ទំនុកតម្កើង 103
103
ខ្ញុំសូមសរសើរតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គអស់ពីដួងចិត្ត!
ទំនុករបស់ស្ដេចដាវីឌ។
1ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!
ខ្ញុំសូមសរសើរតម្កើងព្រះនាមដ៏វិសុទ្ធ
របស់ព្រះអង្គអស់ពីដួងចិត្ត!
2ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់
ដោយឥតភ្លេចពីកិច្ចការណាមួយដែលព្រះអង្គ
បានធ្វើដោយព្រះហឫទ័យសប្បុរសនោះឡើយ!
3ព្រះអង្គបានអត់ទោសនូវកំហុសទាំងប៉ុន្មាន
ដែលខ្ញុំបានប្រព្រឹត្ត
ព្រះអង្គប្រោសខ្ញុំឲ្យបានជាពីជំងឺគ្រប់យ៉ាង
4ព្រះអង្គបានរំដោះជីវិតខ្ញុំឲ្យរួចពីរណ្ដៅ
ព្រះអង្គតែងសម្តែងព្រះហឫទ័យមេត្តាករុណា
និងអាណិតអាសូរចំពោះខ្ញុំយ៉ាងបរិបូណ៌
5ព្រះអង្គប្រទានឲ្យខ្ញុំរស់នៅ
ប្រកបដោយសុភមង្គល
ហើយព្រះអង្គប្រទានឲ្យខ្ញុំ
មានកម្លាំងឡើងវិញដូចសត្វឥន្ទ្រី។
6 ព្រះអម្ចាស់ប្រព្រឹត្តដោយសុចរិត
ព្រះអង្គរកយុត្តិធម៌ឲ្យ
អស់អ្នកដែលត្រូវគេសង្កត់សង្កិន។
7ព្រះអង្គបង្ហាញឲ្យលោកម៉ូសេ
ស្គាល់គម្រោងការរបស់ព្រះអង្គ
ព្រះអង្គបង្ហាញឲ្យប្រជាជនអ៊ីស្រាអែល
ស្គាល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ។
8 ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យ
អាណិតអាសូរ ព្រះអង្គតែងតែប្រណីសន្ដោស
ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
ហើយពោរពេញទៅដោយព្រះហឫទ័យ
មេត្តាករុណា។
9ព្រះអង្គមិនបន្ទោសជានិច្ចជាកាលទេ
ហើយព្រះអង្គក៏មិនព្រះពិរោធរហូតដែរ។
10ព្រះអង្គមិនដាក់ទោសយើង
ឲ្យសមនឹងអំពើបាប
ដែលយើងប្រព្រឹត្តនោះឡើយ
ហើយព្រះអង្គក៏មិនឲ្យយើងទទួលទោស
សមនឹងកំហុសរបស់យើងនោះដែរ។
11ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ក៏ខ្ពស់យ៉ាងនោះដែរ។
12ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា
ព្រះអង្គក៏ដកកំហុសរបស់យើង
ចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
13ឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណា
ព្រះអម្ចាស់ក៏អាណិតអាសូរអស់អ្នក
ដែលគោរពកោតខ្លាចព្រះអង្គយ៉ាងនោះដែរ
14ដ្បិតព្រះអង្គជ្រាបថាយើងមានដើមកំណើតពីអ្វី
គឺព្រះអង្គឥតភ្លេចទេថា
មនុស្សយើងមានកំណើតមកពីធូលីដី។
15ជីវិតមនុស្សយើងប្រៀបបាននឹងស្មៅ
ឬដូចជាផ្កាដែលរីកឡើងនៅទីវាល
16ពេលណាមានខ្យល់បក់មក
វាក៏រុះរោយបាត់អស់ទៅ
ឥតមានទុកស្នាមអ្វីសោះឡើយ។
17តែព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់
ស្ថិតនៅអស់កល្បជានិច្ច
ជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ព្រះអង្គក៏នឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រ
ចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរ
18ប្រសិនបើគេកាន់តាមសម្ពន្ធមេត្រីរបស់ព្រះអង្គ
ព្រមទាំងប្រតិបត្តិតាមបទបញ្ជា
របស់ព្រះអង្គឥតភ្លេចសោះឡើយ។
19 ព្រះអម្ចាស់បានតាំងបល្ល័ង្ករបស់ព្រះអង្គ
នៅស្ថានបរមសុខ
ព្រះអង្គគ្រងរាជ្យលើអ្វីៗទាំងអស់។
20ទេវតាដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់អើយ
ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
អស់លោកតែងតែអនុវត្តតាម
ព្រះបន្ទូលរបស់ព្រះអង្គ
ហើយស្ដាប់តាមព្រះបញ្ជារបស់ព្រះអង្គជានិច្ច។
21អស់លោកដែលជាកងពលរបស់ព្រះអម្ចាស់អើយ
ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
អស់លោកតែងតែបម្រើព្រះអង្គ
ស្របតាមព្រះហឫទ័យរបស់ព្រះអង្គជានិច្ច!
22ឱស្នាព្រះហស្ដទាំងឡាយរបស់ព្រះអម្ចាស់អើយ
ទោះបីនៅទីណាក្ដី ក៏អ្នករាល់គ្នាស្ថិតនៅ
ក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរ
ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!
Currently Selected:
ទំនុកតម្កើង 103: គខប
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.