YouVersion Logo
Search Icon

ទំនុកតម្កើង 59

59
សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​ស្ដេច​ដាវីឌ។ នៅ​ពេល​ដែល​ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ព័ទ្ធ​ដំណាក់​ស្ដេច​ដាវីឌ ដើម្បី​ធ្វើ​គុត​ព្រះអង្គ។
1ព្រះ​នៃ​ទូលបង្គំ​អើយ!
សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី
ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ផង
សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ
របស់​អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ទូលបង្គំ។
2សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ
របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិត
សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត
ពី​មនុស្ស​ស្រេក​ឈាម។
3 ព្រះ‌អម្ចាស់​អើយ!
ទោះ​បី​ទូលបង្គំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស
ឬ​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ក៏​ដោយ
ក៏​ពួក​គេ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​ជីវិត​ទូលបង្គំ
មនុស្ស​មាន​អំណាច​ឃុប‌ឃិត​គ្នា
ប្រឆាំង​នឹង​ទូលបង្គំ​ដែរ។
4ទោះ​បី​ទូលបង្គំ​គ្មាន​កំហុស​អ្វី​ក៏​ដោយ
ពួក​គេ​ខំ​រូត‌រះ​រៀបចំ​ខ្លួន​ប្រឆាំង​នឹង​ទូលបង្គំ
ឱ​ព្រះអង្គ​អើយ សូម​តើន​ឡើង
យាង​មក​រក​ទូលបង្គំ
សូម​ទត​មក​ទូលបង្គំ​ផង។
5ឱ​ព្រះ‌ជា‌អម្ចាស់​អើយ
ព្រះអង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល
ព្រះអង្គ​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល
សូម​តើន​ឡើង
ដាក់​ទោស​ប្រជា‌ជាតិ​ទាំង​អស់​នោះ
សូម​កុំ​ប្រណី‌សន្ដោស​ពួក​ក្បត់​ដ៏​ទុច្ចរិត
ទាំង​នោះ​ឡើយ!។
- សម្រាក
6ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាច
ហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែ
គេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។
7មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ
ពាក្យ​សម្ដី​អាក្រក់
ពាក្យ​សម្ដី​របស់​គេ​ប្រៀប​បាន​នឹង​ដាវ
គេ​គិត​ថា គ្មាន​នរណា​ស្ដាប់​ឮ​ទេ?
8ចំណែក​ឯ​ព្រះអង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​សើច​ចំអក​ឲ្យ​ពួក​គេ
ព្រះអង្គ​ចំអក​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ។
9ទូលបង្គំ​សម្លឹង​មើល​ទៅ​ព្រះអង្គ
ព្រោះ​ព្រះអង្គ​ជា​កម្លាំង​នៃ​ទូលបង្គំ
ព្រះ‌ជាម្ចាស់​ជា​កំពែង​ការពារ​ទូលបង្គំ។
10ព្រះ​របស់​ខ្ញុំ​ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា ទ្រង់​យាង​មក​រក​ខ្ញុំ
ព្រះអង្គ​ឲ្យ​ខ្ញុំ​បាន​សប្បាយ
ដោយ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។
11ឱ​ព្រះ‌អម្ចាស់​ជា​ខែល​ការពារ​យើង​ខ្ញុំ​អើយ
សូម​កុំ​ប្រហារ​ពួក​គេ​ឡើយ
ក្រែង​លោ​ប្រជា‌ជន​ទូលបង្គំ
ភ្លេច​អំពី​ជ័យ‌ជម្នះ​របស់​ព្រះអង្គ
តែ​សូម​អង្រួន និង​ច្រាន​ទម្លាក់​ពួក​គេ
ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ!។
12ពេល​ហារ​មាត់​និយាយ
គេ​ពោល​ចេញ​មក​សុទ្ធ​តែ
ពាក្យ​សម្ដី​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​បាប
ដូច្នេះ សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់
ដោយ‌សារ​តែ​ចិត្ត​អួត‌អាង​របស់​ខ្លួន!
ដ្បិត​ពួក​គេ​គិត​តែ​ពី​ជេរ​ប្រទេច‌ផ្ដាសា
និង​និយាយ​កុហក។
13សូម​បំផ្លាញ​ពួក​គេ
ឲ្យ​វិនាស​អន្តរាយ​យ៉ាង​ទាន់‌ហន់​ទៅ
សូម​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ​ទៅ!
ពេល​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ដឹង​ថា
ព្រះ‌ជាម្ចាស់​គ្រប់‌គ្រង​នៅ​ស្រុក​អ៊ីស្រា‌អែល
ហើយ​ព្រះអង្គ​ក៏​គ្រប់‌គ្រង
រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី​ដែរ។
- សម្រាក
14ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាច
ហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែ
គេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។
15ពួក​គេ​ដើរ​ចុះ​ដើរ​ឡើង ស្វែង​រក​អាហារ
ក៏​ប៉ុន្តែ គេ​នាំ​គ្នា​គ្រហឹម ព្រោះ​ស៊ី​មិន​ឆ្អែត។
16រីឯ​ទូលបង្គំ​វិញ
ទូលបង្គំ​ច្រៀង​សរសើរ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ
នៅ​ពេល​ព្រឹក ទូលបង្គំ​ថ្លែង​ពី​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​របស់​ព្រះអង្គ
ដ្បិត​ព្រះអង្គ​ជា​កំពែង​ការពារ​ទូលបង្គំ
និង​ជា​ជម្រក​នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន។
17ឱ​ព្រះ​ដ៏​ជា​កម្លាំង​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ
ដ្បិត​ព្រះអង្គ​ជា​កំពែង​ការពារ​ទូលបង្គំ
ជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​ទូលបង្គំ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in