Logo YouVersion
Eicon Chwilio

យ៉ូហាន 11

11
ការ​ស្លាប់​របស់​ឡាសារ
1មាន​បុរស​ម្នាក់ ឈ្មោះ​ឡាសារ ដែល​មាន​ជំងឺ គាត់​នៅ​ភូមិ​បេ‌ថានី​ជា​មួយ​បង​ស្រី​គាត់ គឺ​ម៉ារា និង​ម៉ាថា។ 2នាង​ម៉ារា ជា​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លាប​ព្រះ‌អម្ចាស់ រួច​យក​សក់​នាង​ជូត​ព្រះ‌បាទ​ព្រះ‌អង្គ គឺ​នាង​ជា​បង​ស្រី​របស់​ឡាសារ ដែល​ឈឺ​នោះ។ 3បង‌ប្អូន​ស្រី​ពីរ​នាក់​នោះ បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ មើល៍! អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​កំពុង​មាន​ជំងឺ»។ 4ប៉ុន្តែ ពេល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សម្រាប់​ជាសិរី​ល្អ​ដល់​ព្រះ ដើម្បី​លើក​តម្កើង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដោយ​សារ​ជំងឺ​នេះ​វិញ»។ 5ព្រះ‌យេស៊ូវ​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​ឡាសារ​ណាស់។ 6ក្រោយ​ពី​បាន​ជ្រាប​ថា​គាត់​ឈឺ ព្រះ‌អង្គ​ក៏​គង់​នៅ​កន្លែង​នោះ​ពីរ​ថ្ងៃ​ទៀត។
7បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ»។ 8ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី ពួក​សាសន៍​យូដា​ទើប​នឹង​រក​គប់​លោក​នឹង​ដុំថ្ម​ថ្មីៗ​នេះ​សោះ តែ​លោក​ចង់​ទៅ​ទី​នោះ​ទៀត​ឬ?» 9ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នៅ​ពេល​ថ្ងៃ តើ​មិន​មាន​ដប់ពីរ​ម៉ោង​ទេ​ឬ? បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ អ្នក​នោះ​មិន​ជំពប់​ជើង​ឡើយ ព្រោះ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ។ 10ប៉ុន្តែ បើ​អ្នក​ណា​ដើរ​នៅ​ពេល​យប់​វិញ អ្នក​នោះ​ជំពប់​ជើង​ហើយ ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​សោះ»។ 11បន្ទាប់​ពី​មាន​ព្រះ‌បន្ទូល​ពី​សេចក្ដី​ទាំង​នេះ​ហើយព្រះ‌អង្គ​ប្រាប់​គេ​ថា៖ «ឡាសារ ជា​សម្លាញ់​យើង បាន​ដេក​លក់ទៅ​ហើយ តែ​ខ្ញុំ​នឹង​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ»។ 12ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​គាត់​ដេក​លក់ នោះ​គាត់​នឹង​បាន​ជា​វិញ​មិន​ខាន»។ 13ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ពី​គាត់​ស្លាប់​ទេ តែ​គេ​ស្មាន​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំពី​គាត់​គ្រាន់​តែ​ដេក​លក់​ធម្មតា។ 14ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ហើយ 15តែ​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា ខ្ញុំ​សប្បាយ​ដែល​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ តែ​ឥឡូវ​នេះ ចូរ​យើង​នាំ​គ្នា​ទៅ​ផ្ទះ​គាត់»។ 16ថូម៉ាស​ដែល​ហៅ​ថា ឌីឌីម ពោល​ទៅ​ពួក​សិស្ស​ជា​គូ​កន​គាត់​ថា៖ «មក! យើង​នាំ​គ្នា​ទៅ​ដែរ ដើម្បី​ប្តូរ​ស្លាប់​ជា​មួយ​ព្រះ‌អង្គ»។
ព្រះ‌យេស៊ូវ​ជា​សេចក្តី​រស់​ឡើង​វិញ និង​ជា​ជីវិត
17ពេល​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់ ព្រះ‌អង្គ​ជ្រាប​ថា ឡាសារ​នៅ​ក្នុង​ផ្នូរ​អស់​បួន​ថ្ងៃ​ហើយ។ 18ភូមិ​បេ‌ថានី​នោះ នៅ​ជិត​ក្រុង​យេរូ‌សាឡិម ប្រហែល​ជា​បី​គីឡូ‌ម៉ែត្រ 19ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កម្សាន្ត​ទុក្ខ​នាង​ម៉ាថា និង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់។ 20ពេល​ម៉ាថា​បាន​ឮ​ថា ព្រះ‌យេស៊ូវ​យាង​មក​ហើយ នាង​ចេញ​ទៅ​ទទួល​ព្រះ‌អង្គ រីឯ​ម៉ារា​វិញ​អង្គុយ​នៅ​ក្នុង​ផ្ទះ។ 21ម៉ាថា​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ ប្រសិន‌បើ​ព្រះ‌អង្គ​បាន​គង់​នៅ​ទី​នេះ ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ។ 22ប៉ុន្តែ សូម្បី​តែ​ពេល​នេះ ខ្ញុំ​ម្ចាស់​ដឹង​ថា អ្វី​ដែល​ព្រះ‌អង្គ​សូម​ពី​ព្រះ ព្រះ​នឹង​ប្រទាន​ឲ្យ​ព្រះ‌អង្គ​ជា​មិន​ខាន»។ 23ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ប្អូន​នាង​នឹង​រស់​ឡើង​វិញ»។ 24ម៉ាថា​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ម្ចាស់​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​វិញ​ដែរ»។ 25ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ និង​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ 26អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ។ តើ​នាង​ជឿ​សេចក្តី​នេះ​ឬ​ទេ?» 27នាង​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌ពរ​ព្រះ‌អម្ចាស់ ខ្ញុំ​ម្ចាស់​ជឿ​ហើយ ថា​ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​ពិភព​លោក​នេះ​មែន»។
ព្រះ‌យេស៊ូវ​ទ្រង់​ព្រះ‌កន្សែង
28ពេល​នាង​ម៉ាថា​និយាយ​ដូច្នេះ​ហើយ នាង​ក៏​ទៅ​ហៅ​ម៉ារា​ជា​ប្អូន ដោយ​ស្ងាត់ៗ​ថា៖ «លោក​គ្រូ​អញ្ជើញ​មក​ដល់​ហើយ លោក​ហៅ​ឯង»។ 29កាល​នាង​ម៉ារា​បាន​ឮ​ដូច្នេះ នាង​ក្រោក​ឡើង​ជា​ប្រញាប់​ទៅ​រក​ព្រះ‌អង្គ។ 30ពេល​នេះ ព្រះ‌យេស៊ូវ​មិន​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយទេ គឺ​ព្រះ‌អង្គ​គង់​នៅ​ត្រង់​កន្លែង​ដែល​ម៉ាថា​បាន​ជួប។ 31កាល​ពួក​សាសន៍​យូដា ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង កំពុង​កម្សាន្ត​ចិត្ត​នាង ឃើញ​ម៉ារា​ក្រោក​ឡើង ហើយ​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់​ដូច្នេះ គេ​ក៏​ទៅ​តាម​នាង ព្រោះ​គេ​គិត​ថា​នាង​ទៅ​យំ​នៅ​ឯ​ផ្នូរ។ 32ពេល​នាង​ម៉ារា​ទៅ​ដល់​កន្លែង​ដែល​ព្រះ‌យេស៊ូវ​គង់​នៅ ហើយ​ឃើញ​ព្រះ‌អង្គ នាង​ក្រាប​នៅ​ទៀប​ព្រះ‌បាទ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​ព្រះ‌អង្គ​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​ស្លាប់​ទេ»។ 33កាល​ព្រះ‌យេស៊ូវ​ឃើញ​នាង​យំ ហើយ​ពួក​សាសន៍​យូដា ដែល​មក​ជា​មួយ​នាង​យំ​ដែរ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល និង​រន្ធត់​យ៉ាង​ខ្លាំង។ 34ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​បញ្ចុះ​សព​គាត់​នៅ​ឯ​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់ សូម​យាង​ទៅ​មើល​ចុះ»។ 35ព្រះ‌យេស៊ូវ​ទ្រង់​ព្រះ‌កន្សែង។ 36ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ថា៖ «មើល៍! លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎»។ 37ប៉ុន្តែ អ្នក​ខ្លះ​និយាយ​ថា៖ «លោក​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​បាន​ភ្លឺ ហេតុ​អ្វី​បាន​ជា​មិន​ឃាត់​មនុស្ស​នេះ​កុំ​ឲ្យ​ស្លាប់​ផង​ទៅ?»
ព្រះ‌យេស៊ូវ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ
38ពេល​នោះ ព្រះ‌យេស៊ូវ​រំជួល​ព្រះ‌ហឫ‌ទ័យ​ម្តង​ទៀត រួច​យាង​ទៅ​ឯ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ មាន​ថ្ម​មួយ​បិទ​សន្ធប់។ 39ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​ថ្ម​ចេញ» តែ​ម៉ាថា ជា​បង​ស្រី​របស់​សព ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សព​នេះ​ធុំ​ក្លិន​អាក្រក់ ព្រោះ​ស្លាប់​បួន​ថ្ងៃ​មក​ហើយ»។ 40ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា ប្រសិន‌បើ​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី​ល្អ​នៃ​ព្រះ​ទេ​ឬ?» 41ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ​ទៅ​លើ ទូល​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ ទូល​បង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ។ 42ទូល​បង្គំ​ដឹង​ថា ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ​ជា‌និច្ច តែ​ដែល​ទូល​បង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​ជន​ដែល​ឈរ​នៅ​ទី​នេះ ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក​មែន»។ 43ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ទ្រង់​បន្លឺ​ព្រះ​សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «ឡាសារ​អើយ ចេញ​មក!» 44អ្នក​ដែល​បាន​ស្លាប់​នោះ​ក៏​ចេញ​មក ទាំង​មាន​សំពត់​ស្នប​រុំ​ជាប់​នៅ​ដៃ​ជើង ហើយ​មាន​កន្សែង​គ្រប​មុខ​ផង ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្រាយ​ក្រណាត់​គាត់​ចេញ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។
ការ​ឃុប‌ឃិត​ធ្វើ​គុត​ព្រះ‌យេស៊ូវ
45ដូច្នេះ កាល​ពួក​សាសន៍​យូដា​ជា​ច្រើន ដែល​មក​តាម​នាង​ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ គេ​ក៏​ជឿ​ដល់​ព្រះ‌អង្គ 46តែ​មាន​ខ្លះ​បាន​ទៅ​ជួប​ពួក​ផារិ‌ស៊ី ហើយ​ប្រាប់​ពី​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ។ 47ពេលនោះ ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​បាន​ប្រមូល​ក្រុម​ប្រឹក្សា​មក ហើយ​ពោល​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច? ព្រោះ​មនុស្ស​នេះ​ធ្វើ​ទី​សម្គាល់​ច្រើន​ណាស់។ 48បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​គាត់ ហើយ​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក និង​ជាតិ​យើង​ផង!»។ 49មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ឈ្មោះ​កៃផា ដែល​ជា​សម្តេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ! 50ក៏​មិន​យល់​ថា បើ​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តា‌ជន​នេះ នោះ​មាន​ប្រយោជន៍​ជាង ដើម្បី​កុំ​ឲ្យ​សាសន៍​ទាំង​មូល​ត្រូវ​វិនាស»។ 51លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​មែន​ដោយ​គំនិត​របស់​លោក​ទេ គឺ​ដោយ​ព្រោះ​លោក​ជា​សម្តេច​សង្ឃ​នៅ​ឆ្នាំ​នោះ លោក​បាន​ទាយ​ថា ព្រះ‌យេស៊ូវ​ត្រូវ​សុគត​ជំនួស​សាសន៍​នោះ 52ហើយ​មិន​ត្រឹម​តែ​ជំនួស​សាសន៍​នោះ​ប៉ុណ្ណោះ គឺ​សុគត​ដើម្បី​ឲ្យ​អស់​ទាំង​កូន​របស់​ព្រះ ដែល​ខ្ចាត់‌ខ្ចាយ​ទៅ បាន​ប្រមូល​រួម​មក​ជា​សាសន៍​តែ​មួយ​ដែរ។ 53ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ។
54ដូច្នេះ ព្រះ‌យេស៊ូវ​មិន​យាង​ទៅ​មក​ដោយ​ចេញ​មុខ ឲ្យ​ពួក​សាសន៍​យូដា​ឃើញ​ទៀត​ឡើយ គឺ​ព្រះ‌អង្គ​យាង​ទៅ​ឯ​ស្រុក​ស្រែ​ក្បែរ​ទី​រហោ‌ស្ថាន​វិញ ដល់​ភូមិ​មួយ​ហៅ​ថា អេប្រា‌អិម ហើយ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស។
55ពេលនោះ ថ្ងៃ​បុណ្យ​រំលង​របស់​សាសន៍​យូដា ក៏​ជិត​មក​ដល់ មាន​មនុស្ស​ជា​ច្រើន​ចេញ​ពី​ស្រុក​ស្រែ ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​មុន​បុណ្យ​នោះ ដើម្បី​ឲ្យ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ។ 56ពេល​គេ​កំពុង​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ គេ​សួរ​រក​ព្រះ‌យេស៊ូវ​ថា៖ «តើ​អ្នក​គិត​ដូច​ម្តេច? លោក​មិន​មកចូល​រួម​ពិធី​បុណ្យ​នេះ​ទេ​ឬ?» 57ប៉ុន្តែ ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​បាន​បង្គាប់​ថា បើ​អ្នក​ណា​ដឹង​ថា​ព្រះ‌អង្គ​គង់​នៅ​ឯ​ណា ត្រូវ​ប្រាប់​គេ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​គេ​បាន​ទៅ​ចាប់​ព្រះ‌អង្គ។

Uwcholeuo

Rhanna

Copi

None

Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda