YouVersion Logo
Search Icon

ទំនុកតម្កើង 105

105
ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អម្ចាស់
1ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់
ចូរ​ប្រកាស​ព្រះ‌នាម​ព្រះអង្គ!
ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ
ប្រាប់​ប្រជា‌ជាតិ​នានា!
2ចូរ​ច្រៀង​តម្កើង​ព្រះអង្គ
ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ!
ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន
ដែល​ព្រះអង្គ​បាន​ធ្វើ!
3ចូរ​ខ្ពស់​មុខ​ឡើង
ព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​របស់​ព្រះ​ដ៏វិសុទ្ធ!
អស់​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ
ចូរ​សប្បាយ​ចិត្ត​ចុះ!
4ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា
ចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ឥត​ឈប់‌ឈរ​ឡើយ!
5ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​ព្រះអង្គ​បាន​ធ្វើ
ចូរ​នឹក​ដល់​ឫទ្ធិ‌បាដិហារិយ៍ និង
ការ​ជំនុំ‌ជម្រះ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សម្រេច។
6អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ
ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ
អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប
ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​អើយ
7មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​របស់​យើង
ព្រះអង្គ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។
8ព្រះអង្គ​តែងតែ​នឹក​ដល់​សម្ពន្ធ‌មេត្រី
របស់​ព្រះអង្គ​ជានិច្ច
គឺ​ជា​ព្រះ‌បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ
រហូត​ដល់​មួយ​ពាន់​តំណ
9 ព្រះអង្គ​នឹក​ដល់​សម្ពន្ធ‌មេត្រី
ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ
ព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា
ជា​មួយ​លោក​អ៊ីសាក
10 ព្រះអង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះ
ជា​មួយ​លោក​យ៉ាកុប
ទុក​ជា​សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជានិច្ច
ជា​មួយ​លោក​អ៊ីស្រា‌អែល។
11គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា:
«យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក
ទុក​ជា​ចំណែក​មត៌ក»។
12នៅ​គ្រា​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល
ជា​ក្រុម​មួយ​ដ៏​តូច
ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។
13គេ​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ
ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។
14 ប៉ុន្តែ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់
សង្កត់‌សង្កិន​គេ​ទេ
ដើម្បី​ការ‌ពារ​ពួក​គេ
ព្រះអង្គ​បាន​បន្ទោស​ស្ដេច​នានា​ថា:
15«កុំ​ប៉ះ‌ពាល់​អស់​អ្នក
ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយ
កុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។
16 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាន
នៅ​ក្នុង​ស្រុក​នោះ
ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​ខ្វះ​ម្ហូប​អាហារ
17 ព្រះអង្គ​ចាត់​បុរស​ម្នាក់​ឲ្យ​ទៅ​មុន
គឺ​លោក​យ៉ូសែប​ដែល​គេ​បាន​លក់​ជា​ទាសករ។
18 គេ​ដាក់​ខ្នោះ​ជើង​លោក
ហើយ​ដាក់​ច្រវាក់​ក​លោក
19រហូត​ដល់​មាន​ហេតុ‌ការណ៍​កើត​ឡើង
ស្រប​តាម​ពាក្យ​ដែល​លោក​បាន​ថ្លែង​ទុក
គឺ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ធ្វើ
ជា​ភស្ដុតាង​បញ្ជាក់​ថា​លោក​ជា​មនុស្ស​ស្លូត​ត្រង់។
20 ស្ដេច​ស្រុក​អេស៊ីប
ដែល​ជា​ម្ចាស់​លើ​ប្រជា‌រាស្ត្រ​នានា
បាន​ចេញ​បញ្ជា​ឲ្យ​គេ​ស្រាយ​ចំណង
ដោះ​លែង​លោក។
21 បន្ទាប់​មក ស្ដេច​បាន​តែង‌តាំង​លោក​ឲ្យ
ត្រួត‌ត្រា​លើ​ព្រះ‌រាជ​វាំង
ព្រម​ទាំង​ឲ្យ​លោក​មើល​ខុស​ត្រូវ
លើ​ព្រះ‌រាជ្យ​ទ្រព្យ​ទាំង​អស់​ទៀត​ផង។
22ស្ដេច​ប្រទាន​ឲ្យ​លោក​ត្រួត‌ត្រា
លើ​មន្ត្រី​ទាំង​អស់
ហើយ​ឲ្យ​លោក​ប្រៀន‌ប្រដៅ
ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ស្ដេច​ទៀត​ផង។
23 ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​រស់​នៅ
ក្នុង​ស្រុក​អេស៊ីប
កូន​ចៅ​របស់​លោក​យ៉ាកុប​ស្នាក់​អាស្រ័យ
នៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។
24 ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ
ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​កើន​ចំនួន​ច្រើន​ឡើង
មាន​កម្លាំង​ជាង​បច្ចា‌មិត្ត​ទៅ​ទៀត។
25ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ
អេស៊ីប​ដូរ​ចិត្ត​គំនិត
គឺ​ពួក​គេ​នាំ​គ្នា​ស្អប់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
ពួក​គេ​បាន​បោក​ប្រាស់
និង​ធ្វើ​បាប​អ្នក​បម្រើ​របស់​ព្រះអង្គ។
26 ព្រះអង្គ​បាន​ចាត់​លោក​ម៉ូសេ
ជា​អ្នក​បម្រើ​របស់​ព្រះអង្គ
ព្រម​ទាំង​លោក​អើរ៉ុន
ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ឲ្យ​ទៅ។
27លោក​ទាំង​ពីរ​បាន​ប្រើ​អំណាច​មក​ពី​ព្រះអង្គ
សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។
28 ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ភាព​អន្ធការ
នៅ​ពេញ​ស្រុក គ្មាន​នរណា​ជំទាស់​នឹង​ព្រះ‌បន្ទូល
របស់​ព្រះអង្គ​បាន​ឡើយ។
29 ព្រះអង្គ​បាន​ប្រែ​ទឹក​ឲ្យ​ទៅ​ជា​ឈាម
ព្រះអង្គ​ធ្វើ​ឲ្យ​ត្រី​នៅ​ស្រុក​គេ​វិនាស​អស់។
30 ព្រះអង្គ​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង
មក​ពេញ​ក្នុង​ស្រុក
គឺ​ឡើង​រហូត​ទៅ​ដល់​ក្រឡា‌បន្ទំ​របស់​ស្ដេច។
31 ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល
នោះ​ក៏​មាន​រុយ​ដែល​មាន​ពិស និង​មូស
មក​រាត‌ត្បាត​ពាស‌ពេញ​ក្នុង​ស្រុក​របស់​គេ។
32 ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​បង្អុរ
ចុះ​មក​ជំនួស​ភ្លៀង
ព្រម​ទាំង​មាន​រន្ទះ​បាញ់​ឆេះ​ស្រុក​របស់​គេ​ផង។
33ព្រះអង្គ​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ
និង​ចម្ការ​ដំណាំ​របស់​គេ
ព្រះអង្គ​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន
នៅ​លើ​ទឹក​ដី​របស់​គេ។
34 ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល
នោះ​ក៏​មាន​កណ្ដូប និង​ក្រា
ដែល​មាន​ចំនួន​ច្រើន​ឥត​គណនា
35ទៅ​ស៊ី​បង្ហិន​ដំណាំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​គេ
ព្រម​ទាំង​ស៊ី​បង្ហិន​បន្លែ​បង្ការ
ដែល​ដុះ​ចេញ​ពី​ដី​របស់​គេ​ផង។
36 បន្ទាប់​មក ព្រះអង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន
នៅ​ក្នុង​ស្រុក​របស់​គេ
គឺ​កូន​ដែល​កើត​មក​ក្នុង​ពេល​គេ
នៅ​ពេញ​កម្លាំង​នៅ​ឡើយ។
37 បន្ទាប់​មក ព្រះអង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
ចាក​ចេញ​ពី​ស្រុក​អេស៊ីប
ទាំង​នាំ​យក​មាស​ប្រាក់​ទៅ​ជា​មួយ​ផង
ហើយ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ
គ្មាន​នរណា​ម្នាក់​ទន់​ខ្សោយ​ឡើយ។
38ពេល​ពួក​គេ​ចាក​ចេញ​ទៅ
ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​សប្បាយ​ចិត្ត
ដ្បិត​ជន‌ជាតិ​អេស៊ីប​ភ័យ​ខ្លាច​ពួក​គេ​ជា​ខ្លាំង។
39 ព្រះអង្គ​បាន​ដាក់​ពពក*​បាំង​ពី​លើ​ពួក​គេ
ហើយ​ប្រទាន​ដុំ​ភ្លើង​មក​បំភ្លឺ​ពួក​គេ
នៅ​ពេល​យប់។
40 ពួក​គេ​សុំ​អាហារ ព្រះអង្គ​ប្រទាន​សត្វ​ក្រួច
និង​ប្រទាន​អាហារ​ពី​ស្ថាន‌សួគ៌
មក​ឲ្យ​គេ​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។
41 ព្រះអង្គ​បាន​បំបែក​ថ្ម
ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មក
ប្រៀប​បាន​នឹង​ទន្លេ​ហូរ​នៅ​ក្នុង​វាល​ហួត‌ហែង។
42ព្រះអង្គ​នឹក​ដល់​ព្រះ‌បន្ទូល​ដ៏វិសុទ្ធ
ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​លោក​អប្រាហាំ
ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។
43ព្រះអង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
ចេញ​មក​ដោយ​អំណរ​សប្បាយ
ព្រះអង្គ​បាន​នាំ​ប្រជា‌ជន​ដែល​ទ្រង់
បាន​ជ្រើស​រើស​ចេញ​មក​ដោយ​ហ៊ោ​កញ្ជ្រៀវ។
44 ព្រះអង្គ​បាន​យក​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា
មក​ចែក​ឲ្យ​ពួក​គេ
ព្រម​ទាំង​ឲ្យ​ពួក​គេ​ទទួល​ភោគ‌ផល
ដែល​ប្រជា‌ជាតិ​ទាំង​នោះ​បាន​ដាំ
45ដើម្បី​ឲ្យ​ពួក​គេ​ប្រតិបត្តិ​តាម
សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ព្រះអង្គ
និង​ធ្វើ​តាម​វិន័យ​របស់​ព្រះអង្គ។
ហាលេ‌លូយ៉ា!

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy