YouVersion Logo
Search Icon

សុភាសិត 17

17
1បរិភោគ​បាយ‌កក​តែ​មាន​សេចក្ដី​សុខ ប្រសើរ​ជាង​ជប់‌លៀង​នៅ​ផ្ទះ​មួយ​ដែល​មាន​តែ​ការ​ឈ្លោះ​គ្នា។
2អ្នក​បម្រើ​ឆ្លាត​រមែង​ត្រួត‌ត្រា​លើ​កូន​ដ៏​ថោក​ទាប​របស់​ចៅហ្វាយ ព្រម​ទាំង​ទទួល​ចំណែក​មត៌ក​ក្នុង​គ្រួសារ​នោះ​ផង។
3គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ‌សារ​ដុត​ក្នុង​ភ្លើង រីឯ​ចិត្ត​មនុស្ស​វិញ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​អាច​លត់‌ដំ ដើម្បី​ស្គាល់​តម្លៃ។
4មនុស្ស​មាន​បំណង​អាក្រក់​រមែង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​អាក្រក់ ហើយ​មនុស្ស​កុហក​រមែង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​មួល‌បង្កាច់។
5អ្នក​មើល‌ងាយ​ជន​ក្រីក្រ ដូច​ជា​ប្រមាថ​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​គេ រីឯ​អ្នក​សើច​ចំអក​ដាក់​ជន​រង‌គ្រោះ​នឹង​ត្រូវ​មាន​ទោស។
6ចៅ​រមែង​ធ្វើ​ឲ្យ​ជីតា​មាន​កិត្តិយស រីឯ​កូន​បាន​ខ្ពស់​មុខ ព្រោះ​តែ​ឪពុក។
7ពាក្យ​ថ្លៃ‌ថ្នូរ​មិន​សម​ជា​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ ហើយ​ពាក្យ​កុហក​ក៏​មិន​សម​ចេញ​ពី​មាត់​របស់​អ្នក​ដឹក​នាំ​ដែរ។
8អ្នក​សូក​នឹក​ស្មាន​ថា សំណូក​ប្រៀប​បាន​នឹង​ត្បូង​ទិព្វ​ដែល​នាំ​ឲ្យ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​គេ​ធ្វើ។
9អ្នក​ចង់​បាន​មិត្ត‌ភាព​តែងតែ​បំភ្លេច​កំហុស រីឯ​អ្នក​ដែល​រំឭក​កំហុស​រមែង​ធ្វើ​ឲ្យ​មិត្ត‌ភាព​រលាយ។
10ស្ដី​ប្រដៅ​មនុស្ស​ចេះ​ដឹង​តែ​មួយ​ម៉ាត់ មាន​ប្រសិទ្ធ‌ភាព​ជាង​វាយ​មនុស្ស​ល្ងី‌ល្ងើ​មួយ​រយ​ដំបង។
11មនុស្ស​ទុច្ចរិត​គិត​តែ​បះ‌បោរ ប៉ុន្តែ គេ​នឹង​ចាត់​ពេជ្ឈ‌ឃាត​កំណាច​ឲ្យ​ទៅ​បង្ក្រាប​អ្នក​នោះ។
12ជួប​មេ​ខ្លា‌ឃ្មុំ​ព្រាត់​កូន ប្រសើរ​ជាង​ជួប​មនុស្ស​ល្ងី‌ល្ងើ​ដែល​ល្ងង់​ហួស។
13អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ភាព​អន្តរាយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​នោះ​ទេ។
14បង្ក​ជម្លោះ​ប្រៀប​បាន​នឹង​ទំលាយ​ទំនប់​ទឹក ចូរ​ដក​ខ្លួន​ថយ​មុន​នឹង​ជម្លោះ​ផ្ទុះ​ឡើង។
15អ្នក​ដែល​ចាត់​ទុក​មនុស្ស​ជាប់​ទោស​ថា​គ្មាន​ទោស និង​អ្នក​ដែល​ចាត់​ទុក​មនុស្ស​គ្មាន​កំហុស​ថា​មាន​កំហុស មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ។
16ប្រាក់​នៅ​ក្នុង​ដៃ​មនុស្ស​ខ្លៅ​គ្មាន​ប្រយោជន៍​អ្វី​ទេ ព្រោះ​ទិញ​ប្រាជ្ញា​មិន​បាន ដ្បិត​អ្នក​នោះ​មិន​ចេះ​គិត ពិចារណា​អ្វី​សោះ។
17កល្យាណ​មិត្ត​តែងតែ​ស្រឡាញ់​គ្នា​គ្រប់​ពេល​វេលា រីឯ​បងប្អូន​វិញ​តែងតែ​ចាំ​ជួយ​គ្នា​ក្នុង​ពេល​មាន​ទុក្ខ‌ធុរៈ។
18អ្នក​ណា​ធានា​សង​បំណុល​ជួស​អ្នក​ដទៃ អ្នក​នោះ​មិន​ចេះ​គិត​ពិចារណា​ទេ។
19អ្នក​ដែល​ចូល​ចិត្ត​សន្សំ​រឿង​រមែង​ចូល​ចិត្ត​អំពើ​បាប អ្នក​ណា​និយាយ​អួត​បំប៉ោង អ្នក​នោះ​ស្វែង​រក​មហន្ត‌រាយ។
20មនុស្ស​មាន​កល‌ល្បិច​មិន​ស្គាល់​សុភមង្គល​ទេ ហើយ​មនុស្ស​សម្ដី​អាក្រក់​រមែង​ជួប​គ្រោះ​កាច។
21អ្នក​ណា​បង្កើត​កូន​ល្ងី‌ល្ងើ អ្នក​នោះ​ស្គាល់​តែ​ទុក្ខ​ព្រួយ រីឯ​ឪពុក​របស់​មនុស្ស​លេលា​មិន​ដែល​ស្គាល់​អំណរ​សប្បាយ​ទេ។
22ចិត្ត​សប្បាយ​រមែង​នាំ​ឲ្យ​ជា​សះ‌ស្បើយ រីឯ​ចិត្ត​ព្រួយ​រមែង​ធ្វើ​ឲ្យ​រីង‌រៃ។
23មនុស្ស​អាក្រក់​លួច​ទទួល​សំណូក ដើម្បី​បង្ខូច​យុត្តិធម៌។
24ប្រាជ្ញា​រមែង​នៅ​ក្បែរ​មនុស្ស​ឈ្លាស‌វៃ រីឯ​មនុស្ស​ល្ងី‌ល្ងើ​វិញ គិត​តែ​ពី​សម្លឹង​មើល​អ្វី​ដែល​ខ្លួន​ឈោង​មិន​ដល់។
25កូន​ភ្លី‌ភ្លើ​ធ្វើ​ឲ្យ​ឪពុក​ព្រួយ និង​ធ្វើ​ឲ្យ​ម្ដាយ​សោក‌ស្ដាយ។
26ដាក់​ទោស​មនុស្ស​សុចរិត​ជា​ការ​មិន​ល្អ​ទេ ហើយ​វាយ​មនុស្ស​ថ្លៃ‌ថ្នូរ ព្រោះ​តែ​គេ​មាន​ចិត្ត​ទៀង‌ត្រង់​ក៏​មិន​ល្អ​ដែរ។
27អ្នក​ណា​ទប់​ពាក្យ​សម្ដី​របស់​ខ្លួន អ្នក​នោះ​ជា​មនុស្ស​ចេះ​ដឹង រីឯ​អ្នក​តាំង​ចិត្ត​ស្ងប់‌ស្ងៀម​ជា​មនុស្ស​ឈ្លាស‌វៃ។
28បើ​មនុស្ស​ល្ងី‌ល្ងើ​នៅ​ស្ងៀម គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​មាន​ប្រាជ្ញា បើ​គាត់​បិទ​មាត់​មិន​និយាយ​អ្វី គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​ឈ្លាស‌វៃ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in