YouVersion Logo
Search Icon

វិវរណៈ 18

18
ក្រុង​បាប៊ី‌ឡូន​រលំ
1ក្រោយ​មក ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ទៀត មាន​អំណាច​ដ៏​ខ្លាំង​ពូកែ ចុះ​ពី​លើ​មេឃ​មក ហើយ​សិរី‌រុងរឿង​របស់​ទេវតា​នោះ​ភ្លឺ​ចាំង​មក​លើ​ផែនដី។ 2 លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «រលំ​ហើយ! មហា​នគរ​បាប៊ី‌ឡូន​បាន​រលំ​ហើយ!។ ក្រុង​នេះ​បាន​ក្លាយ​ទៅ​ជា​លំ‌នៅ​របស់​ពួក​អារក្ស ជា​ជម្រក​របស់​វិញ្ញាណ​អាក្រក់​ទាំង​អស់ ហើយ​ក៏​ជា​ជម្រក​របស់​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ដែល​មិន​បរិសុទ្ធ គួរ​ឲ្យ​ខ្ពើម 3 ព្រោះ​ក្រុង​នេះ​បាន​នាំ​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ស្រវឹង​នឹង​កាម‌គុណ​ដ៏​ថោក​ទាប​បំផុត​របស់​វា​ ។ ពួក​ស្ដេច​នៅ​លើ​ផែនដី​នាំ​គ្នា​ប្រាស‌ចាក​សីលធម៌​ជា​មួយ​ក្រុង​នេះ ហើយ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​រក​ស៊ី​មាន​បាន ក៏​ដោយ‌សារ​តែ​ឫទ្ធា‌នុភាព​នៃ​ទ្រព្យ‌សម្បត្តិ​ដ៏​ហូរ‌ហៀរ​របស់​ក្រុង​នេះ​ដែរ»។
4 ខ្ញុំ​ឮ​សំឡេង​មួយ​ទៀត​ពី​លើ​មេឃ​មក​ថា៖ «ប្រជា‌រាស្ត្រ​របស់​យើង​អើយ! ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​នេះ​ទៅ ដើម្បី​កុំ​ឲ្យ​ចូល​រួម​នឹង​អំពើ​បាប​របស់​គេ ហើយ​រង​គ្រោះ​កាច​ជា​មួយ​គេ​ឡើយ 5 ដ្បិត​បាប​របស់​ក្រុង​នេះ​គរ​ឡើង​ខ្ពស់​ដល់​មេឃ ព្រះ‌ជា‌ម្ចាស់​នៅ​តែ​នឹក​ឃើញ​អំពើ​ទុច្ចរិត​របស់​គេ។ 6 ចូរ​សង​ទៅ​ក្រុង​នេះ​ឲ្យ​សម​នឹង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត បើ​គេ​ប្រព្រឹត្ត​យ៉ាង​ណា ត្រូវ​តប​ស្នង​ទៅ​គេ​វិញ​មួយ​ជា​ពីរ ហើយ​ចាក់​បំពេញ​ពែង ដែល​គេ​បាន​ប្រុង​ប្រៀប​ស្រេច​ហើយ​នោះ មួយ​ជា​ពីរ​ដែរ! 7 ក្រុង​នេះ​បាន​តម្កើង​ខ្លួន និង​រស់​នៅ​យ៉ាង​សម្បូណ៌​ហូរ‌ហៀរ​ដល់​កម្រិត​ណា ត្រូវ​ធ្វើ​ឲ្យ​គេ​វេទនា​ខ្លោច‌ផ្សា និង​កាន់​ទុក្ខ​ដល់​កម្រិត​នោះ​ដែរ ដ្បិត​គេ​បាន​និយាយ​ក្នុង​ចិត្ត​ថាៈ“អញ​អង្គុយ​សោយ​រាជ្យ​ក្នុង​ឋានៈ​ជា​មហា‌ក្សត្រិ‌យានី អញ​មិន​មែន​ជា​ស្ត្រី​មេម៉ាយ​ទេ ហើយ​អញ​នឹង​មិន​កាន់​ទុក្ខ​ឡើយ!”8ហេតុ​នេះ គ្រោះ​កាច​ផ្សេងៗ​នឹង​កើត​មាន​ដល់​ក្រុង​នេះ ក្នុង​ថ្ងៃ​តែ​មួយ គឺ​អ្នក​ក្រុង​នឹង​ត្រូវ​ស្លាប់ កាន់​ទុក្ខ ស្រេក​ឃ្លាន ហើយ​នឹង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ក្រុង​ថែម​ទៀត​ផង ដ្បិត​ព្រះ‌ជា‌អម្ចាស់​ដែល​វិនិច្ឆ័យ​ទោស​ក្រុង​នេះ ទ្រង់​ប្រកប​ដោយ​ឥទ្ធិ‌ឫទ្ធិ។ 9 ពេល​ស្ដេច​នានា​នៅ​លើ​ផែនដី​ដែល​បាន​ប្រាស‌ចាក​សីលធម៌​ជា​មួយ​ក្រុង​នេះ ព្រម​ទាំង​ឈ្លក់​នឹង​ទ្រព្យ​សម្បត្តិ​ដ៏​ហូរ‌ហៀរ​របស់​វា ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​តែ​ឆេះ មុខ​ជា​យំ​សោក​សង្រេង​អាណិត​ក្រុង​នេះ​មិន​ខាន។ 10ស្ដេច​ទាំង​នោះ​ឈរ​ពី​ចម្ងាយ ដោយ​តក់‌ស្លុត​នឹង​ទុក្ខ​ទោស ដែល​កើត​មាន​ដល់​ក្រុង​នេះ ហើយ​នាំ​គ្នា​ពោល​ថា “វេទនា​ហើយ! វេទនា​ហើយ​មហា‌នគរ​អើយ! ក្រុង​បាប៊ី‌ឡូន​ដ៏​ខ្លាំង​ពូកែ​អើយ! ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង អ្នក​ត្រូវ​វិនាស​អន្តរាយ​អស់”។ 11 ពេល​នោះ ពួក​ឈ្មួញ​នៅ​លើ​ផែនដី​ក៏​នាំ​គ្នា​យំ​សោក និង​កាន់​ទុក្ខ ព្រោះ​តែ​ក្រុង​នេះ​ដែរ ដ្បិត​គ្មាន​នរណា​ទិញ​ទំនិញ​របស់​ខ្លួន​ទៀត​ឡើយ 12 ទំនិញ​ទាំង​នោះ​គឺ​មាស ប្រាក់ ត្បូង ពេជ្រ ក្រណាត់ ទេស‌ឯក ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​សូត្រ ក្រណាត់​ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​មុខ គ្រឿង​ភ្លុក គ្រឿង​ផ្សេងៗ​ដែល​ធ្វើ​ពី​ឈើ​ដ៏​មាន​តម្លៃ ធ្វើ​ពី​លង្ហិន ធ្វើ​ពី​ដែក និង​ធ្វើ​ពី​ថ្ម​កែវ 13សំបក​សម្បុរ​ល្វែង​ សំបក​ខ្លឹមចន្ទន៍ ទឹក​អប់ ជ័រ​ល្វីង‌ទេស គ្រឿង​ក្រអូប ស្រា ប្រេង ម្សៅ‌ម៉ដ្ដ ស្រូវ គោ ចៀម សេះ រទេះ អ្នក​ងារ និង​អ្នក​ជាប់​ឈ្លើយ​ ។ 14ពួក​ឈ្មួញ​ទាំង​នោះ​ពោល​ទៅ​កាន់​ក្រុង​បាប៊ី‌ឡូន​ថា: “ភោគ​ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​នោះ​រសាត់​បាត់​អស់​ទៅ​ហើយ វត្ថុ​ដ៏​មាន​តម្លៃ និង​មាន​លំអ​ដ៏​ប្រណីត​ទាំង​ប៉ុន្មាន​នោះ អ្នក​បាត់​បង់​ទាំង​អស់ គ្មាន​នរណា​រក​បាន​ទៀត​ឡើយ!”។ 15 ពួក​ឈ្មួញ​ដែល​រក​ស៊ី​មាន​បាន​ដោយ​លក់​ទំនិញ​នៅ​ក្រុង​នេះ នាំ​គ្នា​ឈរ​ពី​ចម្ងាយ ដោយ​តក់‌ស្លុត​នឹង​ទុក្ខ​ទោស​ដែល​កើត​មាន​ដល់​ក្រុង ទាំង​យំ​សោក និង​កាន់​ទុក្ខ​ទៀត​ផង។ 16គេ​ពោល​ថា “វេទនា​ហើយ! វេទនា​ហើយ​មហា​នគរ​ដែល​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក ក្រណាត់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិន‌ឆ្អៅ ព្រម​ទាំង​ពាក់​មាស ត្បូង និង​ពេជ្រ​តុប‌តែង​ខ្លួន! 17 ភោគ​សម្បត្តិ​ដ៏​ច្រើន​នេះ​បាន​វិនាស​ហិន‌ហោច​អស់​តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ!”។ ពួក​អ្នក​បើក​សំពៅ ពួក​អ្នក​ជិះ​សំពៅ​តាម​នោះ កម្មករ​សំពៅ និង​អ្នក​រក​ស៊ី​តាម​ជើង​ទឹក​ទាំង​ប៉ុន្មាន នាំ​គ្នា​នៅ​ពី​ចម្ងាយ។ 18 ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង ដែល​កំពុង​តែ​ឆេះ គេ​នាំ​គ្នា​ស្រែក​ថា “តើ​មាន​ក្រុង​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​មហា​នគរ​នេះ​បាន!”។ 19 គេ​បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន ហើយ​នាំ​គ្នា​យំ​សោក និង​កាន់​ទុក្ខ ទាំង​ពោល​ថាៈ“វេទនា​ហើយ! វេទនា​ហើយ! មហា​នគរ​ដែល​ធ្វើ​ឲ្យ​ពួក​ម្ចាស់​សំពៅ​នៅ​តាម​សមុទ្រ​រក​ស៊ី​មាន​បាន ដោយ‌សារ​តែ​ភោគ​សម្បត្តិ​របស់​ក្រុង​នេះ។ ក្នុង​ពេល​តែ​មួយ​ម៉ោង​ក្រុង​នេះ​ទៅ​ជា​ស្ងាត់​ជ្រងំ!”។
20 ស្ថាន​បរម‌សុខ​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* សាវ័ក* និង​ព្យាការី* ចូរ​អរ​សប្បាយ​ដែរ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ដាក់​ទោស​ក្រុង​នេះ​ហើយ»។
21 ពេល​នោះ ទេវតា*​មួយ​រូប​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ត្បាល់​កិន បោះ​ទៅ​ក្នុង​សមុទ្រ ទាំង​ពោល​ថា៖ «គេ​នឹង​ច្រាន​ក្រុង​បាប៊ី‌ឡូន​មហា​នគរ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ដូច្នោះ​ដែរ!។ គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ22 គេ​នឹង​លែង​ឮ​សំឡេង​តូរ្យ​តន្ត្រី​របស់​ពួក​អ្នក​លេង​ពិណ អ្នក​ភ្លេង អ្នក​ផ្លុំ​ខ្លុយ និង​អ្នក​ផ្លុំ​ត្រែ ក្នុង​ឯង​ទៀត​ហើយ។ រីឯ​ពួក​ជាង​ទាំង‌ឡាយ​ដែល​ប្រកប​របរ​គ្រប់​មុខ​ក៏​លែង​មាន ហើយ​សំឡេង​ត្បាល់​កិន​ក៏​លែង​ឮ​ទៀត​ដែរ។ 23ក្នុង​ឯង​លែង​មាន​ពន្លឺ​ចង្កៀង​ទៀត សំឡេង​គូ​ស្វាមី‌ភរិយា​ថ្មោង​ថ្មី​ក៏​លែង​ឮ​ទៀត​ដែរ ដ្បិត​ពួក​ឈ្មួញ​ដែល​រក​ស៊ី​ក្នុង​ឯង សុទ្ធ​តែ​ជា​អ្នក​ធំ​ជាង​គេ​នៅ​លើ​ផែនដី​នេះ វិជ្ជា​ធ្មប់​របស់​ឯង​បាន​នាំ​ជាតិ​សាសន៍​ទាំង​អស់​ឲ្យ​វង្វេង 24 ហើយ​នៅ​ក្នុង​ឯង ឃើញ​មាន​ឈាម​របស់​ពួក​ព្យាការី ឈាម​របស់​ប្រជា‌ជន​ដ៏វិសុទ្ធ និង​ឈាម​របស់​អស់​អ្នក​ដែល​ត្រូវ​គេ​សម្លាប់​នៅ​លើ​ផែនដី​នេះ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in