YouVersion Logo
Search Icon

ទំនុកតម្កើង 61

61
ទូលបង្គំ​ចូល​ចិត្ត​រស់​នៅ​ក្នុង​ដំណាក់​របស់​ព្រះអង្គ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ប្រគំ​ជា​មួយ​តន្ដ្រី​ដែល​មាន​ខ្សែ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1ព្រះ‌ជាម្ចាស់​អើយ!
សូម​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក
ទូល‌អង្វរ​របស់​ទូលបង្គំ
សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់
នឹង​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ​ផង!។
2ពេល​ទូលបង្គំ​នៅ​ទី​ដាច់​ស្រយាល
ហើយ​អស់​សង្ឃឹម
ទូលបង្គំ​ស្រែក​រក​ព្រះអង្គ
សូម​ដឹក​នាំ​ទូលបង្គំ​ទៅ​កាន់​ថ្ម‌ដា
ដែល​ទូលបង្គំ​មិន​អាច​ទៅ​ដល់​ដោយ​ខ្លួន​ឯង!។
3ព្រះអង្គ​ជា​ទី​ជម្រក​របស់​ទូលបង្គំ
និង​ជា​ប៉ម​មួយ​ដ៏​រឹង‌មាំ​តទល់​នឹង​ខ្មាំង​សត្រូវ។
4ទូលបង្គំ​ចង់​រស់​នៅ​ក្នុង​ព្រះ‌ពន្លា
របស់​ព្រះអង្គ​រហូត​ត​ទៅ
ទូលបង្គំ​នឹង​ជ្រក​កោន​ក្រោម​ម្លប់
ព្រះ‌បារមី​របស់​ព្រះអង្គ។
- សម្រាក
5ឱ​ព្រះ‌ជាម្ចាស់​អើយ
ព្រះអង្គ​តែងតែ​ព្រះ‌សណ្ដាប់
ពាក្យ​អង្វរ​របស់​ទូលបង្គំ​ជានិច្ច
ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​នូវ​មត៌ក
ដែល​ព្រះអង្គ​បម្រុង​ទុក​សម្រាប់​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះអង្គ។
6សូម​ប្រទាន​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ
សូម​ឲ្យ​ព្រះ‌ជន្មាយុ​របស់​ព្រះ‌រាជា
ស្ថិត​នៅ​ជា​ច្រើន​តំណ​ត​រៀង​ទៅ!
7សូម​ឲ្យ​ព្រះ‌រាជា​បាន​គ្រង​រាជ្យ
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ!
ព្រះ‌អម្ចាស់​អើយ សូម​ថែ‌រក្សា​ព្រះ‌រាជា
ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ!
8ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង សរសើរ
ព្រះ‌នាម​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ឥត​ឈប់​ឈរ
ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំ
បាន​សន្យា​ចំពោះ​ព្រះអង្គ!។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in