YouVersion Logo
Search Icon

វិវរណៈ 19

19
ចម្រៀង​ជោគ​ជ័យ និង​វិវាហ‌មង្គល‌ការ​របស់​កូន​ចៀម
1បន្ទាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​មក ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​យ៉ាង​ខ្លាំង​របស់​មហា‌ជន​ច្រើន​កុះ‌ករ​នៅ​លើ​មេឃ​ថា៖ «ហាលេ‌លូយ៉ា!​ សូម​លើក​តម្កើង​ព្រះ‌ជា‌ម្ចាស់​នៃ​យើង ព្រះអង្គ​សង្គ្រោះ​យើង ព្រះអង្គ​ប្រកប​ដោយ​សិរី‌រុងរឿង និង​ឫទ្ធា‌នុភាព 2 ដ្បិត​ព្រះអង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌។ ព្រះអង្គ​បាន​វិនិច្ឆ័យ​ទោស​ស្ត្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​បាន​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សៅ‌ហ្មង ដោយ​កាម‌គុណ​របស់​នាង ព្រះអង្គ​បាន​ដាក់​ទោស​ស្ត្រី​ពេស្យា​នោះ ព្រោះ​នាង​បាន​បង្ហូរ​ឈាម​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ»។ 3 មហា‌ជន​ទាំង​នោះ​ពោល​ម្ដង​ទៀត​ថា៖ «ហាលេ‌លូយ៉ា! ផ្សែង​នៃ​ក្រុង​នោះ​នឹង​ហុយ​ឡើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។
4ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​រូប និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​នាំ​គ្នា​ក្រាប​ចុះ ហើយ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទាំង​ពោល​ថា៖ «អាម៉ែន! ហាលេ​លូយ៉ា!»។ 5 មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ព្រះ‌ជា‌ម្ចាស់ អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ​ទាំង​តូច​ទាំង​ធំ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌ជា‌ម្ចាស់​នៃ​យើង!»។ 6 ពេល​នោះ ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា! ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​តាំង​ព្រះ‌រាជ្យ​របស់​ព្រះអង្គ​ហើយ 7យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឲ្យ​ខ្លាំង ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះអង្គ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ ភរិយា​ ថ្មោង​ថ្មី​របស់​កូន​ចៀម​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។ 8ព្រះអង្គ​ប្រទាន​ឲ្យ​នាង​ស្លៀក​ពាក់​រុងរឿង ភ្លឺ​ចិញ្ចែង‌ចិញ្ចាច និង​បរិសុទ្ធ។ សម្លៀក‌បំពាក់​ដ៏​រុងរឿង​នោះ​គឺ​ជា​អំពើ​សុចរិត​ផ្សេងៗ ដែល​ប្រជា‌ជន​ដ៏វិសុទ្ធ​បាន​ប្រព្រឹត្ត»។
9 ទេវតា*​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​កត់‌ត្រា​ទុក អ្នក​ណា​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គល‌ការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល*​ហើយ!»។ បន្ទាប់​មក ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «សេចក្ដី​ទាំង​នេះ​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់​មែន»។ 10ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា​នោះ បម្រុង​នឹង​ថ្វាយ‌បង្គំ​លោក ប៉ុន្តែ លោក​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​លោក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​បងប្អូន​លោក ដែល​ជឿ​លើ​សក្ខីភាព​របស់​ព្រះ‌យេស៊ូ​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់​វិញ! ដ្បិត​សក្ខីភាព​របស់​ព្រះ‌យេស៊ូ គឺ​វិញ្ញាណ​ដែល​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌ជា‌ម្ចាស់»​ ។
ជ័យ‌ជម្នះ​របស់​ព្រះ‌គ្រិស្ត​លើ​សត្វ​តិរច្ឆាន និង​លើ​ព្យាការី​ក្លែង‌ក្លាយ
11 បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ ព្រះអង្គ​ដែល​គង់​នៅ​លើ​សេះ​នោះ មាន​ព្រះ‌នាម​ថា «ព្រះ​ដ៏​ស្មោះ​ត្រង់ ព្រះ​ដ៏​ពិត​ប្រាកដ» ព្រះអង្គ​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្តិធម៌។ 12 ព្រះអង្គ​មាន​ព្រះ‌នេត្រ​ដូច​អណ្ដាត​ភ្លើង ហើយ​មាន​មកុដ​ជា​ច្រើន​នៅ​លើ​ព្រះ‌សិរសា​ផង។ នៅ​លើ​ព្រះ‌កាយ​ព្រះអង្គ​មាន​សរសេរ​ព្រះ‌នាម​មួយ ក្រៅ​ពី​ព្រះអង្គ គ្មាន​នរណា​ស្គាល់​ព្រះ‌នាម​នោះ​ឡើយ 13ព្រះអង្គ​មាន​សម្លៀក‌បំពាក់​ទទឹក​ឈាម​ជោក។ ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់»។ 14កង‌ទ័ព​នៅ​ស្ថាន​សួគ៌​នាំ​គ្នា​ជិះ​សេះ​ស​មក​តាម​ព្រះអង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេស‌ឯក​ពណ៌​ស និង​បរិសុទ្ធ*។ 15 មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ មក​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយព្រះអង្គ​នឹង​កាន់​ដំបង​ដែក​ដឹក​នាំ​គេ ហើយ​ព្រះអង្គ​ជាន់​ទំពាំង‌បាយជូរ​នៅ​ក្នុង​ធុង ឲ្យ​ចេញ​ជា​ស្រា​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់។ 16នៅ​លើ​ព្រះ‌ភូសា និង​លើ​ភ្លៅ​របស់​ព្រះអង្គ មាន​សរសេរ​ព្រះ‌នាម​ថា «ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​នានា និង​ព្រះ‌អម្ចាស់​លើ​អម្ចាស់​នានា»។
17 ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ឈរ​នៅ​ក្នុង​ព្រះ‌អាទិត្យ។ ទេវតា​នោះ​បន្លឺ​សំឡេង​ខ្លាំងៗ​ទៅ​កាន់​សត្វ​ស្លាប​ទាំង​អស់ ដែល​ហើរ​នៅ​កណ្ដាល​អាកាស‌វេហាស៍​ថា៖ «ចូរ​នាំ​គ្នា​មក! ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដ៏​មហោ‌ឡារិក​របស់​ព្រះ‌ជា‌ម្ចាស់ 18ដើម្បី​ស៊ី​សាច់​ពួក​ស្ដេច សាច់​ពួក​មេ‌ទ័ព សាច់​ពួក​អ្នក​ខ្លាំង​ពូកែ សាច់​សេះ និង​សាច់​ពួក​អ្នក​ជិះ​សេះ ព្រម​ទាំង​សាច់​មនុស្ស​ទាំង​អស់ គឺ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ»។
19ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន និង​ពួក​ស្ដេច​នានា​នៅ​លើ​ផែនដី ព្រម​ទាំង​កង‌ទ័ព​របស់​គេ ប្រមូល​គ្នា​មក​ច្បាំង​នឹង​ព្រះអង្គ ដែល​គង់​នៅ​លើ​សេះ និង​កង‌ទ័ព​របស់​ព្រះអង្គ។ 20 សត្វ​តិរច្ឆាន​បាន​ជាប់​ជា​ឈ្លើយ​សឹក ហើយ​ព្យាការី​ក្លែង‌ក្លាយ​ដែល​បាន​សម្តែង​ទី​សម្គាល់​អស្ចារ្យ​នៅ​មុខ​សត្វ​នោះ ក៏​បាន​ជាប់​ជា​ឈ្លើយ​ដែរ គឺ​ព្យាការី​ក្លែង‌ក្លាយ​ហ្នឹង​ហើយ ដែល​បាន​នាំ​អស់​អ្នក​មាន​សញ្ញា​សម្គាល់​របស់​សត្វ​តិរច្ឆាន និង​អ្នក​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​សត្វ​នោះ​ឲ្យ​វង្វេង។ គេ​បាន​បោះ​ពួក​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែង‌ក្លាយ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង​ដែល​មាន​ស្ពាន់ធ័រ​កំពុង​ឆេះ។ 21រីឯ​អ្នក​ឯ​ទៀតៗ​ក៏​បាន​ស្លាប់​ដោយ​ដាវ ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ​ដែល​គង់​នៅ​លើ​សេះ ហើយ​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ក៏​បាន​ស៊ី​សាច់​ពួក​គេ​ឆ្អែត​រៀងៗ​ខ្លួន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in