ចៅហ្វាយ 5
5
ទំនុកតម្កើង របស់លោកស្រីដេបូរ៉ា និងលោកបារ៉ាក់
1នៅថ្ងៃនោះ លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម នាំគ្នាច្រៀងថា៖
2«នៅស្រុកអ៊ីស្រាអែល
ប្រជាជនថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់
ហើយស្ម័គ្រចិត្តចេញទៅប្រយុទ្ធ
សូមសរសើរតម្កើងព្រះអម្ចាស់!
3ស្ដេចទាំងឡាយអើយ សូមស្ដាប់!
អ្នកដឹកនាំទាំងឡាយអើយ
ចូរផ្ទៀងត្រចៀកស្ដាប់!
ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់
ជាព្រះនៃជនជាតិអ៊ីស្រាអែល។
ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់
ជាព្រះនៃជនជាតិអ៊ីស្រាអែល។
4ឱព្រះអម្ចាស់អើយ
កាលព្រះអង្គយាងចាកចេញពីស្រុកសៀរ
កាលព្រះអង្គយាងមកពីស្រុកអេដុម
នោះផែនដីបានរញ្ជួយ មេឃក៏ប្រែជាខ្មៅងងឹត
ពពកក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំង។
5 ភ្នំទាំងឡាយរលាយ
នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
ជាព្រះនៃភ្នំស៊ីណៃ
គឺព្រះនៃជនជាតិអ៊ីស្រាអែល។
6នៅជំនាន់លោកសាំកើរ ជាកូនលោកអណាត
នៅជំនាន់នាងយ៉ាអែល
គ្មាននរណាធ្វើដំណើរតាមផ្លូវទេ
គឺគេធ្វើដំណើរតែតាមផ្លូវវាង។
7ប្រជាជនបានបោះបង់ចោលភូមិទាំងឡាយ
នៅស្រុកអ៊ីស្រាអែល គ្មានអ្នកដឹកនាំទេ
រហូតទាល់តែព្រះជាម្ចាស់ឲ្យដេបូរ៉ាខ្ញុំនេះ
ក្រោកឡើង គឺឲ្យខ្ញុំក្រោកឡើង
ធ្វើជាម្ដាយរបស់ជនជាតិអ៊ីស្រាអែល។
8ប្រជាជនបានជ្រើសរើសព្រះថ្មីៗទៀត
ពេលនោះ សង្គ្រាមក៏ផ្ទុះឡើង។
ក្នុងចំណោមប្រជាជនអ៊ីស្រាអែលបួនម៉ឺននាក់
គេរកតែខែល ឬលំពែងមួយមិនបានផង។
9ខ្ញុំពេញចិត្តនឹងមេទ័ពទាំងឡាយរបស់
ជនជាតិអ៊ីស្រាអែល
ហើយក្នុងចំណោមប្រជាជន ខ្ញុំពេញចិត្តនឹង
អស់អ្នកដែលស្ម័គ្រចិត្តចេញទៅច្បាំង
សូមសរសើរតម្កើងព្រះអម្ចាស់!
10អស់អ្នកដែលជិះមេលាសម្បុរស
អស់អ្នកដែលអង្គុយលើកម្រាលព្រំ
និងអស់អ្នកដែលដើរតាមផ្លូវអើយ
ចូររិះគិតពិចារណាចុះ!
11ពួកអ្នកដងទឹកនាំគ្នាច្រៀងនៅក្បែរអណ្ដូង
រៀបរាប់អំពីព្រះហឫទ័យសុចរិតរបស់ព្រះអម្ចាស់
គឺព្រះអង្គប្រទានឲ្យជនជាតិអ៊ីស្រាអែល
មានជ័យជម្នះ!
ពេលនោះ ប្រជាជនរបស់ព្រះអម្ចាស់
នាំគ្នាចុះទៅកាន់ទ្វារក្រុង។
12ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយ
ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ច្រៀងបទមួយ!
បារ៉ាក់ ជាកូនលោកអប៊ីណោមអើយ
ចូរក្រោកឡើង នាំប្រជាជនដែលជាប់ជាឈ្លើយ
ត្រឡប់មកវិញ។
13អស់អ្នកដែលរួចពីស្លាប់
បានទៅជួបជុំនឹងមេដឹកនាំរបស់ខ្លួន
ប្រជាជនរបស់ព្រះអម្ចាស់ក៏នាំគ្នាចូលមកជិតខ្ញុំ
រួមជាមួយវីរជនឯទៀតៗ។
14អ្នកខ្លះមកពីកុលសម្ព័ន្ធអេប្រាអ៊ីម
ដែលនៅជាប់នឹងស្រុកអាម៉ាឡេក
កុលសម្ព័ន្ធបេនយ៉ាមីនក៏មកតាមដែរ
ហើយរួមកម្លាំងជាមួយពលទ័ពរបស់គេផង។
មានមេទ័ពមកពីអំបូរម៉ាកៀរ
ហើយនាយទាហានមកពីកុលសម្ព័ន្ធសាប់យូឡូន
15ពួកប្រមុខនៃកុលសម្ព័ន្ធអ៊ីសាខារ
បានទៅជាមួយដេបូរ៉ា។
កុលសម្ព័ន្ធអ៊ីសាខារក៏ទៅជាមួយបារ៉ាក់ដែរ
គេរត់តាមក្រោយលោក រហូតដល់ជ្រលងភ្នំ។
រីឯកុលសម្ព័ន្ធរូបេនវិញ
គេគិតតែពីជជែកគ្នាមិនចេះចប់។
16ហេតុអ្វីបានជាអ្នកនៅស្ទាក់ស្ទើរ
ហើយស្ដាប់សំឡេងពួកគង្វាល
ហៅហ្វូងសត្វខ្លួនដូច្នេះ?
មែនហើយ នៅក្នុងពួករូបេន
គេគិតតែពីជជែកគ្នាមិនចេះចប់។
17កុលសម្ព័ន្ធនានា នៅស្រុកកាឡាដ
ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់
មិនបានមកជួយទេ
កុលសម្ព័ន្ធដាន់នៅសម្ងំនៅលើនាវា
កុលសម្ព័ន្ធអេស៊ើរក៏នៅសម្ងំតាមឆ្នេរសមុទ្រ
ជិតកំពង់ផែដែរ។
18រីឯកុលសម្ព័ន្ធសាប់យូឡូន
ក៏ដូចជាកុលសម្ព័ន្ធណែបថាលីដែរ
ប្រជាជនរបស់គេស៊ូប្ដូរជីវិតក្នុងសមរភូមិ
នៅតាមតំបន់ភ្នំ។
19ស្ដេចរបស់ខ្មាំងនាំគ្នាលើកទ័ពមក
ស្ដេចរបស់ជនជាតិកាណានលើកគ្នាមកច្បាំង
នៅតាណាក់ ក្បែរប្រភពទឹកមេគីដោ
តែពួកគេពុំបានទទួលប្រាក់
ជាជយភណ្ឌអ្វីសោះឡើយ។
20ផ្កាយទាំងឡាយបានជួយច្បាំងពីលើមេឃ
ផ្កាយទាំងនោះគោចរតាមផ្លូវរបស់វា
មកច្បាំងជាមួយស៊ីសេរ៉ា។
21ឱទឹកជ្រោះគីសូន ជ្រោះគីសូនដែលមាន
ទឹកហូរ តាំងពីបុរាណកាលមកអើយ
អ្នកបានហូរនាំខ្មាំងសត្រូវចេញទៅ។
ខ្ញុំនឹងជាន់ខ្មាំងសត្រូវ ដោយចិត្តមោះមុត!
22ពេលនោះ មានឮសន្ធឹកជើងសេះកក្រើកផ្ទៃដី
គឺពលទ័ពសេះដ៏ខ្លាំងពូកែ។
23ទេវតា*នៃព្រះអម្ចាស់ប្រកាសថា៖
ចូរដាក់បណ្ដាសាក្រុងមេរ៉ូសចុះ
ចូរដាក់បណ្ដាសាអ្នកក្រុងនោះផង
ពីព្រោះគេមិនបានមកជួយព្រះអម្ចាស់
គឺគេមិនបានមកជួយព្រះអម្ចាស់
រួមជាមួយពួកវីរជនទេ។
24សូមព្រះជាម្ចាស់ប្រទានពរដល់នាងយ៉ាអែល
ជាភរិយារបស់លោកហេប៊ើ ជនជាតិកែន
លើសស្ត្រីទាំងឡាយ!
សូមព្រះអង្គប្រទានពរដល់នាង
លើសស្ត្រីទាំងឡាយដែលរស់នៅក្នុងជំរំ។
25ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះ
គឺយកទឹកដោះដែលមានជាតិខ្លាញ់ដាក់ក្នុង
ពែងដ៏ប្រណីត
26បន្ទាប់មក នាងលូកដៃឆ្វេងទៅចាប់ចម្រឹង
ហើយដៃស្ដាំចាប់ញញួររបស់ជាង
រួចនាងដំស៊ីសេរ៉ានឹងញញួរបែកលលាដ៍ក្បាល
ព្រមទាំងចោះទម្លុះសៀតផ្កាទៀតផង។
27ស៊ីសេរ៉ាទន់ជង្គង់ដួលដេកនៅទាបជើងនាង។
គឺទន់ជង្គង់ដួលស្លាប់បាត់ទៅ។
28ម្ដាយរបស់ស៊ីសេរ៉ាសម្លឹងមើលតាមប្រឡោះ
គាត់សម្លឹងមើលតាមបង្អួច ទាំងពោលថា៖
ហេតុអ្វីបានជារទេះកូនខ្ញុំក្រមកដល់ម៉្លេះ?
ហេតុអ្វីបានជាទ័ពរទេះមកយឺតម៉្លេះ?
29ស្ត្រីបម្រើដែលឆ្លាតជាងគេនាំគ្នាជម្រាបគាត់
ហើយគាត់ក៏ទន្ទេញចម្លើយរបស់ពួកគេថា:
30ពួកទាហានប្រាកដជានៅប្រមូលជយភណ្ឌ
ពួកគេកំពុងតែចែកជយភណ្ឌ
ទាហានម្នាក់ទទួលបានស្រីក្រមុំម្នាក់ ឬពីរនាក់
ស៊ីសេរ៉ាទទួលបានផ្ទាំងសំពត់ពណ៌
និងក្រណាត់ប៉ាក់។
អ្នកមានជ័យជម្នះទទួលសម្លៀកបំពាក់ពណ៌
ធ្វើពីក្រណាត់ប៉ាក់មួយផ្ទាំង ឬពីរផ្ទាំងសម្រាប់បង់ក។
31ឱព្រះអម្ចាស់អើយ
សូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ព្រះអង្គ
វិនាសអន្តរាយដូច្នោះដែរ!
សូមឲ្យអ្នកដែលស្រឡាញ់ព្រះអង្គ
បានដូចព្រះអាទិត្យមានរស្មីភ្លឺចាំងចែង»។
ស្រុកទេសក៏បានសុខសាន្តត្រាណ
អស់រយៈពេលសែសិបឆ្នាំ។
Currently Selected:
ចៅហ្វាយ 5: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.