YouVersion Logo
Search Icon

ម៉ាកុស 4

4
ប្រស្នា​អំពី​ពូជ​ស្រូវ
(ម៉ាថាយ ១៣.១-៩ លូកា ៨.៤-៨)
1 ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​បង្រៀន​បណ្ដា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​ម្ដង​ទៀត។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ នៅ​ក្បែរ​មាត់​ច្រាំង រីឯ​បណ្ដា‌ជន​អង្គុយ​នៅ​លើ​គោក តាម​ឆ្នេរ​សមុទ្រ។ 2ព្រះអង្គ​ប្រើ​ពាក្យ​ប្រស្នា​បង្រៀន​គេ​អំពី​សេចក្ដី​ជា​ច្រើន។ ព្រះអង្គ​បង្រៀន​គេ​ថា៖ 3«ចូរ​ស្ដាប់ មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​ស្រូវ។ 4ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។ 5មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ពុំ​សូវ​មាន​ដី គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ 6លុះ​ដល់​ថ្ងៃ​ក្ដៅ ពន្លក​ដែល​ដុះ​ឡើង​នោះ​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​ជ្រៅ។ 7មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ដែល​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង​រួប​រឹត​ស្រូវ មិន​ឲ្យ​បង្កើត​ផល​ឡើយ។ 8គ្រាប់​ពូជ​ឯ​ទៀតៗ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ គ្រាប់​ពូជ​ក៏​ដុះ​ឡើង ហើយ​លូត‌លាស់​បង្កើត​ផល ខ្លះ​ឲ្យ​ផល​មួយ​ជា​សាម‌សិប ខ្លះ​ទៀត​ឲ្យ​មួយ​ជា​ហុក‌សិប និង​ខ្លះ​ទៀត​មួយ​ជា​មួយ​រយ»។ 9បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។
10កាល​ព្រះ‌យេស៊ូ​គង់​នៅ​ដាច់​ឡែក​ពី​បណ្ដា‌ជន អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះអង្គ និង​សិស្ស​ទាំង​ដប់‌ពីរ​រូប ទូល​សួរ​ព្រះអង្គ​អំពី​ពាក្យ​ប្រស្នា​ទាំង​នោះ។ 11ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ព្រះ‌រាជ្យ*​របស់​ព្រះអង្គ។ រីឯ​អ្នក​ដទៃ គេ​ឮ​សេចក្ដី​ទាំង​អស់​ជា​ពាក្យ​ប្រស្នា​វិញ។ 12 ដូច្នេះ ទោះ​បី​គេ​ខំ​ប្រឹង​មើល​ក៏​ពុំ​ឃើញ គេ​ខំ​ប្រឹង​ស្ដាប់​ក៏​ពុំ​យល់​ដែរ ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​នឹង​អត់‌ទោស​ឲ្យ​គេ»។
13ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «បើ​អ្នក​រាល់​គ្នា​មិន​យល់​ប្រស្នា​នេះ​ផង ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​យល់​ប្រស្នា​ឯ​ទៀតៗ​បាន! 14អ្នក​ព្រោះ​ស្រូវ សាប​ព្រោះ​ព្រះ‌បន្ទូល 15មនុស្ស​ខ្លះ​ប្រៀប‌បី​ដូច​ជា​ផ្លូវ ដែល​ព្រះ‌បន្ទូល​បាន​ធ្លាក់​ទៅ​លើ កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ មារ​សាតាំង*​ក៏​មក​ឆក់​យក​ព្រះ‌បន្ទូល ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភ្លាម។ 16មនុស្ស​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ថ្ម​ក៏​ដូច្នោះ​ដែរ កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ គេ​ទទួល​យក​ភ្លាម​ដោយ​អំណរ 17ប៉ុន្តែ គេ​ពុំ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គឺ​គេ​ជាប់​ចិត្ត​តែ​មួយ‌ភ្លែត។ លុះ​ដល់​មាន​ទុក្ខ​វេទនា ឬ​ត្រូវ​គេ​បៀត‌បៀន​ព្រោះ​តែ​ព្រះ‌បន្ទូល គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។ 18មនុស្ស​ខ្លះ​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ដែល​មាន​បន្លា គេ​បាន​ស្ដាប់​ព្រះ‌បន្ទូល​ដែរ 19ប៉ុន្តែ ការ​ខ្វល់‌ខ្វាយ​អំពី​ជីវិត​រស់​នៅ​ក្នុង​លោកីយ៍ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ​សម្បត្តិ និង​ចិត្ត​ប៉ង‌ប្រាថ្នា​ផ្សេងៗ រឹប​រួត​ព្រះ‌បន្ទូល​មិន​ឲ្យ​បង្កើត​ផល​ឡើយ។ 20រីឯ​អ្នក​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ ក៏​ទទួល​យក​បង្ក​បង្កើត​ផល អ្នក​ខ្លះ​បាន​មួយ​ជា​សាម‌សិប អ្នក​ខ្លះ​បាន​មួយ​ជា​ហុក‌សិប អ្នក​ខ្លះ​ទៀត​បាន​មួយ​ជា​មួយ‌រយ»។
ប្រស្នា​អំពី​ចង្កៀង
(ម៉ាថាយ ៥.១៥ លូកា ៨.១៦-១៨)
21 បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ។ 22 គ្រប់​ការ​លាក់​កំបាំង​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង ហើយ​គ្រប់​អាថ៌‌កំបាំង​ក៏​នឹង​ត្រូវ​លេច​មក​ឲ្យ​មនុស្ស​គ្រប់​គ្នា​ឃើញ​ច្បាស់​ដែរ។ 23អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។ 24 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​ស្ដាប់​នេះ​ឲ្យ​មែន​ទែន។ ព្រះ‌ជាម្ចាស់​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រង្វាល់ ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ ហើយ​ព្រះអង្គ​នឹង​បន្ថែម​ឲ្យ​អ្នក​រាល់​គ្នា 25 ព្រោះ​អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​ថែម​ទៀត តែ​អ្នក​ណា​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង»។
ប្រស្នា​អំពី​គ្រាប់​ពូជ​ដុះ
26ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​បុរស​ម្នាក់​ព្រោះ​ស្រូវ នៅ​ក្នុង​ស្រែ​របស់​ខ្លួន។ 27ទោះ​បី​គាត់​ដេក​ក្ដី ក្រោក​ក្ដី យប់​ក្ដី ថ្ងៃ​ក្ដី គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ពុំ​បាន​ដឹង​ថា គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ឡើយ 28ដ្បិត​ដី​ធ្វើ​ឲ្យ​ពូជ​បង្កើត​ផល​ដោយ​ខ្លួន​ឯង ដំបូង​មាន​ពន្លក​លេច​ឡើង បន្ទាប់​មក​ក៏​បែក​ជា​កួរ ហើយ​ចេញ​ជា​គ្រាប់​ស្រូវ។ 29 លុះ​ស្រូវ​ទុំ គេ​យក​កណ្ដៀវ​មក​ច្រូត ដ្បិត​ដល់​រដូវ​ចម្រូត​ហើយ»។
ប្រស្នា​អំពី​គ្រាប់​ពូជ​ល្អិត
(ម៉ាថាយ ១៣.៣១-៣២ លូកា ១៣.១៨-១៩)
30ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «តើ​យើង​ប្រដូច​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី? តើ​យើង​យក​ប្រស្នា​ណា​មក​ប្រដូច​នឹង​ព្រះ‌រាជ្យ​របស់​ព្រះអង្គ? 31ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ប្រៀប‌បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង កាល​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​គេ​ទាំង​អស់​ក្នុង​លោក។ 32លុះ​ព្រោះ​រួច​ហើយ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ ព្រម​ទាំង​បែក​មែក​សាខា មាន​ម្លប់​ឲ្យ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ជ្រក​អាស្រ័យ»។
33ព្រះ‌យេស៊ូ​តែង​ប្រកាស​ព្រះ‌បន្ទូល ដោយ​ប្រើ​ជា​ពាក្យ​ប្រស្នា​របៀប​នេះ តាម​តែ​គេ​អាច​យល់​បាន។ 34ព្រះអង្គ​តែង​មាន​ព្រះ‌បន្ទូល​ទៅ​គេ​សុទ្ធ​តែ​ជា​ពាក្យ​ប្រស្នា ប៉ុន្តែ ពេល​នៅ​ដាច់​ឡែក​ពី​បណ្ដា‌ជន ព្រះអង្គ​បក‌ស្រាយ​ទាំង​អស់​ប្រាប់​ពួក​សិស្ស*។
ព្រះ‌យេស៊ូ​ធ្វើ​ឲ្យ​រលក​ស្ងប់
(ម៉ាថាយ ៨.២៣-២៧ លូកា ៨.២២-២៥)
35នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ 36ពួក​សិស្ស​ក៏​ចេញ​ពី​បណ្ដា‌ជន ហើយ​អុំ‌ទូក​ដែល​មាន​ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​នោះ ដោយ​មាន​ទូក​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។ 37ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង ហើយ​រលក​ក៏​បោក​ប៉ះ​នឹង​ទូក បណ្ដាល​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ។ 38រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក។ ពួក​សិស្ស​ដាស់​ព្រះអង្គ​ថា៖ «លោក​គ្រូ យើង​ស្លាប់​ឥឡូវ​ហើយ! លោក​មិន​អើពើ​ទេ​ឬ?»។ 39ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​បញ្ជា​សមុទ្រ​ថា៖ «ស្ងប់​ស្ងៀម​ទៅ!»។ ពេល​នោះ ខ្យល់​ព្យុះ​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដែរ។
40បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ? អ្នក​រាល់​គ្នា​មិន​ទាន់​មាន​ជំនឿ​ទេ​ឬ?»។ 41ពួក​គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​ជា​នរណា​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ​ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in