YouVersion Logo
Search Icon

ទំនុកតម្កើង 102

102
នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​ឡើយ!
ពាក្យ​អធិស្ឋាន​របស់​ជន​ទុគ៌ត នៅ​ពេល​អស់​សង្ឃឹម គេ​ចូល​មក​ទូល‌អង្វរ​ព្រះ‌អម្ចាស់
1ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ព្រះ‌សណ្ដាប់​ពាក្យ
ទូល‌អង្វរ​របស់​ទូលបង្គំ
សូម​មេត្តា​ទទួល​ពាក្យ​ដែល​ទូលបង្គំ
ស្រែក​អង្វរ​នេះ​ផង!
2នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន
សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​ឡើយ!
នៅ​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ​ផង!
សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់!
3ដ្បិត​ជីវិត​ទូលបង្គំ​នឹង​ត្រូវ​រសាត់​បាត់​ទៅ
ដូច​ជា​ផ្សែង
ហើយ​ខ្លួន​ប្រាណ​ទូលបង្គំ​ក្ដៅ​ដូច​រងើក​ភ្លើង។
4ទូលបង្គំ​អស់​ទឹក​ចិត្ត ប្រៀប​ដូច​ជា​ស្មៅ​ក្រៀម​ស្ងួត
សូម្បី​តែ​អាហារ​ក៏​ទូលបង្គំ​លែង​នឹក‌នា​ទៀត​ដែរ។
5ទូលបង្គំ​ចេះ​តែ​ស្រែក​ថ្ងូរ​ជានិច្ច
ទូលបង្គំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង
6ទូលបង្គំ​ប្រៀប​ដូច​ជា​សត្វ​ក្អែក
នៅ​វាល​រហោ‌ស្ថាន
ឬ​ដូច​សត្វ​ទីទុយ​នៅ​ទី​ស្មសាន។
7ទូលបង្គំ​នៅ​ទន្ទឹង​រង់‌ចាំ​ប្រៀប​ដូច​ជា
សត្វ​ស្លាប​ឯកោ​ទំ​នៅ​លើ​ដំបូល​ផ្ទះ។
8រៀង​រាល់​ថ្ងៃ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ
នាំ​គ្នា​ប្រមាថ​មាក់​ងាយ​ទូលបង្គំ
ពួក​គេ​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូលបង្គំ
ហើយ​យក​ឈ្មោះ​ទូលបង្គំ​ទៅ​ដាក់​បណ្ដាសា​គ្នា។
9ទូលបង្គំ​បរិភោគ​ទាំង​ទុក្ខ​សោក
ទូលបង្គំ​បរិភោគ​លាយ​ជា​មួយ​ទឹក​ភ្នែក
10ព្រោះ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ
នឹង​ទូលបង្គំ​យ៉ាង​ខ្លាំង
ព្រះអង្គ​លើក​ទូលបង្គំ​បោះ​ទៅ​ឆ្ងាយ។
11អាយុ​ជីវិត​ទូលបង្គំ​ប្រៀប​ដូច​ជា​ស្រមោល
នៅ​ពេល​ល្ងាច
និង​ដូច​ស្មៅ​ដែល​ក្រៀម​ស្ងួត​ដែរ។
12រីឯ​ព្រះអង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជានិច្ច
គេ​នឹង​រំឭក​ពី​ព្រះអង្គ​អស់‌កល្ប
ជា​អង្វែង​ត​រៀង​ទៅ។
13ដោយ​ព្រះអង្គ​អាណិត​មេត្តា​ក្រុង​ស៊ីយ៉ូន
ព្រះអង្គ​មុខ​ជា​ក្រោក​ឡើង
ព្រោះ​ដល់​ពេល​កំណត់​ដែល​ព្រះអង្គ
ត្រូវ​ប្រណី‌សន្ដោស​ក្រុង​នេះ​ហើយ។
14យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ
យើង​ខ្ញុំ​ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ​ណាស់
សូម្បី​តែ​សំណល់​បាក់​បែក​របស់​ក្រុង​នេះ
ក៏​យើង​ខ្ញុំ​ជាប់​ចិត្ត​ដែរ។
15សូម​ឲ្យ​ប្រជា‌ជាតិ​នានា​កោត​ខ្លាច
ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
ហើយ​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី
កោត​ខ្លាច​សិរី‌រុងរឿង​របស់​ព្រះអង្គ!
16ពេល​ព្រះ‌អម្ចាស់​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញ
ព្រះអង្គ​នឹង​សម្តែង​សិរី‌រុងរឿង​ឲ្យ​គេ​ឃើញ។
17ព្រះអង្គ​បែរ​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​មនុស្ស​ទុគ៌ត
ព្រះអង្គ​លែង​ព្រងើយ​កន្តើយ
នឹង​ពាក្យ​ទូល‌អង្វរ​របស់​គេ​ទៀត​ហើយ។
18ចូរ​សរសេរ​សេចក្ដី​ទាំង​នេះ​ទុក
ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​បាន​ដឹង
ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​ដែល​នឹង​កកើត​ឡើង​វិញ
នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
19ដ្បិត​ព្រះអង្គ​ទត​មើល​ពី​ទីសក្ការៈ​របស់​ព្រះអង្គ​មក
ព្រះ‌អម្ចាស់​ទត​ពី​ស្ថាន​បរម‌សុខ​មើល​មក​ផែនដី
20ដើម្បី​ស្ដាប់​សម្រែក​ថ្ងូរ​របស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង
និង​ដើម្បី​រំដោះ​អស់​អ្នក
ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត។
21ពេល​នោះ គេ​នឹង​ប្រកាស​អំពី​ព្រះ‌កិត្តិនាម
របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​ស៊ីយ៉ូន
គេ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​នៅ​ក្រុង​យេរូ‌សាឡឹម
22គឺ​នៅ​ពេល​ដែល​ប្រជា‌ជាតិ​នានា​មក​ជួប‌ជុំ​គ្នា
ហើយ​ប្រជា‌ជន​ពី​នគរ​ទាំង‌ឡាយ
នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់
23ពេល​ខ្ញុំ​នៅ​ពេញ​កម្លាំង​នៅ​ឡើយ
ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ទន់​ជង្គង់
ព្រះអង្គ​បង្រួញ​អាយុ​ជីវិត​របស់​ខ្ញុំ។
24ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អង្វរ​ព្រះអង្គ​ថា
«ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ
ព្រះអង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ
ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ
សូម​កុំ​ដក​ជីវិត​ទូលបង្គំ​ក្នុង​ពេល​ដែល
ទូលបង្គំ​មិន​ទាន់​ចាស់​នៅ​ឡើយ!»។
25 ព្រះអង្គ​បាន​បង្កើត​ផែនដី
តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ
ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ដ
របស់​ព្រះអង្គ​ដែរ។
26ផ្ទៃ​មេឃ និង​ផែនដី នឹង​វិនាស​សូន្យ​ទៅ
រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
ផ្ទៃ​មេឃ និង​ផែនដី នឹង​រិច‌រឹល​ទៅ
ដូច​សម្លៀក‌បំពាក់
ព្រះអង្គ​នឹង​ផ្លាស់​វា​ដូច​ផ្លាស់​សម្លៀក‌បំពាក់
ហើយ​វា​នឹង​បាត់​សូន្យ​ទៅ។
27ចំពោះ​ព្រះអង្គ​វិញ ព្រះអង្គ​នៅ​តែ​ដដែល
ព្រះ‌ជន្មាយុ​របស់​ព្រះអង្គ​គ្មាន​ទី​បញ្ចប់​ទេ។
28កូន​ចៅ​យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ
នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត
ហើយ​ព្រះអង្គ​នឹង​ថែ‌រក្សា​កូន​ចៅ​របស់​គេ
រហូត​ត​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy