យេរេមា 20
20
លោកយេរេមា និងបូជាចារ្យផាសហ៊ើរ
1ពេលលោកបូជាចារ្យផាសហ៊ើរ ជាកូនរបស់លោកអ៊ីមមើរ និងជាអនុរក្សព្រះដំណាក់របស់ព្រះជាម្ចាស់ បានឮលោកយេរេមាថ្លែងព្រះបន្ទូលទាំងនេះ 2គាត់ទះកំផ្លៀងលោកយេរេមា រួចបញ្ជាឲ្យគេដាក់ច្រវាក់លោក នៅទ្វារបេនយ៉ាមីនផ្នែកខាងលើ ជាប់នឹងព្រះដំណាក់របស់ព្រះអម្ចាស់។ 3នៅថ្ងៃបន្ទាប់លោកផាសហ៊ើរមកស្រាយលោកយេរេមា លោកយេរេមាមានប្រសាសន៍ទៅគាត់ថា៖ «ព្រះអម្ចាស់មិនហៅលោកថា “ផាសហ៊ើរ” ទៀតទេ គឺព្រះអង្គនឹងហៅលោកថា “ម៉ាកោរ-មីស្សាប៊ីប” វិញ 4ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងនឹងធ្វើឲ្យការព្រឺខ្លាចកើតមានដល់អ្នក និងមិត្តភក្ដិរបស់អ្នក។ មិត្តភក្ដិទាំងនោះនឹងត្រូវស្លាប់ដោយមុខដាវរបស់ខ្មាំង នៅក្រោមក្រសែភ្នែករបស់អ្នក។ យើងនឹងប្រគល់ជនជាតិយូដាទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូនដែរ ស្ដេចនោះនឹងកៀរពួកគេយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន ហើយប្រហារពួកគេដោយមុខដាវ។ 5យើងនឹងប្រគល់ស្បៀងអាហារទាំងប៉ុន្មាននៃក្រុងនេះ ព្រមទាំងសម្បត្តិទ្រព្យដែលជាផលនៃការងាររបស់គេ និងអ្វីៗទាំងអស់ដ៏មានតម្លៃទៅឲ្យខ្មាំង។ យើងនឹងប្រគល់រាជទ្រព្យទាំងប៉ុន្មានរបស់ស្ដេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ពួកគេនឹងរឹបអូសយកជាជយភណ្ឌ ហើយដឹកជញ្ជូនទៅស្រុកបាប៊ីឡូន។ 6រីឯអ្នកវិញ ផាសហ៊ើរអើយ អ្នកព្រមទាំងក្រុមគ្រួសាររបស់អ្នកនឹងត្រូវគេកៀរទៅជាឈ្លើយសឹកនៅបាប៊ីឡូន ហើយអ្នកនឹងស្លាប់នៅទីនោះ។ គេនឹងបញ្ចុះសពអ្នក ព្រមទាំងសពមិត្តភក្ដិទាំងអស់ដែលអ្នកបានថ្លែងព្រះបន្ទូលក្លែងក្លាយប្រាប់ពួកគេ”»។
លោកយេរេមាត្អូញត្អែរដាក់ព្រះអម្ចាស់
7បពិត្រព្រះអម្ចាស់!
ព្រះអង្គបានលួងលោមទូលបង្គំ
ហើយទូលបង្គំក៏យល់ព្រមតាម
ព្រះអង្គបានបង្ខំទូលបង្គំ
ហើយព្រះអង្គក៏បានឈ្នះទូលបង្គំ។
រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់នាំគ្នា
សើចចំអក និងប្រមាថមាក់ងាយទូលបង្គំ។
8គ្រប់ពេលដែលទូលបង្គំនិយាយ
ទូលបង្គំស្រែកប្រកាសតែអំពីការឃោរឃៅ
និងមហន្តរាយ។
ព្រោះតែព្រះបន្ទូលរបស់ព្រះអម្ចាស់
ពួកគេត្មះតិះដៀល និងសើចចំអក
ឲ្យទូលបង្គំ តាំងពីព្រលឹមទល់ព្រលប់។
9ប្រសិនបើទូលបង្គំសម្រេចចិត្តថា
ឈប់នឹកនាពីព្រះបន្ទូល
ហើយលែងនិយាយក្នុងនាមព្រះអង្គទៀតនោះ
ទូលបង្គំនឹងអន្ទះសានៅក្នុងខ្លួន
ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង
ទូលបង្គំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង
តែវាមិនព្រមរលត់ទេ។
10ទូលបង្គំឮមហាជននិយាយមួលបង្កាច់ទូលបង្គំ
ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង
ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។
សូម្បីមិត្តសម្លាញ់ជិតដិតរបស់ទូលបង្គំ
ក៏ចាំតែចាប់កំហុសទូលបង្គំដែរ។
គេនិយាយគ្នាថា
“បើយើងលួងលោមបញ្ឆោតគាត់
យើងនឹងចាប់គាត់បាន
ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។
11ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយទូលបង្គំ
ព្រះអង្គចាំជួយទូលបង្គំ ដូចវីរបុរសដ៏អង់អាច
ហេតុនេះ អស់អ្នកដែលបៀតបៀនទូលបង្គំ
មុខជាដួល ហើយមិនអាចឈ្នះទូលបង្គំបាន។
ពួកគេនឹងត្រូវអាម៉ាស់ជាខ្លាំង
ព្រោះធ្វើអ្វីទូលបង្គំមិនកើត
ពួកគេនឹងបាក់មុខរហូតតទៅ ឥតភ្លេចឡើយ។
12 ព្រះអម្ចាស់នៃពិភពទាំងមូលស្ទង់មើល
ចិត្តគំនិតរបស់មនុស្សសុចរិត
ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់គេ។
ទូលបង្គំនឹងឃើញព្រះអង្គសងសឹកពួកគេ
ជំនួសទូលបង្គំ
ដ្បិតទូលបង្គំផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។
13សូមច្រៀងថ្វាយព្រះអម្ចាស់!
សូមសរសើរតម្កើងព្រះអម្ចាស់!
ដ្បិតព្រះអង្គរំដោះជីវិតមនុស្សទុគ៌ត
ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។
14 សូមឲ្យថ្ងៃកំណើតរបស់ទូលបង្គំ
ត្រូវបណ្ដាសា!
សូមកុំឲ្យមាននរណាចាត់ទុកថ្ងៃដែលម្ដាយ
របស់ទូលបង្គំបង្កើតទូលបង្គំមកនោះ
ថាជាថ្ងៃប្រកបដោយព្រះពរឡើយ!
15រីឯអ្នកដែលបាននាំដំណឹងទៅជម្រាប
ឪពុកទូលបង្គំថា “អ្នកមានកូនប្រុសមួយ”
ហើយធ្វើឲ្យឪពុកទូលបង្គំ
រីករាយយ៉ាងខ្លាំង
សូមឲ្យអ្នកនោះត្រូវបណ្ដាសា!
16សូមឲ្យអ្នកនោះបានដូចក្រុងនានា
ដែលព្រះអម្ចាស់រំលាយ ដោយឥតនឹកស្ដាយ!
ពេលព្រឹក សូមឲ្យអ្នកនោះឮសម្រែក
ប្រកាសភាពអាសន្ន
ហើយនៅថ្ងៃត្រង់ ឮសម្រែកខ្មាំងមកដល់!
17ប្រសិនបើព្រះអង្គទុកឲ្យទូលបង្គំស្លាប់
មុនពេលទូលបង្គំកើតមកនោះប្រសើរជាង។
ម្ដាយរបស់ទូលបង្គំនឹងក្លាយទៅជា
ផ្នូររបស់ទូលបង្គំ
ហើយទូលបង្គំនឹងស្ថិតនៅក្នុងផ្ទៃម្ដាយ
រហូតតទៅ។
18ហេតុអ្វីបានជាទូលបង្គំចេញពីផ្ទៃម្ដាយ
ដើម្បីឃើញតែទុក្ខវេទនា និងការឈឺចាប់
ហើយត្រូវអាម៉ាស់អស់មួយជីវិតដូច្នេះ?
Currently Selected:
យេរេមា 20: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.