រ៉ូម 12:9-21
រ៉ូម 12:9-21 គខប
ចូរមានចិត្តស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមកដោយចិត្តគោរព។ ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអម្ចាស់ដោយចិត្តក្លៀវក្លា។ ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន*។ ត្រូវជួយទំនុកបម្រុងប្រជាជនដ៏វិសុទ្ធ*ដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។ ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូន ត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។ ត្រូវមានចិត្តគំនិតចុះសំរុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយ តែត្រូវចាប់ចិត្តនឹងអ្វីៗដែលទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាជាអ្នកមានប្រាជ្ញាឡើយ ។ កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ ត្រូវគិតតែពីប្រព្រឹត្តអំពើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។ ផ្នែកឯខាងបងប្អូន ប្រសិនបើបងប្អូនអាចធ្វើបាន ត្រូវរស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ទៅ។ បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកឲ្យព្រះជាម្ចាស់សម្តែងព្រះពិរោធចំពោះគេវិញ ដ្បិតមានចែងទុកមកថា: «ព្រះអម្ចាស់មានព្រះបន្ទូលថា “ការសងសឹកស្រេចតែលើយើង គឺយើងទេតើដែលនឹងតបទៅគេ” ។ ផ្ទុយទៅវិញ “ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកម្ហូបអាហារឲ្យគេបរិភោគទៅ ប្រសិនបើគេស្រេក ចូរឲ្យទឹកគេផឹកផង ធ្វើដូច្នេះ ប្រៀបបីដូចជាប្រមូលរងើកភ្លើងទៅដាក់ពីលើក្បាលរបស់គេ”» ។ មិនត្រូវចាញ់ការអាក្រក់ឡើយ គឺត្រូវឈ្នះការអាក្រក់ ដោយប្រព្រឹត្តអំពើល្អវិញ។