YouVersion Logo
Search Icon

ទំនុកតម្កើង 104

104
អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់!
1ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម​បំផុត!
នៅ​ជុំ‌វិញ​ព្រះអង្គ​មាន​ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី
ដ៏​រុងរឿង​ចិញ្ចែង‌ចិញ្ចាច!
2ព្រះអង្គ​យក​ពន្លឺ​មក​គ្រប​ដណ្ដប់​ជុំ‌វិញ​ព្រះអង្គ
ព្រះអង្គ​លាត​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ពន្លា។
3ព្រះអង្គ​បាន​សង់​ព្រះ‌ដំណាក់​ខ្ពស់
លើស​ផ្ទៃ​មេឃ​ទៅ​ទៀត
ព្រះអង្គ​យក​ពពក​ធ្វើ​ជា​ព្រះ‌រាជ‌រថ
ព្រះអង្គ​ប្រើ​វាយោ​ធ្វើ​ជា​ជំនិះ។
4 ព្រះអង្គ​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ព្រះអង្គ
ហើយ​យក​ផ្លេក‌បន្ទោរ
ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ។
5ព្រះអង្គ​បាន​ដាក់​ផែនដី​នៅ​លើ​គ្រឹះ​របស់​វា
ហើយ​ផែនដី​ក៏​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ។
6នៅ​គ្រា​ដើម ព្រះអង្គ​យក​មហា‌សាគរ
មក​គ្រប​ពី​លើ​ផែនដី​ទាំង​មូល
ហើយ​សូម្បី​តែ​កំពូល​ភ្នំ ក៏​មាន​ទឹក​គ្រប​ពី​លើ​ដែរ
7ក៏​ប៉ុន្តែ នៅ​ពេល​ឮ​ព្រះអង្គ​គំរាម
ទឹក​ទាំង​នោះ​ក៏​រត់​ចេញ
នៅ​ពេល​ផ្គរ​របស់​ព្រះអង្គ​លាន់​ឮ​ឡើង
វា​នាំ​គ្នា​ភិត‌ភ័យ​រត់​បាត់​អស់​ទៅ។
8ទឹក​ខ្លះ​ឡើង​ទៅ​លើ​កំពូល​ភ្នំ
ខ្លះ​ទៀត​ហូរ​ចុះ​ទៅ​ជ្រលង​ភ្នំ
តាម​កន្លែង​ដែល​ព្រះអង្គ​បាន​កំណត់​ទុក។
9ព្រះអង្គ​បាន​កម្រិត​ព្រំ‌ប្រទល់​ទឹក​ទាំង​នោះ
ដើម្បី​កុំ​ឲ្យ​វា​លិច​ផែនដី​បាន​ទៀត។
10ព្រះអង្គ​បាន​ដឹក​នាំ​ប្រភព​ទឹក
ឲ្យ​ហូរ​ទៅ​ក្នុង​ជ្រោះ
គឺ​ហូរ​តាម​ជ្រលង​ភ្នំ​នានា
11សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ផឹក​ទឹក​នេះ
ហើយ​សត្វ​លា​ព្រៃ​ក៏​នាំ​គ្នា​មក​ផឹក
ដើម្បី​បំបាត់​សំរេក​ដែរ។
12បក្សា‌បក្សី​ធ្វើ​ទ្រនំ​នៅ​ក្បែរ​ទឹក​ជ្រោះ​ទាំង​នោះ
ហើយ​នាំ​គ្នា​ច្រៀង​យ៉ាង​ពីរោះ​នៅ​តាម​មែក​ព្រឹក្សា។
13ពី​ស្ថាន​ដ៏​ខ្ពស់ ព្រះអង្គ​បាន​ស្រោច​ស្រព
ភ្នំ​ទាំង‌ឡាយ
ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​ផែនដី
មាន​ទឹក​យ៉ាង​បរិបូណ៌។
14ព្រះអង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​ជា​ចំណី​សត្វ
ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង
សម្រាប់​មនុស្ស​លោក
ដើម្បី​ឲ្យ​គេ​មាន​អាហារ​បរិភោគ
15មាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​ឲ្យ​សប្បាយ​ចិត្ត
មាន​ប្រេង​សម្រាប់​លាប​មុខ​ឲ្យ​បាន​ស្រស់​ស្អាត
ព្រម​ទាំង​ម្ហូប​អាហារ​បរិភោគ​ឲ្យ​មាន​កម្លាំង។
16សូម្បី​តែ​ដើម​ឈើ​ដែល​ព្រះ‌អម្ចាស់​បាន​ដាំ
គឺ​ដូច​ជា​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់
ក៏​មាន​ទឹក​គ្រប់​គ្រាន់​ដែរ។
17បក្សា‌បក្សី​នាំ​គ្នា​ធ្វើ​សំបុក
នៅ​លើ​ដើម​ឈើ​ទាំង​នោះ
ហើយ​សត្វ​កុក​នាំ​គ្នា​ធ្វើ​ទ្រនំ
នៅ​លើ​ដើម​ឈើ​ទាល។
18រីឯ​ភ្នំ​ខ្ពស់ៗ​ជា​ជម្រក​របស់​ពពែ​ភ្នំ
ហើយ​ថ្ម‌ដា​នានា​ជា​ទី​ស្នាក់​អាស្រ័យ​របស់​ទន្សាយ។
19ព្រះអង្គ​បាន​បង្កើត​ព្រះ‌ច័ន្ទ
ដើម្បី​កំណត់​ពេល​វេលា
ហើយ​ព្រះ‌អាទិត្យ​ក៏​ស្គាល់​ពេល
ដែល​ត្រូវ​លិច​ទៅ​វិញ​ដែរ។
20ព្រះអង្គ​នាំ​ភាព​ងងឹត​ចូល​មក រាត្រី​កាល​ក៏​មក​ដល់
ពេល​នោះ សត្វ​ព្រៃ​ចាប់​ផ្ដើម​សកម្ម‌ភាព​របស់​វា
21សត្វ​សិង្ហ​ស្ទាវ​គ្រហឹម​រក​រំពា
វា​ទាម‌ទារ​ចំណី​ពី​ព្រះ‌ជាម្ចាស់។
22ពេល​ព្រះ‌អាទិត្យ​រះ​ឡើង វា​នាំ​គ្នា​ដក​ខ្លួន​ថយ
ទៅ​ដេក​ក្នុង​រូង​របស់​វា​វិញ។
23ពេល​នោះ មនុស្ស‌ម្នា​ចាក​ចេញ​ពី​ផ្ទះ
ដើម្បី​បំពេញ​ការ‌ងារ​រៀងៗ​ខ្លួន
គេ​ធ្វើ​ការ​រហូត​ដល់​ល្ងាច។
24ឱ​ព្រះ‌អម្ចាស់​អើយ
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​មាន​ច្រើន​ឥត​គណនា
ព្រះអង្គ​ធ្វើ​ការ​ទាំង​អស់​នោះ
ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ
ផែនដី​មាន​ពោរ‌ពេញ​ទៅ​ដោយ​អ្វីៗ
សព្វ​សារ‌ពើ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។
25មើល៍‌ហ្ន៎! សមុទ្រ​ធំ‌ធេង​ដាច់​កន្ទុយ​ភ្នែក
នៅ​ក្នុង​នោះ​មាន​មច្ឆា‌ជាតិ​គ្រប់​យ៉ាង ទាំង​ធំ
ទាំង​តូច គ្មាន​នរណា​អាច​រាប់​អស់​ឡើយ។
26 នាវា​ទាំង‌ឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ
ហើយ​នាគ​ដែល​ព្រះអង្គ​បង្កើត
ក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។
27សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះអង្គ
ដើម្បី​ទទួល​ចំណី​អាហារ​តាម​ពេល​កំណត់។
28ពេល​ព្រះអង្គ​ប្រទាន​ចំណី​អាហារ
វា​ក៏​នាំ​គ្នា​ទទួល​យក
ពេល​ព្រះអង្គ​ផ្គត់‌ផ្គង់​ឲ្យ
វា​បាន​ឆ្អែត​ស្កប់‌ស្កល់។
29ប៉ុន្តែ បើ​ព្រះអង្គ​មិន​រវី‌រវល់​ទេ​នោះ
វា​មុខ​ជា​ភ័យ​ញាប់‌ញ័រ
ហើយ​បើ​ព្រះអង្គ​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វា
វា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។
30ពេល​ណា​ព្រះអង្គ​ប្រទាន​ខ្យល់​ដង្ហើម
សត្វ​ទាំង​នោះ​នឹង​កកើត​ឡើង
ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី
មាន​ជីវិត​ឡើង​វិញ។
31សូម​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
សូម​ព្រះ‌អម្ចាស់​រីក‌រាយ
នឹង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ!
32ពេល​ព្រះអង្គ​ទត​មក​ផែនដី
នោះ​ផែនដី​ក៏​ញាប់‌ញ័រ
ពេល​ព្រះអង្គ​ពាល់​ភ្នំ
នោះ​ក៏​មាន​ផ្សែង​ហុយ​ឡើង។
33អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់!
ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ​របស់​ខ្ញុំ
ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត!
34សូម​ឲ្យ​ទំនុក​របស់​ខ្ញុំ
បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ
សូម​ឲ្យ​ខ្ញុំ​បាន​សប្បាយ​ដោយ‌សារ​ព្រះ‌អម្ចាស់
35សូម​ឲ្យ​មនុស្ស​បាប​វិនាស​សូន្យ​ពី​ផែនដី
សូម​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ
ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!។
ហាលេ‌លូយ៉ា!

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy