YouVersion Logo
Search Icon

យេរេមា 24

24
ឧទុម្ពរ​ពីរ​ល្អី
1 ក្រោយ​ពេល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន កៀរ​ព្រះ‌បាទ​យេកូ‌នាស ជា​បុត្រ​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ពួក​មន្ត្រី​របស់​ជន‌ជាតិ​យូដា ពួក​ជាង​ឈើ និង​ជាង​ដែក ពី​ក្រុង​យេរូ‌សាឡឹម​យក​ទៅ​ក្រុង​បាប៊ី‌ឡូន ព្រះ‌អម្ចាស់​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ឧទុម្ពរ*​ពីរ​ល្អី ដែល​គេ​ដាក់​នៅ​ខាង​មុខ​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់2ល្អី​មួយ​មាន​ដាក់​ផ្លែ​ឧទុម្ពរ​ល្អៗ ដូច​ផ្លែ​ដែល​គេ​បេះ​នៅ​ដើម​រដូវ ល្អី​មួយ​ទៀត​មាន​សុទ្ធ​តែ​ផ្លែ​ឧទុម្ពរ​ស្អុយ ដែល​ពុំ​អាច​បរិភោគ​បាន​ឡើយ។ 3ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «យេរេមា​អើយ តើ​អ្នក​ឃើញ​អ្វី​ខ្លះ?»។ ខ្ញុំ​ទូល​ព្រះអង្គ​វិញ​ថា៖ «ទូលបង្គំ​ឃើញ​ផ្លែ​ឧទុម្ពរ។ មួយ​ចំនួន​ជា​ផ្លែ​ដ៏​ល្អៗ មួយ​ចំនួន​ទៀត​ជា​ផ្លែ​អាក្រក់ ដែល​ពុំ​អាច​បរិភោគ​បាន»។
4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ 5«ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: មនុស្ស‌ម្នា​ចូល​ចិត្ត​ផ្លែ​ឧទុម្ពរ​ល្អ​យ៉ាង​ណា យើង​ក៏​ពេញ​ចិត្ត​នឹង​ជន‌ជាតិ​យូដា​ដែល​យើង​បាន​បណ្ដេញ​ចេញ​ពី​ទី​នេះ ឲ្យ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​ខាល់ដេ​យ៉ាង​នោះ​ដែរ។ 6យើង​ពេញ​ចិត្ត​នឹង​ពួក​គេ ហើយ​នឹង​នាំ​ពួក​គេ​ឲ្យ​វិល​ត្រឡប់​មក​កាន់​ទឹក​ដី​នេះ​វិញ យើង​នឹង​បណ្ដុះ‌បណ្ដាល​ពួក​គេ ហើយ​មិន​បំផ្លាញ​ពួក​គេ​ទេ យើង​នឹង​ដាំ​ពួក​គេ ហើយ​មិន​រម្លើង​ពួក​គេ​ចោល​ទៀត​ឡើយ។ 7យើង​នឹង​ប្រគល់​ចិត្ត​ថ្មី​មួយ​ដល់​គេ ដើម្បី​ឲ្យ​គេ​អាច​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់។ ពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​នាំ​គ្នា​វិល​មក​រក​យើង​វិញ​ដោយ​ចិត្ត​ស្មោះ»។
8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រព្រឹត្ត​ចំពោះ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ពួក​មន្ត្រី និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​នៅ​សេស‌សល់ ហើយ​រស់​នៅ​ក្នុង​ស្រុក​នេះ ព្រម​ទាំង​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដូច​មនុស្ស​បោះ​ចោល​ផ្លែ​ឧទុម្ពរ​ស្អុយ ពុំ​អាច​បរិភោគ​បាន​យ៉ាង​នោះ​ដែរ។ 9យើង​នឹង​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ភ័យ​តក់‌ស្លុត ដោយ​ឃើញ​ពួក​គេ​វេទនា​បែប​នេះ។ គ្រប់​ទី​កន្លែង​ដែល​យើង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ មនុស្ស‌ម្នា​នឹង​មាក់‌ងាយ ចំអក​ឲ្យ​ពួក​គេ ព្រម​ទាំង​យក​ឈ្មោះ​ពួក​គេ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា​ទៀត​ផង។ 10យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ រហូត​ដល់​ពួក​គេ​បាត់​សូន្យ​ពី​ទឹក​ដី ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ និង​ដូនតា​របស់​ពួក​គេ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for យេរេមា 24