YouVersion Logo
Search Icon

ទំនុកតម្កើង 107

107
ភាគ​ទី​ប្រាំ
(ទំនុកតម្កើង ១០៧-១៥០)
ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ
1 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដ្បិត​ព្រះអង្គ​មាន
ព្រះ‌ហឫទ័យ​សប្បុរស
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
2គួរ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អម្ចាស់
បាន​រំដោះ​មក ពោល​សេចក្ដី​នេះ
គឺ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​រំដោះ
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត
3ហើយ​នាំ​ពី​ប្រទេស​នានា​មក​វិញ
គឺ​ពី​ទិស​ខាង​កើត ពី​ទិស​ខាង​លិច
ពី​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។
4អ្នក​ខ្លះ​វង្វេង​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង
រក​ស្រុក​ភូមិ​ស្នាក់​អាស្រ័យ​នៅ​ពុំ​បាន​ឡើយ។
5ពួក​គេ​ឃ្លាន​អាហារ ស្រេក​ទឹក
ហើយ​បាត់​បង់​ទឹក​ចិត្ត។
6ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ
គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​រំដោះ​ពួក​គេ
ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ
7ព្រះអង្គ​ដឹក​នាំ​គេ​តម្រង់​ទៅ​ក្រុង​មួយ
ដែល​គេ​អាច​ស្នាក់​អាស្រ័យ​នៅ​បាន។
8អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!
9ដ្បិត​ព្រះអង្គ​បាន​ប្រទាន​ទឹក​ឲ្យ​អ្នក​ដែល​ស្រេក
ហើយ​ប្រទាន​អាហារ​បរិបូណ៌
ដល់​អស់​អ្នក​ដែល​ឃ្លាន។
10អ្នក​ខ្លះ​ទៀត​រស់​នៅ​ក្នុង​ទី​ងងឹត
ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់
ជាប់​ឃុំ‌ឃាំង ជាប់​ច្រវាក់​យ៉ាង​សែន​វេទនា
11ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង
នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់
និង​មាក់‌ងាយ​ការ​ប្រៀន‌ប្រដៅ
របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។
12ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាក់‌ស្បាត
ដោយ‌សារ​ទុក្ខ​វេទនា
ពួក​គេ​ធ្លាក់​ទឹក​ចិត្ត ហើយ​គ្មាន​នរណា​ជួយ
ពួក​គេ​ឲ្យ​ក្រោក​ឡើង​វិញ​បាន​ឡើយ។
13ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ
គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់
ព្រះអង្គ​ក៏​សង្គ្រោះ​ពួក​គេ
ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ
14ព្រះអង្គ​នាំ​ពួក​គេ​ចេញ​ពី​ទី​ងងឹត
ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់
ហើយ​ព្រះអង្គ​បាន​ផ្ដាច់​ច្រវាក់​ចេញ​ពី​ពួក​គេ។
15អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!
16ដ្បិត​ព្រះអង្គ​បាន​បំបែក​ទ្វារ​ដែល​ធ្វើ​ពី​លង្ហិន
និង​កាច់​បំបាក់​សោរ​ដែល​ធ្វើ​ពី​ដែក។
17អ្នក​ខ្លះ​ទៅ​ជា​ល្ងី‌ល្ងើ ព្រោះ​តែ​អំពើ​បាប
និង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត
បណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។
18គេ​លេប​អាហារ​លែង​ចូល​ទៀត​ហើយ
គឺ​គេ​នៅ​ជិត​សេចក្ដី​ស្លាប់។
19ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ
គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់
ព្រះអង្គ​ក៏​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ផុត
ពី​ការ​ភ័យ​បារម្ភ។
20ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល ពួក​គេ​ក៏​បាន​ជា
ព្រះអង្គ​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​រណ្ដៅ។
21អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!
22គេ​ត្រូវ​តែ​ថ្វាយ​យញ្ញ‌បូជា
ដើម្បី​អរ​ព្រះ‌គុណ​ព្រះអង្គ
ហើយ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ
ដោយ​បទ​ចម្រៀង​ដ៏​សប្បាយ!
23អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​នាវា​នៅ​លើ​សមុទ្រ
ហើយ​អស់​អ្នក​ដែល​រក​ស៊ី​នៅ​តាម​មហា‌សាគរ
24បាន​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់
ព្រម​ទាំង​ការ​អស្ចារ្យ​របស់​ព្រះអង្គ​នៅ​សមុទ្រ។
25ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា
នោះ​ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក
បង្កើត​ជា​រលក​ធំៗ
26លើក​នាវា​ទាំង‌ឡាយ​ឡើង​យ៉ាង​ខ្ពស់
រួច​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ទៅ​វិញ រហូត​ដល់​បាត​សមុទ្រ
ពួក​គេ​ត្រូវ​វេទនា​អស់​សង្ឃឹម។
27ពួក​គេ​វិល‌វល់ ហើយ​ធីង‌ធោង​ដូច​មនុស្ស​ស្រវឹង
គេ​លែង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត​ហើយ។
28ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ
គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់
ព្រះអង្គ​ក៏​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត
ពី​ការ​ភ័យ‌បារម្ភ។
29ព្រះអង្គ​បាន​បញ្ឈប់​ខ្យល់​ព្យុះ​ឲ្យ​នៅ​ស្ងៀម
ទឹក​រលក​ក៏​ស្ងប់​ទៅ​វិញ។
30អ្នក​ទាំង​នោះ​មាន​អំណរ​ដោយ​ឃើញ​រលក​ស្ងប់
ហើយ​ព្រះ‌អម្ចាស់​ក៏​នាំ​គេ​ទៅ​ដល់​ត្រើយ
ដែល​គេ​ប្រាថ្នា​ចង់​ទៅ។
31អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!
32គេ​ត្រូវ​តែ​លើក​តម្កើង​ព្រះអង្គ
នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ប្រជា‌ជន
ហើយ​សរសើរ​តម្កើង​ព្រះអង្គ
ក្នុង​អង្គ​ប្រជុំ​របស់​ពួក​ព្រឹទ្ធា‌ចារ្យ។
33ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ
ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន
ធ្វើ​ឲ្យ​ប្រភព​ទឹក​រីង​ស្ងួត
34ព្រះអង្គ​ឲ្យ​ទឹក​ដី​ដែល​មាន​ជី‌ជាតិ
ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​មាន​សុទ្ធ​តែ​អំបិល
ព្រោះ​តែ​គំនិត​អាក្រក់​របស់​អ្នក​ស្រុក​នោះ។
35ព្រះអង្គ​បាន​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន​ប្រែ​ទៅ​ជា​បឹង
ធ្វើ​ឲ្យ​ដី​ហួត‌ហែង​ប្រែ​ទៅ​ជា​ប្រភព​ទឹក
36ហើយ​ព្រះអង្គ​នាំ​អស់​អ្នក​ដែល​ស្រេក​ឃ្លាន
ទៅ​រស់​នៅ​ទី​នោះ
ព្រម​ទាំង​សង់​ទីក្រុង​សម្រាប់​ស្នាក់​អាស្រ័យ​ផង។
37ពួក​គេ​សាប​ព្រោះ និង​ដាំ​ចម្ការ​ទំពាំង‌បាយជូរ
ដែល​ផ្ដល់​ភោគ‌ផល​យ៉ាង​បរិបូណ៌។
38ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​ពួក​គេ
ហើយ​ពួក​គេ​ក៏​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន
ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​ហ្វូង​សត្វ​របស់​គេ
ចុះ​អន់‌ថយ​ឡើយ។
39ពួក​គេ​ចុះ​អន់‌ថយ និង​បាត់​បង់​កិត្តិយស
ដោយ​ខ្មាំង​សង្កត់‌សង្កិន
រង​ទុក្ខ​វេទនា និង​ឈឺ​ចុក​ចាប់។
40ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​អ្នក​ធំ​ធ្លាក់​ទៅ​ក្នុង​សភាព
ថោក​ទាប ហើយ​វង្វេង​នៅ​ក្នុង​ផ្លូវ​អន្តរាយ។
41ប៉ុន្តែ ព្រះអង្គ​យក​មនុស្ស​ទុគ៌ត​ចេញ​ពី​ភាព​វេទនា
ព្រះអង្គ​ធ្វើ​ឲ្យ​គ្រួសារ​របស់​គេ
មាន​កូន​ចៅ​ជា​ច្រើន។
42ពេល​មនុស្ស​សុចរិត​ឃើញ​ដូច្នេះ
គេ​នឹង​មាន​អំណរ​សប្បាយ
តែ​មនុស្ស​ទុច្ចរិត​នឹង​បិទ​មាត់​យ៉ាង​ស្ងៀម‌ស្ងាត់។
43អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចង​ចាំ​សេចក្ដី​នេះ​ទុក
ហើយ​ស្វែង​យល់​ពី​ស្នា​ព្រះ‌ហស្ដ​ប្រកប​ដោយ
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy