ចៅហ្វាយ 4
4
លោកស្រីដេបូរ៉ា និងលោកបារ៉ាក់
1ក្រោយពីលោកអេហ៊ូដទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មីទៀត។ 2ហេតុនេះ ព្រះអម្ចាស់ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណាន ដែលគង់នៅក្រុងហាសោរ។ មេទ័ពរបស់ស្ដេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសេតកូយឹម។ 3ព្រះបាទយ៉ាប៊ីនមានរទេះដែកប្រាំបួនរយគ្រឿង ហើយសង្កត់សង្កិនជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង អស់រយៈពេលម្ភៃឆ្នាំ។ ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលស្រែកអង្វរព្រះអម្ចាស់។
4នៅជំនាន់នោះ លោកស្រីដេបូរ៉ា ជាព្យាការិនី និងជាភរិយារបស់លោកឡាពីដូត បានដឹកនាំជនជាតិអ៊ីស្រាអែល។ 5លោកស្រីដេបូរ៉ាតែងកាត់ក្ដីនៅក្រោមដើមលម៉ើ ដែលក្រោយមកគេហៅថាលម៉ើរបស់លោកស្រីដេបូរ៉ា ស្ថិតនៅចន្លោះភូមិរ៉ាម៉ា និងបេតអែល ក្នុងតំបន់ភ្នំអេប្រាអ៊ីម។ ជនជាតិអ៊ីស្រាអែលតែងតែឡើងទៅរកលោកស្រីដេបូរ៉ា ឲ្យជំនុំជម្រះរឿងរ៉ាវរបស់ពួកគេ។ 6ថ្ងៃមួយ លោកស្រីដេបូរ៉ាបានកោះហៅលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម ដែលរស់នៅភូមិកេដែស ក្នុងដែនដីណែបថាលី ហើយមានប្រសាសន៍ទៅគាត់ថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកលោកដូចតទៅ: “ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ ក្នុងកុលសម្ព័ន្ធណែបថាលី និងសាប់យូឡូន ហើយនាំគេឡើងទៅលើភ្នំតាបោរ។ 7យើងនឹងទាក់ទាញស៊ីសេរ៉ា ជាមេទ័ពរបស់ស្ដេចយ៉ាប៊ីន ព្រមទាំងរទេះចម្បាំង និងកងទ័ពរបស់គេ ឲ្យមកច្បាំងនឹងអ្នកនៅត្រង់ទឹកជ្រោះគីសូន យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក”»។ 8លោកបារ៉ាក់ឆ្លើយឡើងថា៖ «បើលោកស្រីអញ្ជើញទៅជាមួយខ្ញុំ ទើបខ្ញុំព្រមទៅ តែបើលោកស្រីមិនអញ្ជើញទៅទេ នោះខ្ញុំមិនព្រមទៅឡើយ»។ 9លោកស្រីដេបូរ៉ាតបថា៖ «បាន! ខ្ញុំនឹងទៅជាមួយលោក ប៉ុន្តែ លោកមិនបានទទួលកិត្តិយសក្នុងចម្បាំងនេះទេ ដ្បិតព្រះអម្ចាស់នឹងប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃមនុស្សស្រី»។ លោកស្រីដេបូរ៉ាក៏ធ្វើដំណើរជាមួយលោកបារ៉ាក់ទៅភូមិកេដែស។ 10នៅទីនោះ លោកបារ៉ាក់បានកោះហៅកុលសម្ព័ន្ធសាប់យូឡូន និងណែបថាលី ឲ្យមកជួបជុំគ្នានៅកេដែស។ មានមនុស្សមួយម៉ឺននាក់សម្រេចចិត្តទៅជាមួយលោក ហើយលោកស្រីដេបូរ៉ាក៏ទៅជាមួយដែរ។
11លោកហេប៊ើរ ជាជនជាតិកែន បានបែកចេញពីជនជាតិកែនឯទៀតៗ ដែលជាពូជពង្សរបស់លោកហូបាប់ បងថ្លៃរបស់លោកម៉ូសេ ។ គាត់បោះជំរំនៅក្បែរដើមជ្រៃស្អាណានឹម ជិតភូមិកេដែស។ 12មានគេជម្រាបលោកស៊ីសេរ៉ាថា លោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម បានឡើងទៅលើភ្នំតាបោរ។ 13លោកស៊ីសេរ៉ាប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿង និងកងទ័ពទាំងអស់របស់គាត់ នៅហារ៉ូសេតកូយឹម ហើយចេញដំណើរឆ្ពោះទៅជ្រោះគីសូន។ 14ពេលនោះ លោកស្រីដេបូរ៉ាមានប្រសាសន៍ទៅកាន់លោកបារ៉ាក់ថា៖ «ចូរចេញទៅថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ ព្រះអម្ចាស់ផ្ទាល់យាងនាំមុខលោក»។ លោកបារ៉ាក់ក៏ចុះពីភ្នំតាបោរ ដោយមានមនុស្សមួយម៉ឺននាក់ មកជាមួយលោកដែរ។ 15ព្រះអម្ចាស់បានធ្វើឲ្យលោកស៊ីសេរ៉ា ព្រមទាំងរទេះចម្បាំង និងពលទាហានទាំងអស់របស់គាត់បាក់ទ័ព នៅមុខលោកបារ៉ាក់។ លោកស៊ីសេរ៉ាបោះបង់ចោលរទេះចម្បាំងរបស់គាត់ ហើយរត់គេចខ្លួនទៅ។ 16លោកបារ៉ាក់ដេញតាមរទេះចម្បាំង និងកងទ័ពខ្មាំង រហូតដល់ហារ៉ូសេតកូយឹម។ កងទ័ពទាំងមូលរបស់លោកស៊ីសេរ៉ាស្លាប់ដោយមុខដាវ គ្មានសល់ម្នាក់ឡើយ។
17រីឯលោកស៊ីសេរ៉ាវិញ គាត់រត់គេចរហូតដល់តង់ត៍របស់នាងយ៉ាអែល ដែលត្រូវជាប្រពន្ធរបស់លោកហេប៊ើរ ជនជាតិកែន ដ្បិតព្រះបាទយ៉ាប៊ីន ជាស្ដេចក្រុងហាសោរ និងក្រុមគ្រួសារហេប៊ើរ មានទំនាក់ទំនងជាមួយគ្នាដោយមេត្រីភាព។ 18ពេលនោះ នាងយ៉ាអែលចេញមកទទួលលោកស៊ីសេរ៉ា ទាំងពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលក្នុងមក កុំភ័យខ្លាចអី!»។ លោកស៊ីសេរ៉ាក៏ចូលទៅក្នុងតង់ត៍ ហើយនាងនាំលោកទៅលាក់នៅក្នុងភួយ។ 19ខណៈនោះ លោកស៊ីសេរ៉ាពោលថា៖ «សូមអ្នកមេត្តាឲ្យទឹកខ្ញុំផឹកបន្តិច ដ្បិតខ្ញុំស្រេកទឹកណាស់»។ នាងបើកឆ្នុកថង់ស្បែកទឹកដោះ ជូនលោកស៊ីសេរ៉ាពិសា រួចគ្របភួយទៅវិញ។ 20លោកពោលទៀតថា៖ «សូមអ្នកទៅចាំនៅមាត់ទ្វារតង់ត៍ ប្រសិនបើមានគេមកសួរអ្នកថា “តើមាននរណាចូលមកទីនេះឬទេ?” នោះសូមឆ្លើយថា “គ្មានទេ”»។ 21ដោយនឿយហត់ខ្លាំងពេក លោកស៊ីសេរ៉ាក៏សម្រាន្ដលក់ទៅ។ នាងយ៉ាអែលយកញញួរ និងចម្រឹងដែក ហើយដើរលបៗចូលទៅជិតលោកស៊ីសេរ៉ា រួចបោះចម្រឹងនោះចំត្រង់សៀតផ្ការបស់លោកស៊ីសេរ៉ា ធ្លុះដល់ដី ហើយលោកក៏ស្លាប់ទៅ។ 22ពេលនោះ លោកបារ៉ាក់ដែលដេញតាមលោកស៊ីសេរ៉ាក៏មកដល់ នាងយ៉ាអែលចេញទៅជួបលោក ហើយពោលថា៖ «សូមអញ្ជើញមកណេះ ខ្ញុំនឹងបង្ហាញមនុស្ស ដែលលោកកំពុងតែរក»។ លោកបារ៉ាក់ចូលទៅក្នុងជំរំ ឃើញលោកស៊ីសេរ៉ាដេកស្លាប់ ដោយមានទាំងចម្រឹងដែកដោតជាប់នឹងសៀតផ្កា។
23ថ្ងៃនោះ ព្រះអម្ចាស់បានបំបាក់មុខព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណាន នៅចំពោះមុខជនជាតិអ៊ីស្រាអែល។ 24ជនជាតិអ៊ីស្រាអែលមានប្រៀបលើព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណានកាន់តែខ្លាំងឡើងៗ ហើយនៅទីបំផុត គេក៏សម្លាប់ស្ដេចយ៉ាប៊ីនបាន។
Currently Selected:
ចៅហ្វាយ 4: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.