YouVersion Logo
Search Icon

ទំនុកតម្កើង 106

106
ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ជានិច្ច
1 ហាលេ‌លូយ៉ា!
ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដ្បិត​ព្រះអង្គ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
2តើ​នរណា​អាច​រៀប​រាប់​អំពី​ស្នា​ព្រះ‌ហស្ដ
ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​បាន?
តើ​នរណា​អាច​ថ្លែង​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន
ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ​បាន?
3អ្នក​ណា​ប្រព្រឹត្ត​ដោយ​យុត្តិធម៌
ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត​គ្រប់​ពេល​វេលា
អ្នក​នោះ​មាន​សុភមង្គល​ហើយ។
4ឱ​ព្រះ‌អម្ចាស់​អើយ
ពេល​ណា​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ
នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ
សូម​នឹក​ដល់​ទូលបង្គំ​ផង!
ពេល​ណា​ព្រះអង្គ​សង្គ្រោះ​ពួក​គេ
សូម​ជួយ​ទូលបង្គំ
5ដើម្បី​ឲ្យ​ទូលបង្គំ​ឃើញ​សុភមង្គល
របស់​ប្រជា‌ជន​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស
ឲ្យ​ទូលបង្គំ​មាន​អំណរ​រួម​ជា​មួយ
ប្រជា‌ជាតិ​របស់​ព្រះអង្គ
ហើយ​ឲ្យ​ទូលបង្គំ​បាន​ខ្ពស់​មុខ
រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។
6យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប
ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ
យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស និង​ប្រព្រឹត្ត​អំពើ​អាក្រក់!
7 កាល​នៅ​ស្រុក​អេស៊ីប បុព្វបុរស​របស់​យើង​ខ្ញុំ
ពុំ​បាន​យល់​អំពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ​ទេ
ពួក​គេ​បំភ្លេច​កិច្ចការ​ជា​ច្រើន
ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ពួក​គេ
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ
នៅ​ក្បែរ​សមុទ្រ​កក់។
8ក៏​ប៉ុន្តែ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ
ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ
ដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។
9 ព្រះអង្គ​បាន​គំរាម​សមុទ្រ​កក់ សមុទ្រ​ក៏​រីង
ព្រះអង្គ​បាន​ឲ្យ​គេ​ដើរ​កាត់​បាត​សមុទ្រ
ដូច​ដើរ​នៅ​វាល​រហោ‌ស្ថាន។
10ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច
ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ស្អប់​ពួក​គេ
ព្រះអង្គ​បាន​រំដោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ
របស់​ខ្មាំង​សត្រូវ។
11ទឹក​សមុទ្រ​បាន​គ្រប​ពី​លើ​បច្ចា‌មិត្ត
គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​សោះ​ឡើយ។
12 ពួក​បុព្វបុរស​ក៏​នាំ​គ្នា​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ
ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ។
13ប៉ុន្តែ ក្រោយ​មក ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការ
ដែល​ព្រះអង្គ​បាន​ធ្វើ
ពួក​គេ​ពុំ​បាន​រង់‌ចាំ​ឲ្យ​ព្រះអង្គ
សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះអង្គ​ឡើយ។
14 នៅ​វាល​រហោ‌ស្ថាន​ពួក​គេ​មាន​ចិត្ត​លោភ‌លន់
ហើយ​នាំ​គ្នា​ល្បង‌ល​ព្រះអង្គ
នៅ​វាល​ដ៏​ហួត‌ហែង​នោះ។
15ព្រះអង្គ​បាន​ប្រទាន​ឲ្យ​គេ​នូវ​អាហារ
ដែល​គេ​ទាម‌ទារ
គឺ​ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឆ្អែត
រហូត​ដល់​ធុញ‌ទ្រាន់។
16 នៅ​ក្នុង​ជំរំ ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​លោក​ម៉ូសេ
ហើយ​ច្រណែន​នឹង​លោក​អើរ៉ុន
ដែល​ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ​របស់​ព្រះ‌អម្ចាស់
17ពេល​នោះ ដី​ក៏​ប្រេះ​លេប​លោក​ដាថាន
ព្រម​ទាំង​ស្រូប​បក្ស​ពួក
របស់​លោក​អប៊ី‌រ៉ាម​ទៀត​ផង។
18មាន​ភ្លើង​មក​ឆេះ​បក្ស​ពួក​របស់​គេ
ហើយ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​មនុស្ស
អាក្រក់​ទាំង​នោះ​អស់​គ្មាន​សល់។
19 ក្រោយ​មក ពួក​គេ​ឆ្លាក់​រូប​កូន​គោ​មួយ
នៅ​ភ្នំ​ហោរែប
ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប
ដែល​ធ្វើ​ពី​លង្ហិន​នោះ។
20ពួក​គេ​បែរ​ជា​យក​រូប​សត្វ​ដែល​ស៊ី​ស្មៅ
មក​ថ្វាយ‌បង្គំ​ជំនួស​ព្រះ‌ជាម្ចាស់
ប្រកប​ដោយ​សិរី‌រុងរឿង​វិញ។
21ពួក​គេ​ភ្លេច​ថា​ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​ពួក​គេ
ដោយ​ស្នា‌ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្រុក​អេស៊ីប
22គឺ​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក
របស់​កូន​ចៅ​លោក​ហាំ
និង​ដោយ​ស្នា​ព្រះ‌ហស្ដ​ដ៏​គួរ​ឲ្យ
ស្ញែង​ខ្លាច​នៅ​សមុទ្រ​កក់។
23ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា
នឹង​កម្ទេច​ប្រជា‌រាស្ត្រ​នេះ
ប៉ុន្តែ លោក​ម៉ូសេ​ដែល​ព្រះអង្គ​ជ្រើស​រើស
បាន​ឃាត់​ព្រះអង្គ​មិន​ឲ្យ​លុប​បំបាត់​ពួក​គេ
តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ​ឡើយ។
24 បន្ទាប់​មក​ទៀត ពួក​គេ​ចង់​បដិសេធ
មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ
ពួក​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ
25ពួក​គេ​នាំ​គ្នា​រអ៊ូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន
មិន​ព្រម​ស្ដាប់​ព្រះ‌សូរសៀង
របស់​ព្រះ‌អម្ចាស់​ឡើយ។
26ដូច្នេះ ព្រះអង្គ​ក៏​ប្រកាស​យ៉ាង​ដាច់​ខាត​ថា
នឹង​ទុក​ពួក​គេ​ឲ្យ​វិនាស
នៅ​ក្នុង​វាល​រហោ‌ស្ថាន
27 ព្រម​ទាំង​កម្ចាត់‌កម្ចាយ​ពូជ‌ពង្ស​របស់​ពួក​គេ
ទៅ​នៅ​ពាស‌ពេញ
ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
ហើយ​ឲ្យ​គេ​ស្លាប់​នៅ​លើ​ទឹក​ដី
របស់​សាសន៍​ដទៃ។
28 នៅ​ពេអ៊រ ពួក​គេ​បាន​នាំ​គ្នា​បែរ​ទៅ
ថ្វាយ‌បង្គំ​ព្រះ​បាល
ព្រម​ទាំង​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​បាន​សែន
ទៅ​ព្រះ​ដែល​គ្មាន​ជីវិត​ទាំង​នោះ​ទៀត​ផង។
29ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ
ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ
បណ្ដាល​ឲ្យ​កើត​មាន​គ្រោះ​កាច
ក្នុង​ចំណោម​ពួក​គេ។
30ពេល​នេះ លោក​ភីនេ‌ហាស​បាន​ក្រោក​ឡើង
ដាក់​ទោស​ពួក​គេ
ហើយ​គ្រោះ​កាច​នោះ​ក៏​ស្ងប់​ទៅ​វិញ។
31ព្រោះ​តែ​ការ​នេះ
ព្រះ‌អម្ចាស់​បាន​ប្រោស​លោក​ឲ្យ​បាន​សុចរិត
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
32 នៅ​ប្រភព​ទឹក​មេរី‌បា ពួក​គេ​បាន​នាំ​គ្នា
ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ
ហើយ​លោក​ម៉ូសេ​ទទួល​ទោស ព្រោះ​តែ​ពួក​គេ
33គឺ​ពួក​គេ​ធ្វើ​ឲ្យ​លោក​ឆ្អែត​ចិត្ត
ហើយ​មាន​ប្រសាសន៍​ចេញ​មក
ដោយ​ពុំ​បាន​គិត។
34 ពួក​គេ​ពុំ​បាន​ប្រហារ​ប្រជា‌ជាតិ​នានា
តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ទេ។
35ពួក​គេ​បែរ​ជា​ទៅ​ពាក់‌ព័ន្ធ​ជា​មួយ
ប្រជា‌ជាតិ​ទាំង​នោះ
ហើយ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សាសន៍​ទាំង​នោះ
36គឺ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​របស់​សាសន៍​ដទៃ
ដែល​ជា​អន្ទាក់​នាំ​ឲ្យ​ពួក​គេ​វិនាស។
37 ពួក​គេ​បាន​យក​កូន​ប្រុស
កូន​ស្រី​ទៅ​ធ្វើ​យញ្ញ‌បូជា​ឲ្យ​អារក្ស។
38 ពួក​គេ​ប្រហារ​ជីវិត​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន
ដែល​គ្មាន​កំហុស
ដើម្បី​ធ្វើ​យញ្ញ‌បូជា​ឲ្យ​ព្រះ​ក្លែង‌ក្លាយ
នៅ​ស្រុក​កាណាន
ឃាត‌កម្ម​ទាំង​នោះ​បណ្ដាល​ឲ្យ​ទឹក​ដី
របស់​ពួក​គេ​លែង​វិសុទ្ធ​ទៀត។
39អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត​បាន​ធ្វើ​ឲ្យ​ខ្លួន​គេ
ទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​ក្បត់​ព្រះ‌ជាម្ចាស់
ដោយ‌សារ​អំពើ​របស់​ខ្លួន។
40 ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌រាស្ត្រ
របស់​ព្រះអង្គ​យ៉ាង​ខ្លាំង
ព្រះអង្គ​ទាស់​ព្រះ‌ហឫទ័យ​នឹង​ប្រជា‌ជន
ផ្ទាល់​របស់​ព្រះអង្គ។
41ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់
ដៃ​របស់​ប្រជា‌ជាតិ​នានា
ព្រះអង្គ​ឲ្យ​បច្ចា‌មិត្ត​គ្រប់‌គ្រង​លើ​ពួក​គេ។
42ខ្មាំង​សត្រូវ​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ
ព្រម​ទាំង​បង្ក្រាប​ពួក​គេ​ឲ្យ​ចុះ​ចូល
ក្រោម​អំណាច​របស់​ខ្លួន​ទៀត​ផង។
43ព្រះអង្គ​បាន​រំដោះ​ពួក​គេ​ច្រើន​លើក​ច្រើន​គ្រា
ក៏​ប៉ុន្តែ ពួក​គេ​នៅ​តែ​នាំ​គ្នា​បះ‌បោរ
ប្រឆាំង​នឹង​ព្រះអង្គ
ហើយ​ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ខ្លាំង​ឡើងៗ។
44ពេល​ព្រះអង្គ​ឮ​ពួក​គេ​ស្រែក​អង្វរ
ព្រះអង្គ​ក៏​មាន​ព្រះ‌ហឫទ័យ​អាណិត​ពួក​គេ
ដែល​កំពុង​រង​ទុក្ខ​លំបាក
45ព្រះអង្គ​ប្រោស‌ប្រណី​ពួក​គេ
ដោយ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ
ព្រះអង្គ​ដូរ​ព្រះ‌ហឫទ័យ
ព្រោះ​ព្រះអង្គ​មាន​មេត្តា‌ករុណា​ធម៌​ដ៏​លើស‌លុប។
46ព្រះអង្គ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ចាប់​ពួក​គេ
យក​ទៅ​ធ្វើ​ជា​ឈ្លើយ
មាន​ចិត្ត​អាណិត​មេត្តា​ពួក​គេ។
47 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!
សូម​ប្រមែ‌ប្រមូល​យើង​ខ្ញុំ​ពី​ចំណោម
ប្រជា‌ជាតិ​នានា​មក​វិញ
ដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើង
ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ
ហើយ​បាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះអង្គ!
48សូម​លើក​តម្កើង​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
តាំង​ពី​ដើម​រៀង​មក
ហើយ​អស់‌កល្ប​ត​រៀង​ទៅ!
សូម​ឲ្យ​ប្រជា‌រាស្ត្រ​ពោល​ទាំង​អស់​គ្នា​ថា:
អាម៉ែន! ហាលេ‌លូយ៉ា!

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy