ទំនុកតម្កើង 60
60
ពាក្យទូលអង្វររបស់ប្រជាជាតិក្រោយពេលបរាជ័យ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «ផ្កាម្លិះបន្ទាល់»។ បទចម្រៀងរបស់ស្ដេចដាវីឌ សម្រាប់ប្រៀនប្រដៅ។ រំឭកពីគ្រាដែលព្រះអង្គធ្វើសឹកជាមួយជនជាតិស៊ីរីនៅស្រុកមេសូប៉ូតាមា និងជនជាតិស៊ីរីនៅស្រុកសូបា ហើយនៅពេលដែលលោកយ៉ូអាប់វិលមកពីច្បាំងឈ្នះទ័ពអេដុមមួយម៉ឺនពីរពាន់នាក់ នៅវាលទំនាបអំបិល។
1ឱព្រះជាម្ចាស់អើយ
ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ព្រះអង្គបានធ្វើឲ្យយើងខ្ញុំបាក់ទ័ព
ទោះបីព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំក៏ដោយ
ព្រះអង្គអើយ
សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
2ព្រះអង្គបានធ្វើឲ្យផែនដីរញ្ជួយ
និងប្រេះចេញពីគ្នា
ឥឡូវនេះ សូមទ្រង់ផ្សារភ្ជាប់ឡើងវិញផង
ព្រោះផែនដីកំពុងរង្គើ។
3ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គ
ជួបនឹងទុក្ខវេទនាដ៏សែនពិបាក
ព្រះអង្គបានដាក់ទោសយើងខ្ញុំ
ស្ទើរតែវង្វេងស្មារតី។
4ព្រះអង្គប្រទានទង់ជ័យជាសញ្ញាឲ្យអស់អ្នក
ដែលគោរពកោតខ្លាចព្រះអង្គ
អាចគេចផុតពីបរាជ័យ ។
- សម្រាក
5សូមយាងមកសង្គ្រោះយើងខ្ញុំ
ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមឆ្លើយតបនឹងយើងខ្ញុំផង
ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់
របស់ព្រះអង្គបានរួចជីវិត។
6ព្រះជាម្ចាស់មានព្រះបន្ទូល
ពីទីសក្ការៈរបស់ព្រះអង្គ មកថា:
«យើងនឹងយកជ័យជម្នះ
យើងនឹងបែងចែកស្រុកស៊ីគែម
យើងនឹងវាស់ជ្រលងភ្នំស៊ូកូត
ចែកប្រជារាស្ដ្ររបស់យើង។
7កាឡាតជាទឹកដីរបស់យើង
ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ
អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង
ហើយយូដាជាដំបងរាជ្យរបស់យើង។
8ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង
យើងបោះស្បែកជើងយើងលើទឹកដីអេដុម
ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ ។
យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។
9តើនរណាអាចនាំខ្ញុំចូលទៅ
ក្នុងទីក្រុងដ៏មាំមួនបាន?
តើនរណាអាចនាំខ្ញុំចូលទៅស្រុកអេដុម?
10ឱព្រះជាម្ចាស់អើយ!
មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំ
ក៏ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ព្រះអង្គឈប់យាងទៅជាមួយ
កងទ័ពយើងខ្ញុំទៀតហើយ។
11សូមជួយយើងខ្ញុំឲ្យប្រឆាំងតទល់
នឹងពួកសត្រូវផង
ដ្បិតការសង្គ្រោះមកពីមនុស្សលោក
ឥតប្រយោជន៍អ្វីសោះ។
12បើព្រះជាម្ចាស់គង់នៅជាមួយយើង
នោះយើងនឹងមានជ័យជម្នះ
ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្ត
របស់យើងឲ្យរាប។
Currently Selected:
ទំនុកតម្កើង 60: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.