YouVersion Logo
Search Icon

សុភាសិត 24

24
1កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់ ហើយ​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ឡើយ។ 2ពួក​គេ​គិត​តែ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ ហើយ​ពោល​ពាក្យ​ប្រទូស្ត‌រាយ។
3ដោយ‌សារ​ប្រាជ្ញា គេ​សង់​ផ្ទះ​បាន ដោយ‌សារ​ការ​ឈ្លាស​វៃ គេ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រឹង‌មាំ 4ហើយ​ដោយ‌សារ​តម្រិះ គេ​ធ្វើ​ឲ្យ​បន្ទប់​មាន​ពេញ​ទៅ​ដោយ​វត្ថុ​ដ៏​មាន​តម្លៃ ជា​ទី​គាប់​ចិត្ត។
5អ្នក​ប្រាជ្ញ​តែងតែ​មាន​កម្លាំង ហើយ​អ្នក​ចេះ​ដឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ។ 6មុន​នឹង​ធ្វើ​សង្គ្រាម ត្រូវ​រិះគិត​ឲ្យ​បាន​ដិត​ដល់ មាន​ទី​ប្រឹក្សា​ច្រើន​នាំ​ឲ្យ​មាន​ជោគ​ជ័យ។
7មនុស្ស​ខ្លៅ​ឈោង​ពុំ​ដល់​ប្រាជ្ញា​ទេ ពេល​ណា​មាន​រឿង​សំខាន់​ដែល​ត្រូវ​ពិភាក្សា អ្នក​នោះ​ពុំ​អាច​ហា​មាត់​និយាយ​បាន​ឡើយ។
8អ្នក​ណា​ចេះ​តែ​រិះគិត​ប្រព្រឹត្ត​អាក្រក់ អ្នក​នោះ​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ទុយ៌ស។ 9មនុស្ស​ល្ងង់​ខ្លៅ​គិត​តែ​ពី​ធ្វើ​អំពើ​បាប រីឯ​មនុស្ស​ចំអក​ឡក‌ឡឺយ​តែងតែ​ធ្វើ​ឲ្យ​គេ​ស្អប់​គ្រប់​គ្នា។
10បើ​អ្នក​បាត់​បង់​សេចក្ដី​ក្លាហាន​ក្នុង​ពេល​មាន​អាសន្ន បាន​សេចក្ដី​ថា កម្លាំង​របស់​អ្នក​ទន់​ខ្សោយ​ណាស់។
11ចូរ​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​ខំ​ប្រឹង​រំដោះ​អស់​អ្នក​ដែល​គេ​នាំ​ទៅ​សម្លាប់។ 12បើ​អ្នក​ពោល​ថា «ខ្ញុំ​មិន​បាន​ដឹង​ទេ!» តោង​ដឹង​ថា ព្រះ‌ជាម្ចាស់​ដែល​ស្គាល់​ចិត្ត​មនុស្ស ទ្រង់​ជ្រាប​ទាំង​អស់។ ព្រះអង្គ​ពិនិត្យ​មើល​អ្នក ទ្រង់​ឈ្វេង​យល់​ចិត្ត​អ្នក ហើយ​ព្រះអង្គ​តប​ស្នង​ដល់​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។
13កូន​អើយ ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ទឹក​ឃ្មុំ​មាន​រស‌ជាតិ​ឆ្ងាញ់ ហើយ​ផ្អែម​ជាប់​មាត់។ 14រីឯ​ប្រាជ្ញា​ក៏​ដូច្នោះ​ដែរ ចូរ​កូន​ចង​ចាំ​ថា បើ​កូន​រក​បាន​ប្រាជ្ញា កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។
15កុំ​ធ្វើ​ដូច​មនុស្ស​អាក្រក់ ដែល​យក​អន្ទាក់​ទៅ​ដាក់​នៅ​មុខ​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​កុំ​បំផ្លិច‌បំផ្លាញ​ទី​លំ‌នៅ​របស់​គេ​ដែរ 16ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំ‌ពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជានិច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ​រហូត។
17ពេល​ឃើញ​ខ្មាំង​សត្រូវ​របស់​អ្នក​បរា‌ជ័យ កុំ​ត្រេក​អរ​ឡើយ ហើយ​បើ​ឃើញ​គេ​ជំពប់​ដួល​ក៏​មិន​ត្រូវ​សប្បាយ​រីក‌រាយ​ដែរ 18ក្រែង​លោ​ព្រះ‌អម្ចាស់ទត​ឃើញ ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ ហើយ​ទ្រង់​លែង​ធ្វើ​ទោស​គេ។
19កុំ​ក្ដៅ​ចិត្ត​នឹង​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ក៏​កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់​ឲ្យ​សោះ។ 20មនុស្ស​អាក្រក់​គ្មាន​អនាគត​ភ្លឺ​ស្វាង​ទេ ជីវិត​របស់​គេ​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។
21កូន​អើយ ចូរ​គោរព​ព្រះ‌អម្ចាស់ និង​គោរព​ស្ដេច។ កុំ​ចូល​ដៃ​នឹង​អ្នក​បះ‌បោរ​ឡើយ 22ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ហើយ​គ្មាន​នរណា​ដឹង​ថា តើ​ព្រះ‌អម្ចាស់ ឬ​ស្ដេច ដាក់​ទោស​ពួក​គេ​យ៉ាង​ណា​ទេ។
ដំបូន្មាន​ផ្សេងៗ​របស់​អ្នក​ប្រាជ្ញ
23អ្នក​ប្រាជ្ញ​ពោល​ទៀត​ថា: ពេល​កាត់​ក្ដី​មិន​ត្រូវ​រើស​មុខ​អ្នក​ណា​ឡើយ។ 24បើ​ចៅ‌ក្រម​និយាយ​ទៅ​កាន់​ឧក្រិដ្ឋ‌ជន​ថា “អ្នក​គ្មាន​ទោស​ទេ!” ប្រជា‌ជន​នឹង​ដាក់​បណ្ដាសា​ចៅ‌ក្រម​នោះ ហើយ​ប្រជា‌ជាតិ​នានា​ក៏​ស្អប់​ចៅ‌ក្រម​នោះ​ដែរ។
25ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ដាក់​ទោស​ជន​ឧក្រិដ្ឋ​មុខ​ជា​បាន​សុខ ព្រម​ទាំង​ទទួល​ពរ និង​សុភមង្គល។
26ចម្លើយ​ស្មោះ​ត្រង់​ជា​ភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ។
27ចូរ​បំពេញ​កិច្ចការ​ខាង​ក្រៅ​ផ្ទះ និង​បង្ហើយ​ការ‌ងារ​នៅ​ឯ​ស្រែ​ចម្ការ​សិន រួច​សឹម​សង់​ផ្ទះ។
28កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ​ដោយ​គ្មាន​ហេតុ​ផល ហើយ​ក៏​កុំ​និយាយ​កុហក បោក​បញ្ឆោត​គេ​ដែរ។ 29កុំ​ពោល​ថា «គេ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​បែប​ណា ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​គេ​វិញ​បែប​នោះ​ដែរ ខ្ញុំ​នឹង​តប​ស្នង​ដល់​គេ​ម្នាក់ៗ តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត»។
មនុស្ស​កម្ជិល
30ខ្ញុំ​បាន​ដើរ​ជិត​ចម្ការ​របស់​មនុស្ស​កម្ជិល​ម្នាក់ ហើយ​ខ្ញុំ​ក៏​បាន​ដើរ​ជិត​ចម្ការ​ទំពាំង‌បាយជូរ​របស់​មនុស្ស​ឥត​គំនិត​ម្នាក់​ដែរ។ 31មាន​បន្លា និង​ស្មៅ​ដុះ​ពាស‌ពេញ រីឯ​របង​ក៏​រលំ​ដួល​អស់។ 32ខ្ញុំ​ពិចារណា​មើល​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ដក​ស្រង់​បាន​មេរៀន​ដូច​ត​ទៅ: 33 អ្នក​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច និង​ដេក​ឱប​ដៃ​បន្តិច។ 34ធ្វើ​ដូច្នេះ អ្នក​នឹង​ខ្វះ​ខាត ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in