សុភាសិត 8
8
ព្រះប្រាជ្ញាញាណប្រកាសហៅសាជាថ្មី
1 ចូរត្រងត្រាប់ស្ដាប់!
ព្រះប្រាជ្ញាញាណស្រែកប្រកាសហើយ!
តម្រិះក៏បន្លឺសំឡេងឡើងដែរ!
2ព្រះប្រាជ្ញាញាណឈរលើទួល
ក្បែរមាត់ផ្លូវ និងនៅត្រង់ផ្លូវបំបែក
3ក្បែរមាត់ទ្វារក្រុង នៅតាមផ្លូវចេញចូល
ហើយស្រែកឡើងថា៖
4បណ្ដាជនទាំងឡាយអើយ!
ខ្ញុំស្រែកហៅអ្នករាល់គ្នា
ខ្ញុំចង់និយាយជាមួយមនុស្សលោកទាំងអស់។
5មនុស្សមិនដឹងខុសត្រូវអើយ
ចូររៀនពិចារណាឡើង
មនុស្សឥតប្រាជ្ញាអើយ
ចូររៀនឲ្យមានតម្រិះឡើង។
6ចូរនាំគ្នាស្ដាប់
ដ្បិតខ្ញុំមានសេចក្ដីសំខាន់ៗប្រាប់អ្នករាល់គ្នា
ខ្ញុំនិយាយទូន្មានអ្នករាល់គ្នាអំពីផ្លូវទៀងត្រង់
7ខ្ញុំថ្លែងប្រាប់តែសេចក្ដីពិតប៉ុណ្ណោះ
ខ្ញុំមិនចូលចិត្តនិយាយសេចក្ដីអាក្រក់ឡើយ។
8អ្វីៗដែលខ្ញុំនិយាយសុទ្ធតែទៀងត្រង់
គឺគ្មានពាក្យវៀចវេរ ឬបោកបញ្ឆោតទេ។
9អ្នកមានតម្រិះយល់ថា ពាក្យខ្ញុំស្រួលស្ដាប់
រីឯអស់អ្នកចេះដឹងក៏យល់ថា
ខ្ញុំនិយាយត្រឹមត្រូវមែនដែរ។
10ចូរទទួលដំបូន្មានខ្ញុំជាជាងទទួលប្រាក់
រីឯការចេះដឹងមានតម្លៃ
លើសមាសទឹកដប់ទៅទៀត។
11ប្រាជ្ញាមានតម្លៃជាងត្បូងពេជ្រ
គ្មានរបស់អ្វីមានតម្លៃស្មើនឹងប្រាជ្ញាឡើយ។
12ខ្ញុំជាប្រាជ្ញា
ការពិចារណាស្ថិតនៅជាប់ជាមួយខ្ញុំ
ខ្ញុំមានតម្រិះរិះគិត ដោយសុភនិច្ឆ័យ។
13អ្នកគោរពកោតខ្លាចព្រះអម្ចាស់
តែងតែស្អប់អំពើអាក្រក់
ខ្ញុំមិនចូលចិត្តការអួតបំប៉ោង
ការព្រហើន អំពើអាក្រក់
និងការពោលពាក្យបោកបញ្ឆោតឡើយ។
14ខ្ញុំមានប្រាជ្ញា និងយោបល់
ខ្ញុំផ្ដល់តម្រិះ និងកម្លាំង
15ស្ដេចទាំងឡាយគ្រប់គ្រងស្រុក ដោយសារខ្ញុំ
ហើយមេដឹកនាំទាំងឡាយ
តែងច្បាប់ដ៏ត្រឹមត្រូវ ក៏ដោយសារខ្ញុំដែរ។
16អ្នកធំទាំងឡាយត្រួតត្រាស្រុក ដោយសារខ្ញុំ
ហើយពួកនាម៉ឺនសុទ្ធតែជាចៅក្រមដ៏សុចរិត។
17អ្នកណាស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកនោះវិញ
អ្នកណាស្វែងរកខ្ញុំ អ្នកនោះពិតជារកឃើញ។
18ខ្ញុំផ្ដល់ទ្រព្យសម្បត្តិ និងសិរីរុងរឿង
ភាពចម្រុងចម្រើន និងសេចក្ដីសុចរិត។
19ផលផ្លែរបស់ខ្ញុំមានតម្លៃជាងមាសទឹកដប់
អ្វីៗដែលខ្ញុំផ្ដល់ឲ្យ
មានតម្លៃជាងប្រាក់សុទ្ធទៅទៀត។
20ខ្ញុំដើរតាមមាគ៌ាដ៏សុចរិត
និងប្រព្រឹត្តតាមផ្លូវយុត្តិធម៌។
21ខ្ញុំផ្ដល់ទ្រព្យសម្បត្តិយ៉ាងបរិបូណ៌
ឲ្យអ្នកដែលស្រឡាញ់ខ្ញុំ។
22 ព្រះអម្ចាស់បានបង្កើតខ្ញុំតាំងពីដើមដំបូងបង្អស់
គឺមុនអ្វីៗដែលព្រះអង្គបង្កើតមកទៅទៀត។
23ព្រះអង្គបានចាក់ប្រេងតែងតាំងខ្ញុំ
តាំងពីអស់កល្បរៀងមក
គឺនៅគ្រាដំបូងបង្អស់
មុនកំណើតពិភពលោកទៅទៀត។
24កាលខ្ញុំកើតមក មិនទាន់មានជម្រៅទឹក
ហើយក៏មិនទាន់មានប្រភពទឹកដែរ។
25ព្រះអង្គបង្កើតខ្ញុំមក
មុនព្រះអង្គធ្វើឲ្យភ្នំធំភ្នំតូចលេចឡើង។
26ពេលនោះ ព្រះអង្គមិនទាន់បង្កើតផែនដី
និងលំហអាកាសទេ
ហើយក៏មិនទាន់បង្កើតធាតុដើមផ្សេងៗដែរ។
27កាលព្រះអម្ចាស់លាតសន្ធឹងផ្ទៃមេឃ
និងគូរវាសជើងមេឃពីលើមហាសមុទ្រ
ខ្ញុំក៏នៅទីនោះដែរ។
28កាលព្រះអង្គដាក់ពពកនៅលើអាកាស
ហើយកាលប្រភពទឹកផុសចេញយ៉ាងខ្លាំង
ពីទីជម្រៅ
29កាលព្រះអង្គកំណត់ព្រំដែនសមុទ្រ
ដើម្បីខណ្ឌទឹកកុំឲ្យហៀរចេញ
កាលព្រះអង្គចាក់គ្រឹះផែនដី
30នៅគ្រានោះ ខ្ញុំជាមេជាងជួយធ្វើការព្រះអង្គ
ហើយខ្ញុំធ្វើឲ្យព្រះអង្គមានអំណរ
ជារៀងរាល់ថ្ងៃ។
ខ្ញុំកម្សាន្តនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ
គ្រប់ពេលវេលា។
31ខ្ញុំកម្សាន្តនៅលើដីដែលព្រះអង្គបានបង្កើត
ខ្ញុំមានអំណរនៅក្នុងចំណោមមនុស្សលោក។
សុភមង្គលរបស់អ្នកដែលស្ដាប់ព្រះប្រាជ្ញាញាណ
32ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក
អ្នកណាប្រតិបត្តិតាមមាគ៌ារបស់ឪពុក
អ្នកនោះពិតជាមានសុភមង្គល!។
33ចូរស្ដាប់ដំបូន្មានរបស់ឪពុក
ដោយឥតធ្វេសប្រហែសឡើយ
នោះកូននឹងទៅជាអ្នកមានប្រាជ្ញា។
34អ្នកណាស្ដាប់ខ្ញុំ
ហើយឈរយាមមាត់ទ្វារខ្ញុំជារៀងរាល់ថ្ងៃ
អ្នកនោះពិតជាមានសុភមង្គល។
35អ្នកណារកខ្ញុំឃើញ អ្នកនោះមានជីវិត
ហើយព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកនោះ។
36អ្នកណារកខ្ញុំមិនឃើញ
អ្នកនោះធ្វើបាបខ្លួនឯង
អ្នកណាស្អប់ខ្ញុំ
អ្នកនោះស្រឡាញ់សេចក្ដីស្លាប់។
Currently Selected:
សុភាសិត 8: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.