YouVersion Logo
Search Icon

សុភាសិត 16

16
1មនុស្ស​គិត‌គូរ​គម្រោង‌ការ​របស់​ខ្លួន តែ​ការ​សម្រេច​ស្ថិត​នៅ​លើ​ព្រះ‌អម្ចាស់
2មនុស្ស​រមែង​នឹក​ស្មាន​ថា អំពើ​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រូវ ប៉ុន្តែ ព្រះ‌អម្ចាស់ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស។
3ចូរ​ថ្វាយ​កិច្ចការ​ដែល​អ្នក​ធ្វើ​ទៅ​ព្រះ‌អម្ចាស់ នោះ​គម្រោង‌ការ​របស់​អ្នក​មុខ​ជា​បាន​សម្រេច។
4អ្វីៗ​ដែល​ព្រះ‌អម្ចាស់​ធ្វើ​សុទ្ធ​តែ​មាន​គោល‌ដៅ គឺ​សូម្បី​តែ​មនុស្ស​អាក្រក់​ក៏​ព្រះអង្គ​បាន​គ្រោង​ទុក​សម្រាប់​ទទួល​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដែរ។
5 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​វាយ​ឫក​ខ្ពស់​ទេ ព្រះអង្គ​ពិត​ជា​ដាក់​ទោស​គេ​មិន​ខាន។
6ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ​ត្រង់។ អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​រមែង​ចៀស​ផុត​ពី​អំពើ​បាប។
7កាល​ណា​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិរិយា​មារយាទ​របស់​អ្នក​ណា​ម្នាក់ សូម្បី​តែ​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ព្រះអង្គ​ផ្សះ‌ផ្សា​ឲ្យ​ជា​នា​គ្នា​វិញ​ដែរ។
8រក​បាន​ប្រាក់​តិច​ដោយ​យុត្តិធម៌ ប្រសើរ​ជាង​រក​បាន​ប្រាក់​ច្រើន​ដោយ​អយុត្តិធម៌។
9មនុស្ស​គិត‌គូរ​ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ តែ​ព្រះ‌អម្ចាស់​ជា​អ្នក​ណែ‌នាំ​ផ្លូវ។
10ស្ដេច​តែងតែ​មាន​រាជ‌ឱង្ការ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ទ្រង់​ជំនុំ​ជម្រះ​ក្ដី​ដោយ​ឥត​លម្អៀង។
11ជញ្ជីង និង​កូន​ទម្ងន់​ត្រឹម​ត្រូវ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​ក៏​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​លក់​ដូរ​ទៀង‌ត្រង់​ដែរ។
12ស្ដេច​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ ដ្បិត​រាជ​សម្បត្តិ​អាច​រឹង‌មាំ​បាន ដោយ‌សារ​សេចក្ដី​សុចរិត។
13ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​និយាយ​ត្រង់ ហើយ​ស្រឡាញ់​អ្នក​និយាយ​ការ​ពិត។
14សេចក្ដី​ក្រោធ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ពេជ្ឈ‌ឃាត​នាំ​គេ​យក​ទៅ​សម្លាប់ តែ​មនុស្ស​មាន​ប្រាជ្ញា​អាច​ទប់​កំហឹង​របស់​ស្ដេច។
15ព្រះ‌ភ័ក្ត្រ​រីក‌រាយ​របស់​ស្ដេច​រមែង​ផ្ដល់​ជីវិត ហើយ​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​ភ្លៀង​នៅ​ដើម​រដូវ។
16ស្វែង​រក​ប្រាជ្ញា​ប្រសើរ​ជាង​រក​មាស ស្វែង​រក​ការ​ចេះ​ដឹង​ប្រសើរ​ជាង​រក​ប្រាក់។
17ផ្លូវ​របស់​មនុស្ស​ទៀង‌ត្រង់​ស្ថិត​នៅ​ឆ្ងាយ​ពី​អំពើ​អាក្រក់ អ្នក​ណា​ចេះ​ប្រយ័ត្ន​ខ្លួន អ្នក​នោះ​ចេះ​រក្សា​ជីវិត។
18អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។
19ដាក់​ខ្លួន​រស់​នៅ​ជា​មួយ​ជន​ក្រីក្រ ប្រសើរ​ជាង​ចែក​ជយ‌ភណ្ឌ​ជា​មួយ​មនុស្ស​អួត‌អាង។
20អ្នក​ណា​ចេះ​គិត‌គូរ​មុន​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ អ្នក​នោះ​រមែង​ចម្រុង‌ចម្រើន រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​រមែង​មាន​សុភមង្គល។
21មនុស្ស​ដែល​ចេះ​គិត​ពិចារណា​ជា​មនុស្ស​ឈ្លាស‌វៃ រីឯ​អ្នក​ដែល​ចេះ​និយាយ​ទន់‌ភ្លន់ រមែង​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត។
22សុភ‌និច្ឆ័យ​ប្រៀប​ដូច​ជា​ប្រភព​នៃ​ជីវិត​សម្រាប់​អ្នក​ចេះ​គិត‌គូរ រីឯ​ជន​ល្ងង់‌ខ្លៅ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ភាព​ល្ងង់‌ខ្លៅ​របស់​ខ្លួន។
23មនុស្ស​ដែល​ចេះ​ពិចារណា​រមែង​រិះគិត​មុន​នឹង​និយាយ ហើយ​អ្វីៗ​ដែល​អ្នក​នោះ​និយាយ រមែង​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត។
24សម្ដី​ទន់‌ភ្លន់​ប្រៀប​បាន​នឹង​ទឹក​ឃ្មុំ មាន​រស‌ជាតិ​ឆ្ងាញ់​ជា​ទី​គាប់​ចិត្ត ហើយ​ផ្ដល់​សុខ‌ភាព​ល្អ។
25 មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ ប៉ុន្តែ នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។
26ការ​អត់​ឃ្លាន​បង្ខំ​ឲ្យ​មនុស្ស​ធ្វើ​ការ ដ្បិត​ក្រពះ​គេ​ទាម‌ទារ។
27មនុស្ស​ចោល‌ម្សៀត​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ អណ្ដាត​របស់​គេ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​បំផ្លាញ។
28មនុស្ស​ទុយ៌ស​រមែង​បង្ក​ជម្លោះ ហើយ​អ្នក​អុជ‌អាល​រមែង​បំផ្លាញ​មិត្ត‌ភាព។
29មនុស្ស​ឃោរ‌ឃៅ​តែងតែ​បោក​បញ្ឆោត​មិត្ត​សម្លាញ់​របស់​ខ្លួន ដើម្បី​នាំ​គេ​ឲ្យ​ដើរ​ក្នុង​ផ្លូវ​អាក្រក់។
30អ្នក​ណា​បិទ​ភ្នែក ហើយ​ខាំ​បបូរ​មាត់ អ្នក​នោះ​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ខ្លួន​គ្រោង​ទុក​រួច​ហើយ។
31សក់​ស្កូវ​ជា​មកុដ​ដ៏​រុងរឿង មាន​តែ​មនុស្ស​សុចរិត​ទេ ដែល​ទទួល​មកុដ​នេះ។
32មនុស្ស​មិន​ចេះ​ខឹង​ប្រសើរ​ជាង​វីរ‌បុរស រីឯ​មនុស្ស​ចេះ​ទប់​ចិត្ត ប្រសើរ​ជាង​អ្នក​វាយ​យក​បាន​ទីក្រុង​មួយ។
33មនុស្ស​តែងតែ​រក​គ្រូ​គន់‌គូរ​មើល​ជោគ‌វាសនា ប៉ុន្តែ គឺ​ព្រះ‌អម្ចាស់​ទេ ដែល​សម្រេច​អ្វីៗ​ទាំង​អស់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy