YouVersion Logo
Search Icon

ម៉ាកុស 3

3
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា
(ម៉ាថាយ ១២.៩-១៤ លូកា ៦.៦-១១)
1ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​សាលា​ប្រជុំ*​ម្ដង​ទៀត នៅ​ទី​នោះ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង។ 2ពួក​គេ​តាម​មើល​ព្រះ‌យេស៊ូ ក្រែង​លោ​ព្រះអង្គ​ប្រោស​បុរស​នេះ​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ* ក្នុង​គោល​បំណង​ចោទ​ប្រកាន់​ព្រះអង្គ។ 3ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯ‌ណេះ!»។ 4បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​គេ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ តើ​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​មនុស្ស ឬ​ប្រហារ​ជីវិត​ចោល?»។ ពួក​គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា។ 5ព្រះ‌យេស៊ូ​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មើល​ទៅ​អ្នក​ដែល​នៅ​ជុំ‌វិញ ទាំង​ព្រះ‌ពិរោធ ហើយ​ព្រះអង្គ​ព្រួយ​ព្រះ‌ហឫទ័យ ព្រោះ​គេ​មាន​ចិត្ត​រឹង‌រូស។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​ដូច​ដើម​វិញ។ 6ពួក​ខាង​គណៈ​ផារី‌ស៊ី*​ចេញ​ពី​សាលា​ប្រជុំ* ហើយ​ទៅ​ពិគ្រោះ​ជា​មួយ​បក្ស​ពួក​ស្ដេច​ហេរ៉ូដ​ភ្លាម ដើម្បី​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ។
មហា‌ជន​មក​តាម​ព្រះ‌យេស៊ូ
7ព្រះ‌យេស៊ូ​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ជា​មួយ​ពួក​សិស្ស*។ មាន​បណ្ដា‌ជន​ជា​ច្រើន​នាំ​គ្នា​ទៅ​តាម​ព្រះអង្គ អ្នក​ទាំង​នោះ​មក​ពី​ស្រុក​កាលី‌ឡេ ស្រុក​យូដា 8ក្រុង​យេរូ‌សាឡឹម ស្រុក​អេដុម តំបន់​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ព្រម​ទាំង​តំបន់​ជុំ‌វិញ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ បណ្ដា‌ជន​មក​តាម​ព្រះ‌យេស៊ូ​ច្រើន​យ៉ាង​នេះ ព្រោះ​បាន​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​ធ្វើ។ 9 ព្រះ‌យេស៊ូ​ប្រាប់​ពួក​សិស្ស*​ឲ្យ​រៀបចំ​ទូក​មួយ​ថ្វាយ​ព្រះអង្គ ក្រែង​បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចោម‌រោម​ព្រះអង្គ 10ដ្បិត​មាន​អ្នក​ជំងឺ​ជា​ច្រើន​ខំ​ប្រឹង​សម្រុក​ចូល​មក​ជិត ដើម្បី​ពាល់​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា។ 11ម្យ៉ាង​ទៀត ពេល​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះអង្គ វា​ក្រាប​ចុះ​នៅ​ទៀប​ព្រះ‌បាទា ហើយ​ស្រែក​ឡើង​ថា៖ «ព្រះអង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។ 12ប៉ុន្តែ ព្រះ‌យេស៊ូ​បាន​គំរាម​កំហែង​វា​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​នរណា​ឡើយ។
ព្រះ‌យេស៊ូ​តែង‌តាំង​សាវ័ក​១២​រូប
(ម៉ាថាយ ១០.១-៤ លូកា ៦.១២-១៦)
13បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ។ ព្រះអង្គ​បាន​ត្រាស់​ហៅ​អស់​អ្នក​ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស‌រើស ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះអង្គ។ 14ព្រះអង្គ​តែង‌តាំង​សាវ័ក​ដប់‌ពីរ​រូប​ឲ្យ​គេ​នៅ​ជា​មួយ​ព្រះអង្គ និង​ដើម្បី​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ដំណឹង‌ល្អ 15ទាំង​ឲ្យ​គេ​មាន​អំណាច​ដេញ​អារក្ស​ថែម​ទៀត​ផង។ 16ព្រះអង្គ​បាន​តែង‌តាំង​អ្នក​ដប់‌ពីរ​រូប​នេះ គឺ​ស៊ីម៉ូន​ដែល​ព្រះអង្គ​ដាក់​ឈ្មោះ​ថា ពេត្រុស 17យ៉ាកុប​ជា​កូន​របស់​លោក​សេបេ‌ដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ព្រះ‌យេស៊ូ​ដាក់​ឈ្មោះ​ថា “បោន‌អ៊ើកេ” ប្រែ​ថា “អ្នក​ដែល​មាន​ចិត្ត​ខ្លាំង​ដូច​ផ្គរ‌លាន់” 18អនទ្រេ ភីលីព បារថូ‌ឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម 19និង​យូដាស‌អ៊ីស្កា‌រីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ។
ព្រះ‌ញាតិ‌វង្ស​របស់​ព្រះ‌យេស៊ូ​មក​នាំ​ព្រះអង្គ​យក​ទៅ​វិញ
20កាល​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ផ្ទះ​វិញ បណ្ដា‌ជន​ជួប‌ជុំ​គ្នា​សា​ជា​ថ្មី ជា​ហេតុ​នាំ​ឲ្យ​ព្រះអង្គ និង​ពួក​សិស្ស*​រក​ពេល​បរិ‌ភោគ​មិន​បាន​សោះ។ 21ព្រះ‌ញាតិ‌វង្ស​របស់​ព្រះអង្គ​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក ដើម្បី​ចាប់​ព្រះអង្គ​ទៅ​វិញ ព្រោះ​គេ​ថា ព្រះអង្គ​វង្វេង​ស្មារតី​ហើយ។
ព្រះ‌យេស៊ូ​ឆ្លើយ​តប​នឹង​ពួក​អ្នក​ចោទ​ប្រកាន់​ព្រះអង្គ
(ម៉ាថាយ ១២.២២-៣២ លូកា ១១.១៤-២៣, ១២.១០)
22 ពួក​អាចារ្យ* ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡឹម​និយាយ​ថា៖ «អ្នក​នេះ​មាន​បេល‌សេប៊ូល​ជា​ស្ដេច​អារក្ស​នៅ​ក្នុង​ខ្លួន គាត់​អាច​ដេញ​អារក្ស​ដូច្នេះ ព្រោះ​ស្ដេច​អារក្ស​ប្រគល់​អំណាច​ឲ្យ»។ 23ព្រះ‌យេស៊ូ​ត្រាស់​ហៅ​គេ​មក រួច​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ថា៖ «តើ​មារ*​សាតាំង​អាច​ដេញ​មារ​សាតាំង​ដូច​ម្ដេច​កើត? 24ប្រសិន​បើ​ពល‌រដ្ឋ​ក្នុង​នគរ​ណា​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិត‌ស្ថេរ​គង់‌វង្ស​ត​ទៅ​មុខ​ឡើយ។ 25ប្រសិន​បើ​មាន​ក្រុម​គ្រួសារ​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា ក្រុម​គ្រួសារ​នោះ​ក៏​ពុំ​អាច​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដែរ។ 26ដូច្នេះ ប្រសិន​បើ​មារ​សាតាំង​ក្រោក​ឡើង​ប្រឆាំង​នឹង​ខ្លួន​ឯង បែក​បាក់​ទាស់‌ទែង​នឹង​ខ្លួន​ឯង វា​មិន​អាច​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ឡើយ គឺ​វា​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន។ 27គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​បាន​ឡើយ គឺ​ត្រូវ​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។ 28ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​មនុស្ស​លោក​ធ្វើ​អំពើ​បាប និង​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​នឹង​លើក‌លែង​ទោស​ទាំង​អស់។ 29 រីឯ​អ្នក​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​វិញ ព្រះអង្គ​មិន​លើក‌លែង​ទោស​សោះ​ឡើយ ដ្បិត​អ្នក​នោះ​មាន​ទោស​អស់‌កល្ប​ជានិច្ច»។
30ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ព្រោះ​គេ​និយាយ​ថា ព្រះអង្គ​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន។
ព្រះ‌ញាតិ‌វង្ស​ដ៏​ពិត​ប្រាកដ​របស់​ព្រះ‌យេស៊ូ
(ម៉ាថាយ ១២.៤៦-៥០ លូកា ៨.១៩-២១)
31ពេល​នោះ មាតា និង​បងប្អូន​របស់​ព្រះ‌យេស៊ូ​មក​ដល់ ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ ហើយ​ចាត់​គេ​ឲ្យ​ចូល​មក​ហៅ​ព្រះអង្គ។ 32បណ្ដា‌ជន​ដែល​អង្គុយ​នៅ​ជុំ‌វិញ​ព្រះ‌យេស៊ូ ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ ម្ដាយ និង​បងប្អូន​លោក មក​រក​លោក​នៅ​ខាង​ក្រៅ!»។ 33ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ? នរណា​ជា​បងប្អូន​ខ្ញុំ?»។ 34ព្រះអង្គ​ទត​មើល​ទៅ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​ព្រះអង្គ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បងប្អូន​របស់​ខ្ញុំ 35ដ្បិត​អ្នក​ណា​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ជា​បងប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy