YouVersion Logo
Search Icon

សុភាសិត 8

8
ព្រះ‌ប្រាជ្ញា​ញាណ​ប្រកាស​ហៅ​សា​ជា​ថ្មី
1 ចូរ​ត្រង‌ត្រាប់​ស្ដាប់!
ព្រះ‌ប្រាជ្ញា​ញាណ​ស្រែក​ប្រកាស​ហើយ!
តម្រិះ​ក៏​បន្លឺ​សំឡេង​ឡើង​ដែរ!
2ព្រះ‌ប្រាជ្ញា​ញាណ​ឈរ​លើ​ទួល
ក្បែរ​មាត់​ផ្លូវ និង​នៅ​ត្រង់​ផ្លូវ​បំបែក
3ក្បែរ​មាត់​ទ្វារ​ក្រុង នៅ​តាម​ផ្លូវ​ចេញ​ចូល
ហើយ​ស្រែក​ឡើង​ថា៖
4បណ្ដា‌ជន​ទាំង‌ឡាយ​អើយ!
ខ្ញុំ​ស្រែក​ហៅ​អ្នក​រាល់​គ្នា
ខ្ញុំ​ចង់​និយាយ​ជា​មួយ​មនុស្ស​លោក​ទាំង​អស់។
5មនុស្ស​មិន​ដឹង​ខុស​ត្រូវ​អើយ
ចូរ​រៀន​ពិចារណា​ឡើង
មនុស្ស​ឥត​ប្រាជ្ញា​អើយ
ចូរ​រៀន​ឲ្យ​មាន​តម្រិះ​ឡើង។
6ចូរ​នាំ​គ្នា​ស្ដាប់
ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សំខាន់ៗ​ប្រាប់​អ្នក​រាល់​គ្នា
ខ្ញុំ​និយាយ​ទូន្មាន​អ្នក​រាល់​គ្នា​អំពី​ផ្លូវ​ទៀង‌ត្រង់
7ខ្ញុំ​ថ្លែង​ប្រាប់​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ
ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​សេចក្ដី​អាក្រក់​ឡើយ។
8អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ទៀង‌ត្រង់
គឺ​គ្មាន​ពាក្យ​វៀច‌វេរ ឬ​បោក‌បញ្ឆោត​ទេ។
9អ្នក​មាន​តម្រិះ​យល់​ថា ពាក្យ​ខ្ញុំ​ស្រួល​ស្ដាប់
រីឯ​អស់​អ្នក​ចេះ​ដឹង​ក៏​យល់​ថា
ខ្ញុំ​និយាយ​ត្រឹម​ត្រូវ​មែន​ដែរ។
10ចូរ​ទទួល​ដំបូន្មាន​ខ្ញុំ​ជា​ជាង​ទទួល​ប្រាក់
រីឯ​ការ​ចេះ​ដឹង​មាន​តម្លៃ
លើស​មាស​ទឹក‌ដប់​ទៅ​ទៀត។
11ប្រាជ្ញា​មាន​តម្លៃ​ជាង​ត្បូង​ពេជ្រ
គ្មាន​របស់​អ្វី​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​ឡើយ។
12ខ្ញុំ​ជា​ប្រាជ្ញា
ការ​ពិចារណា​ស្ថិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ
ខ្ញុំ​មាន​តម្រិះ​រិះគិត ដោយ​សុភ‌និច្ឆ័យ។
13អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
តែងតែ​ស្អប់​អំពើ​អាក្រក់
ខ្ញុំ​មិន​ចូល​ចិត្ត​ការ​អួត​បំប៉ោង
ការ​ព្រហើន អំពើ​អាក្រក់
និង​ការ​ពោល​ពាក្យ​បោក‌បញ្ឆោត​ឡើយ។
14ខ្ញុំ​មាន​ប្រាជ្ញា និង​យោបល់
ខ្ញុំ​ផ្ដល់​តម្រិះ និង​កម្លាំង
15ស្ដេច​ទាំង‌ឡាយ​គ្រប់‌គ្រង​ស្រុក ដោយ‌សារ​ខ្ញុំ
ហើយ​មេ​ដឹក​នាំ​ទាំង‌ឡាយ
តែង​ច្បាប់​ដ៏​ត្រឹម​ត្រូវ ក៏​ដោយ‌សារ​ខ្ញុំ​ដែរ។
16អ្នក​ធំ​ទាំង‌ឡាយ​ត្រួត‌ត្រា​ស្រុក ដោយ‌សារ​ខ្ញុំ
ហើយ​ពួក​នាម៉ឺន​សុទ្ធ​តែ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។
17អ្នក​ណា​ស្រឡាញ់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​អ្នក​នោះ​វិញ
អ្នក​ណា​ស្វែង​រក​ខ្ញុំ អ្នក​នោះ​ពិត​ជា​រក​ឃើញ។
18ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ និង​សិរី‌រុងរឿង
ភាព​ចម្រុង‌ចម្រើន និង​សេចក្ដី​សុចរិត។
19ផល​ផ្លែ​របស់​ខ្ញុំ​មាន​តម្លៃ​ជាង​មាស​ទឹក‌ដប់
អ្វីៗ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ
មាន​តម្លៃ​ជាង​ប្រាក់​សុទ្ធ​ទៅ​ទៀត។
20ខ្ញុំ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត
និង​ប្រព្រឹត្ត​តាម​ផ្លូវ​យុត្តិធម៌។
21ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌
ឲ្យ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ។
22 ព្រះ‌អម្ចាស់​បាន​បង្កើត​ខ្ញុំ​តាំង​ពី​ដើម​ដំបូង​បង្អស់
គឺ​មុន​អ្វីៗ​ដែល​ព្រះអង្គ​បង្កើត​មក​ទៅ​ទៀត។
23ព្រះអង្គ​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ
តាំង​ពី​អស់‌កល្ប​រៀង​មក
គឺ​នៅ​គ្រា​ដំបូង​បង្អស់
មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត។
24កាល​ខ្ញុំ​កើត​មក មិន​ទាន់​មាន​ជម្រៅ​ទឹក
ហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ទឹក​ដែរ។
25ព្រះអង្គ​បង្កើត​ខ្ញុំ​មក
មុន​ព្រះអង្គ​ធ្វើ​ឲ្យ​ភ្នំ​ធំ​ភ្នំ​តូច​លេច​ឡើង។
26ពេល​នោះ ព្រះអង្គ​មិន​ទាន់​បង្កើត​ផែនដី
និង​លំហ​អាកាស​ទេ
ហើយ​ក៏​មិន​ទាន់​បង្កើត​ធាតុ​ដើម​ផ្សេងៗ​ដែរ។
27កាល​ព្រះ‌អម្ចាស់​លាត​សន្ធឹង​ផ្ទៃ​មេឃ
និង​គូរ‌វាស​ជើង​មេឃ​ពី​លើ​មហា​សមុទ្រ
ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ។
28កាល​ព្រះអង្គ​ដាក់​ពពក​នៅ​លើ​អាកាស
ហើយ​កាល​ប្រភព​ទឹក​ផុស​ចេញ​យ៉ាង​ខ្លាំង
ពី​ទី​ជម្រៅ
29កាល​ព្រះអង្គ​កំណត់​ព្រំ‌ដែន​សមុទ្រ
ដើម្បី​ខណ្ឌ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញ
កាល​ព្រះអង្គ​ចាក់​គ្រឹះ​ផែនដី
30នៅ​គ្រា​នោះ ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះអង្គ
ហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះអង្គ​មាន​អំណរ
ជា​រៀង​រាល់​ថ្ងៃ។
ខ្ញុំ​កម្សាន្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ
គ្រប់​ពេល​វេលា។
31ខ្ញុំ​កម្សាន្ត​នៅ​លើ​ដី​ដែល​ព្រះអង្គ​បាន​បង្កើត
ខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។
សុភមង្គល​របស់​អ្នក​ដែល​ស្ដាប់​ព្រះ‌ប្រាជ្ញា​ញាណ
32ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក
អ្នក​ណា​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ឪពុក
អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!។
33ចូរ​ស្ដាប់​ដំបូន្មាន​របស់​ឪពុក
ដោយ​ឥត​ធ្វេស‌ប្រហែស​ឡើយ
នោះ​កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។
34អ្នក​ណា​ស្ដាប់​ខ្ញុំ
ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ
អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។
35អ្នក​ណា​រក​ខ្ញុំ​ឃើញ អ្នក​នោះ​មាន​ជីវិត
ហើយ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​នោះ។
36អ្នក​ណា​រក​ខ្ញុំ​មិន​ឃើញ
អ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯង
អ្នក​ណា​ស្អប់​ខ្ញុំ
អ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in