ទំនុកតម្កើង 96
96
ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!
1ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!
មនុស្សនៅផែនដីទាំងមូលអើយ
ចូរច្រៀងថ្វាយព្រះអម្ចាស់!
2ចូរច្រៀងថ្វាយព្រះអម្ចាស់
និងសរសើរតម្កើងព្រះនាមព្រះអង្គ
ចូរប្រកាសជារៀងរាល់ថ្ងៃ
អំពីការសង្គ្រោះរបស់ព្រះអង្គ។
3ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា
អំពីសិរីរុងរឿងរបស់ព្រះអង្គ
ហើយប្រកាសនៅក្នុងចំណោម
ប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដ
ដ៏អស្ចារ្យរបស់ព្រះអង្គ!
4ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត
ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។
5ព្រះទាំងប៉ុន្មានរបស់សាសន៍នានា
សុទ្ធតែឥតបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្កើតផ្ទៃមេឃ។
6មានពន្លឺរស្មីចិញ្ចែងចិញ្ចាច
ចាំងចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គ
ព្រះដំណាក់របស់ព្រះអង្គពោរពេញ
ទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុងរឿង។
7 ប្រជាជាតិទាំងឡាយអើយ
ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់
ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ។
8ចូរលើកតម្កើងសិរីរុងរឿង
ព្រះនាមរបស់ព្រះអម្ចាស់!
ចូរនាំគ្នាយកតង្វាយចូលមក
ក្នុងព្រះវិហាររបស់ព្រះអង្គ!
9ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់
នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!
មនុស្សនៅលើផែនដីទាំងមូលអើយ
ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ!
10ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា
ព្រះអម្ចាស់គ្រងរាជ្យ
ពិភពលោករឹងមាំឥតរង្គើសោះឡើយ។
ព្រះអម្ចាស់គ្រប់គ្រងលើប្រជារាស្ត្រនានា
ដោយយុត្តិធម៌។
11ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ
ឲ្យផែនដីបានរីករាយឡើង
ហើយសមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ
បន្លឺសំឡេងយ៉ាងអឺងកង!
12ចូរឲ្យស្រែចម្ការ និងអ្វីៗដែលស្ថិតនៅទីនោះ
ត្រេកអរសប្បាយ ចូរឲ្យព្រៃព្រឹក្សាទាំងប៉ុន្មាន
ស្រែកហ៊ោនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
13ដ្បិតព្រះអង្គយាងមកហើយ
ព្រះអង្គយាងមកវិនិច្ឆ័យទោសផែនដី
ព្រះអង្គវិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌
ព្រះអង្គវិនិច្ឆ័យប្រជាជនទាំងឡាយ
ដោយទៀងត្រង់។
Currently Selected:
ទំនុកតម្កើង 96: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.