YouVersion Logo
Search Icon

យេរេមា 25

25
ស្រុក​បាប៊ី‌ឡូន​នឹង​ធ្វើ​ជា​មហា​អំណាច​ចិត‌សិប​ឆ្នាំ
1 នេះ​ជា​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ជន‌ជាតិ​យូដា​ទាំង​មូល នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ 2លោក​យេរេមា​ប្រកាស​ព្រះ‌បន្ទូល​នេះ​ដល់​អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ដូច​ត​ទៅ:
3ចាប់​ពី​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស បុត្រ​របស់​ព្រះ‌បាទ​អាំម៉ូន ជា​ស្ដេច​ស្រុក​យូដា មក​ទល់​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​បាន​ម្ភៃ​បី​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​ក៏​បាន​នាំ​ព្រះ‌បន្ទូល​នេះ​មក​ប្រាប់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​ទេ។ 4ព្រះ‌អម្ចាស់​បាន​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ឲ្យ​មក​រក​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​ត្រង‌ត្រាប់​ស្ដាប់​ឡើយ។ 5លោក​ទាំង​នោះ​ប្រកាស​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​ទុច្ចរិត ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត នោះ​អ្នក​រាល់​គ្នា នឹង​បាន​រស់​នៅ​ក្នុង​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ជា​រៀង​រហូត។ 6កុំ​រត់​តាម​ព្រះ​ឯ​ទៀតៗ​ដើម្បី​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ឡើយ។ បើ​អ្នក​រាល់​គ្នា​លែង​បញ្ឆេះ​កំហឹង​របស់​យើង ដោយ​សូន​រូប​ព្រះ​ទេ​នោះ យើង​ក៏​មិន​ធ្វើ​ទោស​អ្នក​រាល់​គ្នា​ដែរ។ 7ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​យើង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - គឺ​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង​ដោយ​សូន​រូប​ព្រះ ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា។ 8ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ដោយ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​យើង​ទេ​នោះ 9យើង​នឹង​ចាត់​គេ​ទៅ​ហៅ​ប្រជា‌ជាតិ​ទាំង​អស់ ដែល​នៅ​ស្រុក​ខាង​ជើង ព្រម​ទាំង​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​បង្គាប់​អ្នក​ទាំង​នោះ​ឲ្យ​វាយ​លុក​ស្រុក​នេះ និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។ ពួក​គេ​នឹង​បំផ្លាញ​ស្រុក​ទាំង​នោះ​ថ្វាយ​ផ្ដាច់​ដល់​យើង ហើយ​ធ្វើ​ឲ្យ​ស្រុក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។ ពេល​មនុស្ស‌ម្នា​ឃើញ​មហន្ត‌រាយ​ដែល​កើត​មាន គេ​ស្រឡាំង‌កាំង​គ្រប់ៗ​គ្នា។ 10 យើង​នឹង​ធ្វើ​ឲ្យ​សម្រែក​ក្អាក‌ក្អាយ ព្រម​ទាំង​ចម្រៀង​របាំ​ដ៏​សប្បាយ និង​បទ​ចម្រៀង​អាពាហ៍‌ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​លែង​ឮ​ក្នុង​ចំណោម​ពួក​គេ ហើយ​សំឡេង​ត្បាល់​កិន និង​ពន្លឺ​ចង្កៀង​ក៏​លែង​មាន​ទៀត​ដែរ។ 11 ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​អន្តរាយ វិនាស​ហិន‌ហោច ហើយ​ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ទៅ​ជា​ចំណុះ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ។ 12លុះ​រយៈ​ពេល​ចិត‌សិប​ឆ្នាំ​កន្លង​ផុត​ទៅ យើង​នឹង​ដាក់​ទោស​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​ប្រជា‌ជាតិ​នេះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ​របស់​ពួក​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​ខាល់ដេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។ 13យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​រង​ទុក្ខ​ទោស តាម​សេចក្ដី​ដែល​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ ដូច​មាន​ចែង​ទុក​ក្នុង​ក្រាំង​នេះ ហើយ​ដែល​យេរេមា​ថ្លែង​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ទាំង​អស់។ 14យើង​ក៏​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​យក​ស្រុក​បាប៊ី‌ឡូន​នេះ​ធ្វើ​ជា​ចំណុះ។ យើង​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត និង​តាម​ស្នា‌ដៃ​ដែល​គេ​បាន​សូន​ធ្វើ»។
ព្រះ‌អម្ចាស់​ដាក់​ទោស​នគរ​ទាំង​អស់​នៅ​លើ​ផែនដី
15 ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​យក​ពែង​នេះ ដែល​ពេញ​ដោយ​ស្រា​នៃ​កំហឹង ពី​ដៃ​របស់​យើង ទៅ​បង្អក​ប្រជា‌ជាតិ​ទាំង​អស់ ដែល​យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក។ 16ចូរ​ឲ្យ​ពួក​គេ​ផឹក ហើយ​ធីង‌ធោង វង្វេង​ស្មារតី ដោយ​ឃើញ​ដាវ​ដែល​យើង​ចាត់​ឲ្យ​ទៅ​ប្រហារ​ពួក​គេ»។
17ខ្ញុំ​ទទួល​យក​ពែង​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ហើយ​បង្អក​ប្រជា‌ជាតិ​ទាំង​អស់ ដែល​ព្រះអង្គ​ចាត់​ខ្ញុំ​ឲ្យ​ទៅ​រក​នោះ 18គឺ​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា ទាំង​ស្ដេច ទាំង​មន្ត្រី ដើម្បី​ឲ្យ​ស្រុក​នេះ​វិនាស​សូន្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​មនុស្ស‌ម្នា​ឃើញ​គេ​ស្រឡាំង‌កាំង ហើយ​ប្រើ​ឈ្មោះ​ស្រុក​នេះ​ដាក់​បណ្ដាសា​គ្នា។ នេះ​ជា​សភាព‌ការណ៍​ដែល​កើត​មាន​សព្វ​ថ្ងៃ។
19ខ្ញុំ​ក៏​បង្អក​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​នាម៉ឺន មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល​របស់​ស្ដេច​នោះ 20ប្រជា‌ជន​ភាគ​តិច​នៅ​ស្រុក​អេស៊ីប។ ស្ដេច​ទាំង​អស់​នៅ​ស្រុក​អ៊ូស ស្ដេច​ទាំង​អស់​នៅ​ស្រុក​ភីលីស្ទីន គឺ​ស្ដេច​នៅ​ក្រុង​អាស្កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រូន និង​ក្រុង​អាស្តូឌ​ដែល​នៅ​សេស‌សល់។ 21ស្រុក​អេដុម ស្រុក​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន។ 22ស្ដេច​ទាំង​អស់​នៅ​ក្រុង​ទីរ៉ុស ស្ដេច​ទាំង​អស់​នៅ​ក្រុង​ស៊ីដូន និង​ស្ដេច​ទាំង‌ឡាយ​នៅ​តាម​កោះ ដែល​នៅ​ខាង​នាយ​សមុទ្រ។ 23ស្រុក​ដេដាន់ ស្រុក​ថេម៉ា ស្រុក​ប៊ូស និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​កោរ​ជើង​សក់។ 24ស្ដេច​ទាំង​អស់​នៃ​ស្រុក​អារ៉ាប់ ស្ដេច​របស់​ប្រជា‌ជន​ភាគ​តិច​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន។ 25ស្ដេច​ទាំង​អស់​របស់​ស្រុក​ស៊ីមរី ស្ដេច​ទាំង​អស់​របស់​ស្រុក​អេឡាំ និង​ស្ដេច​ទាំង​អស់​របស់​ស្រុក​មេឌី 26ស្ដេច​ទាំង​អស់​នៅ​ស្រុក​ខាង​ជើង ទោះ​បី​នៅ​ជិត ឬ​ឆ្ងាយ​ក្ដី ឥត​មាន​ខ្វះ​នរណា​ឡើយ ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​លើ​ផែនដី គឺ​អស់​អ្នក​ដែល​រស់​ក្នុង​លោក​នេះ​ទាំង​មូល។ នៅ​ទី​បំផុត ស្ដេច​ក្រុង​សេសាក់ នឹង​សោយ​ស្រា​ពី​ពែង​នេះ​ក្រោយ​គេ​បង្អស់។
27«អ្នក​ត្រូវ​ប្រកាស​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា ចូរ​ផឹក​ឲ្យ​ស្រវឹង​រហូត​ដល់​ក្អួត។ ពេល​ឃើញ​ដាវ​ដែល​យើង​ចាត់​ឲ្យ​មក​ប្រហារ​អ្នក​រាល់​គ្នា​អ្នក​រាល់​គ្នា​នឹង​ដួល ក្រោក​ពុំ​រួច​ឡើយ!” 28ប្រសិន​បើ​ពួក​គេ​ពុំ​ព្រម​ទទួល​ពែង​ពី​ដៃ​អ្នក​យក​ទៅ​ផឹក​ទេ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​តែ​ផឹក! ត្រូវ​តែ​ផឹក! 29ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចាប់​ពី​ទីក្រុង​របស់​យើង​ផ្ទាល់។ អ្នក​រាល់​គ្នា​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ យើង​មិន​អត់‌ឱន​ឲ្យ​អ្នក​រាល់​គ្នា​ទេ យើង​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ប្រហារ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​ដោយ​មុខ​ដាវ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល”។
30រីឯ​អ្នក​វិញ ចូរ​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ថ្លែង​ប្រាប់​ពួក​គេ​ថា:
“ព្រះ‌អម្ចាស់​គំរាម​ពី​លើ​មេឃ​មក
ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ
ព្រះអង្គ​គំរាម​កំហែង​មក​លើ​ទឹក​ដី​របស់​ព្រះអង្គ
ព្រះអង្គ​ស្រែក​ដាក់​ទោស
ប្រជា‌ជន​នៅ​លើ​ផែនដី​ទាំង​មូល
ដូច​គេ​ស្រែក​ហ៊ោ
នៅ​ពេល​គាប​ផ្លែ​ទំពាំង‌បាយជូរ។
31ព្រះ‌សូរសៀង​របស់​ព្រះអង្គ​លាន់​ឮ
រហូត​ដល់​ចុង​ផែនដី
ដ្បិត​ព្រះ‌អម្ចាស់​មាន​សំណុំ​រឿង​ចោទ​ប្រកាន់
ប្រជា‌ជាតិ​ទាំង​អស់
ព្រះអង្គ​កាត់​ក្ដី​មនុស្ស​លោក​ទាំង​មូល។
ព្រះអង្គ​ប្រគល់​មនុស្ស​មាន​ទោស
ទៅ​ឲ្យ​គេ​ប្រហារ​ដោយ​មុខ​ដាវ”»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
32 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល
ទៀត​ថា គ្រោះ​កាច​នឹង​ឆ្លង​ពី​ប្រជា‌ជាតិ​មួយ
ទៅ​ប្រជា‌ជាតិ​មួយ​ទៀត។
ព្យុះ​សង្ឃរា​មួយ​នឹង​បក់​បោក​មក​ពី
ទី​ដាច់​ស្រយាល​នៃ​ផែនដី។
33នៅ​ថ្ងៃ​នោះ សាក‌សព​របស់​អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រហារ​នឹង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផែនដី គ្មាន​នរណា​កាន់​ទុក្ខ គ្មាន​នរណា​ប្រមូល​សព​ពួក​គេ​យក​ទៅ​បញ្ចុះ​ឡើយ គឺ​សាក‌សព​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី​នៅ​លើ​ដី។
34ពួក​គង្វាល​អើយ
ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ!
អ្នក​ដឹក​នាំ​ហ្វូង​ចៀម​អើយ
ចូរ​ននៀល​នៅ​លើ​ដី
ដ្បិត​ថ្ងៃ​ដែល​ត្រូវ​ពិឃាត​អ្នក​រាល់​គ្នា
មក​ដល់​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ប្រៀប​បាន
នឹង​ថូ​ដ៏​មាន​តម្លៃ​ដែល​ធ្លាក់​បែក។
35គ្មាន​ជម្រក​សម្រាប់​ពួក​គង្វាល​ទៀត​ទេ!
គ្មាន​កន្លែង​ពួន សម្រាប់​អ្នក​ដឹក​នាំ
ហ្វូង​ចៀម​ទៀត​ឡើយ!
36សំឡេង​យំ​សោក​របស់​ពួក​គង្វាល
និង​សម្រែក​របស់​អ្នក​ដឹក​នាំ​ហ្វូង​ចៀម
បាន​លាន់​ឮ​ឡើង
ដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​វាល​ស្មៅ​របស់​ពួក​គេ។
37ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អម្ចាស់
ធ្វើ​ឲ្យ​ក្រោល​ដែល​ធ្លាប់​តែ​សុខ‌សាន្ត
ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។
38ព្រះអង្គ​បោះ​បង់​ចោល​ស្រុក​របស់​ព្រះអង្គ
ដូច​សិង្ហ​បោះ​បង់​ចោល​រូង​របស់​វា
ដ្បិត​ព្រះ‌អម្ចាស់​បាន​កម្ទេច​ស្រុក​នេះ
ឲ្យ​វិនាស​អន្តរាយ ដោយ‌សារ​ព្រះ‌ពិរោធ
ដ៏​ខ្លាំង​របស់​ព្រះអង្គ ឥត​ត្រា​ប្រណី​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for យេរេមា 25