YouVersion Logo
Search Icon

ទំនុកតម្កើង 58

58
ព្រះ‌ជាម្ចាស់​ជា​ចៅ‌ក្រម​នៅ​លើ​ផែនដី
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1ចៅ‌ក្រម​ទាំង‌ឡាយ​អើយ ពេល​កាត់​ក្ដី
តើ​អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ពិត​ឬ?
តើ​អ្នក​រាល់​គ្នា​កាត់​ក្ដី​ឲ្យ​មនុស្ស​លោក
ដោយ​យុត្តិធម៌​ឬ?
2ទេ! ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា
ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដោយ​ចេតនា
អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ
រាល‌ដាល​នៅ​លើ​ផែនដី​នេះ។
3មនុស្ស​អាក្រក់​មាន​ចិត្ត​វៀច‌វេរ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ
ហើយ​ចេះ​កុហក និង​វង្វេង
តាំង​ពី​ទើប​កើត​មក​ម៉្លេះ។
4គេ​មាន​ពិស​ដូច​ពស់​វែក គេ​ធ្វើ​ថ្លង់
ធ្វើ​មិន​ដឹង​មិន​ឮ​ដូច​សត្វ​ពស់
5ដែល​មិន​ឮ​សំឡេង​របស់​គ្រូ​អាល‌ម្ពាយ
គឺ​ទោះ​បី​គ្រូ​នោះ​ពូកែ​យ៉ាង​ណា​ក្ដី។
6ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​កាច់​បំបាក់​ធ្មេញ​របស់​ពួក​គេ!
ព្រះ‌អម្ចាស់​អើយ
សូម​បំបាក់​ចង្កូម​ពួក​សិង្ហ​ទាំង​នោះ​ទៅ!
7សូម​ឲ្យ​អ្នក​ទាំង​នោះ​រសាត់​បាត់​ទៅ
ដូច​ទឹក​ហូរ​ឥត​ត្រឡប់
សូម​ឲ្យ​ពួក​គេ​បាន​រាប​ដូច​ជា​ស្មៅ
ដែល​មនុស្ស​ដើរ​ជាន់។
8សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​ជន្លេន
ដែល​វារ​ទៅ​មុខ ហើយ​ស្ងួត​ក្រៀម​អស់​ទៅ
សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​កូន​រលូត
ស្លាប់​ទៅ ទាំង​ពុំ​ឃើញ​ពន្លឺ
9ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មនុស្ស
អាក្រក់​វិនាស​សូន្យ​ទៅ
ដូច​បន្លា​ដែល​ពុំ​ទាន់​ដុះ​ចេញ​មក​ស្រួល‌បួល​ផង
ក៏​ត្រូវ​ខ្យល់​កួច​ផាត់​បាត់​ទៅ គឺ​ទោះ​បី​នៅ
ខៀវ​ស្រស់​ក្ដី ឬ​ក្រៀម​ទៅ​ហើយ​ក្ដី។
10រីឯ​មនុស្ស​សុចរិត​វិញ គេ​នឹង​រីក‌រាយ
ដោយ​បាន​ឃើញ​ព្រះ‌ជាម្ចាស់
សង‌សឹក​ជំនួស​ពួក​គេ
ហើយ​គេ​លាង​ជើង​នៅ​ក្នុង​ឈាម
របស់​មនុស្ស​អាក្រក់។
11ពេល​នោះ ប្រជា‌ជន​ទាំង‌ឡាយ​នាំ​គ្នា​ពោល​ថា:
ពិត​មែន​ហើយ មនុស្ស​សុចរិត​នឹង​ទទួល​រង្វាន់
ពិត​មែន​ហើយ មាន​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ
ជំនុំ‌ជម្រះ​មនុស្ស​លោក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in