ទំនុកតម្កើង 97
97
ព្រះអម្ចាស់គ្រងរាជ្យ
1 ព្រះអម្ចាស់គ្រងរាជ្យ!
ចូរឲ្យផែនដីបានរីករាយឡើង!
ចូរឲ្យកោះទាំងឡាយមានអំណរសប្បាយ!
2មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំវិញព្រះអង្គ
ព្រះអង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។
3មានភ្លើងឆេះនៅខាងមុខព្រះអង្គ
បំផ្លាញខ្មាំងសត្រូវដែលនៅជុំវិញព្រះអង្គ។
4ផ្លេកបន្ទោររបស់ព្រះអង្គជះពន្លឺ
មកលើពិភពលោក
ផែនដីឃើញពន្លឺនេះ ហើយញាប់ញ័រជាខ្លាំង។
5ភ្នំនានារលាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
ដូចជាក្រមួនត្រូវថ្ងៃ
គឺនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
នៃផែនដីទាំងមូល។
6ផ្ទៃមេឃប្រកាសអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ
ហើយប្រជារាស្ត្រទាំងអស់
នឹងឃើញសិរីរុងរឿងរបស់ព្រះអង្គ។
7អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ
ហើយអួតអាងក្នុងការគោរពបម្រើ
ព្រះឥតបានការ នឹងត្រូវអាម៉ាស់!។
ព្រះទាំងឡាយអើយ
ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។
8ឱព្រះអម្ចាស់អើយ
ពេលអ្នកក្រុងស៊ីយ៉ូនឮដំណឹងថា
ព្រះអង្គវិនិច្ឆ័យទោសដូច្នេះ
គេនឹងមានអំណររីករាយ
ហើយអ្នកក្រុងនានានៅស្រុកយូដា
ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ
9ឱព្រះអម្ចាស់អើយ
មានតែព្រះអង្គទេ ដែលជាព្រះដ៏ខ្ពង់ខ្ពស់
នៅលើផែនដីទាំងមូល
ព្រះអង្គប្រសើរបំផុតលើសព្រះនានាទាំងអស់។
10អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយ
ចូរស្អប់អំពើអាក្រក់!
ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នក
ដែលស្មោះត្រង់នឹងព្រះអង្គ
ព្រះអង្គដោះលែងគេឲ្យរួចពីកណ្ដាប់ដៃ
របស់មនុស្សអាក្រក់។
11មានពន្លឺបំភ្លឺមនុស្សសុចរិត
ហើយមនុស្សដែលមានចិត្តទៀងត្រង់
នឹងមានអំណរសប្បាយ។
12មនុស្សសុចរិតអើយ ចូរនាំគ្នាអរសប្បាយ
ចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើ!
ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ!
Currently Selected:
ទំនុកតម្កើង 97: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.