ម៉ាកុស 4
4
ប្រស្នាអំពីពូជស្រូវ
(ម៉ាថាយ ១៣.១-៩ លូកា ៨.៤-៨)
1 ព្រះយេស៊ូចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។ 2ព្រះអង្គប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖ 3«ចូរស្ដាប់ មានបុរសម្នាក់ចេញទៅព្រោះស្រូវ។ 4ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ 5មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ 6លុះដល់ថ្ងៃក្ដៅ ពន្លកដែលដុះឡើងនោះក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនជ្រៅ។ 7មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវ មិនឲ្យបង្កើតផលឡើយ។ 8គ្រាប់ពូជឯទៀតៗធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជក៏ដុះឡើង ហើយលូតលាស់បង្កើតផល ខ្លះឲ្យផលមួយជាសាមសិប ខ្លះទៀតឲ្យមួយជាហុកសិប និងខ្លះទៀតមួយជាមួយរយ»។ 9បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
10កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយព្រះអង្គ និងសិស្សទាំងដប់ពីររូប ទូលសួរព្រះអង្គអំពីពាក្យប្រស្នាទាំងនោះ។ 11ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យ*របស់ព្រះអង្គ។ រីឯអ្នកដទៃ គេឮសេចក្ដីទាំងអស់ជាពាក្យប្រស្នាវិញ។ 12 ដូច្នេះ ទោះបីគេខំប្រឹងមើលក៏ពុំឃើញ គេខំប្រឹងស្ដាប់ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្តគំនិត ហើយព្រះជាម្ចាស់នឹងអត់ទោសឲ្យគេ»។
13ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផង ធ្វើម្ដេចឲ្យអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន! 14អ្នកព្រោះស្រូវ សាបព្រោះព្រះបន្ទូល 15មនុស្សខ្លះប្រៀបបីដូចជាផ្លូវ ដែលព្រះបន្ទូលបានធ្លាក់ទៅលើ កាលបានស្ដាប់ព្រះបន្ទូលហើយ មារសាតាំង*ក៏មកឆក់យកព្រះបន្ទូល ដែលបានព្រោះក្នុងចិត្តគេទៅភ្លាម។ 16មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកភ្លាមដោយអំណរ 17ប៉ុន្តែ គេពុំទុកឲ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្តតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬត្រូវគេបៀតបៀនព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ 18មនុស្សខ្លះទទួលគ្រាប់ពូជនៅលើដីដែលមានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ 19ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតរស់នៅក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តប៉ងប្រាថ្នាផ្សេងៗ រឹបរួតព្រះបន្ទូលមិនឲ្យបង្កើតផលឡើយ។ 20រីឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្ដាប់ព្រះបន្ទូលហើយ ក៏ទទួលយកបង្កបង្កើតផល អ្នកខ្លះបានមួយជាសាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀតបានមួយជាមួយរយ»។
ប្រស្នាអំពីចង្កៀង
(ម៉ាថាយ ៥.១៥ លូកា ៨.១៦-១៨)
21 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ។ 22 គ្រប់ការលាក់កំបាំងនឹងត្រូវបើកឲ្យគេដឹង ហើយគ្រប់អាថ៌កំបាំងក៏នឹងត្រូវលេចមកឲ្យមនុស្សគ្រប់គ្នាឃើញច្បាស់ដែរ។ 23អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ 24 ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្ដី ដែលអ្នករាល់គ្នាស្ដាប់នេះឲ្យមែនទែន។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់ ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមឲ្យអ្នករាល់គ្នា 25 ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឲ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។
ប្រស្នាអំពីគ្រាប់ពូជដុះ
26ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះរាជ្យ*របស់ព្រះជាម្ចាស់ប្រៀបបីដូចជាបុរសម្នាក់ព្រោះស្រូវ នៅក្នុងស្រែរបស់ខ្លួន។ 27ទោះបីគាត់ដេកក្ដី ក្រោកក្ដី យប់ក្ដី ថ្ងៃក្ដី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំបានដឹងថា គ្រាប់ពូជនោះដុះរបៀបណាឡើយ 28ដ្បិតដីធ្វើឲ្យពូជបង្កើតផលដោយខ្លួនឯង ដំបូងមានពន្លកលេចឡើង បន្ទាប់មកក៏បែកជាកួរ ហើយចេញជាគ្រាប់ស្រូវ។ 29 លុះស្រូវទុំ គេយកកណ្ដៀវមកច្រូត ដ្បិតដល់រដូវចម្រូតហើយ»។
ប្រស្នាអំពីគ្រាប់ពូជល្អិត
(ម៉ាថាយ ១៣.៣១-៣២ លូកា ១៣.១៨-១៩)
30ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូចព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណាមកប្រដូចនឹងព្រះរាជ្យរបស់ព្រះអង្គ? 31ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ 32លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ឲ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។
33ព្រះយេស៊ូតែងប្រកាសព្រះបន្ទូល ដោយប្រើជាពាក្យប្រស្នារបៀបនេះ តាមតែគេអាចយល់បាន។ 34ព្រះអង្គតែងមានព្រះបន្ទូលទៅគេសុទ្ធតែជាពាក្យប្រស្នា ប៉ុន្តែ ពេលនៅដាច់ឡែកពីបណ្ដាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ពួកសិស្ស*។
ព្រះយេស៊ូធ្វើឲ្យរលកស្ងប់
(ម៉ាថាយ ៨.២៣-២៧ លូកា ៨.២២-២៥)
35នៅល្ងាចថ្ងៃដដែលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ 36ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។ 37ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្ដាលឲ្យទឹកចូលស្ទើរពេញ។ 38រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សដាស់ព្រះអង្គថា៖ «លោកគ្រូ យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។ 39ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។
40បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។ 41ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះជានរណាបានជាខ្យល់ព្យុះ និងសមុទ្រស្ដាប់បង្គាប់លោកដូច្នេះ?»។
Currently Selected:
ម៉ាកុស 4: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.