វិវរណៈ 17
17
ការវិនិច្ឆ័យទោសស្ត្រីពេស្យា
1 បន្ទាប់មក ទេវតា*មួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យលោកឃើញការវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលអង្គុយលើមហាសមុទ្រ។ 2 ស្ដេចនៅផែនដីបាននាំគ្នាប្រាសចាកសីលធម៌ជាមួយស្ត្រីនោះ ហើយមនុស្សម្នានៅលើផែនដីក៏បាននាំគ្នាស្រវឹងនឹងកាមគុណជាមួយនាងដែរ»។
3 ទេវតានោះបានលើកវិញ្ញាណខ្ញុំឡើងនាំទៅកាន់វាលរហោស្ថាន*។ នៅទីនោះ ខ្ញុំឃើញស្ត្រីម្នាក់អង្គុយលើសត្វមួយសម្បុរក្រហមឆ្អិនឆ្អៅ ដែលមានសរសេរឈ្មោះផ្សេងៗពេញខ្លួនវា ជាឈ្មោះប្រមាថព្រះជាម្ចាស់។ សត្វនោះមានក្បាលប្រាំពីរ និងមានស្នែងដប់។ 4 ស្ត្រីនោះស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងតុបតែងខ្លួនដោយពាក់មាស ត្បូង និងពេជ្រទៀតផង។ នាងកាន់ពែងមាសមួយនៅដៃ ពោរពេញទៅដោយអំពើគួរឲ្យស្អប់ខ្ពើម និងកាមគុណដ៏ថោកទាបរបស់នាង។ 5នៅលើថ្ងាសនាងមានចារឈ្មោះមួយដ៏អាថ៌កំបាំង គឺ «មហានគរបាប៊ីឡូនជាម្ដាយរបស់ពួកស្ត្រីពេស្យា និងជាប្រភពនៃអំពើគួរឲ្យស្អប់ខ្ពើមនៅលើផែនដី»។ 6ខ្ញុំឃើញស្ត្រីនោះស្រវឹងឈាមរបស់ប្រជាជនដ៏វិសុទ្ធ* និងឈាមអស់អ្នកដែលជាបន្ទាល់របស់ព្រះយេស៊ូ។ ពេលឃើញស្ត្រីនោះ ខ្ញុំងឿងឆ្ងល់ខ្លាំងណាស់។ 7ទេវតាពោលមកកាន់ខ្ញុំថា៖ «ហេតុអ្វីបានជាលោកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់លោកឲ្យបានដឹងអត្ថន័យដ៏អាថ៌កំបាំងអំពីស្ត្រីនោះ និងអំពីសត្វដែលនាងជិះ មានក្បាលប្រាំពីរ និងស្នែងដប់។ 8 សត្វដែលលោកឃើញនោះ នៅសម័យដើម មានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរកអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះ មនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើមវាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។ 9ត្រង់នេះ តោងយកប្រាជ្ញាដ៏ឈ្លាសវៃមករិះគិត ទើបយល់ ក្បាលប្រាំពីរសំដៅទៅលើភ្នំទាំងប្រាំពីរដែលស្ត្រីនោះអង្គុយលើ ហើយក៏សំដៅទៅលើស្ដេចទាំងប្រាំពីរអង្គដែរ។ 10ស្ដេចប្រាំអង្គបានបាត់បង់រាជ្យទៅហើយ មួយអង្គទៀតកំពុងតែសោយរាជ្យ ហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេ។ ពេលស្ដេចនោះមកដល់ ស្ដេចនឹងសោយរាជ្យតែមួយភ្លែតប៉ុណ្ណោះ។ 11រីឯសត្វតិរច្ឆានដែលមានជីវិតកាលពីសម័យដើម តែឥឡូវគ្មានទេនោះ វានឹងមកធ្វើជាស្ដេចទីប្រាំបី។ វាក៏នៅក្នុងចំណោមស្ដេចទាំងប្រាំពីរនោះដែរ ហើយនឹងត្រូវវិនាសបាត់ទៅ។ 12 ស្នែងទាំងដប់ដែលលោកបានឃើញ សំដៅទៅលើស្ដេចដប់អង្គដែលពុំទាន់បានទទួលរាជសម្បត្តិនៅឡើយ តែស្ដេចទាំងនោះនឹងទទួលអំណាចធ្វើជាស្ដេច បានមួយម៉ោងរួមជាមួយសត្វតិរច្ឆាន។ 13ស្ដេចទាំងនោះមានគោលបំណងតែមួយដូចគ្នា គឺប្រគល់ឫទ្ធានុភាព និងអំណាចខ្លួន ទៅឲ្យសត្វតិរច្ឆាន។ 14ស្ដេចទាំងដប់នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអម្ចាស់នានា និងជាព្រះមហាក្សត្រលើមហាក្សត្រនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជម្នះរួមជាមួយកូនចៀមដែរ»។
15ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «មហាសមុទ្រដែលលោកបានឃើញ គឺមហាសមុទ្រដែលស្ត្រីពេស្យាអង្គុយលើនោះ សំដៅទៅលើប្រជារាស្ត្រ មហាជន ជាតិសាសន៍ និងភាសានានា។ 16រីឯស្នែងទាំងដប់ដែលលោកបានឃើញ ព្រមទាំងសត្វតិរច្ឆាន នឹងនាំគ្នាស្អប់ស្ត្រីពេស្យានោះ ហើយធ្វើឲ្យនាងនៅស្ងាត់ឈឹង ទាំងសម្រាតនាងឲ្យនៅខ្លួនទទេ គេនឹងស៊ីសាច់នាង និងយកនាងទៅដុតក្នុងភ្លើងទៀតផង 17ដ្បិតព្រះជាម្ចាស់បានបណ្ដាលឲ្យពួកគេមានចិត្ត ធ្វើតាមផែនការរបស់ព្រះអង្គ គឺមូលមតិគ្នាប្រគល់រាជសម្បត្តិទៅឲ្យសត្វតិរច្ឆាន រហូតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេចគ្រប់ប្រការ។ 18រីឯស្ត្រីដែលលោកបានឃើញនោះ គឺជាមហានគរដែលគ្រងរាជ្យលើស្ដេចនានានៅលើផែនដី»។
Currently Selected:
វិវរណៈ 17: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.