YouVersion Logo
Search Icon

រ៉ូម 12

12
ជីវិត​ថ្មី​ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់
1ហេតុ​នេះ បងប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​បងប្អូន​ថា ដោយ​ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​បងប្អូន ចូរ​ថ្វាយ​ខ្លួន​ទៅ​ព្រះអង្គ ទុក​ជា​យញ្ញ‌បូជា​ដ៏​មាន​ជីវិត​ដ៏វិសុទ្ធ* ហើយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់។ បើ​បងប្អូន​ធ្វើ​ដូច្នេះ ទើប​ហៅ​ថា​គោរព​បម្រើ​ព្រះអង្គ​តាម​របៀប​ត្រឹម​ត្រូវ​មែន​ ។ 2មិន​ត្រូវ​យក​តម្រាប់​តាម​និស្ស័យ​លោកីយ៍​នេះ​ឡើយ ត្រូវ​ទុក​ឲ្យ​ព្រះ‌ជា‌ម្ចាស់​កែ​ប្រែ​ចិត្ត​គំនិត​បងប្អូន ឲ្យ​ទៅ​ជា​ថ្មី​ទាំង​ស្រុង​វិញ ដើម្បី​ឲ្យ​បងប្អូន​ចេះ​ពិចារណា​មើល​ថា ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្វី​ខ្លះ គឺ​អ្វី​ដែល​ល្អ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ និង​គ្រប់​លក្ខណៈ។
3ខ្ញុំ​សូម​ជម្រាប​បងប្អូន តាម​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​ថា ម្នាក់ៗ​មិន​ត្រូវ​លើក​តម្លៃ​ខ្លួន​ឯង​ខ្ពស់ ហួស​ពី​គំនិត​ដែល​ត្រូវ​គិត​នោះ​ឡើយ តែ​ត្រូវ​គិត​ឲ្យ​បាន​សមរម្យ​តាម​កម្រិត​នៃ​ជំនឿ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​ម្នាក់ៗ។ 4 រូប​កាយ​មនុស្ស​យើង​មាន​សរី‌រាង្គ​ច្រើន ហើយ​សរី‌រាង្គ​នីមួយៗ​មាន​មុខងារ​ខុសៗ​គ្នា​យ៉ាង​ណា 5យើង​ក៏​ដូច្នោះ​ដែរ យើង​មាន​គ្នា​ច្រើន​រួម​ជា​ព្រះ‌កាយ​តែ​មួយ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ហើយ​ម្នាក់ៗ​ជា​សរី‌រាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ 6 យើង​មាន​ព្រះ‌អំណោយ​ទាន​ប្លែកៗ​ពី​គ្នា ស្រប​តាម​ព្រះ‌គុណ​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​មក​យើង។ ប្រសិន​បើ​បងប្អូន​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ថ្លែង*​ព្រះ‌បន្ទូល ត្រូវ​ថ្លែង​ឲ្យ​ស្រប​តាម​ជំនឿ 7អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បម្រើ ចូរ​បម្រើ​ទៅ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បង្រៀន ចូរ​បង្រៀន​ទៅ 8អ្នក​ដែល​លើក​ទឹក​ចិត្ត​បងប្អូន ចូរ​លើក​ទឹក​ចិត្ត​គេ​ទៅ អ្នក​ដែល​ចែក​ទ្រព្យ​របស់​ខ្លួន​ ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ​សរ អ្នក​ដែល​ដឹក​នាំ ចូរ​ដឹក​នាំ​ដោយ​ចិត្ត​ខ្នះ‌ខ្នែង អ្នក​ដែល​ចែក​ទាន​ដល់​ជន​ក្រីក្រ ចូរ​ចែក​ឲ្យ​គេ​ដោយ​ចិត្ត​ត្រេក​អរ។
9ចូរ​មាន​ចិត្ត​ស្រឡាញ់ ដោយ​ឥត​លាក់​ពុត​ឡើយ។ ចូរ​ស្អប់​ខ្ពើម​អ្វីៗ​ដែល​អាក្រក់ ហើយ​ជាប់​ចិត្ត​តែ​នឹង​អ្វីៗ​ដែល​ល្អ​វិញ។ 10ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បងប្អូន​បង្កើត។ ត្រូវ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​គោរព។ 11ត្រូវ​ឧស្សាហ៍​ខ្នះ‌ខ្នែង កុំ​ខ្ជិល​ច្រអូស​ឡើយ។ ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ក្លៀវ‌ក្លា។ 12ចូរ​សប្បាយ​រីក‌រាយ​ដោយ​ចិត្ត​សង្ឃឹម។ ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន*។ 13ត្រូវ​ជួយ​ទំនុក​បម្រុង​ប្រជា‌ជន​ដ៏វិសុទ្ធ*​ដែល​ខ្វះ​ខាត ព្រម​ទាំង​ទទួល​ភ្ញៀវ​ដោយ​រាក់‌ទាក់​ផង។
14 ត្រូវ​ជូន​ពរ​អស់​អ្នក​ដែល​បៀត‌បៀន​បងប្អូន ត្រូវ​ជូន​ពរ​គេ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។ 15ចូរ​អរ​សប្បាយ​ជា​មួយ​អស់​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​សោក​ជា​មួយ​អស់​អ្នក​ដែល​យំ​សោក។ 16 ត្រូវ​មាន​ចិត្ត​គំនិត​ចុះ​សំរុង​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​មាន​គំនិត​លើក​ខ្លួន​ឡើយ តែ​ត្រូវ​ចាប់​ចិត្ត​នឹង​អ្វីៗ​ដែល​ទន់‌ទាប​វិញ។ មិន​ត្រូវ​អួត​ខ្លួន​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ
17កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ ត្រូវ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ​ ។ 18ផ្នែក​ឯ​ខាង​បងប្អូន ប្រសិន​បើ​បងប្អូន​អាច​ធ្វើ​បាន ត្រូវ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជា​មួយ​មនុស្ស​ទាំង​អស់​ទៅ។ 19 បងប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​សង‌សឹក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ទុក​ឲ្យ​ព្រះ‌ជា‌ម្ចាស់​សម្តែង​ព្រះ‌ពិរោធ​ចំពោះ​គេ​វិញ ដ្បិត​មាន​ចែង​ទុក​មក​ថា: «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ការ​សង‌សឹក​ស្រេច​តែ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ទៅ​គេ”20 ផ្ទុយ​ទៅ​វិញ “ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ ប្រសិន​បើ​គេ​ស្រេក ចូរ​ឲ្យ​ទឹក​គេ​ផឹក​ផង ធ្វើ​ដូច្នេះ ប្រៀប​បី​ដូច​ជា​ប្រមូល​រងើក​ភ្លើង​ទៅ​ដាក់​ពី​លើ​ក្បាល​របស់​គេ”»21មិន​ត្រូវ​ចាញ់​ការ​អាក្រក់​ឡើយ គឺ​ត្រូវ​ឈ្នះ​ការ​អាក្រក់ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។

Currently Selected:

រ៉ូម 12: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in