សុភាសិត 7
7
ស្ត្រីក្បត់ប្ដី
1កូនអើយ កុំភ្លេចពាក្យបណ្ដាំឪពុក ចូរចងចាំពាក្យដែលឪពុកទូន្មាន 2ចូររក្សាពាក្យដែលឪពុកទូន្មាននេះ ទើបកូនមានជីវិត។ ចូររក្សាពាក្យដែលឪពុកប្រៀនប្រដៅទុកដូចជាកែវភ្នែក។ 3ចូរចងចាំពាក្យរបស់ឪពុកគ្រប់ពេលវេលា ហើយចារឹកទុកក្នុងដួងចិត្តជានិច្ច។ 4ចូរចាត់ទុកប្រាជ្ញាដូចជាបងស្រី និងចាត់ទុកតម្រិះដូចជាមិត្ត។ 5ធ្វើដូច្នេះ កូនអាចគេចផុតពីស្ត្រីក្បត់ប្ដី និងគេចផុតពីប្រពន្ធគេ ដែលប្រសប់លួងលោម។
6មានថ្ងៃមួយ ឪពុកមើលតាមបង្អួចផ្ទះ សម្លឹងទៅផ្លូវកែង 7ក្នុងចំណោមយុវជនដែលមិនសូវដឹងខុសត្រូវ ឪពុកឃើញក្មេងកំលោះម្នាក់ គ្មានប្រាជ្ញាទាល់តែសោះ។ 8ក្មេងកំលោះនោះដើរតាមផ្លូវមានផ្ទះលក់ដូរ ក្បែរកន្លែងដែលស្ត្រីក្បត់ប្ដីរស់នៅ ហើយដើរតម្រង់ទៅផ្ទះនាង។ 9ពេលនោះ ជាពេលល្ងាច ថ្ងៃកំពុងលិច ហើយយប់ងងឹតក៏ជិតមកដល់។ 10ស្ត្រីនោះចេញមកជួបអ្នកកំលោះ ទាំងស្លៀកពាក់ជារបៀបស្រីពេស្យា ដើម្បីទាក់ទាញចិត្តគេ។ 11នាងពុះកញ្ជ្រោល ស្រើបស្រាល ឥតអៀនខ្មាស ទ្រាំនៅក្នុងផ្ទះមិនបានទេ។ 12នាងនេះដើររកប្រុសនៅតាមដងផ្លូវ នៅតាមផ្សារ និងនៅគ្រប់កៀនកោះ។ 13នាងចាប់អ្នកកំលោះមកឱបរឹត ហើយនិយាយទាំងងងើលថា 14«ថ្ងៃនេះ ខ្ញុំទើបនឹងថ្វាយយញ្ញបូជាអរព្រះគុណ ដើម្បីលាបំណន់។ 15ហេតុនេះហើយបានជាខ្ញុំចេញមកជួបបង ដ្បិតខ្ញុំចង់ស្គាល់បងយូរហើយ ឥឡូវ ខ្ញុំជួបបងមែន!។ 16ខ្ញុំបានរៀបចំគ្រែខ្ញុំ ដែលមានភួយចម្រុះពណ៌ និងមានផាហ៊ុមល្អៗមកពីស្រុកអេស៊ីប។ 17ខ្ញុំបានប្រោះទឹកអប់ និងគ្រឿងក្រអូបផ្សេងៗពីលើគ្រែនោះ។ 18សូមអញ្ជើញមក យើងរួមស្នេហ៍យ៉ាងសប្បាយជាមួយគ្នារហូតដល់ព្រឹកស្អែក។ 19ប្ដីខ្ញុំមិននៅផ្ទះទេ គាត់បានចេញដំណើរទៅស្រុកឆ្ងាយបាត់ហើយ។ 20គាត់យកប្រាក់មួយថង់ទៅជាមួយដល់ថ្ងៃពេញបូណ៌ ទើបគាត់វិលត្រឡប់មកផ្ទះវិញ»។ 21នាងនិយាយបញ្ចុះបញ្ចូលយ៉ាងប៉ិនប្រសប់ អូសទាញអ្នកកំលោះដោយពាក្យសម្ដីផ្អែមល្ហែម។ 22អ្នកកំលោះក៏ទៅតាមនាងភ្លាម ដូចគោដែលគេនាំទៅទីសត្តឃាត និងដូចមនុស្សឆ្កួតដែលបណ្ដោយឲ្យគេចងជើងចងដៃ យកទៅធ្វើទោស។ 23អ្នកនោះប្រៀបបាននឹងសត្វស្លាប ហើរបោះពួយទៅរកអន្ទាក់ ដោយមិនដឹងថា ខ្លួនមានគ្រោះថ្នាក់ដល់ជីវិតទេ លុះត្រាតែមានព្រួញមកទម្លុះដល់បេះដូង។
24ឥឡូវនេះ កូនអើយ ចូរស្ដាប់ឪពុក ចូរត្រងត្រាប់ស្ដាប់សេចក្ដីដែលឪពុកទូន្មាន។ 25កុំបាក់ចិត្តទៅតាមស្ត្រីប្រភេទនេះឡើយ ហើយក៏កុំវង្វេងទៅសេពគប់ជាមួយវាដែរ 26ដ្បិតស្ត្រីនេះបានធ្វើឲ្យមានជនរងគ្រោះជាច្រើន សូម្បីតែអ្នកខ្លាំងពូកែក៏ត្រូវស្លាប់ដោយសារស្នាដៃនាងដែរ។ 27ផ្ទះរបស់នាងជាស្ថានមច្ចុរាជ អ្នកដែលចូលទៅក្នុងផ្ទះនោះ មុខជាស្លាប់មិនខាន។
Currently Selected:
សុភាសិត 7: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.