មិន​មាន​ចែង​ទុក​មក​ថា "យើង​បាន​និយាយ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ" ទេ​ឬ? 35បើ​ព្រះ‌អង្គ​ហៅ​គេ​ថា​ជា "ព្រះ" ដែល​ព្រះ‌បន្ទូល​របស់​ព្រះ​បាន​មក​ដល់​គេ(ហើយ​បទ​គម្ពីរ​មិន​អាច​លើក​ចោល​បាន​ទេ) 36នោះ​តើ​អ្នក​រាល់​គ្នា​និយាយ​មក​ខ្ញុំ ដែល​ព្រះ‌វរបិតា​បាន​ញែក​ជា​បរិសុទ្ធ ហើយ​ចាត់​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ថា ខ្ញុំ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ព្រោះ​តែ​ខ្ញុំ​និយាយ​ថា "ខ្ញុំ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ" ដូច្នេះ​ឬ? 37បើ​ខ្ញុំ​មិន​ធ្វើ​កិច្ច‌ការ​របស់​ព្រះ‌វរបិតា​ខ្ញុំ​ទេ នោះ​កុំ​ជឿ​ខ្ញុំ​អី 38ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ ហើយ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ ក៏​គួរ​តែ​ជឿ​កិច្ច‌ការ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង ហើយ​ជឿ​ថា ព្រះ‌វរបិតា​គង់​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា»។ 39គេ​រក​ចាប់​ព្រះ‌អង្គ​ម្តង​ទៀត តែ​ព្រះ‌អង្គ​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​គេ។
40ព្រះ‌អង្គ​យាង​ទៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់​វិញ​ទៀត ជា​កន្លែង​ដែល​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ‌ទឹក​មុន​ដំបូង ហើយ​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។ 41មាន​មនុស្ស​ជា​ច្រើន​មក​រក​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «លោក​យ៉ូហាន​មិន​បាន​ធ្វើ​ទី​សម្គាល់​ណា​ទេ តែ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូហាន​មាន​ប្រសាសន៍​ពី​អ្នក​នេះ សុទ្ធ​តែ​ពិត​ទាំង​អស់»។ 42នៅ​ទី​នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អង្គ។

Uwcholeuo

Rhanna

Copi

None

Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda