សុភាសិត 25
25
សុភាសិតផ្សេងៗ
1នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន ចងក្រងឡើងដោយមន្ត្រីរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។
2សិរីរុងរឿងរបស់ព្រះជាម្ចាស់ស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង រីឯសិរីរុងរឿងរបស់ស្ដេចស្ថិតនៅលើសុភនិច្ឆ័យ។
3ផ្ទៃមេឃខ្ពស់យ៉ាងណា ផែនដីជ្រៅយ៉ាងណា ព្រះហឫទ័យរបស់ស្ដេចក៏ដូច្នោះដែរ គ្មាននរណាអាចយល់បានទេ។
4បើជាងទងចង់សិតធ្វើវត្ថុសិល្បៈអ្វីមួយ តោងបន្សុទ្ធប្រាក់ជាមុនសិន។
5បើស្ដេចចង់ពង្រឹងរាជសម្បត្តិដោយយុត្តិធម៌ តោងដកមនុស្សអាក្រក់ចេញឲ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គជាមុនសិន។
6 កុំធ្វើព្រហើននៅចំពោះព្រះភ័ក្ត្រស្ដេច ហើយក៏កុំចង់បានកន្លែងរបស់អ្នកធំដែរ។
7ប្រសិនបើគេប្រាប់អ្នកថា «សូមអញ្ជើញមកអង្គុយនៅទីនេះ» ប្រសើរជាងគេបំបាក់មុខអ្នកនៅចំពោះមុខអ្នកធំ។
8កុំប្រញាប់យករឿងរ៉ាវអ្វីដែលអ្នកបានឃើញ ទៅប្ដឹងចៅក្រមឡើយ ដ្បិតប្រសិនបើចុងចោទទម្លាក់កំហុសមកលើអ្នកវិញ តើអ្នកដោះសាខ្លួនដូចម្ដេចបាន!
9បើមានទំនាស់ជាមួយអ្នកជិតខាង ចូរជជែកគ្នារកខុសត្រូវទៅ តែកុំបង្ហើបសេចក្ដីដែលអ្នកក្រៅបានខ្សឹបប្រាប់អ្នកឡើយ 10ក្រែងលោអ្នកនោះដឹងឮ គេដៀលអ្នក ហើយអ្នកត្រូវអាម៉ាស់ងើបមុខមិនរួច។
11និយាយត្រូវតាមកាលៈទេសៈ មានតម្លៃដូចបន្តោងពេជ្រព្យួរជាប់នឹងខ្សែកមាស ឬប្រាក់។
12យកចិត្តទុកដាក់ស្ដាប់ពាក្យស្ដីប្រដៅរបស់អ្នកប្រាជ្ញ ប្រៀបដូចជាមានចិញ្ចៀនមាស ឬខ្សែកធ្វើពីមាសសុទ្ធ។
13អ្នកនាំសារស្មោះត្រង់រមែងធ្វើឲ្យម្ចាស់របស់ខ្លួនសប្បាយចិត្ត ដូចទឹកដ៏ត្រជាក់នៅរដូវប្រាំង។
14អ្នកណាអួតពីទានដែលខ្លួនមិនបានធ្វើ អ្នកនោះប្រៀបដូចជាពពក និងខ្យល់ដែលមិនបង្អុរទឹកភ្លៀង។
15ការអត់ធ្មត់រមែងបន្ទន់ចិត្តមេដឹកនាំ ហើយពាក្យសម្ដីទន់ភ្លន់អាចឈ្នះចិត្តរឹងរូស។
16បើអ្នករកបានទឹកឃ្មុំ កុំបរិភោគច្រើនហួស បើមិនដូច្នេះទេ អ្នកនឹងធុញ ហើយចង់ក្អួតមកវិញផង។
17ចូរកុំទៅផ្ទះអ្នកជិតខាងញឹកញាប់ពេក ក្រែងគេធុញទ្រាន់ រហូតដល់ស្អប់អ្នក។
18អ្នកណាចោទប្រកាន់អ្នកដទៃទាំងបំពាន អ្នកនោះប្រៀបដូចជាវាយគេនឹងព្រនង់ កាប់គេនឹងដាវ ឬបាញ់គេនឹងព្រួញមុតស្រួច។
19នៅពេលមានគ្រាអាសន្ន ទុកចិត្តលើមនុស្សក្បត់ ប្រៀបដូចជាបរិភោគអាហារនៅពេលធ្មេញរង្គើ ឬឈរលើជើងកំបាក់។
20ច្រៀងឲ្យមនុស្សមានទុក្ខស្ដាប់ ប្រៀបដូចជាដោះអាវនៅពេលរងា ឬដូចចាក់ទឹកខ្មេះលើមុខរបួស។
21 ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកអាហារទៅឲ្យគេបរិភោគ បើគេស្រេក ចូរយកទឹកឲ្យគេផឹកផង 22ធ្វើដូច្នេះ ប្រៀបដូចជាប្រមូលរងើកភ្លើង គរពីលើក្បាលរបស់គេ ហើយព្រះអម្ចាស់នឹងប្រទានរង្វាន់ដល់អ្នក។
23ខ្យល់បក់ពីទិសខាងត្បូងរមែងនាំទឹកភ្លៀងមកជាមួយផង រីឯការនិយាយដើមគេរមែងនាំឲ្យគេខឹង។
24ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយស្ត្រីពូកែឈ្លោះ។
25ដំណឹងល្អមកពីស្រុកឆ្ងាយ ប្រៀបបាននឹងទឹកត្រជាក់មកផ្សើមបំពង់កស្ងួត។
26អណ្ដូងទឹកល្អក់ ឬប្រភពទឹកក្រខ្វក់ ប្រៀបដូចជាមនុស្សសុចរិត ដែលយកតម្រាប់តាមមនុស្សទុច្ចរិត។
27បរិភោគទឹកឃ្មុំច្រើនមិនល្អទេ ហើយចង់បានកិត្តិយសខ្លាំងពេកក៏មិនល្អដែរ។
28មនុស្សមិនចេះទប់ចិត្តខ្លួនឯង ប្រៀបដូចជាទីក្រុងដែលគ្មានកំពែងការពារ។
Currently Selected:
សុភាសិត 25: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.