សុភាសិត 26
26
1លើកមនុស្សខ្លៅឲ្យមានកិត្តិយសមិនទំនងទេ គឺប្រៀបដូចជាមេឃធ្លាក់ព្រឹល នៅរដូវក្ដៅ និងដូចភ្លៀងនៅរដូវចម្រូត។
2ការដាក់បណ្ដាសាដោយឥតហេតុផល គ្មានបានការអ្វីទេ គឺប្រៀបដូចជាសត្វចាប និងសត្វត្រចៀកកាំដែលហើរ តែមិនព្រមទំ។
3រំពាត់ខ្សែតីសម្រាប់វាយសេះ បង្ហៀរសម្រាប់ដាក់ក្នុងមាត់សត្វលា ហើយរំពាត់សម្រាប់វាយខ្នងមនុស្សខ្លៅ។
4កុំឆ្លើយទៅមនុស្សខ្លៅតាមរបៀបខ្លៅ ក្រែងលោអ្នកទៅជាខ្លៅដូចគេដែរ។
5ចូរឆ្លើយទៅមនុស្សខ្លៅតាមគំនិតខ្លៅរបស់គេ ដើម្បីកុំឲ្យគេនឹកស្មានថាខ្លួនមានប្រាជ្ញា។
6អ្នកដែលប្រើមនុស្សខ្លៅឲ្យនាំសារ ប្រៀបដូចជាកាត់ជើងរបស់ខ្លួន ហើយត្រូវពិបាកចិត្ត។
7សុភាសិតដែលចេញពីមាត់មនុស្សខ្លៅ ពុំមានខ្លឹមសារអ្វីទេ គឺដូចជើងរបស់មនុស្សខ្វិនដែលប្រើការមិនកើត។
8លើកតម្កើងមនុស្សខ្លៅ ប្រៀបដូចជាយកគ្រាប់ក្រួសមកចងនឹងដង្ហក់។
9សុភាសិតចេញពីមាត់មនុស្សខ្លៅ ប្រៀបដូចជាបន្លាដែលមនុស្សប្រមឹកគ្រវីនៅក្នុងដៃ។
10ចៅហ្វាយណាជួលមនុស្សខ្លៅ ឬមនុស្សខ្ចាត់ព្រាត់មកធ្វើការ រមែងធ្វើឲ្យគេឯងអំពល់ទុក្ខគ្រប់គ្នា។
11មនុស្សខ្លៅមិនបោះបង់ចោលគំនិតខ្លៅរបស់ខ្លួនទេ គឺដូចឆ្កែដែលតែងតែត្រឡប់មកស៊ីកំអួតរបស់វា។
12ប្រសិនបើអ្នកឃើញនរណាម្នាក់ អួតខ្លួនថាជាមនុស្សមានប្រាជ្ញា តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។
មនុស្សកម្ជិល
13មនុស្សកម្ជិលតែងពោលថា «មានកូនសិង្ហមួយនៅខាងក្រៅ ហើយមានសិង្ហឈ្មោលមួយនៅតាមផ្លូវ»។
14ទ្វារតែងតែវិលជាប់នឹងត្រចៀកទ្វារ រីឯមនុស្សកម្ជិលនៅននៀលជាប់នឹងគ្រែជានិច្ច។
15មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ ដោយត្អូញថាហត់ពេក។
16មនុស្សខ្ជិលនឹកស្មានថាខ្លួនមានប្រាជ្ញា លើសមនុស្សប្រាំពីរនាក់ ដែលចេះឆ្លើយដោយវាងវៃ។
សុភាសិតផ្សេងៗ
17ជ្រៀតជ្រែកចូលក្នុងជម្លោះរបស់អ្នកដទៃ ប្រៀបដូចជាដេញចាប់ត្រចៀកឆ្កែ ដែលកំពុងរត់។
18អ្នកណាបោកបញ្ឆោតគេ រួចពោលថា «ខ្ញុំគ្រាន់តែធ្វើលេង» 19អ្នកនោះប្រៀបដូចជាមនុស្សកំរោលចូល ដែលចោលអង្កត់អុសជុំវិញខ្លួន ហើយបាញ់ព្រួញ ដើម្បីសម្លាប់គេ។
20ពេលណាអស់អុស ភ្លើងក៏រលត់ ពេលណាអស់មនុស្សនិយាយមួលបង្កាច់គេ ជម្លោះក៏បាត់អស់ដែរ។
21មនុស្សអុជអាលធ្វើឲ្យមានជម្លោះកាន់តែខ្លាំងឡើងៗ ប្រៀបដូចជាធ្យូង និងអុស ដែលធ្វើឲ្យភ្លើងរឹតតែឆេះឡើង។
22ពាក្យសម្ដីរបស់មនុស្សអុជអាល ប្រៀបដូចជាចំណីយ៉ាងឆ្ងាញ់ជាប់ចិត្ត។
23សម្ដីផ្អែមល្ហែម តែចិត្តអាក្រក់ ប្រៀបដូចជាប្រាក់ដែលស្រោបលើភាជន៍ធ្វើពីដីឥដ្ឋ។
24មនុស្សស្អប់គេតែងតែនិយាយលាក់ពុត រីឯក្នុងចិត្ត មានសុទ្ធតែគំនិតបោកប្រាស់។
25កាលណាគេនិយាយដោយទន់ភ្លន់ កុំទុកចិត្តគេឲ្យសោះ ដ្បិតចិត្តរបស់គេមានពេញទៅដោយការស្អប់ខ្ពើមគ្រប់យ៉ាង។
26ទោះបីអ្នកនោះចេះលាក់បាំងចិត្តស្អប់របស់ខ្លួនក៏ដោយ មនុស្សគ្រប់គ្នាគង់តែឃើញចិត្តអាក្រក់របស់គេ។
27អ្នកណាជីករណ្ដៅ អ្នកនោះនឹងត្រូវធ្លាក់ក្នុងរណ្ដៅ ហើយអ្នកណាប្រមៀលថ្ម អ្នកនោះនឹងត្រូវថ្មរមៀលកិនវិញ។
28បើយើងនិយាយមួលបង្កាច់នរណា បានសេចក្ដីថាយើងស្អប់អ្នកនោះ ហើយបើយើងនិយាយបញ្ចើចបញ្ចើអ្នកណា យើងនឹងធ្វើឲ្យអ្នកនោះត្រូវអន្តរាយ។
Currently Selected:
សុភាសិត 26: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.